ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទ្វេគ្រោះ​​របស់​ប្រទេស​​តូច៖ អៀរឡង់​ពិនិត្យ​ឡើង​វិញ​នូវទំនាក់ទំនងរបស់​ខ្លួន​​ជាមួយ​​​​ចិន


រូបឯកសារ៖ ប្រធានាធិបតីប្រទេសអៀរឡង់លោក Michael Higgins ចាប់ដៃស្វាគមន៍នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នៅក្នុងវិមានរដ្ឋាភិបាលចិន ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤។
រូបឯកសារ៖ ប្រធានាធិបតីប្រទេសអៀរឡង់លោក Michael Higgins ចាប់ដៃស្វាគមន៍នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នៅក្នុងវិមានរដ្ឋាភិបាលចិន ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៤។

ប្រទេស​អៀរឡង់​ក៏ដូច​ប្រទេស​តូចៗ​ជា​ច្រើន​ផ្សេង​ទៀត​ដែរ ​ដែលពឹង​ពាក់​លើ​សេដ្ឋកិច្ចនៃ​ប្រទេសចិន​ ខិតខំ​បញ្ចៀសមិន​ឱ្យ​មាន​បញ្ហា​រសើប​ជាមួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

ក៏​ប៉ុន្តែ រឿង​ចម្រូងចម្រាស​អំពី​ការប្រព្រឹត្តរបស់​ក្រុម​ហ៊ុន Huawei ការ​ឃុំឃាំងពាណិជ្ជករម្នាក់​យ៉ាង​យូរ​នៅ​ក្រុង Shanghai និងកំណើន​នៃ​ការ​ប្រឆាំង​នឹង​ប្រវត្តិ​ការ​រំលោភសិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ចិនអាច​ធ្វើឱ្យ​ប្រទេស​អៀរឡង់​ពិនិត្យមើល​ជា​ថ្មីអំពី​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។

សមាជិក​បួន​រូប​នៃ​សភា​ Oireachtas របស់​អៀរឡង់ ដែលជា​អង្គការនីតិបញ្ញត្តិជាតិបាន​ចូល​រួមជាមួយ​សម្ព័ន្ធភាព​អន្តរសភា​អំពីប្រទេស​ចិន (IPAC) កាល​ពីខែ​មុន​ ជា​ផ្នែក​មួយនៃ​កិច្ច​ប្រឹងប្រែង​សម្របសម្រួលគ្នាមួយ​ ដើម្បី​ធ្វើ​ឱ្យ​មានជំហរតឹងរ៉ឹង​ជាង​មុន​មួយ​របស់រដ្ឋាភិបាល​អៀរឡង់​ចំពោះប្រទេស​ចិន។

លោក Michael Byrne នៃ​គណបក្សអភិរក្សនិយម Fianna Fail របស់​ប្រទេស​អៀរឡង់បាន​និយាយប្រាប់​វីអូអេ​ថា​ ប្រទេស​លោក​ចង់​បន្តការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយប្រទេស​ចិន តែ​របៀប​ដោះស្រាយ​បែប​សង្កត់សង្កិន​របស់រដ្ឋាភិបាលក្រុង​ប៉េកាំងលើក្រុមជនជាតិ​ភាគតិច ជា​ពិសេស​ក្រុម​ជនអំបូរ Uighur (អ៊ុយហ្គ័រ) ក្នុង​តំបន់ Xinjiang ជា​ការមិន​អាច​ទទួល​យក​បាន​ទេ តាម​បទដ្ឋាន​អន្តរជាតិ។

លោក Michael Byrne បាននិយាយ​ថា៖ «រដ្ឋាភិបាលក្រុង​ប៉េកាំង​ធ្វើ​ខុសក្នុង​របៀប​ដោះស្រាយ​របស់ខ្លួន​ចំពោះ​បញ្ហាប្រជាជន Uighur​ ចំពោះ​តំបន់​ទីបេត៍​និង​ចំពោះ​ក្រុង​ហុងកុង និង​ការ​ឃុំឃាំង​មិន​ត្រឹមត្រូវ​តាម​ច្បាប់នៃ​បុគ្គល​មួយ​ចំនួន។ យើង​មិន​អាចធ្វើ​ជាមិន​ឃើញ​នូវការ​រំលោភកើន​ឡើង​លើ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​ ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ឡើយ»។

លោក​ក៏​បាន​គាំទ្រ​ឱ្យលើក​ការ​ប្រកួត​កីឡាអាឡាំពិក​រដូវ​ធ្លាក់​ទឹក​កក​ពី​ក្រុង​ប៉េកាំងទៅ​ធ្វើ​នៅ​កន្លែង​មួយ​ទៀត ​ក្នុង​ឆ្នាំ​ ២០២២ ​ផង​ដែរ។

លោក Byrne បានថ្លែង​ថា៖ «គេ​មិន​គួរ​ផ្តល់ឱកាស​ធ្វើ​ការ​ឃោសនា​ឱ្យគណបក្ស​កុម្មុយនីស្ត​ចិន​ទេ»។​

រូបឯកសារ៖ ប្រអប់ខ្សែកាបនៃបណ្តាញ 5G ត្រូវបានឃើញនៅក្បែរមជ្ឈមណ្ឌលសន្និសីទមួយ នៅទីក្រុង Luoyang ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩។
រូបឯកសារ៖ ប្រអប់ខ្សែកាបនៃបណ្តាញ 5G ត្រូវបានឃើញនៅក្បែរមជ្ឈមណ្ឌលសន្និសីទមួយ នៅទីក្រុង Luoyang ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩។

ការ​ទាក់​ទង​គ្នា​តឹងតែង​

ឧប្បត្តិហេតុ​មួយចំនួនបានបង្កើនការ​មិន​ទុក​ចិត្តរបស់​ប្រជារាស្ត្រ​អៀរឡង់​ ចំពោះ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

កង្វល់​មួយ​ក្នុង​បណ្តាការ​ខ្វល់ខ្វាយធំៗ ​គឺ​ការណ៍​ដែល​ចិន​បាន​ចាប់ដាក់​ក្នុង​ពន្ធនាគារលោក Richard O’Halloran អ្នក​ចាត់ចែង​កិច្ចការ​ប្រតិបត្តិ​នៃ​សាខា​នៅអៀរឡង់របស់​ក្រុម​ហ៊ុនជួលយន្តហោះ​មួយ។

លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩​ ដើម្បីជួយដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​មួយ ​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​និយោជក​របស់លោកអំពី​ការ​ចោទប្រកាន់​ថា ​បាន​គៃ​បន្លំ​ប្រាក់អ្នក​វិនិយោគ​ចិន​ចំនួន​ ៧០ ​លានដុល្លារ។

ថ្វី​បើ​លោកមិន​ត្រូវ​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​អ្វី​ក៏ដោយ ក៏​អាជ្ញាធរ​ចិន​បាន​និយាយប្រាប់​លោក Richard O’Halloran ថា​ លោក​មិន​អាចចាកចេញ​ពីប្រទេសចិន​បាន​ទេ​ ដរាប​ណាមិនមាន​ការប្រគល់​ទឹកប្រាក់​នេះ​ទៅ​ឱ្យក្រុមអ្នកវិនិយោគ​វិញ។ ស្ថានភាព​នេះ​បាន​អូស​បន្លាយ​អស់​ពីរ​ឆ្នាំ​មក​ហើយ។

ករណីធំ​មួយ​ទៀត​ មានពាក់ព័ន្ធ​នឹងមហាក្រុមហ៊ុនទូរគមនាគមន៍​ចិន Huawei។

កាល​ពីពេល​ថ្មីៗ​នេះ លោក Yang Xu ប្រធានប្រតិបត្តិនៃ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​អៀរឡង់​ បាន​សរសេរលិខិត​ទៅ​លោក Simon Coveney ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អៀរឡង់​ ដោយ​បានរិះគន់​សាស្ត្រាចារ្យសាកលវិទ្យាល័យ​ម្នាក់ដែល​បាន​លើក​ឡើង​នូវកង្វល់​ខាង​សន្តិសុខ ​ដែល​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន​នេះចូល​វាយតម្លៃ​បណ្តាញ​ 5G របស់ប្រទេស​អៀរឡង់។

កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២០ លោក​ Richard Maher សាស្ត្រាចារ្យ​ខាងនយោបាយ​នៅ​ឯ​មហាវិទ្យាល័យ ​University College ​ក្នុង​ក្រុង​ឌុយប្លាំង (Dublin)​ បាន​បោះពុម្ព​ផ្សាយ​អត្ថបទមួយក្នុង​ទស្សនាវដ្តី Defense Forces Review មានចំណង​ជើងថា «5G និងបញ្ហាក្រុមហ៊ុន​ Huawei ក្នុង​ប្រទេស​អៀរឡង់»។

