នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០០៩ លោក Abdulkadir Mohamud បានទូរសព្ទទៅម្តាយរបស់លោកនៅទីក្រុង Columbus រដ្ឋ Ohio សហរដ្ឋអាមេរិក ដើម្បីប្រាប់ម្តាយរបស់លោកថា លោកនឹងជិះទូកពីប្រទេសលីប៊ីនៅល្ងាចនោះ រួមជាមួយបងប្អូនជីដូនមួយរបស់លោកឈ្មោះ Nasteha Mohamed Hassan ដើម្បីធ្វើដំណើរទៅប្រទេសអ៊ីតាលី។
មនុស្ស ៩៦ នាក់ បានឡើងជិះទូកជ័រដែលមានភាពប្រថុយប្រថានមួយ ប៉ុន្តែវានឹងមិនបញ្ឈប់ពួកគេទេ ខណៈដែលពួកគេបានកំណត់គោលដៅរបស់ខ្លួនក្នុងការសម្រេចឱ្យបាននូវការធ្វើដំណើរដែលពួកគេរង់ចាំជាយូរមកហើយដើម្បីឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។
ជាង ១៤ ឆ្នាំក្រោយមក ទូកនិងអ្នកធ្វើដំណើរទាំងនោះនៅតែបាត់ខ្លួន។
ម្តាយរបស់លោក Abdulkadir Mohamud អ្នកស្រី Nurto Mohamed Mohamud បាននិយាយថា «យើងមិនបានឮពីកូនថា ស្លាប់ឬរស់នោះទេ»។
ម្តាយមីងរបស់លោក Abdulkadir Mohamud ដែលត្រូវជាម្តាយរបស់នាង Nasteha Mohamed Hassan អ្នកស្រី Maka Mohamud Ali និយាយថា គ្មាននរណាម្នាក់នៅលើទូកនោះត្រូវបានគេរាយការណ៍ថាបានទៅដល់ច្រាំងនោះទេ។
កាលពីពេលថ្មីៗនេះ អ្នកស្រី Maka Mohamud Ali បានប្រាប់វីអូអេដោយសំឡេងសោកសៅ និងអស់សង្ឃឹមថា៖ «ប៉ុន្តែយើងជាឪពុកម្តាយ យើងមិនអាចរាថយក្នុងការស្វែងរកកូនដែលយើងមិនទាន់បានទទួលការបញ្ជាក់ពីការស្លាប់របស់ពួកគេនោះទេ។ យើងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ។ មានតែព្រះប៉ុណ្ណោះ ទើបទ្រង់ញ្ញាណដឹង»។
អ្នកស្រី Ali និយាយថា កូនស្រីរបស់អ្នកស្រីជាសិស្សដែលមានភាពវៃឆ្លាត។ នាងនៅសល់ប្រហែលមួយឆ្នាំកន្លះទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងទីក្រុងម៉ូហ្គាឌីស្យូ។ ក៏ប៉ុន្តែ នាងមិនអាចទប់ខ្លួននឹងការល្បួងឱ្យធ្វើចំណាកស្រុកទៅអឺរ៉ុបបាន ដោយសារមនុស្សដែលនាងស្គាល់បានធ្វើចំណាកស្រុក។
អ្នកស្រី Ali បាននិយាយបន្តថា៖ «សិស្សដែលនាងកំពុងរៀនជាមួយបានធ្វើចំណាកស្រុក សូម្បីតែគ្រូរបស់នាងក៏បានធ្វើចំណាកស្រុកដែរ»។
អ្នកស្រី Ali បាននិយាយបន្ថែមថា៖ «នាងច្របូកច្របល់ក្នុងចិត្ត ការធ្វើចំណាកស្រុកបានចូលទៅក្នុងផ្នត់គំនិតរបស់នាង ហើយនៅទីបំផុតខ្ញុំបាននិយាយទៅកាន់នាងថា «កូនទៅចុះ!» ម៉ែ ជូនពរកូន»។
ភាពសោកសៅចំពោះការមិនបានទទួលព័ត៌មានអំពីអ្វីដែលបានកើតឡើងបានធ្វើឱ្យមានការប៉ះទង្គិចផ្លូវចិត្តរបស់ឪពុកម្តាយរបស់បងប្អូនជីដូនមួយទាំងពីរនោះយ៉ាងខ្លាំង។
អ្នកស្រី Mohamud បាននិយាយថា៖ «ការបាត់ខ្លួនរបស់ពួកគេធ្វើឱ្យយើងសោកសៅគ្រប់ពេលវេលា។ មានគេនិយាយថា មានមនុស្សត្រូវគេចាប់យកទៅធ្វើជាទាសករដែលត្រូវគេដាក់ច្រវាក់ ឮដូចនេះ ខ្ញុំមិនអាចទ្រាំបានទេ»។
កាលពីឆ្នាំមុន អ្នកស្រី Mohamud បានទាក់ទងអ្នកផ្សព្វផ្សាយលើបណ្តាញសង្គមដ៏មានប្រជាប្រិយម្នាក់ដែលបានតាមដានអ្នកបាត់ខ្លួន និងបានធ្វើបទសម្ភាសន៍មួយ។ ក៏ប៉ុន្តែ បទសម្ភាសន៍នោះបែរជានាំមកឱ្យអ្នកស្រីនូវជនបោកប្រាស់ដែលមានបំណងកេងចំណេញលើស្ថានភាពងាយរងគ្រោះរបស់អ្នកស្រីទៅវិញ។
អ្នកស្រី Mohamud បាននិយាយថា៖ «មនុស្សជាច្រើនបានទាក់ទងមកខ្ញុំ។ អ្នកខ្លះនិយាយកុហកខ្ញុំ ហើយនិយាយថា មានមនុស្សដែលត្រូវគេចាប់ជាចំណាប់ខ្មាំងនៅលើសមុទ្រ»។
អ្នកបោកប្រាស់ម្នាក់ជាស្ត្រីដែលធ្វើរឿងជាច្រើនរហូតដល់អ្នកស្រី Mohamud ផ្តល់ការទុកចិត្ត ហើយបានបោកប្រាស់អ្នកស្រីបានសម្រេច។
អ្នកស្រី Mohamud បានរៀបរាប់ថា៖ «ស្ត្រីម្នាក់បានទូរសព្ទមកខ្ញុំដោយយំរៀបរាប់ថា គាត់បានជួបជុំជាមួយកូនប្រុសរបស់គាត់ ដែលបានបាត់ខ្លួន ហើយនិយាយទៀតថា កូនប្រុសរបស់គាត់ត្រូវបានគេរកឃើញ បន្ទាប់ពីជាប់ឃុំឃាំងនៅលើសមុទ្រ»។
ស្ត្រីនោះបានបញ្ចុះបញ្ចូលអ្នកស្រី Mohamud ថា មានបុរសម្នាក់ដែលជួយដោះលែងមនុស្សដែលត្រូវបានឃុំខ្លួននៅកណ្តាលសមុទ្រ។
មួយរយៈក្រោយមក អ្នកស្រី Mohamud ត្រូវបានភ្ជាប់ជាមួយបុរសនោះតាមទូរសព្ទ។
តាមរយៈសេវាផ្ទេរប្រាក់តាមទូរសព្ទអ្នកស្រី Mohamud បានបង់ប្រាក់ចំនួន ២.០០០ ដុល្លារដែលបុរសនោះស្នើសុំ។ នោះជាលើកចុងក្រោយដែលអ្នកស្រីបាននិយាយជាមួយអ្នកបោកប្រាស់ទាំងនោះ ដោយសារតែពួកគេបានបិទទូរសព្ទ។
អ្នកស្រី Mariam Yassin Hagi Yussuf បេសកជនពិសេសរបស់ប្រទេសសូម៉ាលីទទួលបន្ទុកកិច្ចការចំណាកស្រុកនិងកុមារបាននិយាយថា អ្នកបោកប្រាស់ទាំងនោះជារឿងធម្មតា។
មន្ត្រីសូម៉ាលីបានប្រាប់ VOA ថា៖ «យើងបានឃើញករណីជាច្រើនដែលមនុស្សបានស្លាប់ជាយូរមកហើយ ក៏ប៉ុន្តែ អ្នករត់ពន្ធមនុស្សនៅតែប្រមូលលុយពីក្រុមគ្រួសារពួកគេ»។
«អ្វីដែលបានកើតឡើងនោះ គឺពួកគេបានវាយដំជនចំណាកស្រុកម្នាក់ក្នុងចំណោមជនចំណាកស្រុកដែលស្ថិតនៅក្រោមការឃុំឃាំងរបស់ពួកគេ ហើយពួកគេធ្វើទារុណកម្ម និងគំរាមសម្លាប់ពួកគេ ប្រសិនបើពួកគេមិនហៅទូរសព្ទទៅក្រុមគ្រួសារដែលងាយរងគ្រោះរបស់ពួកគេទេនោះ។ ពួកគេបញ្ជាជនជាប់ឃុំឃាំងទាំងនោះឱ្យប្រាប់ក្រុមគ្រួសារដែលងាយគ្រោះរបស់ពួកគេថា ពួកគេបានឃើញមនុស្សជាទីស្រឡាញ់របស់ពួកគេបាត់ខ្លួន»។
រហូតមកដល់ពេលនេះ លោក Ahmed Mohamud Dhuhyare បានផ្ញើប្រាក់ចំនួន ១៤.៥០០ ដុល្លារដល់កូនប្រុសរបស់លោកឈ្មោះ Suldan ដែលស្ថិតនៅក្នុងប្រទេសលីប៊ី។
Suldan Dhuhyare អាយុ ២៣ ឆ្នាំបានធ្វើដំណើរពីក្រុង Bosaso នៅប្រទេសសូម៉ាលីកាលពីខែមីនា ឆ្នាំ ២០២២ ទៅកាន់ប្រទេសយេម៉ែន ហើយពីរខែក្រោយបានទៅដល់ប្រទេសលីប៊ី ដែលដំណើររបស់ Suldan នេះ ជាសញ្ញាបង្ហាញឱ្យឃើញពីការសហការគ្នានៅក្នុងចំណោមអ្នករត់ពន្ធមនុស្ស។
ក្រោយពីជាប់ឃុំឃាំងអស់រយៈពេល ៥ ខែ Suldan បានទាក់ទងទៅឪពុករបស់ខ្លួនតាមការហៅទូរសព្ទជាវីដេអូ។ លោក Dhuhyare បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះស្ថានភាពរបស់កូនប្រុសរបស់លោក។
លោក Dhuhyare បាននិយាយថា៖ «ដៃ ទ្រូង និងមុខរបស់កូនខ្ញុំនៅសល់តែស្បែកដណ្តប់ឆ្អឹង មើលមិនស្គាល់ទេ»។
នៅក្នុងការហៅទូរសព្ទជាវីដេអូនោះ Suldan Dhuhyare ដែលជាកូនប្រុសបាននិយាយថា ខ្លួនត្រូវបានអ្នករត់ពន្ធមនុស្សវាយដំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្មីៗនេះ ដោយសារតែរបួសរបស់ខ្លួន។ Suldan ក៏បាននិយាយផងដែរថា ខ្លួនបានឆ្លងជំងឺរបេង ហើយត្រូវបានផ្តល់ថ្នាំដោយបុគ្គលិកមកពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM នៅទីក្រុងទ្រីប៉ូលី។ Suldan បាននិយាយថា ខ្លួនមានអារម្មណ៍ល្អឥឡូវនេះ។
Suldan Dhuhyare បានបង់ថ្លៃទូក ហើយកំពុងរង់ចាំការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប ដោយមិនដឹងថានឹងមានលទ្ធផលយ៉ាងណានោះទេ។
ជនដែលបានវិលត្រឡប់
ទោះបីជាការធ្វើដំណើរដ៏មានគ្រោះថ្នាក់ និងបទពិសោធន៍ដ៏រន្ធត់ក៏ដោយ ក៏លំហូរនៃជនចំណាកស្រុកចេញពីប្រទេសសូម៉ាលីនៅតែបន្តកើតមានឥតឈប់ឈរ។
