ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​ចាត់​ទុក​ការ​ញុះញង់​ពលរដ្ឋ​ឱ្យ​ប្រឆាំង​គម្រោង​ CLV ​គឺ​ជា​បដិវត្តន៍​ផ្តួល​រំលំ​រដ្ឋាភិបាល


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ចូលរួម​សន្និសីទសារព័ត៌មាន​ស្តីពី​យុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ (Facebook/ក្រសួងយុត្តិធម៌ Ministry of Justice)
រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ ចូលរួម​សន្និសីទសារព័ត៌មាន​ស្តីពី​យុទ្ធនាការពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ (Facebook/ក្រសួងយុត្តិធម៌ Ministry of Justice)

ក្រសួង​យុត្តិធម៌​ចោទ​ក្រុម​ប្រឆាំង​ដែល​រស់​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ថា​ ​ញុះញង់​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា​ ឡាវ​ វៀតណាម ​(CLV)​ ក្នុង​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ ​ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​យ៉ាង​តិច​៥​ឆ្នាំ ​ពីបទ​ «ឧប​ឃាត»​និង​ «រួម​គំនិត​ក្បត់»។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ចេញ​កាល​ពីថ្ងៃ​អង្គារ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៣ ​ខែ​សីហា ​ឆ្នាំ​២០២៤​ ​ អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លើក​ឡើង​ថា ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​កំពុង​បំភ្លៃ​ការណ៍​ពិត​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​CLV ​ដោយ​ថា​ រដ្ឋាភិបាល​កាត់​ដី​ចំនួន​៤​ខេត្ត​ទៅ​ឱ្យ​បរទេស ​ព្រម​ទាំង​បំផុស​បំផុល​ និង​ញុះញង់​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​នេះ។ ​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ថែម​ថា៖​ «ផែនការ​អូសទាញ​ប្រមូល​ប្រជាជន​ក្នុង​ស្រុក​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​កម្ពុជា ​ឡាវ ​វៀតណាម ​ពុំ​មែន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​សម្តែង​មតិ​តាម​ច្បាប់​នោះ​ទេ ​ប៉ុន្តែ​គឺ​ជា​ផែន​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល ​តាម​រយៈ​ការប្រើ​ប្រាស់​នូវ​វិធី​ញុះញង់​ អុជអាល ​បំផុស​បំផុល ​និង​ការ​ប្រើ​ឧបាយ​កល​នយោបាយ​បោក​បញ្ឆោត​អូសទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូត​ត្រង់​ឱ្យ​ធ្វើ​បាតុកម្ម​បះបោរ​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​កម្ពុជា។ ​សកម្ម​ភាព​ជុំវិញ​ផែនការ​នេះ​គឺ​ជា​អំពើ​វិទ្ធង្សនា​ ដែល​ជា​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ»។​

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា ​ផែនការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ដើម្បី​ដណ្តើម​អំណាច​តាម​មធ្យោបាយ​ក្រៅ​ពី​ការ​បោះឆ្នោត​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីពហុ​បក្ស ​គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ ដែល​ត្រូវ​ផ្តន្ទាទោស​ពី​បទ​ឧបឃាត ​និង​រួម​គំនិត​ក្បត់។​

លោក ​ជិន ម៉ាលីន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្រសួង​យុត្តិធម៌​មាន​ភាព​ចាំបាច់​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នេះ​ដើម្បី​ពន្យល់​ប្រជា​ពលរដ្ឋ​អំពី​ទិដ្ឋភាព​ច្បាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ល្មើស​ដែល​ជា​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ។​

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ ការ​អប់រំ ​និង​ការ​ផ្សព្វ​ផ្សាយ​អំពី​ទិដ្ឋភាព​ច្បាប់​នេះ​គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​បទល្មើស​កើត​ឡើង ​និង​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​យល់​ដឹង​ ​និង​ចៀស​វាង​ការ​ធ្វើ​សកម្ម​ភាព​បំពាន​ច្បាប់​ដែល​អាច​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ក្នុង​សេចក្តី​ថ្លែង​ការណ៍​ក៏​បាន​ពន្យល់​ទៅ​ដល់​សាធារណ​ជន​ បក​ស្រាយ​អំពី​ទិដ្ឋ​ភាព​ច្បាប់​ដែរ​ថា​ តើ​សកម្ម​ភាព​ដែល​ជា​បទ​ឧបឃាត​នេះ​មាន​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​របៀប​ម៉េច?​ ហើយ​ចំណែក​អ្នក​ដែល​ចូល​រួម​ក្នុង​ផែនការ​នេះ ​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​របៀប​ម៉េច​ ដែល​ច្បាប់​បញ្ញត្តិ​ថា​ រួម​គំនិត​ក្បត់​នោះ។​ ហើយ​ក្នុង​នេះ​ក៏​បាន​បញ្ជាក់ ​និង​ពន្យល់​ដែរ​ថា ​អ្នក​ដែល​ចូលរួម​ ក៏​ប៉ុន្តែ​ដឹង​កំហុស​ ហើយ​សារ​ភាព ​និង​សហការ​ជាមួយ​នឹង​សមត្ថ​កិច្ច​ក៏​ទទួល​បាន​ការ​លើក​លែង ​និង​អនុគ្រោះ​ផង​ដែរ»។​

បទ​ល្មើស​«ឧប​ឃាត»​មានការ​ផ្តន្ទា​ទោស​តាម​បញ្ញត្តិ​មាត្រា​៤៥១ ​និង​មាត្រា​៤៥២​នៃ​ក្រម​ព្រហ្មទណ្ឌ​និង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ​ទៅ​៣០​ឆ្នាំ ​ចំណែក​បទល្មើស​«រួម​គំនិត​ក្បត់»​ចែង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៥៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ដែល​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ​ទៅ​១០​ឆ្នាំ។ ​ប្រសិន​បើ​ជន​ល្មើស ​គឺ​ជា​អ្នក​រាជការ​សាធារណៈ​ ទោស​សម្រាប់​បទ​ល្មើស​ឧបឃាត​ត្រូវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។​

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ​បន្ថែម​ថា ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខ​សញ្ញា​លើ​ជន ​ឬ​ក្រុម​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទ​ «ឧបឃាត​ និង ​រួម​គំនិត​ក្បត់»។​

លោក ​ស ថេត ​អគ្គ​ស្នងការ​នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​លើ​ក្រុម​ណា​ដែល​ហ៊ាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​«កុបកម្ម»​ ប្រឆាំង​រដ្ឋា​ភិបាល​ ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍ ​CLV​ នេះ។​

គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​CLV​ នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ​ដែល​កំពុង​មាន​ការ​ជជែក​លើ​បណ្តាញ​សង្គម ​និង​ខាង​ក្រៅ​ ដោយ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​សម្តែង​ការ​គាំទ្រ ​ហើយ​មួយ​ចំនួន​មិន​គាំទ្រ​គម្រោង​នេះ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ ​និង​ធ្វើការ​នៅ​ប្រទេស​មួយ​ចំនួន​ដូចជា​ជប៉ុន ​កូរ៉េ ​និង​អូស្ត្រាលី​ បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ច្រើន​ពាន់​នាក់ ​ទាមទារ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​គម្រោង​នេះ​ ដោយ​ពួកគេ​លើក​ឡើង​ពី​ការ​បារម្ភ​ថា ​កម្ពុជា​អាច​បាត់​ខេត្ត​ចំនួន​បួន​ក្នុង​គម្រោង​អភិវឌ្ឍន៍​នោះ​ទៅ​ប្រទេស​វៀតណាម។​

អតីត​នាយក​រដ្ឋមន្រ្តី ​និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក ​ហ៊ុន សែន​ កាលពី​ថ្ងៃ​ទី​១២​ ខែ​សីហា ​បាន​ប្រកាស​លើក​លែង​ទោស​ចំពោះ​ពលរដ្ឋ​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​តេឡេក្រាម​មួយ ​ដែល​មាន​ឈ្មោះ ​«រួបរួម​ដើម្បី​ជាតិ» ​ដែល​លោក​ថា ​ជាក្រុម​រៀបចំ​ផែន​ការ​ធ្វើ​បាតុកម្ម​ និង​អំពាវនាវឱ្យ​កម្លាំង​ប្រដាប់​អាវុធ​បែរ​កាណុង​ផ្តួល​រំលំ​រដ្ឋាភិបាល។​ លោក​ ហ៊ុន សែន​ក៏​ស្នើ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ក្រុម​តេឡេក្រាម​«រួបរួម​ដើម្បី​ជាតិ»​នោះ ​បញ្ឈប់​ផែន​ការ​ធ្វើ​បាតុកម្ម​ដើម្បី​កុំ​ឱ្យ​ប្រឈម​ទៅ​នឹង​វិធាន​ការ​នានា​របស់​រដ្ឋាភិបាល។​ ​

ប្រធាន​ព្រឹទ្ធ​សភា​រូប​នេះ​ថ្លែង​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ ​«ពាក្យ​ដែល​ថា​ ការ​ផ្តួល​រំលំ​ក្រៅ​ប្រព័ន្ធ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ វា​ស្មើ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ ​ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​យោគ​យល់​បាន​ទេ។​ យើង​ត្រូវ​តែ​ធ្វើ​សកម្ម​ភាព​ដើម្បី​ការពារ​នូវ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​ដែល​ប្រសូតិ​ចេញ​ពី​ការ​បោះ​ឆ្នោត»។​

អ្នក​តាម​ដាន​ស្ថាន​ការណ៍​សង្គម​យល់​ថា​ ការ​ផ្សព្វ​ផ្សាយ​កិច្ច​ព្រម​ព្រៀង ​ឬ​ឯកសារ​ផ្លូវ​ច្បាប់​រវាង​ប្រទេស​ទាំង​៣ ​បន្ថែម​ពី​ការ​ផ្សព្វ​ផ្សាយ​ឯកសារ​មួយ​ចំនួន​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​ គឺ​វា​នឹង​អាច​កាត់​បន្ថយ​ក្តី​កង្វល់ ​និង​ការ​យល់​ច្រឡំ​របស់​ពលរដ្ឋ​បាន​បន្ថែម​ទៀត។​ ​

ប្រធាន​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​លោក​ ប៉ា ច័ន្ទរឿន ​ប្រាប់​វីអូអេ​ថា៖​«ប្រសិន​បើ​រដ្ឋាភិបាល ​អាច​ផ្សព្វ​ផ្សាយ​កិច្ច​ព្រមព្រៀង​ហ្នឹង​ ឬ​ឯកសារ​ផ្លូវ​ច្បាប់​រវាង​ប្រទេស​ទាំង​៣​ឱ្យ​បាន​ទូលំ​ទូលាយ​ ឱ្យ​សាធារណ​ជន​បាន​ដឹង​ ខ្ញុំ​ជឿ​ថា​ វា​លែង​ជា​កង្វល់​ហើយ បើ​សិន​ការ​ធ្វើ​នោះ​គឺ​ដើម្បី​ប្រយោជន៍​រួម។​ ហើយ​វា​ក៏​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​យល់​ច្រឡំ ​និង​សកម្ម​ភាព​មួយ​ចំនួន​ដែល​ប្រជា​ពលរដ្ឋ​ខ្លះ ​លោក​អាច​នឹង​ធ្វើ​ជ្រុល​ ឬ​ក៏​បារម្ភ​ជ្រុល​នៅ​ក្នុង​សង្គម»។​

លោក​ ប៉ា ច័ន្ទរឿន​ថា​ ការ​ឈឺ​ឆ្អាល​កិច្ច​ការ​ងារ​សង្គម​គឺ​ជា​កាតព្វ​កិច្ច​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​ពល​រដ្ឋ​ស្វែង​យល់ ​និង​ថ្លឹង​ថ្លែង​នូវ​ការ​បារម្ភ ​ឬ​ការ​ទាមទារ​អ្វី​មួយ​ប្រកប​ដោយ​ហេតុ​ផល​ និង​មូលដ្ឋាន​ច្បាស់​លាស់ ​ហើយ​ត្រូវ​ក្តាប់​ព័ត៌មាន​ឱ្យ​ជុំ ​ឬ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្រើន ​ដើម្បី​គិត​ និង​វិភាគ ​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។​

គិត​ចាប់​តាំងពី​ខែ​កក្កដា​ ឆ្នាំ​២០២៤​មក ​សកម្ម​ជន​សង្គម​យ៉ាង​ហោច​ណាស់​៥​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​CLV​នេះ។​ ពួកគេ​ទាំង​នោះ​រួម​មាន​ សកម្ម​ជន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​លោក​ ស៊្រុន ស្រ៊ន ​កញ្ញា ​ភឹង សោភា ​លោក​ ចក់ ប៊ានមុន្នី ​លោក​ សាន សិទ្ធ ​និង​លោក ​ធែល ធីលែន។​

តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ​ដោយ​រដ្ឋាភិបាល​ប្រទេស​បី​ គឺ​កម្ពុជា ​ឡាវ​ និង​វៀតណាម​ ដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​ដាក់​ខេត្ត​ចំនួន​ ១៣ ​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍។ ​កម្ពុជា​មាន​ខេត្ត​ចំនួន​បួន​ គឺ​រតនគិរី ​មណ្ឌល​គិរី​ ក្រចេះ ​និង​ស្ទឹងត្រែង ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។​ រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជា​ប្រភព​នៃ​សក្តា​នុពល​សេដ្ឋ​កិច្ច ​ទេស​ចរណ៍ ​និង​វប្បធម៌។​

ប្រធាន​បទ​ស្តីពី ​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»​នេះ​បាន​ក្លាយ​ជា​ចំណុច​ចម្រូង​ចម្រាស​ចុង​ក្រោយ​នេះ ​ខណៈ​ពលរដ្ឋ​មួយ​ចំនួន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ វៀតណាម​នឹង​គ្រប់គ្រង​តំបន់​នោះ ​ហើយ​កម្ពុជា​អាច​បាត់​បង់​ទឹកដី​នោះ ​ដូច​កម្ពុជា​ក្រោម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG