អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬStroke កើតឡើងដោយសារតែមានឈាមកកនៅក្នុងសរសៃឈាម មូលហេតុម្យ៉ាងទៀតគឺបែកធ្លាយសរសៃឈាមក្រហមក្នុងខួរក្បាល។
ការកកនៅក្នុងសរសៃឈាមនេះ បណ្តាលឲ្យខ្វះចរន្តឈាមរត់ទៅដល់ខួរក្បាល ហើយធ្វើសាច់របស់ខួរក្បាលមិនអាចដំណើរការធម្មតាបាន។
លោកបានបន្តថា រោគសញ្ញាសំខាន់ៗដែលយើងត្រូវដឹង មានដូចជា វៀចមុខ វៀចមាត់ដោយសារខ្សោយសាច់ដុំនៅក្នុងមុខ ធ្លាក់ភ្នែកមួយចំហៀង ដៃមួយចំហៀងខ្សោយលើកមិនរួច និងនិយាយមិនច្បាស់។
ទាំងអស់នេះជារោគសញ្ញាសំខាន់ៗដែលអ្នកជំងឺត្រូវដឹង។ បញ្ហាសំខាន់មួយទៀតដែលអ្នកជំងឺត្រូវដឹងដែរនោះគឺ TIA (Transient Ischemic Attack) ឬក៏ Pre-Stroke គឺជាការខ្វះចរន្តឈាមក្នុងមួយរយៈខ្លី ប៉ុន្តែវានឹងត្រឡប់មកវិញបាន។ ប៉ុន្តែនេះគឺជាសញ្ញាព្រមានសំខាន់ដែលប្រាប់ឲ្យអ្នកជំងឺដឹង ហើយអាចការពារពីជំងឺនេះ។
នៅប្រទេសកម្ពុជា មានអ្នកជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ភាគច្រើនបណ្តាលមកពីជំងឺលើសសំពាធឈាម ហើយមិនបានព្យាបាលត្រឹមត្រូវ និងជក់បារីច្រើន៕