ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​២៤នាក់​ស្លាប់​នៅ​ក្នុងការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំង​មួយ​ទៀត​នៅ​នេប៉ាល់


ប្រជាពលរដ្ឋ​ត្រូវ​បាន​ជម្លៀស​មក​តាម​ដង​ផ្លូវ​ ប៉ុន្មាន​នាទី​បន្ទាប់​ពី​មាន​ការរញ្ជួយ​ផែនដី​នៅ​កណ្តាល​រដ្ឋធានី​កដ្ឋមណ្ឌូ​ ប្រទេស​នេប៉ាល់​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៥។
ប្រជាពលរដ្ឋ​ត្រូវ​បាន​ជម្លៀស​មក​តាម​ដង​ផ្លូវ​ ប៉ុន្មាន​នាទី​បន្ទាប់​ពី​មាន​ការរញ្ជួយ​ផែនដី​នៅ​កណ្តាល​រដ្ឋធានី​កដ្ឋមណ្ឌូ​ ប្រទេស​នេប៉ាល់​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៥។

ការរញ្ជួយ​ផែនដី​ដ៏​ខ្លាំង​មួយ​បាន​កើត​មាន​ឡើង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ ​ដោយ​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៤នាក់​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ដោះ​ស្រាយ​នូវ​ការរញ្ជួយ​ផែនដី​ដ៏​បំផ្លិច​បំផ្លាញ​ដែល​បាន​កើត​មាន​ឡើង​មិន​ដល់​៣សប្តាហ៍​ផង។

មជ្ឈមណ្ឌល​ជាតិ​ប្រតិបត្តិការ​សង្រ្គោះ​បន្ទាន់​នេប៉ាល់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មនុស្ស​យ៉ាងហោច​ណាស់​ក៏​៣៣៥​នាក់​ដែរ​បាន​រង​របួស។

ការស្រាវជ្រាវ​ភូគព្ភសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​រញ្ជួយ​ផែនដី​ដែល​មាន​កម្លាំង​៧,៣ រ៉ិចទ័រ ​មាន​ចំណុច​កណ្តាល​ប្រហែល​៨០​គីឡូម៉ែត្រភាគ​ខាង​កើត​រដ្ឋធានី​កដ្ឋមណ្ឌូ​ (Kathmandu)។

​ក្នុង​រយៈ​ពេល​មួយ​ម៉ោង ​មាន​ការ​រញ្ជួយ​ផែនដី​មួយ​ទៀត​បាន​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​នោះ​ដោយ​មាន​កម្លាំង​ដ៏​ខ្លាំង​បំផុត​គឺ​ ៦,៣រ៉ិចទ័រ។​

​លោកស្រី​ Rose Foley ​នៃ​អង្គការ​ UNICEF ​ដែល​បាន​ស្ថិត​នៅ​ក្នុងទីក្រុង​កដ្ឋមណ្ឌូ​នៅ​ពេល​ដែល​មាន​ការ​រញ្ជួយ​ផែនដី​នោះ​បាន​និយាយ​ថា​ បុគ្គលិក​របស់​ទីភ្នាក់ងារ​ បាន​ជ្រក​នៅ​ក្រោម​តុ​នៅ​ពេល​ដែល​អាគារ​បាន​រង្គើ ហើយ​ក្រោយ​មក​បាន​រត់​គេច​ទៅ​ខាង​ក្រៅ។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា «​អង្គុយ​នៅ​ខាង​ក្រៅ​កណ្តាល​វាល​ វា​មាន​អារម្មណ៍​ថា​ដូចជា​ខ្ញុំ​ស្ថិត​នៅ​លើ​ទូក​កណ្តាល​សមុទ្រ​នៅ​ពេល​ដែល​ការ​រញ្ជួយ​ផែនដី​ម្តងទៀត​បាន​កើត​មាន​ឡើង។​»

លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ​អង្គការ​សហប្រជាជាតិ​មាន​ការ​ព្រួយ​កង្វល់​អំពី​ផល​ប៉ះ​ពាល់​លើ​កូនក្មេង​ដែល​កំពុង​ខ្វះខ្វាត​រួច​ទៅ​ហើយ​ បន្ទាប់​ពីការ​រញ្ជួយ​ផែនដី​ថ្ងៃ​ទី​២៥ ​ខែមេសា។

​ចំណុច​នៃ​ការ​រញ្ជួយ​ផែនដី​នៅ​ថ្ងៃ​អង្គារ​នេះ ​នៅ​ប្រហែល​១០០​គីឡូម៉ែត្រពី​ចំណុច​កណ្តាល​នៃ​ការ​រញ្ជួយ​ផែនដី​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​មេសា ​ដែល​បាន​សម្លាប់​មនុស្សជាង​៨០០០​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្សរាប់​ពាន់​នាក់​ទៀត​គ្មាន​ទី​កន្លែង​រស់​នៅ៕

XS
SM
MD
LG