ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រហូត​មក​ដល់​ពេល​នេះ​ ពួក​តាលីបង់​មិន​បាន​ធ្វើ​អ្វី​សោះ​តាម​ការប្តេជ្ញា​ប្រឆាំង​ភេរវកម្ម


សមាជិក​នៃ​ក្រុម​តាលីបង់ អង្គុយ​នៅ​ពីមុខ​ផ្ទាំងគំនូរ​ស្ត្រីម្នាក់​ដែល​ស្ថិត​នៅ​ពីក្រោយ​លួសបន្លា នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
សមាជិក​នៃ​ក្រុម​តាលីបង់ អង្គុយ​នៅ​ពីមុខ​ផ្ទាំងគំនូរ​ស្ត្រីម្នាក់​ដែល​ស្ថិត​នៅ​ពីក្រោយ​លួសបន្លា នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

អ្នក​ឃ្លាំ​មើល​ពួក​តាលីបង់​បង្កើត​រដ្ឋាភិបាល​ និង​គ្រប់គ្រង​ប្រទេស​អាហ្វហ្កានីស្ថាន កាន់តែ​ប្រយ័ត្ន​ប្រយែង​អំពី​ការ​ប្តេជ្ញា​ដោយ​មេដឹកនាំ​ក្រុម​នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ គ្មាន​អង្គការ​ភេរវករ​ណា ​អាច​យក​ប្រទេស​នេះ​ជា​មូលដ្ឋាន​សម្រាប់​វាយ​ប្រហារ​សហ​រដ្ឋ​អាមេរិក​ឡើយ។​

ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​តាលីបង់​ប្រឆាំង​ភេរវកម្ម​ គឺជាផ្នែក​សំខាន់​នៃ​កិច្ច​ព្រមព្រៀង​នៅ​ទីក្រុង​ដូហា ​ប្រទេសកាតា ​ឆ្នាំ​២០២០​ សម្រាប់​ការ​ចាកចេញ​របស់​អាមេរិក ​និង​ការ​ជម្លៀស​យោធា​ជាយថាហេតុ​ចេញពី​អាហ្វហ្គានីស្ថាន។​ ទោះបី​ជាមាន​ការ​សរសើរ​ខ្លះ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​របស់​ពួក​តាលីបង់​ជា​ថ្នូរ​ការ​ដកខ្លួន​របស់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ក៏ដោយ​ ​ក៏​មាន​សញ្ញា​សកម្មភាព​ជាក់ស្តែង​តិចតួច​ប៉ុណ្ណោះ។

«ឥឡូវនេះ ​ជាពេល​ដែល​ពួក​តាលីបង់​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​មិន​ឱ្យ​ពួក​រដ្ឋ​អ៊ីស្លាម​ខេត្ត​Khorasan ​ឬ​ISIS-K​ ឬ​ក្រុម​ភេរវករ​ផ្សេង​ទៀត​ ប្រើ​ទឹកដី​អាហ្វហ្គានីស្ថាន​គំរាម​កំហែង​ដល់​សន្តិសុខ​សហ​រដ្ឋ​អាមេរិក​ ឬ​សម្ព័ន្ធ​មិត្ត»។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អ. ​បាន​ប្រាប់​វីអូអេ​ដូច្នេះ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ពី​ព្រោះ​ពិភាក្សា​អំពី​ប្រធាន​បទ​រសើប។​

អ្នក​នាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា​ «យើង​កំពុង​ឃ្លាំមើល​យ៉ាង​ដិត​ដល់​នូវ​សកម្មភាព​របស់​តាលីបង់​នៅ​ទូទាំង​ប្រទេស។​ យើង​នឹង​ឱ្យ​ពួកគេ ​ទទួល​ខុសត្រូវ»។​

លោក​ឧត្តមសេនីយ៍​ Kenneth «Frank» McKenzie​ មេបញ្ជាការ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួក​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​ និង​អាស៊ីបូព៌ា​ និង​អាស៊ីកណ្តាល ​បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ថា ​«ខ្ញុំ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​សម្រាប់​យើង​ទេ​ឥឡូវ​នេះ»។​

លោក​ថ្លែង​ដូច្នេះ ​នៅពេល​វីអូអេ​ចុចសួរ​ថា​ តើ​ពួក​តាលីបង់​ ធ្វើ​បាន​កម្រិត​ណា​តាម​ការ​សន្យា​ប្រឆាំង​ភេរវកម្ម។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ស.រ.អ.​ប្រឆាំង​ភេរវកម្ម​ (NCTC)​ បាន​ប្រាប់​សមាជិក​សភា​នៅ​ថ្ងៃ​អង្គារ​ថា​ ដោយ​ឥឡូវនេះ​ តាលីបង់​កំពុង​គ្រប់គ្រង​អាហ្វហ្គានីស្ថាន​ក្រុម​ភេរវករ​ដូចជា​ al-Qaida ​ដែល​មាន​ទំនាក់​ទំនង​យូរ​អង្វែង​ជាមួយ​តាលីបង់​ និង​ពួក​រដ្ឋ​អ៊ីស្លាម​សម្ព័ន្ធ​អាហ្វហ្គានីស្ថាន​គេស្គាល់​ថា ​រដ្ឋអ៊ីស្លាម​ខេត្ត ​Khorasan​ ឬ​ ISIS –K​ អាច​ព្យាយាម​តម្រង់​គោល​ដៅ​វាយ​ប្រហារ​នៅ​ទឹកដី​អាមេរិក​ ក្នុង​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

លោកស្រី ​Christine Abizaid ​បាន​មាន​ប្រសាសន៍​ថា​ «យើង​ត្រូវ​តាម​ដាន​និង​វាយ​តម្លៃ​ថា​ តើ​វា​នឹង​កើត​ឡើង​ឆាប់​ជាង​នេះ​ដែរ​ ឬ​អត់»។​

មេ​ដឹកនាំ​តាលីបង់ ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ដែល​ថា​ ពួកគេ​ នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ភេរវករ​ ដូចជា​ al-Qaida​ និង​រដ្ឋអ៊ីស្លាម​ខេត្ត​ Khorasan​លូតលាស់​នោះ។​

កាលពី​ថ្ងៃ​អង្គារ​អ្នក​នាំពាក្យ​តាលីបង់​លោក ​Zabihullah Mujahid​ បាន​បដិសេធ​ទៀត​ថា ​គ្មាន​ក្រុម​ណាមួយ​នៃ​ពួកភេរវ​កម្ម​នេះ​ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​នេះ​ទេ។​ លោក​ Mujahid ​បានប្រាប់​សន្និសីទ​សារ​ព័ត៌មាន​នៅ​ទីក្រុង​កាប៊ុល​ថា​ «យើង​មិន​ឃើញ​នរណា​ម្នាក់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ មាន​ទំនាក់​ទំនង​ជាមួយ​ al-Qaida ​ទេ»។​

ទោះជា​យ៉ាង​ណា​ មន្រ្តី​ស៊ើប​ការណ៍​អាមេរិក​និង​អន្តរជាតិ​និយាយ​ថា​ ភស្តុតាង​បង្ហាញ​ផ្សេង​ពី​នេះ៕​

លោក Ayaz Gul រួម​ចំណែក​រាយ​ការណ៍ពី​ទីក្រុង​អ៊ីស្លាម៉ាបាដ។

XS
SM
MD
LG