ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​បច្ចេកទេស​នៅ​ប្រទេស​សូម៉ាលី​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ការងារ​និង​​ក្តី​សង្ឃឹម​ដល់​ស្រ្តី


រូបឯកសារ៖ លោក Abdiweli Mohammed Hersi បង្រៀន​សិស្ស​ក្មេងៗ​នៅ​សាលា​រៀន​មួយ​ជិត​ជំរំ​ជន​ភៀស​ខ្លួន​ដែល​បាត់​បង់​ទីជម្រក​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នៅ​ទីក្រុង Dollow ប្រទេស​សូម៉ាលី កាល​ពីឆ្នាំ ២០១៧។
រូបឯកសារ៖ លោក Abdiweli Mohammed Hersi បង្រៀន​សិស្ស​ក្មេងៗ​នៅ​សាលា​រៀន​មួយ​ជិត​ជំរំ​ជន​ភៀស​ខ្លួន​ដែល​បាត់​បង់​ទីជម្រក​ដោយ​សារ​គ្រោះ​រាំង​ស្ងួត​នៅ​ទីក្រុង Dollow ប្រទេស​សូម៉ាលី កាល​ពីឆ្នាំ ២០១៧។

សង្រ្គាម​ស៊ីវិល​និង​អវត្តមាន​នៃ​តួនាទី​រដ្ឋាភិបាល​នៅ​ប្រទេស​សូម៉ាលី​អស់​រាប់​ទសវត្សរ៍ បាន​បណ្តាល​ឲ្យ​យុវ​វ័យ​ជា​ច្រើន​រស់​នៅ​ដោយ​គ្មាន​ជំនាញ​ដើម្បី​រក​ប្រាក់​ចញ្ចឹម​ជីវិត ជាពិសេស​គឺ​ស្ត្រី​ដែល​ប្រឈម​នឹង​របាំង​វប្បធម៌។ ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេសន័រវេស​ នា​ពេល​ថ្មីៗ​នេះ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​បច្ចេកទេស ​Hayle Barise ​បាន​ចាប់​ផ្តើម​បើក​ដំណើរ​ការ​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្សូ​ដើម្បី​ជួយ​បង្រៀន​ជំនាញ​ថ្មីៗ​ដល់​ពួក​យុវវ័យ។

នាង​ Zowdo Hussein​ កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ដើម្បី​ក្លាយ​ជា​ជាង​ភ្លើង​ និង​សង្ឃឹម​ថា​អាច​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ស្រ្តី​ដ៏ទៃ​អាច​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​វិស័យ​ការងារ​ដែល​គ្រប​ដណ្តប់​ដោយ​បុរស។ នាង ​Zowdo Hussein ​មាន​អាយុ​១៨ឆ្នាំ​ ធ្វើ​ការ​ជា​ជាង​ភ្លើង​ត្រួត​ពិនិត្យ​ថាមពល​ព្រះអាទិត្យ​នៅ​ឯ​សាលា​បច្ចេកទេស ​Hayle Barise​ ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្សូ។

នាង​ចង់​ធ្វើ​ការ​ជា​ជាង​ភ្លើង​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​ធំមួយ​ដែល​នឹង​ជួយ​ផ្តល់​ពន្លឺ​ក្នុង​ប្រទេស​សូម៉ាលី​ទាំង​មូល។ ក្តី​ស្រម័យ​នេះ​ស្ថិត​នៅ​សែន​ឆ្ងាយ​ពី​អតីតកាល​របស់​នាង នៅ​ពេល​ដែល​សង្គ្រាម​នៅ​រដ្ឋធានី​ម៉ូហ្គាឌីស្ស៊ូ​បាន​បង្ខំ​ឲ្យ​គ្រួសារ​របស់​នាង​រស់​នៅ​តាម​ផ្លូវ​ដែល​ពោរ​ពេញ​ដោយ​អំពើ​ហិង្សា​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​សូម៉ាលី។ នាង​និយាយ​ថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​នាង​ និង​ទស្សនៈ​របស់​នាង​អំពី​អ្វី​ដែល​អាច​កើត​ឡើង​បាន។

នាង​ Zowdo Hussein​ បាន​និយាយ​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​បាន​ចូល​រៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ទេ​ ខ្ញុំ​ប្រហែល​ជា​នៅ​ធ្វើ​ការ​ក្នុង​ផ្ទះ​ ឬ​ប្រហែល​ជា​ត្រូវ​រៀប​ការ​រួច​ហើយ។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​រៀន​ជំនាញសំខាន់​ ដូចជា​ការ​តំឡើង​ភ្លើង​ ហើយ​នេះ​គឺ​ជា​ជីវិត​របស់​ខ្ញុំ»។

មជ្ឈមណ្ឌល​នេះ​បង្រៀន​សិស្ស​សាលា​ឲ្យ​រៀន​ពី​ពហុ​ជំនាញ​និង​ជំនាញ​ដែល​ចាំបាច់​ដើម្បី​តម្រូវ​តាម​ការងារ​ទីផ្សារ។

