ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណោះស្រាយ​តាម​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​មិន​ទាន់​ដល់​បញ្ហា​ធំៗ​


រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។

​មន្ត្រី​សិទ្ធិមនុស្ស​និង​សកម្មជន​ដីធ្លី​ នៅតែ​មាន​ភាព​មន្ទិល​ចំពោះ​​​វិធី​ថ្មី​នេះ​ដោយសារ​តែ​ ​ការ​ឆ្លើយ​តប​ចំពោះ​ជម្លោះ​​ដី​ធ្លី​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​នេះ​ ​មាន​ការ​រអាក់រអួល​និង​មិន​ពេញ​លេញ​នៅ​ឡើយ។​

ជា​រឿយៗ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តែង​តែ​ទទូច​ឲ្យ​ស្ថាប័នសាធារណៈ​បង្កើត​ក្រុម​ការងារ​តាមដាន​ហ្វេស​ប៊ុក​ដើម្បី​ឆ្លើយ​តបទៅ​នឹង​កង្វល់​របស់​ពលរដ្ឋ​នានា​ដែល​ធ្វើការ​រាយកាណ៍​នៅ​លើ​ទំព័រ​របស់​ខ្លួន។​ ក៏​ប៉ុន្តែ​ ជម្លោះ​ដី​ធ្លី​រាំ​រ៉ៃ​ជា​ច្រើន​រួមទាំង​ក្នុង​តំបន់​បឹងកក់​នោះ​ នៅមិន​ទាន់​មាន​ការ​ឆ្លើយ​តប​លើ​ទំព័រ​របស់​លោក​ ហ៊ុន​ សែន ​ឬ​អាជ្ញាធរ​ណាមួយ​នៅ​ឡើយ​នោះ​ទេ។​

មាន​ការ​ចោទ​ជា​សំណួរ​ជាច្រើន​ថា​ តើ​ការប្តូរ​ពី​ការ​ផ្ញើ​ញតិ្ត ​ឬ​សំណូមពរ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ តាម​រយៈ​ទំព័រ​ហេ្វសប៊ុក​របស់​ពួក​គាត់នោះ​ មានប្រសិទ្ធភាព​ ជាង​ការ​ធ្វើ​បាតុកម្មតវ៉ា​ ការ​ដាក់​ញត្តិ​ទៅ​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​មន្ត្រី​ពាក់ព័ន្ធជា​បន្ត​បន្ទាប់​ ​ឬ​យ៉ាងណា?​

យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​សិទ្ធិមនុស្ស​និង​សកម្មជន​ដីធ្លី​ នៅតែ​មាន​ភាព​មន្ទិល​ចំពោះ​វិធី​ថ្មី​នេះ​ដោយសារ​តែ​ ​ការ​ឆ្លើយ​តប​ចំពោះ​ជម្លោះដី​ធ្លី​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​នេះ​ ​មាន​ការ​រអាក់រអួល​និង មិន​ពេញ​លេញ​នៅ​ឡើយ។​

លោក​ស្រី​ ទេព វន្នី​ សកម្មជន​ដី​ធ្លី​ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់​ បាន​ប្រាប់ VOA​ ថា​ ក្រុម​ជន​រង​គ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​ក្នុង​តំបន់​បឹងកក់​មិនទាន់​ជ្រើសយក​ការ​ផ្ញើសារ​ ទៅ​កាន់​ ទំព័រ​ហ្វេសប៊ុក​ របស់​មន្ត្រី​នានា​នៅឡើយ​នោះ​ទេ​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់។​លោក​ស្រី​ថា​ទោះ​ជា​លោក​ហ៊ុន សែន​ធ្លាប់​បាន​ឆ្លើយតប​ទៅ​នឹង​បញ្ហា​មួយ​ចំនួន​រួមទាំង​ការបញ្ឈប់​ការ​យក​កម្រៃ​ផ្លូវ​និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ក៏​ដោយ ក៏​ក្រុម​ជន​រងគ្រោះ​ក្នុង​បញ្ហា​ដីធ្លី​មួយ​ចំនួន​រួម​ទាំង​ក្រុម​របស់​លោក​ស្រី​ផង​នោះ​ នៅ​តែមិន​ទាន់​មានជំនឿ​ចិត្ត​ចំពោះ​យន្តការ​ដោះស្រាយ​បញ្ហា​ថ្មី​នេះ​ទេ។ ​

«វា​ល្អ​ប្រសើរ​ខ្លាំង​សម្រាប់​ពួក​យើង​ក្នុង​នាម​យើង​ជា​អ្នក​រងគ្រោះ ​គឺ​យើង​មិន​ចង់​ទេ​ដើរ​ធ្វើ​បាតុកម្ម យំ​ស្រែក​តាម​ផ្លូវ​ ហាល​ក្តៅ​ ហាលភ្លៀង​ ហើយ​រង​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច។ ​គេ​បាន​វាយ​ពួក​យើង​រហូត​ដល់​រលូត​កូន ​វាយ​បែក​ក្បាល ​ចាប់​អាក្រាត​ពួក​យើង​ជា​សាធារណៈ ​ធ្វើឲ្យ​ប៉ះពាល់​ជា​សាធារណៈ​ គេ​ចាប់​យើង​ដាក់គុក​ទៀត។​ ចឹង​គ្មាន​នរណា​មួយ​គេ​ចង់​ធ្វើ​ការ​តស៊ូ​ទេ ​គេ​ខ្លាច​ណាស់ ​តែ​គ្មាន​ជម្រើស»។​

រូប​ឯកសារ៖ លោក​ស្រី​ ទេព វន្នី​ សកម្មជន​ដី​ធ្លី​ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់
រូប​ឯកសារ៖ លោក​ស្រី​ ទេព វន្នី​ សកម្មជន​ដី​ធ្លី​ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹង​កក់

លោក​ស្រី​អះអាង​ថា៖ ​«កន្លង​មក​យើង​ធ្លាប់​ធ្វើ​សកម្មភាព​ជា​ច្រើន ​យើង​ព្យាយាម​ដាក់​ញត្តិ​នៅ​ផ្ទះ​សម្តេច​ ហើយ​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន​រដ្ឋ​ទាំង​អស់។ តែ​ជា​លទ្ធផល​មិន​សូវ​មាន​លទ្ធផល​ជា​វិជ្ជមាន​ទេ។ ហើយ​ចុះ​ទម្រាំ​តែ​គ្រាន់​តែ​ក្រុម​ការងារ​តាម​ដាន​ហ្វេសប៊ុក​ ក្នុងនាម​យើង​ជា​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ ខក​បំណង​ជា​ច្រើន​លើក​ច្រើន​សារ​ក្នុង​ការ​សន្យា​ដោះស្រាយ​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ធ្វើឲ្យ​យើង​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទេ»។

ទំព័រហ្វេសប៊ុក​លោកហ៊ុន​ សែនបន្តិច​ម្តងៗ​ បាន​ដើរ​តួ​ជា​ចំណង​ភ្ជាប់​សំខាន់​មួយ​ឬ​ជា​វេទិកា​ឆ្លង​ឆ្លើយ​គ្នា​ដោយ​ផ្ទាល់​រវាង​សាធារណជន​ និង​នាយក​រដ្ឋមន្ត្រី។​ លោក​នាយក​រដ្ឋមន្ត្រី​ ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​រូប​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​តួអង្គ​ដ៏ ​ដែល​មាន​ឥទ្ធិពល​លើ​សេចក្តីសម្រេចនានា​ ឬ​ជា​អ្នក​ចង្អុល​បង្ហាញ​ទិសដៅ​ចំពោះ​ការ​ដោះស្រាយ​បញ្ហានៅ​កម្ពុជា។​ នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះលោក ហ៊ុន សែន​ បាន​ធ្វើ​ការ​សម្រួល​ច្បាប់​ចរាចរណ៍​ថ្មី​ និងការ​បញ្ឈប់​ការ​យក​លុយ​តាម​ផ្លូវ​វេងស្រេង ​និង​ផ្លូវ​ជាតិ​លេខ៤​ជាដើម។ ​

