បុរសកម្ពុជាចំនួនបួននាក់ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលីចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេលជិតប្រាំឆ្នាំ បានរៀបរាប់ពីបទពិសោធន៍ដ៏គួរឲ្យរន្ធត់ ដែលពួកគេបានជួបប្រទះ ក្រោយពីពួកគេ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីល្ងាចថ្ងៃអាទិត្យ ទី៣០នេះ។
បុរសទាំងបួននាក់នេះស្ថិតក្នុងចំណោមចំណាប់ខ្មាំងចម្រុះជាតិសាសន៍ចំនួន២៦នាក់ ដែលត្រូវបានជួយសង្គ្រោះឲ្យរួចផុតពីការឃុំឃាំងរបស់ក្រុមចោរសមុទ្រនៅប្រទេសសូម៉ាលីកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនេះ។
ថ្លែងក្រោយពីបញ្ចប់សន្និសីទសារព័ត៌មានមួយនៅអង្គការការីតាសកម្ពុជា កាលពីរសៀលថ្ងៃអង្គារ ទី១ ខែវិច្ឆិកា បុរសម្នាក់ក្នុងចំណោមបុរសកម្ពុជាទាំងបួននាក់នោះ គឺលោកនូ បុរី មានវ័យ២៦ ឆ្នាំមានស្រុកកំណើតមកពីខេត្តកំពង់ចាម បានប្រាប់ VOA ថារូបលោកត្រូវក្រុមចោរសមុទ្របាញ់ត្រូវចំជើងនៅលើកប៉ាល់ ដែលជារឿងអកុសលមួយក្នុងចំណោមរឿងផ្សេងទៀតដែលលោកជួបប្រទះ។
លោក នូ បុរី រៀបរាប់បណ្ដើរជូតទឹកភ្នែករលីងរលោងបណ្ដើរថា៖
«ពីដំបូងវាប្រាប់ខ្ញុំឲ្យដាំបាយ តែខ្ញុំថាខ្ញុំអត់ទៅទេ ខ្ញុំអត់សូវស្រួលខ្លួន។ អត់ដាំទេ។ រួចទៅវាដើរចេញ ដល់ដើរចេញ ខ្ញុំសុំវាទៅបត់ជើងតូច។ ខ្ញុំសុំវាទៅបត់ជើងតូច វាថាអត់ឲ្យទៅទេ។ ដល់ពេលខ្ញុំតមាត់វាពីរបីម៉ាត់ វាក៏បេះសោបាញ់ខ្ញុំទៅ»។
ពលរដ្ឋកម្ពុជាទាំងបួននាក់ក្នុងចំណោមបុរសជនជាតិអាស៊ីទាំង២៦នាក់ បានទៅធ្វើជាពលករនេសាទនៅប្រទេសអាហ្រិកខាងត្បូងតាំងពីឆ្នាំ២០១០ ហើយត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈពេលដែលពួកគេកំពុងនេសាទក្នុងសមុទ្រនៅប្រទេសសីស្ហែល (Seychelles)នៃទ្វីបអាហ្វ្រិក តាំងពីខែមិនា ឆ្នាំ២០១២។
មានរាងកាយស្គមស្គាំង ស្បែកស្លេកស្លាំង លោក គីន គឹមហេន វ័យ៣៣ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ប្រាប់ថា រូបលោកឈឺរាគជាទម្ងន់នៅពេលស្ថិតនៅជាមួយក្រុមចោរសមុទ្រសូម៉ាលីទាំងនោះ។
លោកថាចំណាប់ខ្មាំងទាំង២៦នាក់មានជំងឺស្លេកស្លាំងដោយសារខ្វះចំណីអាហារ ខ្លះមានជំងឺអាសន្នរោគ ហើយខ្លះទៀត ស្លាប់មួយចំហៀងខ្លួន។
លោក គីន គឹមហេន មានប្រសាសន៍បណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ៖
«ឃ្លានអញ្ចឹង! ដល់ពេលឃ្លាន ស្អីក៏ចាប់ហូបដែរ។ ដល់ពេលជិតមកដល់ខ្ញុំមានជំងឺរាគរួស។ រាតត្បាត អូហ៌(ពុទ្ធោ!) វេទនាណាស់! គេឲ្យហូបបាយជាមួយស្ករអញ្ចឹងមានកម្លាំងមកពីណា។ ដល់ពេលរាគមួយយប់ទល់ភ្លឺ មួយថ្ងៃទល់ល្ងាច នៅសល់តែស្បែកនិងឆ្អឹង។»
