ឡាវកំពុងរៀបចំសាងសង់ទំនប់វារីអគ្គិសនីចំនួនប្រហែល ១៤០ បន្ថែមទៀត នៅក្នុងដំណើរដើម្បីក្លាយជា «ប្រភពអគ្គិសនីប្រចាំតំបន់អាស៊ីអាគ្នេយ៍»។ នេះបើយោងទៅតាមវិទ្យាស្ថានសិក្សាគោលនយោបាយ Stimson Center។
ផែនការខាងលើនេះបាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមអភិរក្ស និងអង្គការសិទ្ធមនុស្ស ដែលអះអាងថា ថ្នាក់ដឹកនាំប្រទេសនេះកំពុងតែកេងចំណេញយ៉ាងខ្លាំងពីគម្រោងទំនប់វារីអគ្គិសនី ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋក្រីក្រ។
មានការបាក់ទំនប់វារីអគ្គិសនីចំនួនពីរដងកាលពីឆ្នាំមុនហើយការបាក់ទំនប់វារីអគ្គិសនីមួយនៅតំបន់ទំនប់វារីអគ្គិសនី Xe Pian Xe Namnoyនាពេលថ្មីៗបំផុតមួយ កាលពីខែកក្កដាកន្លងទៅនេះ បានសម្លាប់មនុស្សជាង ៣០នាក់ និងបង្កឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់ទៀតបាត់បង់ទីលំនៅ។
នាយកប្រតិបត្តិប្រចាំគណៈកម្មាធិការទន្លេមេគង្គ ហៅកាត់ថា MRC លោក Tuan Phan បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយកាលពីសប្តាហ៍មុនថា៖
«ទោះបីជាការបាក់ទំនប់ជាសោកនាដកម្មថ្នាក់ជាតិមួយក៏ដោយ ឧបទ្ទវហេតុនេះបានបង្កឲ្យមានក្តីសង្ឃឹមថ្មីមួយសម្រាប់ដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍ ដែលមានលក្ខណៈចំណេញជាងមុនប្រកបដោយចីរភាពជាងមុន និងមានភាពចម្រូងចម្រាសតិចជាងមុនសម្រាប់ទន្លេដ៏អស្ចារ្យជាងគេបង្អស់មួយនេះនៅលើពិភពលោក»។
ទំនប់វារីអគ្គិសនី Xe Pian Xe Namnoy ទាញយកថាមពលពីដៃទន្លេមេគង្គ ដែលជាផ្លូវទឹកប្រវែងប្រហែលជាង ៤.០០០ ម៉ែត្រ។ ទន្លេមេគង្គផ្តល់ប្រយោជន៍ដល់ប្រជាជនរាប់លាននាក់ ដែលពឹងផ្អែកទៅលើផ្លូវទឹកមួយនេះសម្រាប់នេសាទ និងកសិកម្មនៅឡាវ និងប្រទេសចំនួនប្រាំផ្សេងទៀត ដែលទន្លេមេគង្គរត់កាត់។
ក្រុមអ្នកអភិរក្សនិយាយថា ប្រព័ន្ធអេកូឡូស៊ីកំពុងតែរងការប៉ះពាល់ពីទំនប់វារីអគ្គិសនីនៅបណ្តាប្រទេសនានា ដែលតែងតែទទួលបានហរិញ្ញប្បទានតាមរយៈកិច្ចសន្យាដើម្បីលក់អគ្គិសនីឆ្លងព្រំដែន។
កាលពីខែកុម្ភៈ គណៈកម្មាធិការទន្លេមេគង្គបានបង្ហាញការរកឃើញនៅក្នុង «ការសិក្សាថ្នាក់ក្រុមប្រឹក្សា» មួយ ដែលបានចំណាយថវិការាប់លានដុល្លារ និងប្រើពេលវេលាអស់រយៈពេលប្រាំមួយឆ្នាំ។ ការសិក្សានេះព្យាករណ៍ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប្រសិនបើផែនការអភិវឌ្ឍលើទន្លេមេគង្គនាពេលបច្ចុប្បន្នត្រូវបន្តទៅមុខ ដែលរួមមានការបាត់បង់ដីសណ្តបាតទន្លេចំនួន ៩៧ភាគរយនៅតំបន់ទន្លេមេគង្គនៅត្រឹមឆ្នាំ២០៤០។
នាយកផ្នែកគ្រប់គ្រងបរិស្ថាននៃគណៈកម្មាធិការទន្លេមេគង្គ លោក So Nam បានលើកឡើងនៅពេលលោកធ្វើបទបង្ហាញពីការសិក្សានោះថា៖
«ហើយនៅត្រឹមឆ្នាំ ២០៤០ ការបាត់បង់ [ដីសណ្ត] នឹងកើនឡើងរហូតដល់ជិត៤០ភាគរយ ដូច្នេះត្រីជិត១លានតោននឹងត្រូវបាត់បង់ជារៀងរាល់ឆ្នាំ ដែលមានតម្លៃស្មើនឹង៤,៥ ទៅ៤,៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ»។
បញ្ហាសុវត្ថិភាពមិនមាននៅក្នុងការព្រួយបារម្ភចម្បងលើកឡើងដោយគណៈកម្មាធិការទន្លេមេគង្គនោះទេ។ ប៉ុន្តែឥឡូវនេះ នៅខណៈដែលទំនប់វារីអគ្គិសនីចំនួនពីរបានបាក់នៅប្រទេសឡាវនៅក្នុងរយៈពេលដ៍ខ្លីមួយ បញ្ហាសុវត្ថិភាពបានក្លាយជាចំណុចរងការរិះគន់យ៉ាងខ្លាំង ក្នុងបរិបទបច្ចេកវិទ្យាទំនប់វារីអគ្គិសនី។
លោក Brian Eyler នាយកទទួលបន្ទុកផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅវិទ្យាស្ថានសិក្សាគោលនយោបាយ Stimson Centerកំពុងព្យាយាមពន្យល់ទៅរដ្ឋាភិបាលឡាវថា បច្ចេកវិទ្យាប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់អាចផលិតអគ្គិសនីបានក្នុងទំហំប្រហាក់ប្រហែលគ្នា និងនៅក្នុងតម្លៃអាចប្រជែងគ្នាមួយ ដោយមិនបង្កការប៉ះពាល់ច្រើនដូចទំនប់វារីអគ្គិសនីឡើយ។
លោកនិយាយថា ក្រុមវិនិយោគិនដែលកំពុងផ្តល់ហិរញ្ញប្បទានដល់គម្រោងទំនប់វារីអគ្គិសនីឡាវ «ដ៍ច្រើនលើសលុប» នេះគួរគិតពិចារណាឡើងវិញ។ លោកមានប្រសាសន៍ថា៖
«ខ្ញុំគិតថា វិនិយោគិនគួរតែមានការព្រួយបារម្ភ។ សូមមើលទៅក្រុមហ៊ុនកូរ៉េនានាដែលបានចុះបញ្ជីជាក្រុមហ៊ុនរួមហ៊ុនគ្នានៅលើផ្សារហ៊ុននៅប្រទេសកូរ៉េបានរងការខាតបង់ ហើយនៅតែមិនទាន់អាចងើបឡើងវិញបាន បន្ទាប់ពីគ្រោះមហន្តរាយបណ្តាលមកពីទំនប់វារីអគ្គិសនី Xe Pian Xe Namnoy កាលពីពេលមុននេះ»។
ប៉ុន្តែដរាបណាឡាវនៅតែអាចទទួលបានកិច្ចសន្យាទិញអគ្គិសនីពីគម្រោងទំនប់វារីអគ្គិសនីរបស់ខ្លួន ការផ្តល់ហិរញ្ញប្បទាននៅតែមាន ជាពិសេសពីប្រទេសចិនតាមរយៈប្រភពនានា «ដែលល្បីដោយសារការវិនិយោគនៅក្នុងគម្រោងនានា ដែលមិនអាចទៅរួចតាមបែបពាណិជ្ជកម្ម និងគ្រាន់តែបំពេញតម្រូវការផ្នែកនយោបាយប៉ុណ្ណោះ»។
ក្រុមហ៊ុន SK E&C ដែលសាងសង់ទំនប់វារីអគ្គិសនី ដែលបានបាក់ បានបដិសេធជាច្រើនដងចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយពី VOA ដែលរួមមានសំណើសុំការចុះមើលការិយាល័យរបស់ក្រុមហ៊ុននៅតំបន់កើតមានឧបទ្ទវហេតុដោយផ្ទាល់នៅខេត្ត Attapeu ប្រទេសឡាវ។
នាពេលថ្មីៗនេះ រដ្ឋាភិបាលឡាវបានប្រកាសធ្វើការត្រូតពិនិត្យឡើងវិញទៅលើគម្រោងទំនប់វារីអគ្គិសនី ដែលមានស្រាប់ មុនពេលគម្រោងទំនប់វារីអគ្គិសនីថ្មីៗផ្សេងទៀតត្រូវបានសម្រេចឲ្យសាងសង់។ សំណើទៅកាន់មន្ត្រីនៅក្រសួងការបរទេស និងក្រសួងរ៉ែ និងថាមពល សុំការបកស្រាយលម្អិតអំពីការត្រួតពិនិត្យនោះមិនទទួលបានការឆ្លើយតបឡើយ។
ចំពោះអ្នកដែលសង្ឃឹមថា ការត្រួតពិនិត្យនោះនឹងនាំឲ្យមានការគិតពិចារណាឡើងវិញពីគោលនយោបាយថាមពលរបស់រដ្ឋាភិបាលឡាវ គេមិនឃើញមានសញ្ញាបង្ហាញពីការវិវត្តទៅមុខល្អឡើយ។
មួយថ្ងៃបន្ទាប់ពីការត្រួតពិនិត្យនោះត្រូវបានប្រកាសឡើង ឡាវ និងប្រទេសដៃគូសមាជិកនៅក្នុងគណៈកម្មាធិការទន្លេមេគង្គ ដែលមានប្រទេសថៃ កម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងទិញថាមពលអគ្គិសនី ពីទំនប់វារីអគ្គិសនីថ្មីមួយនៅលើទន្លេមេគង្គ ឈ្មោះថា ទំនប់ Pak Lay។ នេះបើយោងតាមលោក Eyler។
លោក Bruce Shoemaker បានសិក្សាពីការផ្គត់ផ្គង់ហិរញ្ញប្បទានទៅលើទំនប់វារីអគ្គិសនីនៅក្នុងសៀវភៅរបស់លោក ដែលមានឈ្មោះថា Dead in theWater: Global lessons from the World Bank's Hydropower Projects in Laos បានប្រែថា «ស្លាប់ក្នុងទឹក៖ មេរៀនជាសាកលពីគម្រោងទំនប់វារីអគ្គិសនីរបស់ធនាគារពិភពលោកនៅឡាវ»។ លោកបានសរសេរនៅក្នុងសេចក្តីអត្ថាធិប្បាយនាពេលថ្មីៗនេះថា ស្ថាប័ននានានៅបស្ចិមលោកកំពុងផ្តល់ហិរញ្ញប្បទានទៅលើការអភិវឌ្ឍ ដោយមិនមានការទទួលខុសត្រូវ លើទំនប់វារីអគ្គិសនីនៅឡាវ។ លោកបានរៀបរាប់ថា៖
«ធានាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងបណ្តាស្ថាប័នផ្តល់វិភាគទានដទៃទៀតកំពុងតែសម្របទៅតាមផលប្រយោជន៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ជាជាងផលប្រយោជន៍របស់សហគមន៍ក្នុងស្រុកនៅប្រទេសឡាវ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលគំរូផ្គត់ផ្គង់ហិរញ្ញប្បទានទៅលើទំនប់វារីអគ្គិសនី ដែលអនុញ្ញាតឲ្យវិនិយោគិនពីក្រៅប្រទេសអាចគេចវេស ឬដាក់កំហិតលើការទទួលខុសត្រូវរបស់ខ្លួនចំពោះការបង្កការប៉ះពាល់ផ្នែកសង្គម និងបរិស្ថានពីគម្រោងរបស់ពួកគេ»។
នៅខេត្ត Attapeu ប្រជាពលរដ្ឋជាង ១ម៉ឺន៣ពាន់នាក់បានរងការប៉ះពាល់ដោយសារការបាក់ទំនប់ដែលបានបង្កឲ្យមនុស្សជាង ៧.០៩៥នាក់ បាត់បង់ទីលំនៅ។ នេះបើយោងទៅតាមតួលេខនាពេលថ្មីៗនេះរបស់រដ្ឋាភិបាលឡាវ។
សម្រាប់ប្រជាពលរដ្ឋមួយចំនួន នេះមិនមែនជាលើកដំបូងទេ ដែលគម្រោងវារីអគ្គិសនីបានបំផ្លាញជីវិតរបស់ពួកគេ ពីមុនមកប្រជាពលរដ្ឋរាប់សិបពាន់នាក់ក៏ត្រូវបានបាត់ទីលំនៅដោយសារសំណង់ទំនប់វារីអគ្គិសនីផងដែរ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា