ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​ចាត់​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ចិន


រដ្ឋមន្រ្តី​ការ​បរទេស​កូរ៉េខាង​ត្បូង​លោក​ស្រី ​Kang Kyung-wha​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​​នៅទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ២០១៩។
រដ្ឋមន្រ្តី​ការ​បរទេស​កូរ៉េខាង​ត្បូង​លោក​ស្រី ​Kang Kyung-wha​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​​នៅទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ២០១៩។

ក្រសួង​ការ​បរទេស​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ជនជាតិ​កូរ៉េ​ខាង​ជើង​ ៧ ​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​ពួក​គេ​លួច​រត់​ចេញ​ពី​កូរ៉េ​ខាង​ជើង។

រដ្ឋមន្រ្តី​ការ​បរទេស​កូរ៉េខាង​ត្បូង​លោក​ស្រី ​Kang Kyung-wha​ បាន​និយាយ​ថា៖ «យើងកំពុង​ប្រើ​មធ្យោបាយ​ការទូត​គ្រប់​វិធី​ទាំង​អស់ ​ដើម្បី​ធានា​ឲ្យ​បាន​ថា ​ពួក​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ទាំង​នោះ​មាន​សុវត្ថិភាព​ និង​រារាំង​មិន​ឲ្យ​មាន​ការ​ចាប់​បញ្ជូន​ពួកគេ​ទាំង​នោះ​ត្រឡប់​ទៅ​កូរ៉េ​ខាងជើង​វិញ»។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ នៅ​ថ្ងៃសុក្រ​នេះ​ លោកស្រី ​Kang​ មិន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​លម្អិត​អំពី​ករណី​នេះ​ទេ​ ដោយ​លោក​ស្រី​ចាត់​ទុក​ថា​ ករណី​នេះ​គឺ​ជា​រឿង​សំខាន់។

លោកស្រី ​Kang ​បាន​និយាយ​បន្ត​ទៀត​ថា៖​ «សុវត្ថិភាព​របស់​ពួកគេ​ជា​រឿង​សំខាន់​បំផុត។ វា​ក៏​តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សាគ្នា​ច្បាស់​លាស់​ជាមួយ​នឹង​ប្រទេស​ជា​ម្ចាស់​ផ្ទះ​ មិន​ថា​ពួក​គេ​នៅ​កន្លែង​ណា​នោះ​ទេ»។

ជន​ជាតិ​កូរ៉េខាង​ជើង​ទាំង ​៧ ​នាក់​នោះ​អាច​ប្រឈម​នឹង​ការ​ចាប់​បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​កូរ៉េ​ខាង​ជើង​វិញ​ ដែល​នៅ​ទី​នោះ​ពួក​គេ​អាច​ប្រឈម​នឹង​ទារុណកម្ម​ផ្សេងៗ​ ដូច​ជា​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ ​ជាប់​ក្នុង​ពន្ធនាគារ​ ទទួល​ទារុណកម្ម ​ឬ​ត្រូវ​ប្រហារ​ជីវិត។​

ប្រទេស​ចិន​មិន​ទទួល​ស្គាល់​ជនជាតិ​កូរ៉េខាង​ជើង​ជា​ជនភៀស​ខ្លួន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ ប្រទេស​ចិន​បាន​ចាត់​ទុក​ជនជាតិ​កូរ៉េ​ខាង​ជើង​ថា ​ជា​ជន​ចំណាក​ស្រុក​ខុស​ច្បាប់ ​ហើយ​ជា​ទូទៅ​ចាប់​បញ្ជូន​ពួកគេ​ទៅ​កូរ៉េ​ខាង​ជើង​វិញ។

យោង​តាម​ពួក​សកម្មជន​បាន​ឲ្យ​ដឹង​ថា​ ជន​ជាតិកូរ៉េ​ខាង​ជើង​ទាំង ​៧ ​នាក់​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន ​កាល​ពី​ខែមុន​ នៅ​ភាគឦសាន​នៃ​ខេត្ត ​Liaoning ​បន្ទាប់​ពី​ពួក​គេ​ព្យាយាម​ឆ្លង​ទន្លេ ​Yalu​ ដែល​ខាន់​ចែក​ប្រទេស​ចិន​និង​កូរ៉េ​ខាង​ជើង។

ក្នុង​ចំណោម​ជនជាតិ​កូរ៉េ​ខាង​ជើង​ដែល​ជាប់​ឃុំ​ទាំង​នោះ ​មាន​ក្មេង​ស្រី​អាយុ​ ៩ ឆ្នាំ​ម្នាក់។ ម្តាយ​របស់​ក្មេង​ស្រី​នេះ​បាន​រត់​ចេញ​ពី​កូរ៉េ​ខាង​ជើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ អ្នកស្រី​តែង​តែ​មាន​វត្តមាន​នៅ​ក្នុង​បាតុកម្ម​ជា​ច្រើន​ នៅ​ទីក្រុង​សេអ៊ូល​ ទាមទារ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ដើម្បី​ឲ្យ​ដោះ​លែង​កូនស្រី​របស់​អ្នកស្រី៕

XS
SM
MD
LG