ទិន្នន័យជំរឿនថ្មីដែលត្រូវបានចេញផ្សាយនៅក្នុងសប្តាហ៍ទី១នៃខែមករានេះបង្ហាញថា ចំនួនប្រជាជនកូរ៉េខាងត្បូងបានធ្លាក់ចុះជាលើកដំបូងនៅក្នុងឆ្នាំ២០២០។ ការណ៍នេះធ្វើឱ្យមានការបារម្ភកាន់តែខ្លាំងនៅក្នុងប្រទេសដែលមានអត្រាកំណើតទាបបំផុតមួយនៅក្នុងពិភពលោកនេះ។
ប្រទេសកូរ៉េខាងត្បូងមានប្រជាជនសរុបចំនួន ៥១.៨២៩.០២៣ នាក់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ នេះបើយោងតាមតួលេខចេញផ្សាយដោយក្រសួងមហាផ្ទៃ និងសុវត្ថិភាព។ ទិន្នន័យនេះក៏បង្ហាញផងដែរថា ប្រទេសនេះមានចំនួនទារកកើតទាបរហូតដល់ ២៧៥.៨១៥ នាក់បើប្រៀបធៀបទៅនឹងចំនួន ៣០៧.៧៦៤ នាក់ នៅក្នុងឆ្នាំ២០១៩ ដែលនេះជាការធ្លាក់ចុះចំនួន ៣,១%។
ទិន្នន័យនេះក៏បង្ហាញថា ចំនួនប្រជាជនកូរ៉េខាងត្បូងមានអត្រាវ័យចាស់ជរាលឿន ដោយមានប្រជាជនលើសពី៣០%ស្ថិតក្នុងវ័យ៤០ឆ្នាំ និង៥០ឆ្នាំ និងជិត១/៤ស្ថិតក្នុងវ័យ៦០ឆ្នាំ ឬចាស់ជាងនេះ។
ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនិយាយថា អត្រាកំណើតរបស់កូរ៉េខាងត្បូងដែលកំពុងធ្លាក់ចុះនេះបង្ហាញថា «ត្រូវមានការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយរដ្ឋាភិបាលដូចជា គោលនយោបាយសុខុមាលភាព អប់រំ និងការការពារជាតិ»។
អ្នកជំនាញបានចង្អុលបង្ហាញហេតុផលជាច្រើនចំពោះអត្រាកំណើតធ្លាក់ចុះនេះ រួមមានការចំណាយខ្ពស់សម្រាប់ការរស់នៅ និងសង្គមដែលមានការប្រកួតប្រជែងក្នុងប្រទេសកូរ៉េខាងត្បូងដែលធ្វើឱ្យមនុស្សពេញវ័យក្មេងៗចង់បាន និងរក្សាការងារដែលមានប្រាក់ខែខ្ពស់ ប៉ុន្តែវាប៉ះពាល់ដល់ការរៀបអាពាហ៍ពិពាហ៍ និងការបង្កើតកូនរបស់ពួកគេ។
នាពេលថ្មីៗនេះ លោកប្រធានាធិបតី Moon Jae-in បានបង្ហាញពីគំនិតផ្តួចផ្តើមមួយដែលមានគោលបំណងបង្កើនចំនួនប្រជាជនកូរ៉េខាងត្បូង រួមទាំងការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ការផ្តល់កំណើតកូន ការផ្តល់ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ប្រចាំខែសម្រាប់កុមារ និងអត្ថប្រយោជន៍បន្ថែមសម្រាប់គ្រួសារដែលមានកូនច្រើន៕