នៅក្នុងពេលប៉ុន្មានខែចុងក្រោយនេះ លោក ហ៊ុន សែន បានប្រកាសអំពីការសម្រេចចិត្ត និងសកម្មភាពផ្សេងៗរបស់លោកជាសារធារណៈតាមរយៈគេហទំព័របណ្តាញសង្គម Facebook។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យប្រជាជនទាញយកកម្មវិធី និងចូលមើលគេហទំព័ររបស់លោក ដើម្បីអាចទទួលបានព័ត៌មានផ្សេងៗពីលោកបានឆាប់រហ័ស។
នៅក្នុងការណែនាំអំពីកម្មវិធីទូរស័ព្ទថ្មីដែលគេហៅថា App លោកបានសរសេរនៅលើគេហទំព័ររបស់លោកយ៉ាងដូច្នេះថា៖
«ខ្ញុំមានសេចក្តីរីករាយសូមជូនដំណឹងដល់ជនរួមជាតិ និងសាធារណជនថា ក្រៅអំពី Facebook គឺខ្ញុំមាន Website និង App ផ្ទាល់ខ្លួនមួយបន្ថែមទៀត ដែលពេលនេះអាចទាញមកទុកក្នុងទូរស័ព្វដៃ (Download) សម្រាប់ទូរស័ព្ទប្រភេទ Android។ សម្រាប់ iOS គឺនឹងដាក់ឲ្យទាញយក (Download) នៅពេលឆាប់ៗខាងមុខនេះ»។
លោកក៏បានសរសេរបន្ថែមនៅលើទំព័រនោះផងដែរថា៖
«សូមអរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីសង្គមជាតិយើងកាន់តែឆាប់រីកចម្រើនទៅមុខ។ សូមជួយចែករំលែក (Share) និង ទាញយក (Download) ឲ្យបានគ្រប់ៗគ្នាដើម្បីកាន់តែងាយស្រួលទទួលព័ត៌មានអំពីខ្ញុំបានឆាប់រហ័ស។ http://www.samdechhunsen.gov.kh/
ចាប់តាំងពីចុងឆ្នាំ២០១៥ គេឃើញនាយករដ្ឋមន្ត្រីរូបនេះមានភាពសកម្មនៅលើបណ្តាញសង្គម Facebook។ លោក ហ៊ុន សែន បានប្រើបណ្តាញសង្គម Facebook របស់លោកដើម្បីទាក់ទងដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋធម្មតាដែលមានទំព័រ Facebook។
លោក សុខ ឦសាន្ត អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បាននិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយពេលខ្លះដើម្បីឆ្លើយឆ្លងជាមួយនឹងប្រជាជនដែលបានបញ្ចេញយោបល់នៅលើគេហទំព័របណ្តាញសង្គម Facebook របស់លោកពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ។
«រាល់ការបង្កើតទំនាក់ទំនងអេឡិចត្រូនិកហ្នឹងគឺថា ចង់ជិតស្និទ្ធជាមួយប្រជាជន មហាជនបាទ! អាហ្នឹងទីមួយ។ ទីពីរគឺចង់ដឹងព័ត៌មានពីប្រជាពលរដ្ឋក្នុងការរស់នៅក្នុសង្គមហ្នឹង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលហ្នឹង តើមានបញ្ហាអ្វីដែលប្រជាជននៅជួបការលំបាក មានកង្វល់ផ្សេងៗ ដើម្បីលោកដឹងហើយលោកដោះស្រាយ។ អញ្ចឹងបានជាក្រោយពេលបង្កើតមក លោកដោះស្រាយបានច្រើនដែរ ដូចជាបញ្ហាផ្លូវវ៉េងស្រេង។ រដ្ឋាភិបាលចេញលុយ ហើយយកមកវិញទាំងមូល ហើយសូមប្រជាពលរដ្ឋប្រើប្រាស់ដោយមិនមានការបង់ប្រាក់ដូចមុនទេ»។
អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជានេះបន្តថា៖
«លោកបានដឹងអំពីបញ្ហាម៉ូតូ។ ឥឡូវនេះលោកបានសម្រួលហើយ។ ម៉ូតូទាំងអស់មិនបានយកពន្ធផ្លូវទេ។ ហើយប័ណ្ណបើកបរមិនបាច់ទៅប្រឡងទេគឺសម្រួលដូរជូន។ អាហ្នឹងគឺជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង។ វាច្បាស់ហើយព្រោះអាហ្នឹងវាជួយសម្រួលដល់ការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋយើង»។
លោក សុខ ឦសាន មានប្រសាសន៍បន្ថែមថា លោក ហ៊ុន សែន ចំណាយពេលខ្លះនៅលើបណ្តាញ Facebook ដោយសារលោកចង់បានដំណឹងផ្ទាល់ពីប្រជាពលរដ្ឋបានឆាប់រហ័ស។ ហើយលោកសង្ឃឹមថា ភាពជិតស្និទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គមនោះអាចទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋនឹងឈានទៅដល់ការឈ្នះឆ្នោតនៅក្នុងអាណត្តិក្រោយនេះ។
«ការធ្វើការខ្លះវាយឺតយ៉ាវ ផ្តល់ព័ត៌មានដល់សម្តេចមិនទាន់ពេលវេលា។ អញ្ចឹងទេ សម្តេចចង់ពង្រីកគុណសម្បត្តិសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យវាកាន់តែមានប្រសិទ្ធភាពថែមទៀត។ អញ្ចឹងទេ មិនមែនថា មិនជឿមន្ត្រីថ្នាក់ក្រោមទេ»។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ដែលធ្វើការពង្រឹងអភិបាលកិច្ចសាធារណៈ បាននិយាយថា ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម Facebook របស់លោក ហ៊ុន សែន អាចជួយធ្វើឲ្យមានភាពជិតស្និទ្ធ និងការដោះដូរព័ត៌មានរវាងប្រជាពលរដ្ឋ និងនាយករដ្ឋមន្ត្រី មានភាពឆាប់រហ័ស។
«បើសិនជាសាររបស់គាត់បានឆាប់រហ័ស ហើយគាត់ទទួលសំឡេងពីប្រជាពលរដ្ឋវិញដោយឆាប់រហ័ស ហើយគាត់យកព័ត៌មានទាំងអស់នេះឯងទៅពិចារណា ដើម្បីធ្វើការសម្រេចចិត្តលើគោលនយោបាយផ្សេងៗ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ខ្ញុំថា មិនខុសទេ ដើម្បីឲ្យសាររបស់គាត់បានទៅដល់ប្រជាពលរដ្ឋ ហើយសាររបស់ប្រជាពលរដ្ឋក៏បានទៅដល់គាត់វិញដែរចា៎»។
លោក សុខ ឦសាន អ្នកនាំពាក្ររបស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោក ហ៊ុន សែន បានបង្ហោះសកម្មភាពផ្សេង ដូចជាការជួបជុំគ្រួសាររបស់លោក ដើម្បីផ្តល់ជាឧទាហរណ៍ល្អដល់ប្រជាពលរដ្ឋទូទៅ។ ហើយលោកក៏បានបង្ហោះការសម្ពោធស្ពាន ឬអគារផ្សេងៗដើម្បីបង្ហាញពីសមិទ្ធផលរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកផងដែរ។
មានប្រជាជនជិត២លាននាក់ ដែលជាអ្នកតាមដានគេហទំព័របណ្តាញសង្គមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