លោក គឹមហេន ដែលធ្វើជាកសិករមុនពេលលោកធ្វើចំណាកស្រុក បានប្ដេជ្ញាថា លោកនឹងមិនទៅធ្វើការនៅក្រៅស្រុកទៀតទេ។
«ខ្ញុំអត់ទៅវិញទេ!! ខ្ញុំសុខចិត្តងាប់នៅប្រទេសខ្មែរចុះ ។ អត់មានទៅធ្វើការនៅប្រទេសគេទៀតទេ។ ខ្ញុំស្បថ ខ្ញុំរាងហើយ។ ទៅធ្វើការនៅប្រទេសគេ វេទនាណាស់។ អត់បានលុយហើយ ជិតបាត់បង់ជីវិតទៀត។»
ក្រុម The Hostage Support Partners ជាអង្គការដែលបានជួយរំដោះចំណាប់ខ្មាំងទាំងនេះ បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនបានរំដោះចំណាប់ខ្មាំងចំនួន២៦ដែលនៅរស់រានមានជីវិត ដែលមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន ប្រទេសចិន ដែនកោះតៃវ៉ាន់ និងកម្ពុជាផងដែរ។
នាវានេសាទ FV Naham 3 ដែលជាកម្មសិទ្ធិរបស់ដែនកោះតៃវ៉ាន់ ប៉ុន្តែដោតទង់ជាតិប្រទេសអូម៉ង់ (Oman) ផ្ទុកអ្នកនេសាទសមុទ្រចំនួន២៩នាក់ នៅពេលនាវានោះ ត្រូវលិចលង់ បន្ទាប់ពីក្រុមចោរសមុទ្រចាប់ចំណាប់ខ្មាំងទាំងអស់នៅលើនាវានោះរួចមក។
មនុស្សបីនាក់ក្នុងចំណោមមនុស្សទាំង២៩នាក់នោះ បានឈឺស្លាប់ដោយសារថប់ដង្ហើមនិងត្រូវក្រុមចោរសមុទ្របាញ់សម្លាប់។ នេះបើយោងទៅតាមសេចក្ដីថ្លែងការណ៍ចេញដោយអង្គការខាងលើ។
ក្រុមចំណាប់ខ្មាំងចំនួន២៩នាក់នោះ ត្រូវបានក្រុមចោរសមុទ្រនៅសូម៉ាលីចាប់ជំរិតកាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ ២០១២ នៅភាគខាងត្បូងប្រទេសសីស្ហែល (Seychelles)នៃទ្វីបអាហ្វ្រិក ខណៈដែលពួកគេកំពុងនេសាទត្រីសមុទ្រធុនណា (Tuna)។
លោក John Steed ប្រធានក្រុម the Hostage Support Partners និងជាអតីតឧត្ដមសេនីយ៍នៃទ័ពជើងទឹកចក្រភពអង់គ្លេស ប្រាប់ថាក្រុមលោកបានចំណាយពេលប្រមាណចំនួន១៨ខែ ដើម្បីចរចាជាមួយមេដឹកនាំសាសនា ក្រុមតំណាងសហគមន៍ និងជាពិសេសជាមួយក្រុមចោរសមុទ្រសូម៉ាលី ក្នុងការរំដោះបុរសនេសាទជនជាតិអាស៊ីទាំង២៦នាក់នេះ។ នេះបើតាមសេចក្ដីថ្លែងការណ៍នៅលើគេហទំព័រ Oceans Beyond Piracy (OBP) ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២២ ខែតុលាកន្លងទៅនេះ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃដដែលថា នេះគឺជាករណីលើកដំបូងដែលមានពលរដ្ឋកម្ពុជាត្រូវបានចាប់ជាចំណាប់ខ្មាំងខណៈពេលធ្វើពលករនៅក្រៅប្រទេស។
លោកស្រីបន្ថែមថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការស៊ើបអង្កេតបន្ថែមលើភាគីដែលជាមេខ្យល់ឬក្រុមហ៊ុនពាក់ព័ន្ធនឹងករណីនេះហើយ៕