យោងតាមអង្គការ IOM បានឱ្យដឹងថា ការធ្វើដំណើរសរុបមានចំនួន ២៦.៣៥២ ដោយក្នុងចំនួននេះ (ការធ្វើដំណើរចេញពីប្រទេសសូម៉ាលីមាន ៧១% និងចូលប្រទេសសូម៉ាលីមាន ២៩%)។ តាមការសង្កេតទៅលើការឆ្លងកាត់ព្រំដែនបានឃើញថា ក្នុងខែតុលា ឆ្នាំ ២០២៣ មានការកើនឡើង ៦% បើធៀបនឹងខែកញ្ញា ឆ្នាំ ២០២៣ ដែលនៅក្នុងខែនោះការធ្វើដំណើរសរុបមានចំនួន ២៤,៨១៦។ ភាគច្រើននៃប្រជាជនដែលចូលទៅក្នុងប្រទេសសូម៉ាលី គឺជាជនចំណាកស្រុកអេត្យូពី។
អង្គការ IOM ដែលផ្តល់ការគាំទ្រផ្នែករដ្ឋបាល ភស្តុភារ និងហិរញ្ញវត្ថុដល់ជនចំណាកស្រុកសូម៉ាលី បានទទួលអ្នកវិលត្រឡប់ទៅប្រទេសសូម៉ាលីវិញដោយស្ម័គ្រចិត្តពីប្រទេសលីប៊ីចំនួន ១៣២ នាក់ ចាប់តាំងពីដើមឆ្នាំ ២០២៣ មក។
ម្នាក់ក្នុងចំណោមអ្នកវិលត្រឡប់ទៅប្រទេសសូម៉ាលីវិញនោះ គឺលោក Khadar Hassan Ibrahim ដែលបានចូលទៅប្រទេសលីប៊ីក្នុងខែមីនា ឆ្នាំ ២០២០។
នៅដើមខែមេសា ឆ្នាំ ២០២២ លោក Ibrahim ស្ថិតក្នុងចំណោមជនចំណាកស្រុកជាង៩០នាក់ ដែលបានជិះទូកជ័រចេញពីឆ្នេរសមុទ្រនៃក្រុង Az Zawiyah នៅប្រទេសលីប៊ី។
លោក Ibrahim បានថ្លែងថា៖ «យើងចេញដំណើរនៅម៉ោងប្រហែល ៣ ទៀបភ្លឺ យើងយឺត ព្រោះតាមពិតទៅយើងគួរតែចេញដំណើរមុននេះដើម្បីទៅឱ្យបានឆ្ងាយ ដើម្បីគេចពីការចាប់ខ្លួន និងការស្ទាក់ចាប់របស់ឆ្មាំសមុទ្រ»។
លោក Ibrahim បានថ្លែងបន្តថា ប្រហែលជាពេលថ្ងៃត្រង់ ឧទ្ធម្ភាគចក្រមួយគ្រឿងបានហោះពីលើទូករបស់ពួកគេ ថតរូប និងបញ្ជូនទីតាំងរបស់ពួកគេទៅឱ្យឆ្មាំសមុទ្រ។ កប៉ាល់ដែលនៅជិតបំផុតបានចាប់ពួកគេ ហើយបង្វែរទិសពួកគេមកច្រាំងវិញ។
នៅខែកក្កដា ឆ្នាំ ២០២២ លោក Ibrahim បានទៅស្ថានទូតសូម៉ាលី និងអង្គការ IOM ហើយបានចុះឈ្មោះដើម្បីវិលត្រលប់ទៅប្រទេសសូម៉ាលីវិញ។ លោក Ibrahim ស្ថិតក្នុងបញ្ជីឈ្មោះអ្នករង់ចាំរហូតដល់ការវិលត្រលប់របស់លោកនៅក្នុងខែឧសភា ឆ្នាំ២០២៣។
លោក Ibrahim អាយុ ២៤ ឆ្នាំបានត្រឡប់ទៅក្រុង Wajale ដែលជាក្រុងកំណើតរបស់លោកវិញ ហើយជាមួយនឹងប្រាក់ដែលលោកទទួលបានពីឪពុកម្តាយរបស់លោកនិង ពីអង្គការ IOM ចំនួន ១,៣៨៧ ដុល្លារបន្ថែមទៀត លោកបានទិញម៉ូតូកង់បី ដើម្បីប្រកបរបរចិញ្ចឹមជីវិតដែលការរត់ម៉ូតូកង់បីនោះគឺជាមុខរបរចាស់របស់លោក៕
សេចក្តីការណ៍នេះត្រូវបានផ្សាយជាលើកដំបូងនៅក្នុងកម្មវិធី Investigative Dossier ដែលជាកម្មវិធីវិទ្យុនៃ VOA ផ្សាយជាភាសាសូម៉ាលី។
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់
វេទិកាបញ្ចេញមតិ