ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងត្បូង នឹង​ចរចា​ជាមួយ​អ៊ីរ៉ង់​ជុំវិញ​ការចាប់​នាវា​ដឹកប្រេង​របស់ខ្លួន


រូបភាព​ដកស្រង់​ចេញពី​កាម៉េរ៉ា​សុវត្ថិភាព​​របស់​​នាវាឈ្មោះ MT Hankuk Chemi បង្ហាញ​អំពី​ពេល​ដែល​ទូក​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ (ក្នុងគំនូស​រង្វង់​ពណ៌​ក្រហម) ត្រូវបាន​មើលឃើញ​នៅ​ឯ​ក្រុមហ៊ុន​របស់​ម្ចាស់​នាវា​ដឹកប្រេង DM Shipping នៅ​ទីក្រុង​ប៊ូសាន នៅ​​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
រូបភាព​ដកស្រង់​ចេញពី​កាម៉េរ៉ា​សុវត្ថិភាព​​របស់​​នាវាឈ្មោះ MT Hankuk Chemi បង្ហាញ​អំពី​ពេល​ដែល​ទូក​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ (ក្នុងគំនូស​រង្វង់​ពណ៌​ក្រហម) ត្រូវបាន​មើលឃើញ​នៅ​ឯ​ក្រុមហ៊ុន​របស់​ម្ចាស់​នាវា​ដឹកប្រេង DM Shipping នៅ​ទីក្រុង​ប៊ូសាន នៅ​​ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ស្វែងរក​ដំណោះស្រាយ​ការទូត​ជាមួយប្រទេស​អ៊ីរ៉ង់ ជុំវិញ​ករណី​ដែល​នាវា​ដឹកប្រេង​មួយ​គ្រឿង​ដែល​បំពាក់ទង់ជាតិ​របស់​ខ្លួន ត្រូវ​បាន​ឃាត់​ទុក​ដោយ​កម្លាំង​ឆ្មាំ​បដិវត្តន៍​របស់អ៊ីរ៉ង់កាលពី​ថ្ងៃចន្ទ ​នៅ​ក្នុង​ច្រក​សមុទ្រ Hormuz។

ទីភ្នាក់ងារ​សារព័ត៌មានរបស់​កូរ៉េ​ខាងត្បូង ​Yonhap ​បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ មន្ត្រី​ក្រសួ​ងការ​បរទេស​កូរ៉េ​ខាង​ត្បូង​លោក Koh Kyung-sok ​ដែល​ជា​ប្រធាន​ការិយាល័យកិច្ចការ​អាហ្វ្រិក​ និង​មជ្ឈិម​បូព៌ា​ បាន​ជួប​ពិភាក្សាជាមួយ​ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ​លោក​Saeed Badamchi Shabestari ក្នុង​ទីក្រុង​សេអ៊ូល កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ ជុំវិញ​ការចាប់​នាវា​ដឹក​ប្រេង​របស់​កូរ៉េ​ខាង​ត្បូង​នោះ។​

ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​ បានឲ្យ​ដឹង​ថា​ ​មន្រ្តី​ការទូតរបស់​ខ្លួន​មួយ​ក្រុម​ នឹង​ធ្វើ​ដំណើរ​ទៅអ៊ីរ៉ង់​ ដើម្បី​ចរចា​ឲ្យដោះលែង​នាវា​ដឹក​ប្រេង​ឈ្មោះ​ MT Hankuk Chemi ​និង​អ្នកធ្វើការ​លើនាវា​នោះ​ទាំងអស់​ចំនួន​២០​នាក់ ​ដែល​រួមមានជនជាតិ​កូរ៉េ​ខាងត្បូង​៥​នាក់​ មីយ៉ាន់ម៉ា​១១​នាក់ ​ឥណ្ឌូនេស៊ី​២​នាក់​ និង​វៀតណាម​២នាក់។​

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ ក៏​បាន​ដាក់​ពង្រាយ​កម្លាំងប្រឆាំងចោរ​សមុទ្រ ​ចំនួន​៣០០​នាក់​ ជាមួយ​នាវា​ពិឃាដ ​Choi Young​ ​ដែល​មាន​ទម្ងន់៤,៤០០​តោន ​ទៅតំបន់​នោះផង​ដែរ។​

កម្លាំង​យោធា​របស់​អ៊ីរ៉ង់​និយាយ​ថា​ ខ្លួន​បាន​ចាប់​នាវា​ដឹកប្រេង​របស់​កូរ៉េ​ខាងត្បូង​MT Hankuk Chemi ​នៅពេល​ ​ដែល​នាវា​នេះ​ កំពុង​ធ្វើដំណើរ​ពី​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត ​ទៅ​ប្រទេស​អេមីរ៉ាត់​អារ៉ាប់រួម ​ដោយសារទំនងជា​បាន​រំលោភបរិស្ថាន។​ ​

ការចាប់​នាវាដឹកប្រេង​នេះ ​កើត​មាន​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​នៃ​ទីក្រុង​តេហេរ៉ង់​និង​រដ្ឋាភិបាល​នៃ​ទីក្រុង​សេអ៊ូល​ កំពុង​ស្ថិត​ក្នុង​ភាពជាប់គាំង​ ក្នុង​ការចរចា​ដើម្បី​ដោះលែងថវិកា​របស់​អ៊ីរ៉ង់ដែល​មាន​ទឹកបា្រក់​៧​ពាន់ ​លាន​ដុល្លារ ដែល​ត្រូវ​បាន​បង្កក​ដោយ​ធនាគារ​កូរ៉េ​ខាងត្បូង​ ចាប់​តាំងពី​សហរដ្ឋ​អាមេរិក​ បាន​រឹត​បន្តឹង​ការដាក់​ទណ្ឌកម្ម លើអ៊ីរ៉ង់ក្នុង​ពេល​កន្លង​មក។ អ៊ីរ៉ង់​ចង់​ប្រើប្រាស់​ថវិកា​នោះ​ ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​តាម​រយៈការទិញ​ និង​ចែកចាយ​នៃ​កម្មវិធី​វ៉ាក់សាំង​បង្ការជា​សាកល​របស់​អង្គការ​សហប្រជា​ជាតិ COVAX៕

XS
SM
MD
LG