លោក​ អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​យល់​ថា​ការ​បង្កើត​ក្រុម​ការងារ​ឃ្លាំ​មើល​ទំព័រ​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​នេះ​ គឺ​ជា​ជម្រើស​មួយ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ប្រជាជន​អាច​ទំនាក់ទំនង​ទៅ​កាន់​រាជរដ្ឋាភិបាល។​

លោក​បាន​លើក​ជា​សំណួរ​ថា៖​ ​

«ប៉ុន្តែ​វា​អាស្រ័យ​នៅ​លើ​ថា​តើ រដ្ឋាភិបាល​ចាត់​វិធានការ​ក្នុង​ការ​ដោះស្រាយ ​និង​ឆ្លើយ​តប​ទៅ​នឹង​ប្រជា​ពលរដ្ឋ។ ប្រសិន​បើ​ប្រជាពលរដ្ឋ​ដាក់​ជា​សំណួរ​ទៅ​ ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ភ្លាមៗ​ ប្រហែល​ជា​អាច​កាត់​បន្ថយ​ការ​ប្រមូល​ផ្តុំ​ ឬ​តវ៉ាអី​ផ្សេងៗ ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អា​ច​ជំនួស​បាន​ទេ ដោយសារ​មាន​សកម្មភាព​ខ្លះ ​វា​ចាំបាច់​ត្រូវ​មាន​ការ​សម្តែង​មតិ​ជា​សាធារណៈ»។​

លោក​ សៀ ភិរម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​ ​ឲ្យ​ដឹង​ថា​កន្លង​មក​រាជ​រដ្ឋាភិបាល​ធ្លាប់​បង្កើត​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​ម្តង​ហើយ​ ​ក៏ប៉ុន្តែ​ការ​ដោះ​ស្រាយ​របស់គណៈកម្មការ​នោះ​ ​នៅ​មិន​មាន​ដំណើរការ​ល្អ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឡើយ​នោះ​ទេ។

«អាហ្នឹង​ដោយសារ​តែ​ ខ្វះឆន្ទៈ​របស់​ស្ថាប័ន​ ទាល់​តែ​មើល​បញ្ជា ​មេ​ស្រែក​ ទើប​កូន​ចៅ​ធ្វើ​តាម​មួយ​ភ្លែត។ ឧទាហរណ៍​ គាត់​ស្រែក​រឿង​កុងត្រូល​ជជុះ​ បិទ​បាន​មួយ​ភ្លែត​ទៅ។ គាត់​ស្រែក​រឿង​បិទ​ខារ៉ាអូខេ​ បិទ​មួយ​ភ្លែត​ក៏បើក​វិញ​ទៅ​»។​

លោក សៀ ភិរម្យ ​យល់​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​គប្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ ក្រោម​ឱវាទ អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាជាង​ការ​បង្កើត​ក្រុម​ការងារ​ហ្វេសប៊ុក​បន្ថែម​ទៀត។​

«ខ្ញុំ​គិត​ថា​បើសិន​ជា​ចង់​ឲ្យ​ការ​ដោះស្រាយ​ទាន់​ពេល ​គួរ​តែ​ពង្រឹង​ស្ថាប័ន​ ធ្វើ​ម៉េច​ដាក់​ថាមពល​ឲ្យ​គាត់​អាច​នឹង​មាន​ភាព​ម្ចាស់​ការ​ដោះស្រាយ។ ហើយ​បើ​បុគ្គល​ដែល​តែង​តាំង​ហើយ​ធ្វើការដោះស្រាយ​មិន​បាន​ទេ​ត្រូវ​ដក​ចេញ ​ហើយ​ប្តូរ​អ្នក​ថ្មី​ដែល​មាន​សមត្ថភាព​»​។​

លោក​ ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទទួល​ស្គាល់ពី​ភាព​អសកម្ម​ក្នុង​ការ​ឆ្លង​ឆ្លើយ​រវាង​ថ្នាក់ដឹក​នាំ​និង​ប្រជាពលរដ្ឋ នាពេល​កន្លង​មក។​ ក៏ប៉ុន្តែ​ ​លោក​ថ្លែង​ការពារ​ចំណាត់​ការ​ថ្មី​នេះ​ ថា​វេទិកា​ហ្វេសប៊ុក​គឺ​ដូច​គ្នា​ទៅ​នឹង​អង្គ​សមាជ​ប្រជា​ពលរដ្ឋ​មួយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បង្កើត​ឡើង​ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កម្ពុជា​បង្ហាញ​ក្តីកង្វល់​របស់​ខ្លួន​ទៅ​កាន់​លោក​ហ៊ុន សែន​ដោយ​ផ្ទាល់។​

«ដូច្នេះ​ការឆ្លងឆ្លើយ​តាម​កន្លែង​ហ្នឹង តាម​ការ​បញ្ចេញ​ភាព​មិន​សប្បាយ​ចិត្ត​ មិន​ពេញ​ចិត្ត​អ្វី​ ដាក់​នៅ​លើ​ហ្នឹង​ទៅ​ជាជាង​យក​ញត្តិ​ទៅ។ ដូច្នេះ​យើង​អាច​អង្គុយ​សរសេរ​ពីណា​ពី​ណី​មក​ចូល​ក្នុង​ហ្វេសប៊ុក​ហ្នឹង។ ដូច្នេះ​សម្តេច​គាត់​មើល​ឃើញ​ថា​ប្រជាពលរដ្ឋ​ទាមទារ​អ្វី។ ហើយ​គណៈកម្មការ​ឯកទេស​តាម​ក្រសួង​ទៅ​ឆ្លើយឆ្លង​ពន្យល់​ប្រាប់​តាម​ហ្នឹង។ ហើយ​បើរឿង​ទាក់​រឿង​នយោបាយ​ លោក​ដោះស្រាយ​»។​

កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​បញ្ជា​ឲ្យ​មន្ត្រី​សាធារណៈ​របស់​ខ្លួន​បង្កើត​ក្រុម​ការងារ ​Facebook ​រៀងៗ​ខ្លួន ​និង​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជា​ ពលរដ្ឋ​ដែល​បាន​ រាយការណ៍​នៅ​លើ​បណ្តាញ​សង្គម ​Facebook។ ​ជា​លទ្ធផល​ ក្រសួង​ធម្មការ​និង​សាសនា​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​ក្រសួង​រ៉ែ​ និង​ថាមពល ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​អប់រំ​ជាដើម​បាន​ចាប់​ផ្តើម​បង្កើត​គណៈ​កម្មការតាមដាន​ហ្វេសប៊ុក​ ដែល​មានសមាជិក​យ៉ាង​ហោច​ណាស់ចំនួន​៤​រូប​ ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់។​ យ៉ាង​ណាក៏​ដោយ​សកម្ម​ជន​និង​អ្នកឃ្លាំមើល​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ យល់​ថា​ការ​ផ្តល់​ជា​ដំណោះស្រាយ​ភ្លាមៗ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ​កើត​មាន​ឡើង​តែ​ចំពោះ​បញ្ហា​តូច​តាច​ប៉ុណ្ណោះ​ តួ​យ៉ាង​ការ​ផ្តល់​សេវា​សាធារណៈ​ជា​ដើម​ ​ដោយ​ឡែក​បញ្ហា​សំខាន់ៗ​ដូច​ជា​បញ្ហា​ពុក​រលួយ​ សិទ្ធិ​មនុស្ស​ ចំណាក​ស្រុក​ជម្លោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ផលិត​ផល​កសិកម្ម​ចុះ​ថោក​ និង​បញ្ហា​ផ្សេង​ទៀត​ នៅ​មិន​ទាន់​អាច​ផ្តល់​ជា​ដំណោះ​ស្រាយ​បាន​នៅ​ឡើយ​នោះ​ទេ៕

XS
SM
MD
LG