នាង ​Hussein​ បាន​ប្រើប្រាស់​ជំនាញ​ជា​ជាង​ភ្លើង​រួច​ហើយ​ ដោយ​បាន​ជួយ​ជួសជុល​ភ្លើង​ឲ្យ​អ្នក​ជិត​ខាង​ និង​ទទួល​បាន​ប្រាក់​កម្រៃ​បន្តិច​បន្តួច​បន្ថែម​ទៀត។ នាង​គឺ​ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ពីរ​បី​នាក់​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ឲ្យ​ក្លាយ​ជា​ជាង​ភ្លើង​ ប៉ុន្តែ​បុគ្គលិក​សាលា​រៀន​នេះ​បាន​ទស្សន៍​ទាយ​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ​Badri Abdi Barise ​ជា​បុគ្គលិក​ម្នាក់​នៅ​សាលា​បច្ចេកទេស​ Hayle Barise​ បាន​និយាយ​ថា៖ «បើ​គិត​តាម​ប្រពៃណី​ ស្រ្តី​រស់​នៅ​ប្រទេស​នេះ​មិន​អាច​ធ្វើ​ជា​អ្នក​បច្ចេក​ទេស​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ស្រប​ពេល​ដែល​ពិភព​លោក​ហាក់​ដូចជា​មាន​និន្នាការ​ទៅ​រក​ការងារ​ដែល​មាន​សមភាព​យេនឌ័រ​នោះ​ ស្រ្តី​ដែល​រស់នៅ​ក្នុង​ប្រទេស​នេះ​កំពុង​ចាប់​ផ្តើម​ប្រែ​ក្លាយ​ជា​ស្រ្តី​ក្លាហាន​ដើម្បី​ប្រឡូក​នៅ​ក្នុង​វិស័យ​ការងារ​នានា។ កាល​ពី​ដំបូង​ឡើយ​មាន​ស្រ្តី​តិច​តួច​ប៉ុណ្ណោះ។ ​ឥឡូវ​នេះ​យើង​មាន​ជាងភ្លើង​ជា​ស្រ្តី​២១​នាក់​ហើយ​យើង​រំពឹង​ថានឹង​មាន​ស្រ្តី​រាប់​រយ​នាក់​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

នាង​ Hussein​ សង្ឃឹម​ថា​នៅ​ពេល​ដែល​នាង​ក្លាយ​ជា​ជាង​ភ្លើង​ហើយ​នោះ​ វា​នឹង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ផ្សេងៗ​ទៀត​ឲ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​ជួយ​កសាង​ជីវិត​ពួក​គេ​ឲ្យ​បាន​ប្រសើរ​ឡើង​ផង​ដែរ។

ប៉ុន្តែ​នាង​ទទួល​ស្គាល់​ថា​ នាង​ប្រឈម​នឹង​ការ​មាក់​ងាយ​នៅ​ក្នុង​សង្គម​ ជា​កន្លែង​ដែល​ទទួល​នាទី​របស់​ស្រ្តី​ត្រូវ​បាន​កំណត់​យ៉ាង​តឹងរឹង​នៅក្នុង​ជីវិត​គ្រួសារ។​

នាង ​Zowdo Hussein​ បាន​និយាយ​បន្ថែម​ទៀត​ថា៖​ «ដោយសារ​តែ​មិន​ដែល​មាន​ស្រ្តី​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​ពី​មុន​មក​ ដូច្នេះ​ហើយ​ខ្ញុំ​គឺ​មនុស្ស​ម្នាក់​ដែល​គេ​ចាប់​អារម្មណ៍​គ្រប់គ្នា​ ជាពិសេស​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើការ​នៅ​ក្នុង​វិស័យ​ការងារ​របស់​បុរស​ និង​ជួស​ជុល​ឬ​តំឡើង​ភ្លើង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស់​គេ​ដោយសារ​តែ​ពួក​គេ​នាំ​គេ​មក​មើល​ខ្ញុំ។ អ្នក​ខ្លះ​គិត​ល្អ​លើ​ខ្ញុំ ​ប៉ុន្តែ​ពួកគេ​ភាគច្រើន​មិន​សរសើរ​ខ្ញុំ​ទេ»។

បុរស​នៅ​តែ​គ្រប់​គ្រង​នៅ​តាម​កន្លែង​ធ្វើការ​ និង​មាន​អំណាច​និង​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​ធំៗ។ ​ជា​ការ​ពិត​ស្រ្តី​ប្រឈម​នឹង​ការងារ។ ប៉ុន្តែនាង ​Hussein និយាយ​ថា​ ការណ៍​នេះ​មិន​បំបាក់​ទឹក​ចិត្ត​នាង​ពី​ការ​ផ្តោត​លើ​ការងារ​របស់​នាង​ និង​ការ​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​នាង​បានប្រសើរ​នោះ​ឡើយ៕

XS
SM
MD
LG