ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​មួយ​ចំនួន​ចង់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ប្រជា​មតិ​លើ​គម្រោង​អភិវឌ្ឍន៍​ CLV


រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

ប្រជា​ពលរដ្ឋ ​និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ចង់​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ប្រជា​មតិ​ដើម្បី​ដឹង​ពី​ចំនួន​ប្រជា​ពលរដ្ឋ​គាំទ្រ ​និង​មិន​គាំទ្រ​លើ​គម្រោង​អភិវឌ្ឍន៍​ តំបន់​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម ​(CLV-DTA)​ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស។​

នា​ពេល​ថ្មីៗ​នេះ ​បន្ទាប់​ពី​មាន​ការ​បង្ហោះ​សារ ​និង​វីដេអូ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ លោក​ ហ៊ុន សែន​ ទាក់ទិន​នឹង​គម្រោង​អភិវឌ្ឍន៍​ CLV​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​បារម្ភ​លើ​បណ្តាញ​សង្គម​ថា ​កម្ពុជា​អាច​នឹង​ត្រូវ​បាត់បង់​ខេត្ត​ចំនួន​បួន​ទៅ​វៀតណាម​ ប្រសិន​បើ​អនុវត្ត​គម្រោង​មួយ​នេះ។ ​អ្នក​ខ្លះ​ថា​ រដ្ឋាភិបាល​មាន​សមត្ថ​ភាព​អភិវឌ្ឍ​តំបន់​នេះ​ដោយ​ខ្លួន​ឯង​បាន ​ដោយ​លើក​ឡើង​ទាំង​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ​ពី​ការ​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​រួម​បី​ប្រទេស​នេះ។​

នៅ​ក្រោម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ ស្ថាប័ន​មួយ​ចំនួន​ និង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ អ្នក​ប្រើ​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ប្រជា​មតិ​ឱ្យ​ដឹង​ពី​ចំនួន​គាំទ្រ ​និង​មិន​គាំទ្រ។ ​ខ្លះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ស្តាប់ ​និង​យក​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ទៅ​ពិនិត្យ ​និង​ពិចារណា​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ។​

អតីត​នាយក​រដ្ឋមន្រ្តី​កម្ពុជា ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​លោក​ ហ៊ុន សែន​ បាន​ឆ្លើយ​តប​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ជា​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដែល​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​ប្រជា​មតិ។​លោក​ថា៖​ «នេះ​មិនមែន​ជា​ប្រធាន​បទ​ដែល​ត្រូវ​ធ្វើ​ប្រជា​មតិ​ទេ។​ វាជា​រឿង​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម ​ដឹក​ជញ្ជូន​ ទេសចរ។ល។ ​គ្មាន​អ្នកណា​មាន​សិទ្ធិ​កាត់ដី​ឱ្យ​បរទេស​ ឬ​យកដី​ទៅ​ដាក់​ជា​ភាគហ៊ុន​ជាមួយ​បរទេស​ទេ»។​

លោក​ក៏​បាន​ឆ្លើយ​តប​នឹង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើ​បណ្តាញ​សង្គម​មួយ​ចំនួន​ថា​ ពួកគេ​ទាំង​នោះ​ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល ​ហើយ​កំពុង​រស់​នៅ​ក្រៅ​បរទេស​ ហើយ​លោក​ព្រមាន​ពួកគេ​កុំ​ដើរ​ហួស​បន្ទាត់​ក្រហម​ដើម្បី​ចង់​ផ្តួល​រលំ​មេ​ដឹកនាំ។​

គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ​ដោយ​រដ្ឋាភិបាល​ប្រទេស​ចំនួន​បី​ គឺ​កម្ពុជា​ ឡាវ​ និង​វៀតណាម ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ខេត្ត​ចំនួន​១៣​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍។​ កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ គឺ​រតនគិរី ​មណ្ឌលគិរី ​ក្រចេះ ​និង​ស្ទឹងត្រែង​ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។ ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុពល​សេដ្ឋកិច្ច ​ទេស​ចរណ៍ ​និង​វប្បធម៌។​