លោក​បាន​សរសេរ​ថា ក្រុមហ៊ុន Huawei មាន ​«ចំណង​ទាក់ទង​លាក់កំបាំង» ជាមួយ​រដ្ឋាភិបាល​ចិន​ហើយជា​លទ្ធផល​ការ​បើកឱ្យក្រុមហ៊ុននេះ​ចូល​ក្នុង​ប្រព័ន្ធ​ទូរសព្ទ​ចល័ត 5G​ បង្ក​ឱ្យ​មាន «ការ​ប្រថុយប្រថានខាង​សន្តិសុខធ្ងន់ធ្ងរនិង​មិន​អាចគ្រប់គ្រងបាន»។

លោក Yang Xu បាន​និយាយ​ថា​ អត្ថបទ​នេះជា​ «ការ​វាយ​ប្រហារយ៉ាង​ខ្លាំង​ហើយ​ខុស​ទាំង​ស្រុង​ទៅ​លើ​ក្រុមហ៊ុន Huawei» ហើយ​បាន​សុំ​ដល់​រដ្ឋាភិបាល​ «ឱ្យ​ផ្តល់​ការ​គាំទ្រពេញ​លេញ​ដើម្បី​សម្រាល​ការ​ខូចខាតដែលបាន​កើត​ឡើង»។

លោក​ Richard Maher បាន​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេចរបស់​ក្រុមហ៊ុន Huawei ក្នុង​ការ​ឡើង​ទៅ​ដល់​ថ្នាក់​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​អៀរឡង់​ ដើម្បីរិះគន់អត្ថបទលោក​ជា​រឿង​មិន​ប្រក្រតី។

លោក​ Maher​ បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «ប្រតិកម្មរបស់ចិន​ចំពោះ​អត្ថបទ​នេះជា​ឧទាហរណ៍​នៃ​គ្រោះថ្នាក់ ​ក្នុងការ​បញ្ចូលឧបករណ៍​របស់​ក្រុមហ៊ុន​ចិន​នេះ​ ក្នុង​ប្រព័ន្ធ​ទូរសព្ទចល័ត 5G របស់​ប្រទេស​អៀរឡង់»។

លោក Niall Duggan ជាអ្នក​បង្រៀននៅ​ក្នុង​ដេប៉ាតឺម៉ង់ផ្នែក​វិជ្ជារដ្ឋាភិបាល​និង​នយោបាយ នៅ​ឯសាកលវិទ្យាល័យ​ University College Cork។ លោក​បាន​និយាយ​ប្រាប់​វីអូអេថា ឧប្បត្តិហេតុ​កាលពី​ពេល​ថ្មីៗនេះ​ កំណត់​ពី​ការ ​«ការបញ្ចប់​នូវ​គំនិតសន្មត​ឆោត​ល្ងង់ ដែល​ថាក្រុមហ៊ុននិង​បុគ្គល​អៀរឡង់ គ្មាន​រងផលប៉ះពាល់​ ដោយ​សារ​បញ្ហា​ជា​មូលដ្ឋាននៅ​ក្នុងប្រទេស​ចិន​ស្តី​ពី​សេរីភាព​ខាង​នយោបាយ​និង​ខាង​ផ្លូវ​ច្បាប់​ទេ​នោះ»។

រូបឯកសារ៖ កម្មករកំពុងធ្វើការដឹកជញ្ជូនទំនិញធុនធ្ងន់នៅកំពង់ផែទំនិញមួយកន្លែងក្នុងក្រុង Lianyungang ខេត្ត Jiangsu កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០។
រូបឯកសារ៖ កម្មករកំពុងធ្វើការដឹកជញ្ជូនទំនិញធុនធ្ងន់នៅកំពង់ផែទំនិញមួយកន្លែងក្នុងក្រុង Lianyungang ខេត្ត Jiangsu កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២០។

ការកាត់បន្ថយការ​ពឹង​ពាក់​លើ​ប្រទេស​ចិន​

​ប្រទេស​អៀរឡង់​ប្រឈម​នឹង​ទ្វេគ្រោះដូច​បស្ចិម​ប្រទេសជា​ច្រើន​ ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យដែរ។ ប្រទេស​នេះពឹងពាក់លើ​ទី​ផ្សារ​អ្នក​ប្រើប្រាស់ដ៏​ធំធេងនៃ​ប្រទេស​ចិន​ ដើម្បីបង្កើន​សេដ្ឋកិច្ច​របស់​ផង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត ប្រទេស​នេះ​ត្រូវ​រំខានខ្លាំង​ឡើងៗ​ ដោយ​អាកប្បកិរិយា​គឃ្លើន​របស់​ប្រទេស​ចិន នៅ​លើ​ឆាក​អន្តរជាតិ។

ជា​ការ​ពិត ប្រទេស​អៀរឡង់​ជាប្រទេសមួយក្នុងចំណោម​ប្រទេស​មួយចំនួនតូច ដែលមាន​ផល​ចំណេញ​លើស​ក្នុង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។ កាលពី​ឆ្នាំ​ ២០២០ ចំនួនលើស​ខាង​ពាណិជ្ជកម្ម​របស់​អៀរឡង់​លើប្រទេស​ចិនមាន​ប្រមាណ ​៤.៣៥០​ លាន​អឺរ៉ូ​ ឬ ​៥.២០០ ​លាន​ដុល្លារ។

ទិន្នន័យ​ពី​ការិយាល័យស្ថិតិ​កណ្តាលនៃ​ប្រទេស​អៀរឡង់ ឬ​ CSO បានបង្ហាញ​ថា ​ក្នុងឆ្នាំ ​២០២០ ការ​ដឹកជញ្ជូន​ទំនិញចូល​និង​ចេញនៃ​ប្រទេស​អៀរឡង់​ជាមួយ​ប្រទេស​ចិន​ មាន​អត្រា​កំណើន​តួលេខ​ពីរ​ខ្ទង់។

លោក Niall Duggan នៃ​សាកលវិទ្យាល័យ​ University College Cork ហៅ​កាត់​ថា UCC​ បានចង្អុល​បង្ហាញ​ថា​ ដោយ​សារប្រទេស​អៀរឡង់​មានទំហំ​តូច ទើប​គោល​នយោបាយ​ការបរទេស​របស់​ប្រទេស​នេះ​ មាន​ការប្រទាំងប្រទើស​ជាមួយ​ចិន​ តិច​ជាង​បស្ចិមប្រទេសភាគ​ច្រើន។ ប្រទេស​អៀរឡង់​មាន​ទំនោរ​ពឹងពាក់​លើ​ទំនាក់ទំនងរវាង​បុគ្គល​ ជា​ជាងការទូត​ដោយ​ធ្វើ​សេចក្តីថ្លែងការណ៍​ខ្លាំង​ក្លាបែប​គំរាមកំហែង ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មួយ​ទៀត​ធ្វើ​កិច្ចការឱ្យ​បាន​សម្រេច​គោលដៅ​ខាង​ការ​ទូតរបស់​ផង​ខ្លួន។

លោក Duggan បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ ​«ការឆ្លើយ​តប​ដែលមេដឹកនាំ​អៀរឡង់​ទំនង​នឹង​ធ្វើ​នោះ គឺ​ថា ​ពួក​គេនឹង​បង្កើន​គោលនយោបាយរបស់ពួក​គេ ដើម្បីខិតខំបញ្ចៀសពី​ការ​ពឹង​ពាក់​ខ្លាំង​ពេក​លើ​ប្រទេស​ចិន ​ក្នុង​វិស័យ​ណា​មួយ។ ដូច្នេះ​លោក​អ្នក​ប្រហែល​នឹង​ឃើញ​រដ្ឋាភិបាលលើក​ទឹកចិត្ត​ក្រុមហ៊ុន​ច្រើន​ថែម​ទៀត​ ឱ្យ​ចូល​រួម​ក្នុង​វិស័យ​ផ្សេងៗ​ ដូចជា​បណ្តាញ​ 5G ដើម្បី​កាត់​បន្ថយឥទ្ធិពល​របស់​ក្រមហ៊ុន​នានា ​ដូចជា​ក្រុមហ៊ុន Huawei​ ជា​ដើម»។

ជា​ការ​ពិត ប្រទេស​អៀរឡង់​បាននិយាយខ្លាំងជាង​មុននៅ​លើ​ឆាក​អន្តរជាតិ​អំពីប្រវត្តិកំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​។ ប្រទេស​អៀរឡង់​ជាប្រទេស​មួយ​ក្នុង​ចំណោមប្រទេស​ចំនួន ​៣៩ ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ កាល​ពី​ខែ​តុលា​ ឆ្នាំ ២០២០​ នៅ​ឯ​អង្គការ​សហប្រជាជាតិ ថ្កោល​ទោស​ប្រទេស​ចិន​អំពី​ការ​រំលោភរបស់​ចិន​លើសិទ្ធិ​មនុស្ស​ប្រឆាំង​នឹងក្រុម​ជន​អំបូរ Uighur កាន់​សាសនា​ឥស្លាម និងការ​បង្ក្រាប​ដោយអាជ្ញាធរចិនលើស្វ័យភាពនៃ​ដែនដីហុងកុង​ផង​ដែរ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG