ក្តារចុចឆ្លាតវៃ ឬ Smart Keyboard ដែលអ្នកប្រើអាចវាយអក្សរខ្មែរក្នុងទូរស័ព្ទបានលឿនជាងមុន ត្រូវបានបង្កើតឡើងដោយយុវជនគ្រុយ វណ្ណា នាពេលថ្មីៗនេះ។ លោកគ្រុយ វណ្ណា ដែលទើបតែបញ្ចប់ការសិក្សានៅប្រទេសជប៉ុន បានប្រាប់វីអូអេតាមទូរស័ព្ទថា លោកឆ្លៀតឱកាសដែល IOS 8ថ្មី របស់ក្រុមហ៊ុន Apple អនុញ្ញាតអ្នកប្រើអាចសរសេរក្តារចុចបញ្ចូលដោយមិនចាំបាច់ Jailbreak នោះ លោកបានបង្កើតក្តារចុចដោយខ្លួនឯងដោយមិនចាំបាច់ខ្ចីពីថៃទៀតទេ។ (ចុចទាញយកត្រ់ងនេះ)
«Version 7 ទាល់តែយើងJailbreak និងខ្ចី keyboard ពីថៃយកមកដាក់ដើម្បីដូរទៅជាខ្មែរ។ អញ្ចឹង យើងចង់ធ្វើ Keyboard មួយ ដែលធ្វើដោយខ្មែរ។ មួយទៀតខ្ញុំផ្តោតលើល្បឿននៃការចុចគឺធ្វើឲ្យវាលឿនជាងមុនទ្វេដង»។
យុវជនគ្រុយ វណ្ណាបានប្រាប់វីអូអេថា ក្តារចុចឆ្លាតវៃថ្មីខុសពីមុនដោយសារ អ្នកប្រើមិនចាំបាច់ប្រើ Shift ដើម្បីប្តូរអក្សរ។
«រាល់ ដង បើយើងចង់បានអក្សរ«ទ» យើងត្រូវចុច Shift ហើយចុចអក្សរ «ត»។ ប៉ុន្តែក្តារចុចថ្មីនេះ យើងគ្រាន់តែចុច «ត» ហើយទាញចុះក្រោមទៅ ចេញ«ទ»ហើយ។ ដូច្នេះ យើងចំណេញពេលបានច្រើន»។
យុវជន គ្រុយ វណ្ណាបានប្រាប់វីអូអេតាមទូរស័ព្ទថា លោកបានទទួលចំណេះដឹងទាំងនេះមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាទីដែលលោកបានទទួលបរិញ្ញាប័ត្រនៅឆ្នាំ២០០៧ ហើយលោកបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់សាកលវិទ្យាល័យ វ៉ាសេដា នៃប្រទេសជប៉ុន។ បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានចូលធ្វើការនៅក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រមួយនៅប្រទេសជប៉ុនរយៈពេលបីឆ្នាំ មុននឹងត្រឡប់ទៅកម្ពុជាវិញ។
«ការធ្វើការនៅក្រុមហ៊ុនសរសេរកម្មវិធីនៅប្រទេសជប៉ុនរយៈពេលបីឆ្នាំ ខ្ញុំទទួលបានចំណេះដឹងជាច្រើន។ អញ្ចឹងខ្ញុំយកបទពិសោធន៍ហ្នឹងមកស្រុកខ្មែរ ដើម្បីបង្កើតក្រុមហ៊ុនមួយផ្តោតលើIT។ ក្រុមហ៊ុននេះនឹងប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាសង្គមដែលប្រជាពលរដ្ឋជួបប្រទះ»។
យុវជនគ្រុយ វណ្ណាប្រាប់វីអូអេថា សម្រាប់កម្ពុជា ផ្នែកបច្ចេកវិទ្យាស្ថិតនៅដំណាក់កាលដំបូងនៅឡើយ តែលោកសង្កេតឃើញថា មានយុវជនខ្មែរជាច្រើនចាប់អារម្មណ៍លើវិស័យនេះ។ ប៉ុន្តែកម្ពុជាត្រូវការអ្នកជួយចែករំលែកចំណេះដឹង និងផ្តល់ប្រឹក្សាដល់ពួកគេអំពីអនាគតនៃបច្ចេកវិទ្យា។
«ខ្ញុំគិតថា ប្រទេសខ្មែរយើង ថ្ងៃក្រោយនឹងមានអ្នកមានចំណេះដឹងខាងផ្នែកបច្ចេកវិទ្យាច្រើន»។
តាមរយៈវីអូអេ យុវជនគ្រុយ វណ្ណាបានផ្តាំផ្ញើថា បើយុវជននានាចង់ដឹងបន្ថែមអំពីបច្ចេកវិទ្យា ពួកគេអាចទាក់ទងនឹងលោកបាននៅផ្ទះលេខ២៩៦ ផ្លូវ ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