ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​កសាង​កោះ ១០​ នៅ​ដែនសមុទ្រ​ចិនខាងត្បូង​ដែល​មាន​ជម្លោះ


រូបឯកសារ៖ រូបភាព​ពី​អាកាស​បង្ហាញពី​កោះ​ Southwest Cay ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​ឈ្មោះ​ថា Pugad គ្រប់​ដោយ​វៀតណាម និង​ជា​ផ្នែក​មួយ​នៃ​តំបន់​កោះ​ Spratly នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​រង​ជម្លោះ។ 
រូបឯកសារ៖ រូបភាព​ពី​អាកាស​បង្ហាញពី​កោះ​ Southwest Cay ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​ឈ្មោះ​ថា Pugad គ្រប់​ដោយ​វៀតណាម និង​ជា​ផ្នែក​មួយ​នៃ​តំបន់​កោះ​ Spratly នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​រង​ជម្លោះ។ 

ប្រទេស​វៀតណាម​មាន​ជំនាស់​ជាមួយ​រដ្ឋាភិបាល​៥​ទៀត​អំពី​អធិបតេយ្យ​ភាព​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ ប៉ុន្តែ​ការ​កាន់​កាប់​របស់​វៀតណាម​លើ​កោះ​នានា​គេច​ផុត​ពី​កំហឹង​របស់​ប្រទេស​ផ្សេង​ទៀត​​ក្នុង​ពេលដែល​ប្រទេស​នេះ​កាន់កាប់​ដោយ​ស្ងាត់​លើកោះ​ចំនួន​១០​នៅ​ដែន​សមុទ្រ​មាន​ជម្លោះ​នេះ។

ទាំង​ប្រទេស​ចិន​និង​វៀតណាម​កំពុង​សាងសង់​កូនកោះ​តូចៗនៅ​សមុទ្រ​ចិនខាង​ត្បូង​ដែល​មាន​ជម្លោះ​ច្រើន​បំផុត​នៅ​ទ្វីប​អាស៊ី ​ ប៉ុន្តែ​ខណៈ​ដែល​ប្រទេស​ចិន​ទទួល​ការ​រិះគន់ច្រើនពី​អន្តរជាតិ​នោះ​ ប្រទេស​វៀតណាម​ទទួល​បាន​ការរិះគន់​តិចតួច​ប៉ុណ្ណោះ​ ហើយ​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ​ខ្លះ​ទៀត​ផង​ ​ដោយ​សារ​ល្បឿន​នៃ​ការសាង​សង់​របស់​ប្រទេស​នេះ​ធ្វើដោយ​សន្សឹមៗ​ ​និង​ត្រូវ​បាន​គេ​មើល​ឃើញ​ជាទូទៅថា ​ជា​វិធានការ​ការពារ។ ​

កិច្ច​ការរបស់​វៀតណាម​ធ្វើនៅ​លើ​កូន​កោះ​ដែល​ប្រទេស​នេះ​បាន​កាន់កាប់​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ​គឺ​ធ្វើឡើងនៅ​តំបន់​នានា​នៃ​សមុទ្រ​ចិន​ខាងត្បូង​ដែលនៅ​ជិត​បំផុត​ទៅ​នឹង​ឆ្នេររបស់ប្រទេស​វៀតណាម។ ​

ប្រទេស​នេះធ្វើគម្រោង​យោធា​ធំៗ ​ដែល​ទំនង​ជា​ធ្វើ​សម្រាប់​ការ​វាយលុក។​ ប្រទេស​វៀតណាម​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ១០​ប្រទេស​ ដែល​ហៅ​កាត់​ថា​ អាស៊ានដែល​ល្បីឈ្មោះ​ខាង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ជា​លក្ខណៈ​ទ្វេភាគី។​ កត្តា​ទាំង​នេះ​ខុស​គ្នាពី​ប្រទេស​ចិន។​

លោក Alan Chong​ សាស្ត្រាចារ្យ​រង​នៅ​វិទ្យាស្ថាន​ S. Rajaratnam ​នៃ​សិក្សា​កិច្ចការអន្តរជាតិ​មាន​មូលដ្ឋាននៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​និយាយ​ថា៖

«ខ្ញុំ​គិត​ថា​ ប្រទេស​វៀតណាម​មិន​ធ្លាប់​មាន​បញ្ហា​ប្រឈម​ជាមួយ​ប្រទេស​ណាមួួយ​ទេ ​ពីព្រោះ​ប្រទេស​ទាមទារ​ឯ​ទៀតគោរព​វិស័យ​អភិវឌ្ឍន៍នៅ​សមុទ្រ​ចិន​ខាងត្បូង ​ហើយ​ខ្ញុំ​គិត​ថា ​មាន​ការ​មូលមតិ​គ្នា​នៅផ្ទៃ​ក្នុង​អាស៊ាន​ថា ប្រទេស​ទាមទារ​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មិន​ត្រូវ​អុកឡុក​សមាជិក​ដទៃ​ទៀត​ទេដើម្បី​បង្ហាញ​ជំហរ​ថា ​សមរ​ភូមិ​រួម​គឺ​ តតាំង​ជា​មួយ​ចិន»។​

មជ្ឈមណ្ឌល​គំនិត​ផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី​ (Asia Maritime Transparency Initiative) ​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍កាលពី​ថ្ងៃទី​៨​ខែ​មេសា​ថា ​ប្រទេស​វៀតណាម​បាន​ធ្វើ​ការ​សាងសង់​យឺតៗ​បន្ថែមទៀត​នៅលើ​កូនកោះ​សំខាន់ៗ​ខ្លះ​នៃ​កោះ​ចំនួន​១០​របស់​ខ្លួនតាំង​ពី​២០១៧​មក។​

កម្មវិធី​ដែល​ជា​ផ្នែក​មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​ Center for Strategic and International Studies​ របស់​អាមេរិក​នេះ​ក៏បាន​តាម​ដាន​អំពី​ឧបករណ៍​ទំនាក់​ទំនង​ថ្មី​ អំពី​ទីធ្លា​កីឡា​និង​អំពីការ​ពង្រីក​ផ្លូវ​រត់​របស់​យន្តហោះពី​៧៥០​ម៉ែត្រ​ទៅ​១៣០០​ម៉ែត្រ​នៅ​លើ​កោះ​ធំ​បំផុត​របស់​វៀតណាមក្នុង​ប្រជុំ​កោះ Spratly​ ផង​ដែរ។​

រូបឯកសារ៖ ស្ថានីយ​របស់​ឆ្មាំ​សមុទ្រ​វៀតណាម​នៅ​តំបន់​កោះ​ Spratly ដែល​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១០។
រូបឯកសារ៖ ស្ថានីយ​របស់​ឆ្មាំ​សមុទ្រ​វៀតណាម​នៅ​តំបន់​កោះ​ Spratly ដែល​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១០។

​របាយ​ការណ៍​របស់​គំនិត​ផ្តួចផ្តើមនេះ​បញ្ជាក់​ថា ​ការ​អភិវឌ្ឍ​កោះ​ដែល​កាន់កាប់​ដោយ​យោធា​វៀតណាម​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ប្រជុំ​កោះ Spratly​ ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ​រួម​មាន​ការចាក់ដី និង​ការ​ដំឡើង​ប្រព័ន្ធ​ប្រើ​ថាមពល​ព្រះអាទិត្យនៅ​តាម​អគារ​មួយ​ចំនួន។ ​ របាយ​ការណ៍​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​អំពី​បន្ទាយ​ចំនួន​២៥ ដែល​វៀតណាម​បាន​សាង​សង់ជួន​កាល​នៅ​លើ​ថ្ម​ប៉ប្រះទឹក​ឬ​ជញ្ជាំង​ថ្ម។​

លោក​ Trung Nguyen​ ព្រឹទ្ធ​បុរសផ្នែក​ទំនាក់​ទំនង​អន្តរជាតិនៅ​សាកល​វិទ្យាល័យ​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ​នៅ​ទីក្រុង​ហូជីមិញ​បាន​និយាយ​ថា ​ប្រទេស​វៀតណាម​កំពុង​រុករាន​ដែន​ដី​ «សន្សឹមៗ» ​តាម​រយៈ​ការ​សាងសង់​សម្រាប់ការពារ​ខ្លួន​ឯង​ប្រឆាំង​នឹង​អាកាសធាតុ​ដ៏​អាក្រក់។ ​

លោក​បាន​និយាយ​ថា ​ការ​សាងសង់​បាន​ធ្វើឡើង​ដោយ​ប្រើប្រាស់​នាវា​ធំៗ​ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​របស់​អន្តរជាតិ។ ​

លោក​ Nguyen ​បាន​និយាយ​ថា៖​

«រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ពួកគេ​រុករាន​កាន់​កាប់​កោះ​ទាំង​នោះ​សម្រាប់​ការពារ​ខ្លួន ​ហើយ​មិន​ពង្រីក​ទ្រង់ទ្រាយធំសម្រាប់​គោល​បំណង​ផ្សេង​ទៀត​ទេ។ ខ្ញុំមិន​គិត​ថា​ រដ្ឋាភិបាល​វៀតណាម​មិន​ចង់ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ប្រទេស​ដទៃចំពោះ​ការ​កាន់កាប់​របស់​ខ្លួន​នោះ​ទេ។​ ដូច្នេះ​នេះ​ហេតុផល​ដែល​វៀត​ណាម​ធ្វើការ​សាងសង់​ដោយ​ស្ងាត់ៗ»។ ​

លោក ​Chong ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក្រុង​ហាណូយ​សង្ឃឹម​ថា ​កូនកោះ​តូចៗ​របស់​ខ្លួន​អាច​រស់​បាន​ដោយ​មិន​ចាំបាច់​មាន​ជំនួយ​ច្រើន​ពី​ប្រទេស​វៀតណាម​ដីគោក។ ​លោក​បាន​និយាយ​ថា​ ប្រទេស​នេះ​កំពុង​រៀបចំ ​«ការ​ស្នាក់​នៅ​រយៈ​ពេល​យូរ»​នៅ​លើកោះ​តូចៗ​ទាំង​នោះ។​

លោក​ Gregory Poling ​នាយក​របស់​គំនិត​ផ្តួចផ្តើម​នៃ​តម្លាភាព​ដែន​សមុទ្រ​នៅ​អាស៊ី​បាន​និយាយ​ថា​ ប្រទេស​វៀតណាម​កំពុង​តែ​ធ្វើ​ទំនើប​កម្ម​កោះ​តូចៗ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ចិន​ពិបាក​ដណ្តើម​យក​ដោយ​មិន​មានការ​ខាត​បង់​ គឺ​មិន​មែនប្រើប្រាស់​សម្រាប់​ការ​វាយ​លុក​ផ្នែក​យោធា​ទេ។​ លោក​និយាយ​ថា៖​

«យុទ្ធ​សាស្ត្រ​ចុង​បញ្ចប់​របស់​វៀតណាម​ហាក់ដូច​ជាធ្វើ​ឱ្យ​កន្លែង​ទាំងនេះ​កាន់តែ​មាន​លទ្ធ​ភាព​អាច​រស់​បាន​និង​ធ្វើ​ឲ្យ​ចិន​ចំណាយ​កាន់តែ​ច្រើន​ក្នុង​ការ​ព្យាយាម​ដណ្តើម​យក​កោះ​ទាំង​នេះ»។​ ​

លោក​បាន​និយាយ​ថា ជាធម្មតា​ប្រទេស​ចិន​មិន​ធ្វើអ្វី​ចំពោះ​ប្រទេស​វៀតណាម​ទេ​នៅ​លើ​ដែន​សមុទ្រដោយ​សារ​ចិន​ដឹង​ថា ​វៀតណាម​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ«រុញច្រាន» ​ជាមួយ​នាវា​ចិន ​ប្រសិន​បើមាន​ការ​បង្កហេតុ។​

រូបឯកសារ៖ បាតុករ​ប្រឆាំងនឹង​ចិន​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​កំណត់​ខួប​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​កោះ​ Spratly រវាង​វៀតណាម​ និង​ចិន។
រូបឯកសារ៖ បាតុករ​ប្រឆាំងនឹង​ចិន​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​កំណត់​ខួប​នៃ​ការ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​កោះ​ Spratly រវាង​វៀតណាម​ និង​ចិន។

​ប្រទេស​ចិន​បាន​ទាមទារ​ប្រហែល ​៩០ភាគរយ​នៃ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​នេះ។ ការទាមទារ​ជាន់​គ្នា​មួយ​ផ្នែក​តូច​ជាមួយ​ប្រទេស​វៀតណាម ​ព្រមទាំង​ជាន់គ្នា​ជាមួយ​ផ្លូវ​នាវា​ ដែល​រដ្ឋាភិបាល​ប្រទេស​បួន​ផ្សេង​ទៀត​ទាមទារ​ផង​ដែរ។​ ប្រទេស​ផ្សេង​ទៀតដែល​ទាមទារ​ដែរ​គឺប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន ​និង​កោះ​តៃវ៉ាន់។​

ការ​ទាមទារ​កាន់កាប់​របស់​ចិន​ធ្វើឱ្យ​ប្រទេស​វៀតណាម​មាន​ការ​ព្រួយ​បារម្ភ​ជាពិសេស​ ពីព្រោះ​ចិន​ត្រួតត្រា​ប្រជុំ​កោះ​ប៉ារ៉ាសែល​ទាំងមូល​ ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ទាមទារ​ផង​ដែរ​ និង​កោះ​សំខាន់ៗ​បី​នៅ​ប្រជុំកោះ ​Spratly។​

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​គំនិត​ផ្តួចផ្តើមនេះ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រុករាន​ដែនកោះ​ទាំងនោះ​ដោយ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​យន្តហោះ​យោធា​និង​រ៉ាដា។​ ក្រុម​អ្នក​ម៉ៅ​ការ​ចិន​បាន​ប្រើ​ប្រាស់​ដី​ទាមទារ​ចំនួន​ ១២៩៤​ហិចតា​ ដើម្បី​ជួយ​ការ​អភិវឌ្ឍ​នៅ​លើ​ថ្ម​ប៉ប្រះទឹក​ដែល​ចិន​​គ្រប់គ្រង។ ​នេះ​បើ​យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ក្រសួងការពារជាតិ​អាមេរិក​នៅ​ឆ្នាំ​២០១៦។

រូបឯកសារ៖ ផែន​ទី​បង្ហាញ​ពី​ការ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ
រូបឯកសារ៖ ផែន​ទី​បង្ហាញ​ពី​ការ​ទាមទារ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ

​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​មានការចាប់​អារម្មណ៍​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត ​រួមទាំង​សហ​រដ្ឋ​អាមេរិក ​ផង​នៅ​ពេល​ដែលខ្លួន​បានបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក ​និងនាវា​ទាហាន​ជើង​ទឹក​ទៅ​ក្នុង​ដែន​សមុទ្រ​នោះ។​ ​

ទាំង​ប្រទេស​ចិន​និង​វៀតណាម​បាន​លើក​ឡើង​ពី​ទឡ្ហីកម្មប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ការ​ទាមទារ​របស់​ខ្លួន​នៅ​ដែន​សមុទ្រ​នេះ។

ម្តង​ម្តាល​ ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​តវ៉ា​ទៅ​ប្រទេស​វៀតណាម​រយៈពេល​ជា​ច្រើន​ឆ្នាំមក​ហើយ ​ដោយ​អះអាង​ថា ​កូន​កោះតូចៗ​ដែល​វៀតណាម​កាន់កាប់​គឺ នៅ​ក្នុង​អធិបតេយ្យ​ភាព​របស់​ពួក​គេ។​ ក្រុុម​អ្នកស្រាវជ្រាវនិយាយ​ថា ​ប៉ុន្តែការ​តវ៉ា​ទាំង​នេះ​សាប​សូន្យ​វិញ ​ដោយ​សារ​ប្រទេស​ដទៃ​ទៀត​យល់​ថា ​គ្មាន​ការ​គំរាម​កំហែង​ពី​ប្រទេសវៀតណាម។ ​

កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ថវិកា​អភិវឌ្ឍ​ដែន​សមុទ្រ​របស់​វៀតណាម​ខ្សោយ​ជាងប្រទេស​ចិន ​ដែល​ជា​មហា​អំណាច​កំពូល​ផ្នែក​សេដ្ឋកិច្ច​ និង​យោធានៅ​អាស៊ី។​

ជួន​កាល​មន្រ្តី​ចិន​ជួបជា​មួយ​មេដឹកនាំ​អាស៊ាន ​ប៉ុន្តែ​មិន​បាន​ចូលរួម​ពេញ​លេញ​ក្នុង​ព្រឹត្តិ​ការណ៍​សំខាន់ៗ​យ៉ាង​ទៀងទាត់​សម្រាប់​មេដឹក​នាំរដ្ឋាភិបាល​រដ្ឋ​មន្ដ្រី​ក្រសួង​ការពារជាតិ​និង​រដ្ឋ​មន្រ្តីការ​បរទេស​ទេ។​ ​

លោក​ Oh Ei Sun ​សមាជិក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរ​ជាតិ​នៅ​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា ​«ប្រទេស​សមាជិក​អាស៊ាន​មួយ​នឹង​មិន​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ទេ។ ​យើង​នឹង​ឃើញ​ពួកគេ​មូលមតិគ្នា។​ ហើយ​នោះ​ជា​ស្មារតី​នៃ​កិច្ចការ​ទូត» ។

លោក​ Chong ​និយាយ​ថា ​ប្រទេស​វៀតណាម​ទទួល​បាន​ការគាំទ្រ​ពី​ប្រទេស​ជប៉ុន​និង​សហ​រដ្ឋ​អាមេរិក​ដែល​ចង់​ដាក់​កំហិត​ការ​ពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន។ ​កិច្ចព្រម​ព្រៀង​របស់​ជប៉ុន​ក្នុង​ឆ្នាំ​២០១៤ ​នៅក្នុងការផ្តល់​នាវា​ឆ្មាំ​សមុទ្រ​ចំនួន​ ៦គ្រឿង​ឲ្យ​ប្រទេស​វៀតណាម​បាន​ជួយ​ពង្រឹង​សមត្ថ​ភាព​របស់​ប្រទេស​វៀតណាម​ក្នុងការ​ព្យាករណ៍​អំណាច។ ​

កងនាវា​អាមេរិក​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ទៀងទាត់​ដើម្បី​ព្រមាន​ប្រទេស​ចិន៕

ប្រែសម្រួលដោយ​លោក​ពិន ស៊ីសុវណ្ណ​ និង​អ្នកស្រី​លី ម៉ូរីវ៉ាន់

XS
SM
MD
LG