ទោះជា​យ៉ាង​ណាក្តី ​ប្រធាន​បទ​ស្តីពី​ «តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV» ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ចម្រូស​ចម្រាស​មួយ​ ស្រប​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា​ទៅ​កាន់​វៀតណាម ​ដូច​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា គម្រោង​នេះ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ពាណិជ្ជ​កម្ម ​សេដ្ឋកិច្ច ​និង​ទេស​ចរណ៍​ ហើយ​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ទាំង​បី​មិន​មាន​ការ​បាត់បង់​ឡើយ។​

និសិ្សត​ឆ្នាំទី១​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​សុំ​ឱ្យ​ដាក់​ឈ្មោះ​ត្រឹម ​បណ្ឌិត ​ប្រាប់​វីអូអេ​ថា រដ្ឋាភិបាល​គួរ​បង្កើត​ការ​ស្ទង់​មតិ​របស់​ប្រជា​ពលរដ្ឋ​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ CLV​ នេះ​ដើម្បី​យល់​ឱ្យ​ច្បាស់​ពី​គំនិត​របស់​ប្រជា​ពលរដ្ឋ។​ លោក​ថា​ គម្រោង​អភិវឌ្ឍន៍​នេះ​នឹង​ល្អ​ប្រសិន​បើ​មិន​មាន​ផល​ប៉ះពាល់​ដល់​បូរណភាព​របស់​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «បើសិន​ជា​អត់​មាន​ការ​កាត់​ខេត្ត ​ឬក៏​អត់មាន​អី​ឱ្យ​ទៅ​ប្រទេស​គេ​ទេ ​ប្រសិន​បើ​គម្រោង​នឹង​កើត​ឡើង ​ហើយ​ធ្វើ​ឱ្យ​ខេត្ត​ និង​ប្រទេស​កម្ពុជា​យើង​មាន​ការ​រីក​ចម្រើន ​គឺ​ខ្ញុំ​សប្បាយ​ចិត្ត»។​

ប្រជា​ពលរដ្ឋ​ម្នាក់​ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​អះអាង​ថា​ ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​លើក​ឡើង​ថា​ លោក​មិន​គាំទ្រ​គម្រោង​ CLV​ នោះ​ទេ​ ដោយសារ​ក្នុង​ប្រវត្តិ​សាស្រ្ត​ វៀតណាម​តែងតែ​ចង់​បាន​អ្វី​ជា​របស់​កម្ពុជា។​ លោក​ថា​ លោក​ចង់​ឱ្យ​មាន​ការ​ស្ទង់​មតិ​ដើម្បី​ឱ្យ​ពលរដ្ឋបាន​បញ្ចេញ​មតិ​ និង​បង្ហាញ​ការ​យល់​ឃើញ។​

លោក​ថ្លែង​ថា៖​ «បាទ!​ យល់ព្រម​ត្រង់​ឱ្យ​គាត់​ធ្វើ​ប្រព័ន្ធ​ស្ទង់​មតិ​ហ្នឹង។ ​រាជ​រដ្ឋាភិបាល​គាត់​ស្នើ​ធ្វើ​ក៏​ធ្វើ​ទៅ ​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ទៅ​បោះ​ក៏​មិន​បោះ​កន្លែង​គាំទ្រ​ហ្នឹង​ដែរ​ ព្រោះ​ខ្ញុំ​អត់​ពេញ​ចិត្ត​នៅ​ខាង​ហ្នឹង។​ កន្លែង​ហ្នឹង​យើង​មើល​ទៅ​វា​បាត់បង់​ទឹកដី​ច្រើន​មែន​ទែន។​ យើង​មើល ​យើង​សោក​ស្តាយ។​ យើង​ជា​ប្រជា​ពលរដ្ឋ​ យើង​មិន​អាច​តតាំង​ជាមួយ​នឹង​គេ​បាន​ទេ»។

នៅ​ក្នុង​សារ​សំឡេង​ពិសេស​របស់​លោក ​ហ៊ុន សែន ​កាល​ពី​រសៀល​ថ្ងៃទី​១២​ ខែ​សីហា ​លោក​បាន​បញ្ជាក់​ឡើង​វិញ​ម្តង​ទៀត​អំពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV ​ថា ​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV» ​គឺ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងបី​ ដោយ​អះអាង​ថា​ មិន​មាន​ការ​កាត់ដី​ខេត្ត​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ឡើយ។ ​លោក​បន្ថែម​ថា​ ប្រទេស​ទាំង​បី​មាន​ការ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ ហើយ​កិច្ច​សហ​ប្រតិបត្តិ​ការ​នេះ​ជា​ចំណែក​មួយ​ដែល​ពន្លឿន​ដល់​ការ​អភិវឌ្ឍ​តំបន់ប្រទេស​ទាំង​បី។​

អតីត​នាយក​រដ្ឋមន្រ្តី ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​រូប​នេះ​បន្ថែម​ថា​ ប្រជាជន​នៃ​ប្រទេស​ទាំង​បី​ រួមមាន​កម្ពុជា ​ឡាវ​ និង​វៀតណាម​ អាច​ឆ្លងកាត់​ប្រទេស​ទាំង​បី​បាន​ ដោយ​អនុវត្ត​តាម​ច្បាប់​របស់​ប្រទេស​នីមួយៗ ​និង​មាន​លិខិត​បែប​បទ​ឆ្លង​ដែន​ត្រឹម​ត្រូវ។​

លោក​ ហ៊ុន សែន ​ថ្លែង​ថា៖​ «ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នេះ​មិន​មាន​ជា​ការ​កាត់​ដី​ឱ្យ​ជនជាតិ​បរទេស​ណា​មួយ​ ហើយ​ក៏​មិន​មែន​ដាក់​ជា​ភាគហ៊ុន​ដែរ។ ​សូម​បង​ប្អូន​កូន​ក្មួយ​ចាំ​ឱ្យ​ច្បាស់​ពាក្យ​ថា​ អភិវឌ្ឍន៍​រួម​ និង​សហ​ប្រតិបត្តិ​ការ។​ បង​ប្អូន​យល់​ច្រឡំ​ហើយ​ថា​ ការ​អភិវឌ្ឍ​រួម​យើង​អត់​ធ្វើ​ទេ​ ព្រោះ​យើង​គ្មាន​សិទ្ធិ។ ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​យក​ដី​ខ្មែរ​ទៅ​ដាក់​រួម​ជាមួយ​នឹង​ប្រទេស​ណា​ទេ។​ យើង​គ្មាន​ចេតនា​ដើម្បី​នឹង​បង្កើត​តំបន់​នោះ​ឱ្យ​ទៅ​ជា​តំបន់​ស្វយ័ត​ដោយ​កាត់​មួយ​ភាគ​របស់​កម្ពុជា​ មួយ​ភាគ​របស់​ឡាវ​ មួយ​ភាគ​របស់​វៀតណាម​ ហើយ​កើត​ជា​តំបន់​ស្វយ័ត​ ឬ​ជា​ប្រទេស​មួយ​ក៏​អត់​ដែរ»។​

ក្រៅ​ពី​ការ​ឆ្លើយ​តប​លើ​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ ​CLV​ លោក ​ហ៊ុន សែន​ ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​ហាម​មិន​ឱ្យ​ដើរ​ហួស​បន្ទាត់​ក្រហម​ឡើយ។​

លោក​ថ្លែង​ថា៖​ «ការ​ញុះញង់​ពី​ខាង​ក្រៅ​គឺ​អាក្រក់​ខ្លាំង​ណាស់​នៅ​ពេល​នេះ។​ ប៉ុន្តែ​បងប្អូន​នៅ​ក្នុង​ប្រទេស​មិន​គួរ​ត្រូវ​បាន​គេ​បោកប្រាស់​នៅ​ពេល​ដែល​ខ្លួន​កំពុង​ស្ថិត​នៅ​ទីនេះ …នៅ​ទីនេះ។ ​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​សុំ​អំពាវនាវ​ចំពោះ​បង​ប្អូន​កុំ​ដើរ​ឆ្លង​ផុត​បន្ទាន់​ក្រហម​ឈាន​ទៅ​ដល់​ការ​ផ្តួល​រំលំ​ដូច​ដែល​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​បាន​ធ្វើការ​អំពាវ​នាវ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​ដែល​ចាំ​បង្ខំ​ឱ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​យក​វិធាន​ការ​ចាំបាច់​ដើម្បី​នឹង​ទប់ស្កាត់​អនាធិបតេយ្យ​បង្ក​ចលាចល​ក្នុង​សង្គម។ ​យើង​គ្មាន​ជម្រើស​ទេ ​ជម្រើស​ដែល​នៅ​សេស​សស់​របស់​យើង​គឺ​ការពារ​នូវ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ជីវិត​របស់​ប្រជាជន​យើង»។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​លោក ​សេង​ វណ្ណលី​ ប្រាប់​វីអូអេ​ថា ​ប្រជា​ពលរដ្ឋ​បារម្ភថា ​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​នេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម​ទទួល​ផល​ចំណេញ​ច្រើន​ជាង​កម្ពុជា​ ដោយសារ​សេដ្ឋកិច្ច​វៀតណាម​មាន​ភាព​ទូលាយ​ជាង​កម្ពុជា​ ហើយ​ប្រជា​ពលរដ្ឋ​កម្ពុជា​មិន​ទុកចិត្ត​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល។​

លោក​បន្ថែម​ថា ​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មើល​ឃើញ​ថា​ គម្រោង​ណា​មួយ​របស់​រដ្ឋាភិបាល​អាច​កើត​មាន​ជា​ហានិភ័យ ​នោះ​គេ​នឹង​ធ្វើ​ប្រជា​មតិ។​

លោក​ថ្លែង​ថា៖​ «ដោយសារ​តែមាន​និន្នាការ​ ឬ​ទស្សនៈ​ខុស​គ្នា​ អ៊ីចឹង​អាការ​ដែល​ធ្វើ​ប្រជា​មតិ​ហ្នឹង ​វា​អាច​ជួយ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​បាន​ច្រើន​ ក៏​ប៉ុន្តែ​ដូច​ខ្ញុំ​ថា​ ការ​ដែល​ធ្វើ​ប្រជា​មតិ​ហ្នឹង​ គួរតែ​ឈរ​ទៅ​លើ​មូលដ្ឋាន​មួយ​ដែល​មាន​ភាព​ច្បាស់លាស់​ សុក្រឹត​ ហើយ​និង​យុត្តិធម៌ ​ការពារ​ការ​ជ្រៀតជ្រែត​ពី​ស្ថាប័ន​នយោបាយ​ណាមួយ»។

ស្រប​ពេល​ដែល​មាន​ភាព​ចម្រូង​ចម្រាស​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​CLV ​និង​ការដួល​រំលំ​នៃ​របប​ដឹកនាំ​ក្នុង​ប្រទេស​បង់ក្លាដែស ​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា ​ដូច​ជា​ក្រសួង​ការពារ​ជាតិ​ កង​រាជ​អាវុធ​ហត្ថ ​និង​ក្រុម​នគរបាល​ជា​ដើម​ បាន​ចេញ​សារ​មាន​ន័យ​ដូចៗ​គ្នា​ក្នុង​ការ​ថ្កោល​ទោស​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​ ​

កាល​ពី​ពេល​ថ្មីៗ​នេះ ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ អ្នកស្រី ​ចម និម្មល ​ក៏​បាន​ចេញ​ការ​បកស្រាយ​បន្ថែម​អំពី​កិច្ច​ព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ CLV ​ថា​ ជា​«ការ​បន្ថែម​អត្ថ​ប្រយោជន៍» ​និង​ «ទាញ​យក​ប្រសិទ្ធ​ភាព​នៃ​ការ​ត​ភ្ជាប់​គ្នា»​ ប៉ុន្តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ការ​គិតគូរ​ពី​តំបន់​ណា​ដែល​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​មុន​ដើម្បី​ទទួល​បាន​នូវ​ផល​ចំណេញ​រួម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG