បណ្តាញសង្គមហ្វេសប៊ុក (Facebook) បានក្លាយជាសមរភូមិនយោបាយថ្មីមួយទៀតក្នុងការទាក់ទាញប្រជាប្រិយភាពរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី។
៥០%នៃអ្នកប្រើប្រាស់ហ្វេសប៊ុកគឺជាអ្នកដែលគ្រប់អាយុបោះឆ្នោតថ្មី ដែលគេមើលឃើញថា ជាអ្នកកំណត់ជោគវាសនាល្បែងនយោបាយនៅកម្ពុជានៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលនយោបាយ យល់ថា តួលេខអ្នកប្រើប្រាស់ទំព័រហ្វេសប៊ុកទំនងមិនអាចឆ្លុះបញ្ចាំងពីលទ្ធផលបោះឆ្នោតបានទាំងស្រុងនោះទេ។ ពោលគឺវាអាស្រ័យលើថា តើអ្នកប្រើប្រាស់បណ្តាញសង្គមនោះនឹងចុះឈ្មោះបោះឆ្នោតដែរឬទេ? ហើយថា តើពួកគេនឹងទៅបោះឆ្នោតដែរឬយ៉ាងណា?
ការប្រកួតប្រជែងប្រជាប្រិយភាពនៅលើបណ្ដាញសង្គម Facebook បានក្លាយជាសង្គ្រាមនយោបាយថ្មីមួយរវាងគណបក្សធំៗទាំងពីរក្នុងប្រទេសកម្ពុជា។ ជាពិសេសគឺសង្គ្រាមថ្មីរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ដែលស្ថិតក្នុងការនិរទេសខ្លួននៅក្រៅប្រទេស។
ការប្រកួតប្រជែងនេះលេចរូបរាងកាន់តែច្បាស់ទៀត នៅពេលដែលការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ កាន់តែខិតជិតមកដល់។ អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជាយល់ថា នេះគឺជាត្រៀមខ្លួនរបស់អ្នកនយោបាយកម្ពុជាក្នុងប្រកួតប្រជាប្រិយភាពរបស់ខ្លួននាពេលខាងមុខ។
កាលពីខែកញ្ញាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសទទួលស្គាល់ជាផ្លូវការនូវទំព័រហ្វេសប៊ុករបស់លោក ក្រោយពេលបដិសេធជាច្រើនឆ្នាំ។ ដោយមានការជ្រោមជ្រែងពីក្រុមការងារ Facebook ពិសេសរបស់ខ្លួន ទំព័ររបស់លោក ហ៊ុន សែន កាន់តែមានភាពសកម្មខ្លាំងឡើងៗ ហើយនឹងទទួលបានការគាំទ្រជាង២,៣លានខ្ពស់ជាងទំព័រលោក សម រង្សី ដែលមានអ្នកគាំទ្រជាង ២,១សែនត្រឹមសប្តាហ៍នេះ។
គេរំពឹងថា ទំព័រ Facebook របស់លោក ហ៊ុន សែន នឹងក្លាយជាទំព័រដែលទទួលបានការគាំទ្រច្រើនជាងគេបំផុតនៅកម្ពុជានាឆ្នាំ២០១៧ខាងមុខ។ ពេលនេះចំនួនអ្នកគាំទ្ររបស់លោកស្ថិតនៅក្រោមទំព័រហ្វេសប៊ុក VOA Khmer តែមួយគត់ដែលមានចំនួនជិត៣លាននាក់។
កាលពីសប្តាហ៍កន្លងទៅ លោក ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីសាធារណៈរបស់ខ្លួនបង្កើតក្រុមការងារ Facebook រៀងៗខ្លួន និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋដែលបានរាយការណ៍នៅលើបណ្តាញសង្គម Facebook។
លោក សុខ ឥសាន ជាតំណាងរាស្ត្រ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងគាំទ្រទៅលើចំណាត់ការរបស់លោក ហ៊ុន សែន ដែលមានការគាំទ្រកើនឡើងយ៉ាងគំហុកនេះ។ លោកប្រាប់VOA ថា នេះគឺជាជ័យជម្នះមួយរបស់គណបក្សកាន់អំណាច ក៏ដូចជាជ័យជម្នះរបស់លោក ហ៊ុន សែន។
«វាមិនទាន់គ្រប់គ្រាន់ទេ។ វាគឺជាផ្នែកមួយនៃជ័យជម្នះរបស់គណបក្សប្រជាជន ជាពិសេសគឺរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមលោកជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន»។
អ្នកនាំពាក្យរូបនេះថា ភាពសកម្មនៃនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាការសម្របខ្លួនទៅតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យាទំនើបក្នុងសង្គមកម្ពុជា។ ហើយនេះក៏ជាវេទិកាមួយផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋដោយផ្ទាល់ ដែលអនុញ្ញាតិឲ្យថ្នាក់ដឹកនាំអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍អង្កេតរបស់មូលនិធិអភិវឌ្ឍន៍អាស៊ី (Asia Foundation) ដែលឃ្លាំមើលការប្រើប្រាស់ Facebook ក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានអ្នកគាំទ្រជាង២,៣លាននាក់ បានទទួលបានការឆ្លើយឆ្លង (engagement) ពីអ្នកប្រើប្រាស់ហ្វេសប៊ុកច្រើនជាងគេបំផុតបើធៀបនឹងអ្នកប្រើប្រាស់នានាក្នុងប្រទេស។
របាយការណ៍អង្កេតដដែលនេះបានឲ្យដឹងផងដែរថា ភាគច្រើនទំព័ររបស់លោក ហ៊ុន សែន បង្ហោះនូវព្រឹត្តិការណ៍នានាដែលលោក ហ៊ុន សែន បានចូលរួម និងសមិទ្ធផលរបស់គណបក្សកាន់អំណាច។ ផ្ទុយទៅវិញ ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ លោក សម រង្ស៊ី ដែលមានអ្នកគាំទ្រ២,១លាន បានបង្ហោះនូវបញ្ហាសិទ្ធិមនុស្ស ជម្លោះដីធ្លីរាំរៃករណីប្តឹងតំណាងរាស្ត្រគណបក្សប្រឆាំង និងអំពើហិង្សាលើសកម្មជនបក្សប្រឆាំងជាដើម ដែលជាចំណុចអវិជ្ជមាននៅក្នុងសង្គម ស្ថិតក្រោមការដឹកនាំរបស់គណបក្សកាន់អំណាច។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថាប្រជាប្រិយភាពនៅលើទំព័រ Facebook មិនឆ្លុះបញ្ចាំងពីលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនោះទេ។ លោកថា ដូចគ្នានឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរួមទំាង ទូរទស្សន៍ វិទ្យុដែរ បណ្តាញសង្គមគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀតដែលអ្នកប្រើប្រាស់អាចទទួលបានព័ត៌មានរហ័ស និងទាន់ពេលវេលាប៉ុណ្ណោះ។ រីឯ ការគាំទ្រពិតប្រាកដគឺស្ថិតនៅលើសកម្មភាពជាក់ស្តែង។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ ពន្យល់ថា៖«ពាក្យថាប្រជាប្រិយភាពខ្លាំងនោះមិនដឹងយកអីមកវាស់ទេ។ ហើយចំពោះអ្នក Like Page ច្រើនឬមិនច្រើន គឺថាដាក់លុយក្នុងមួយថ្ងៃៗប៉ុន្មានដើម្បីទិញ Like ឲ្យបានច្រើន។ តែអ្វីដែលសំខាន់ យើងត្រេកអរដែលលោក[នាយករដ្ឋមន្ត្រី ហ៊ុន សែន]បានទទួលព័ត៌មានពីបណ្តាញសង្គម ហើយដោះស្រាយ ក៏ប៉ុន្តែក៏មិនត្រូវភ្លេចពីប្រព័ន្ធគ្រប់គ្រងរដ្ឋដែលមានពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ»។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ បន្ថែមថា ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាពីលើចុះក្រោមនេះ កើតចេញមកពីភាពទន់ខ្សោយនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ភាពឃ្លាតគ្នារវាងគោលនយោបាយថ្នាក់ជាតិ និងមូលដ្ឋានដែលបង្កឲ្យមានភាពអសកម្មក្នុងការបំពេញការងារដោយមន្ត្រីសាធារណៈ។
ឆ្លើយតបនឹងបញ្ហានេះ លោក សុខ ឥសាន ថ្លែងថា ការដោះស្រាយបញ្ហាដែលធ្វើឡើងដោយលោក ហ៊ុន សែន តាមទំព័រហ្វេសប៊ុកនេះ មិនមែនដោយសារអសមត្ថភាព ឬភាពអសកម្មនៃមន្រ្តីក្រោមអំណាចនោះទេ។
លោកពន្យល់ដោយការពារចំណាត់ការរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះថា៖
«កន្លែងណាដែលត្រូវនាយករដ្ឋមន្ត្រីដោះស្រាយ កន្លែងណាដែលត្រូវមូលដ្ឋានដោះស្រាយ។ ចឹងទេ ពេលណាដែលនាយករដ្ឋមន្រ្តីដោះស្រាយ លោកដោះស្រាយភ្លាម។ កន្លែងណាជាសមត្ថកិច្ចរបស់ថ្នាក់មូលដ្ឋាន គាត់បញ្ជាទៅថ្នាក់មូលដ្ឋានឲ្យដោះស្រាយ។ អាហ្នឹងទៅតាមឋានានុក្រមការងារមិនមែនទាំងអស់នាយករដ្ឋមន្ត្រីដោះស្រាយ»។
យ៉ាងណាក៏ដោយ លោក អ៊ូ រិទ្ធី ស្ថាបនិកវ័យក្មេងរបស់កាហ្វេនយោបាយ ឬPolitikoffee និងជាអ្នកសកម្មម្នាក់ក្នុងបណ្តាញសង្គមផងនោះ ប្រាប់ VOA ថា ការផ្តល់ជាដំណោះស្រាយភ្លាមៗតាមរយៈទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីនេះ កើតមានឡើងតែចំពោះបញ្ហាតូចតាចប៉ុណ្ណោះ តួយ៉ាងការផ្តល់សេវាសាធារណៈជាដើម។ ដោយឡែកបញ្ហាសំខាន់ៗដូចជាបញ្ហាពុករលួយ សិទ្ធិមនុស្ស ចំណាកស្រុកជម្លោះដីធ្លីរាំរ៉ៃ ការកាប់បំផ្លាញព្រៃឈើ ផលិតផលកសិកម្មចុះថោក និងបញ្ហាផ្សេងទៀត នៅមិនទាន់អាចផ្តល់ជាដំណោះស្រាយបាននៅឡើយនោះទេ។
«ខ្ញុំគិតថា មកដល់ឥឡូវមិនទាន់អាចនិយាយបានថាចំនួនអ្នក Likeហ្នឹង ជាអ្នកបោះឆ្នោតឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ទាំងខ្ញុំទាំងគេ ទាំងគណបក្សប្រឆាំងក៏ចុច Like ទំព័រហ្វេកប៊ុក (Click Like Page) លោក ហ៊ុនសែន ដែរ ដើម្បីទទួលបានព័ត៌មាន»។
សម្រាប់លោក អ៊ូ រិទ្ធី ហ្វេសប៊ុកគឺជាអាវុធមុខ២សម្រាប់អ្នកនយោបាយ៖
«ទី១គឺធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សន្សំប្រជាប្រិយភាពពីយុវជនដែលប្រើប្រាស់ហ្វេសប៊ុកដែលជាអ្នកបោះឆ្នោតថ្មី ដែលកំណត់ជោគវាសនាថា អ្នកណាឈ្នះ អ្នកណាចាញ់។ ធ្វើខ្លួនឲ្យសាមញ្ញ ដោះស្រាយបញ្ហាប្រជាជន ហើយដាក់នៅលើហ្វេសប៊ុក ដើម្បីរកប្រជាប្រិយភាព។ ក៏ប៉ុន្តែ កាំបិតមួយទៀតដែលជាបញ្ហា ប្រសិនបើគាត់ប្រតិកម្មបែបអវិជ្ជមាន បែបអំពើហិង្សាទៅចាប់គេដាក់គុកជាដើម វាជារឿងមួយដែលគ្រោះថ្នាក់សម្រាប់គាត់ គឺបាត់ប្រជាប្រិយភាពលឿនបំផុត»។
គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០១៥ អ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាមានចំនួន៣,៣សែននាក់។ ក្នុងនោះស្ទើរតែ៥០%នៃអ្នកប្រើប្រាស់ហ្វេសប៊ុកគឺជាយុវជនដែលគ្រប់អាយុបោះឆ្នោតថ្មី។ បណ្តាញសង្គមហ្វេសប៊ុកត្រូវបានគេមើលឃើញថា ជាចំណងភ្ជាប់សំខាន់មួយ ឬជាវេទិកាឆ្លងឆ្លើយដ៏មានឥទ្ធិពលរវាងសាធារណជន និងថ្នាក់ដឹកនាំ។
អ្នកតាមដានស្ថានភាពនយោបាយរូបនេះក៏លើកឡើងថា បើយើងមើលតែមួយភ្លែត ហាក់បង្ហាញថា ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក ជាអ្នកកំណត់ជោគវាសនាល្បែងនយោបាយនៅកម្ពុជា ចំពោះការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ខាងមុខ។ ក៏ប៉ុន្តែ តួលេខអ្នកប្រើប្រាស់ទំព័រហ្វេសប៊ុកទំនងមិនអាចឆ្លុះបញ្ចាំងពីលទ្ធផលបោះឆ្នោតបានទាំងស្រុងនោះទេ។ ពោលគឺវាអាស្រ័យលើថា តើអ្នកប្រើប្រាស់បណ្តាញសង្គមនោះនឹងចុះឈ្មោះបោះឆ្នោតដែរឬទេ? ហើយថា តើពួកគេនឹងទៅបោះឆ្នោតដែរឬយ៉ាងណា?
លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាអះអាងប្រាប់ VOA ថា ការណ៍នេះមិនជាកញ្ចក់ឆ្លុះបញ្ចាំងពីលទ្ធផលបោះឆ្នោតនាពេលខាងមុខនោះទេ។
«គ្រាន់តែថា បើសិនជាមានគេ Like ច្រើន Pageហ្នឹងមានគេចាប់អារម្មណ៍។ វាវិជ្ជមានហើយ។ តែវាមិនឆ្លុះបញ្ចាំងនឹងលទ្ធផលបោះឆ្នោតអីទេ។ វាអត់មានទាក់ទងគ្នា។ តែខ្ញុំឃើញចំណុចគួរឲ្យចាប់អារម្មណ៍នោះគឺ ការឆ្លើយតបយកបញ្ហាដែលគេលើកនៅលើសារ ហើយគាត់ខិតខំឆ្លើយតបខ្លះៗហ្នឹងហើយដែលជាចំណុចនាំឲ្យមានការចូលរួម ចុចLike និង Shareច្រើន»។
ស្របពេលដែលការប្រើប្រាស់ហ្វេសប៊ុកមានការកើនឡើងនោះ ក្តីបារម្ភជុំវិញការប្រើប្រាស់បណ្តាញសង្គមនេះនៅតែជាកង្វល់សម្រាប់អ្នកប្រើប្រាស់។ ប៉ុន្មានខែចុងក្រោយនេះ មានការចាប់ខ្លួនអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដែលធ្វើការរិះគន់ប្រមាថរដ្ឋាភិបាល ឬថា្នក់ដឹកនំានៃគណបក្សកាន់អំណាច។ ការណ៍នេះបង្កឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ខ្លាចរអាក្នុងការបញ្ចេញយោបល់រិះគន់នៅលើបណ្តាញសង្គមដ៏មានឥទ្ធិពលនេះ។
យោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ស្តីពីការបង្ក្រាបទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុក ហើយចេញផ្សាយនាសប្តាហ៍នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស២៤នាក់ រងការគំរាមកំហែងជាសាធារណៈដោយសារការបញ្ចេញមតិនៅលើបណ្តាញសង្គម។
លោកស្រី ឆាយ ឈុនលី គឺជាអ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃ CCHR ឲ្យដឹងថា មានការកើនឡើងនូវការចាប់ខ្លួនប្រជាពលរដ្ឋដោយសារការរិះគន់នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលសាធារណៈមួយចំនួននៅកម្ពុជាជាបន្តបន្ទាប់។
«នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេគោរពនូវសេរីភាពនៃការបញ្ចេញមតិគ្រប់ទម្រង់ទាំងអស់ ទាំង Online [ក្នុងបណ្តាញអ៊ីនធឺណិត] និង Offline [ក្រៅបណ្តាញអ៊ីនធឺណិត]។ អញ្ចឹងបើមានការរឹតត្បិតការបញ្ចេញមតិ Online វាធ្វើឲ្យមានការបិទសេរីភាពបញ្ចេញមតិមួយផ្នែកហើយ»។
លោកស្រី ឆាយ ឈុនលី ចង់ឲ្យសេរីភាពនៃការបញ្ចេញមតិនៅលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាត្រូវបានទទួលស្គាល់ និងជៀសផុតពីការគំរាមកំហែង។ មួយវិញទៀត លោកស្រីយល់ថា រដ្ឋាភិបាលគប្បីធ្វើការសិក្សា និងស៊ើបអង្កេតទៅលើករណីនីមួយៗឲ្យបានច្បាស់ជាមុនសិន មុនពេលធ្វើការចាប់ខ្លួនបុគ្គលណាម្នាក់នោះ។
បណ្តាញសង្គមរួមទាំងហ្វេសប៊ុក (Facebook) ត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅកម្ពុជា ចាប់តាំងពីមុនការបោះឆ្នោតឆ្នាំ២០១៣ ពេលដែលបណ្តាញព័ត៌មានកម្ពុជាជាច្រើន រួមទាំងវិទ្យុ និងទូរទស្សន៍ស្ថិតក្រោមការរឹតត្បឹតរបស់រដ្ឋាភិបាល។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ និងក្នុងអំឡុងពេលជាប់គាំងនយោបាយជិតមួយឆ្នាំ គណបក្សជំទាស់សង្គ្រោះជាតិ បានប្រើប្រាស់បណ្តាញសង្គមដើម្បីប្រមូល និងដើរក្បូនបាតុកម្មនានាតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ៕