ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​សង្គម​រិះ​គន់​វីដេអូ​ដែល​ឱ្យ​សិស្ស​ប្រកាស​គាំទ្រ​គម្រោង​ CLV


រូបឯកសារ៖ សិស្សានុសិស្សដើរចូលក្នុងបរិវេណសាលារៀនមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ សិស្សានុសិស្សដើរចូលក្នុងបរិវេណសាលារៀនមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ការ​ថត​វីដេអូ​ដែល​ប្រាប់​ឱ្យ​សិស្ស​បឋម​សិក្សា ​និង​សិស្ស​វិទ្យាល័យ​អាន​សារ​ប្រកាស​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​ CLV - DTA​ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ថា​ ជា​រឿង​មិន​ត្រឹម​ត្រូវ​ និង​រំលោភ​លើ​សិទ្ធិ​កុមារ។​

វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ បង្ហាញ​ពី​ក្រុម​សិស្ស​ឈរ​តម្រង់​ជួរ​អាន​សារ ​និង​ថា​ តាម​សារ​ដែល​ប្រកាស​ពី​ការ​សាទរ​ និង​គាំទ្រ​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​នេះ​ មាន​ដូចជា​នៅ​សាលា​បឋម​សិក្សា​បល្ល័ង្គ​ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ​វិទ្យាល័យ​ហ៊ុនសែន​កោះញែក វិទ្យាល័យ ​ហ៊ុន សែន​ ព្រៃ​ទទឹង ​ខេត្ត​កំពង់ចាម​ និង​វិទ្យាល័យ​ជា​ស៊ីមសាមគ្គី​ នៅ​រាជធានី​ភ្នំពេញ​ជាដើម។​

នៅ​ខាង​ក្រោម​វីដេអូ​ទាំង​នោះ ​គេ​ឃើញ​អ្នក​ប្រើ​បណ្តាញ​សង្គម​នាំ​គ្នា​រិះគន់​ថា​ ជា​ការ​បង្ខំ ​និង​រំលោភ​បំពាន​លើ​សិទ្ធិ​កុមារ។​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ​ថា សិស្សា​នុសិស្ស​ទាំង​នោះ​មិន​គួរ​ត្រូវ​បាន​យក​ទៅ​ឡូក​ឡំ​ជា​មួយ​រឿង​នយោបាយ​នោះ​ទេ។​

លោក ប៉ា ច័ន្ទរឿន នាយក​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា ក្នុង​បទសម្ភាសន៍​ជាមួយ​VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ២០១៧។
លោក ប៉ា ច័ន្ទរឿន នាយក​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្តន៍​និង​សីលធម៌​កម្ពុជា ក្នុង​បទសម្ភាសន៍​ជាមួយ​VOA នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ២០១៧។

លោក​ ប៉ា​ ច័ន្ទរឿន​ ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​បញ្ហា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ កម្ពុជា ឡាវ វៀតណាម​ CLV-DTA ​បាន​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​ និង​ជា​រឿង​ក្តៅ​គគុក​មួយ​ក្នុង​ពេល​បច្ចុប្បន្ន ​ដែល​មាន​ទាំង​អ្នក​គាំទ្រ​ និង​អ្នក​ប្រឆាំង។ ​លោក​បន្ថែម​ថា ​សម្រាប់​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​បាន​ផុស​វីដេអូ​កុមារ​តម្រង់​ជួរ​ស្រែក​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នេះ​គឺ​ជា​រឿង​ដែល​ប្រាស​ចាក​ពី​គោល​ការណ៍​សិទ្ធិ​មនុស្ស​ និង​គោល​ការណ៍​សិទ្ធិ​កុមារ។

លោក​ថ្លែង​ថា៖ ​«ការ​យក​ក្មេង​មក​ប្រឡូក​ប្រឡាក់​ជាមួយ​រឿង​នយោបាយ ​មិន​ថា​ ធ្វើ​ក្នុង​ន័យ​គាំទ្រ​ ឬ​ក៏​ប្រឆាំង​រឿង​អ្វី​មួយ ​វា​ជា​រឿង​មិន​ត្រឹម​ត្រូវ​ទេ​ ពីព្រោះ​វា​ខុស​ ដោយ​សារ​ក្មេង​ហ្នឹង​មិន​ទាន់​ដឹង​ក្តី។ ​ វា​ប្រាស​ចាក​អំពី​គោល​ការណ៍​សិទ្ធិ​មនុស្ស​ គោល​ការណ៍​សិទ្ធិ​កុមារ​ និង​ច្បាប់​ទាក់​ទង​នឹង​សុខ​សុវត្ថិ​ភាព​ និង​ការ​ការពារ​កុមារ​ផង​ដែរ»។​

ចំណែក​អ្នក​ស្រី​ អ៊ុក​ ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ​ប្រាប់​វីអូអេ​ដែរ​ថា ​ការណ៍​ដែល​នាំ​ឱ្យ​សិស្សានុសិស្ស​ចូលរួម​សកម្ម​ភាព​ពាក់​ព័ន្ធ​នឹង​នយោបាយ ​គឺ​ជា​រឿង​មិន​សម​រម្យ​ និង​ជា​ការ​រំលោភ​ទៅ​ដល់​សិទ្ធិ​កុមារ។​ អ្នកស្រី​បន្ត​ថា ​អ្នកស្រី​សាទរ​ ប្រសិន​បើ​មាន​ការ​បង្រៀន​ពី​មេរៀន​ប្រវត្តិ​វិទ្យា​ ឬ​មុខ​វិជ្ជា​ទាក់​ទង​ជាមួយ​ភូមិ​សាស្ត្រ​ដល់​សិស្សានុសិស្ស​ ជា​ជាង​ការ​ឱ្យ​សូត្រ ​ឬ​អាន​តាម​សំណេរ​ក្នុង​ន័យ​កេង​ចំណេញ​នយោបាយ។​

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅទីស្នាក់ការសមាគម ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅទីស្នាក់ការសមាគម ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

អ្នក​ស្រី​ថ្លែង​ថា៖​ «ខាង​សាលា​ក៏​ដូច​ជា​ខាង​ថ្នាក់​ដឹក​នាំ​បាន​ឱ្យ​សិស្ស​ធ្វើ​សកម្ម​ភាព​បែប​នេះ​ វា​លើស​ពី​អ្វី​ដែល​ក្រសួង​បាន​ចែង​ថា​ កុំ​ឱ្យ​មាន​ការ​និយាយ​នយោបាយ​នៅ​ក្នុង​សាលា​ ប៉ុន្តែ​គ្រប់​រូប​ភាព​ទាំង​អស់​វា​ផ្អែក​លើ​នយោបាយ​ទាំង​អស់»។​

ជា​រឿយៗ​ ក្រសួង​អប់រំ​តែង​ហាម​សិស្ស​ និង​និស្សិត​គ្រប់​កម្រិត​មិន​ឱ្យ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ​ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្តីពី​ការ​គាំទ្រ​ដល់​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ ​កម្ពុជា ​ឡាវ​ វៀតណាម​ CLV-DTA ​និង​ការ​ប្រឆាំង​ទៅ​លើ​អ្នក​ដែល​មិន​គាំទ្រ​លើ​គម្រោង​មួយ​នេះ។​

លោក​ សេង វណ្ណ​លី​ អ្នក​តាម​ដាន​ភូមិសាស្រ្ត​នយោបាយ​ប្រាប់​វីអូអេ​ថា​ ការ​យក​សិស្សានុសិស្ស​នៅ​តាម​សាលា​មួយ​ចំនួន​ដើម្បី​គាំទ្រ​គម្រោង​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​នេះ ​គឺ​ជា​សកម្ម​ភាព​មិន​សមរម្យ​ និង​មិន​គួរ​ធ្វើ។​ លោក​ថា​ សកម្ម​ភាព​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទទួល​រង​ការ​រិះ​គន់​ និង​បាត់​ទំនុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ។​

លោក​ថ្លែង​ថា៖ ​«ទិដ្ឋ​ភាព​បែប​នេះ​មើល​ទៅ​វា​មិន​ស័ក្តិ​សម​ដោយ​សារ​តែ​ប្អូន​សិស្សានុសិស្ស​ នៅ​មិន​ទាន់​គ្រប់​អាយុ​នៅ​ឡើយ​ទេ​ នៅ​ក្មេង​នៅ​ឡើយ​ ហើយ​គ្នា​នៅ​មិន​ទាន់​បាន​ដឹង​ពី​ហេតុ​ផល​ មិន​ថា​ ហេតុ​ផល​វិជ្ជមាន​ ឬ​អវិជ្ជ​មាន​នៅ​ពី​ក្រោយ​គម្រោង​ CLV ​នោះ​ទេ»។​

លោក​បន្ថែម​ថា ​រដ្ឋាភិបាល​ និង​ក្រសួង​អប់រំ​គួរ​ព្យាយាម​អប់រំ​ឱ្យ​គណៈ​គ្រប់​គ្រង​សាលា​បញ្ឈប់​សកម្ម​ភាព​បែប​នេះ​នៅ​ពេល​ខាង​មុខ។
វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​ស្រី​ ឃួន​ វិច្ឆិកា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ។​

ខុស​ប្លែក​ពី​អ្នក​តាម​ដាន​សង្គម​ លោក​ នង ប៊ុនហេង​ នាយក​វិទ្យាល័យ​ព្រះ​យុគន្ធរ​ប្រាប់​វីអូអេ​ថា ​លោក​គាំទ្រ​ដល់​ការ​ជំរុញ​ឱ្យ​កុមារ​នៅ​តាម​សាលារៀន​ទាំង​អស់​ ចេញ​សារ​ចូល​រួម​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍​ CLV-DTA​ ដើម្បី​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​យល់​ច្បាស់​ ចៀស​វាង​ការ​ចាញ់​ឃោសនា​របស់​គណ​បក្ស​ជំទាស់។​

លោក​ថ្លែង​ថា៖​ «ទេ!​ ដូច​ជា​មិន​ប៉ះ​ពាល់​សិទ្ធិ​អី​ទេ ​ ពី​ព្រោះ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​នីមួយៗ​ វា​ទាម​ទារ​ទាំង​កុមារ​ទាំង​យុវជន​ត្រូវ​ចូល​រួម​ទាំង​អស់​គ្នា ​ ព្រោះ​កុមារ​ក៏​ត្រូវ​បាន​បណ្តុះ​បណ្តាល​ពី​សាលា​ ហើយ​រាជ​រដ្ឋាភិបាល​ក៏​ជួយ​ឧបត្ថម្ភ​ដល់​សាលា​ទាំង​មតេយ្យ ​បឋម​រហូត​ដល់​ឧត្តម​សិក្សា»។​

តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ DTA ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩៩​ ដោយ​រដ្ឋាភិបាល​កម្ពុជា ​ឡាវ ​និង​វៀតណាម ​ក្នុងការ​ឯកភាព​ដាក់​ខេត្ត​ចំនួន​ ១៣ ​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍។ ​កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ ​គឺ​រតនគិរី​ មណ្ឌល​គិរី ​ក្រចេះ ​និង​ស្ទឹងត្រែង។ ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ​គម្រោង​នេះ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម ​សេដ្ឋកិច្ច ​និង​ទេស​ចរណ៍​ ហើយ​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ទាំង​បី​មិន​មាន​ការ​បាត់បង់​ឡើយ។​

ប៉ុន្តែ​ការ​ដាក់​ខេត្ត​បួន​អភិវឌ្ឍន៍​រួមគ្នា​ក្នុង​គម្រោង​នេះ​កំពុង​មាន​ភាព​ចម្រូង​ចម្រាស​ ដោយ​ប្រជា​ពលរដ្ឋ​ខ្លះ​គាំទ្រ ​និង​ខ្លះ​មិន​គាំទ្រ។ ប្រជា​ពលរដ្ឋ​ដែល​មិន​គាំទ្រ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​នេះ ដោយ​ពួក​គេ​បារម្ភ​ថា ​កម្ពុជា​អាច​នឹង​បាត់បង់​ខេត្ត​ទាំង​បួន​ទៅ​ប្រទេស​វៀតណាម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG