ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្មាន​ដាន​យន្តហោះ​ MH370 នៅ​៦​ខែ​ក្រោយ​ពី​ការ​បាត់


ស្ត្រី​និង​ក្មេង​ស្រី​ម្នាក់​មើល​យន្តហោះ​​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​​មួយ​គ្រឿង​ដែល​កំពុង​បើក​លើ​ផ្លូវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ។ (រូប​ឯកសារ)
ស្ត្រី​និង​ក្មេង​ស្រី​ម្នាក់​មើល​យន្តហោះ​​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​​មួយ​គ្រឿង​ដែល​កំពុង​បើក​លើ​ផ្លូវ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ។ (រូប​ឯកសារ)

​ថ្ងៃ​ច័ន្ទ​ទី​៨ ​ខែ​កញ្ញា​នេះ ​កត់​សម្គាល់​រយៈពេល​៦​ខែ​ចាប់​តាំង​ពីយន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ MH370 បាន​បាត់​នៅ​ពេល​ដែល​ហោះ​ហើរ​ពី​ទីក្រុង Kuala Lumpur ទៅ​កាន់​ទីក្រុង​ប៉េកាំង។ ភាគ​ច្រើននៃ​អ្នក​ដំណើរ​២៣៩​នាក់នៅ​លើ​យន្តហោះ​នោះ ​ជា​ជន​ជាតិ​ចិន ​ទោះ​ជា​សោកនាដកម្ម​នេះ ​បាន​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​ទាំង​ប្រទេសម៉ាឡេស៊ី​និង​អូស្រ្តាលី​ផង​ក៏​ដោយ។

ការ​រុករក​តាម​អាកាស​និងក្រោម​ទឹកពាក់​ព័ន្ធនឹងប្រទេស​ជាង​២០​ រហូត​មក​ទល់​ពេល​នេះមិន​បាន​រក​ឃើញស្នាម​ណាមួយ​នៃ​ការ​បាត់​យន្តហោះអាកាសចរណ៍​ម៉ាឡេស៊ី​នោះ​ទេ។ ​

​ពួក​អ្នក​រុករក​ ​បាន​ស្វែង​រកទូទាំង​ឈូង​សមុទ្រ​ថៃ​និង​ឆក​សមុទ្រ Bengal មុន​ពេលការ​វិភាគ​ទិន្ន័យ​តាម​ផ្កាយ​រណប​ចង្អុល​បង្ហាញថា ​យន្តហោះ​ប្រភេទ​ Boeing 777 បាន​ធ្លាក់នៅ​ផ្នែក​ខាង​លិច​នៃ​ទីក្រុងPerth​ ប្រទេស​អូស្រ្តាលី​ក្នុង​មហាសមុទ្រ​ឥណ្ឌា។

​បន្ទាប់​ពី​បរាជ័យ​ជា​ច្រើន​ដង ​ក្រុម​អ្នក​រុករកបាន​បោះបង់​ចោលតំបន់​រុករក​ដំបូងៗ​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​កាល​ពី​ខែ​ឧសភា។ ​តំបន់​ទិសដៅ​ថ្មី ​បាន​ត្រូវ​កំណត់មួយ​ផ្នែក​ដោយ​ផ្អែក​លើ​ការ​ហៅ​ទូរស័ព្ទ​តាម​ផ្កាយ​រណប​ដែល​មិនបាន​ទទួលជោគជ័យដែល​ធ្វើ​ឡើង​ដោយ​បុគ្គលិក​នៅ​លើដី​ទៅ​កាន់​ជើង​ហោះហើរ​លេខ​ MH370។

​បេសកម្ម​ដែល​ដឹកនាំ​ដោយ​ប្រទេស​ហូឡង់​នឹង​ចាប់​ផ្តើមការ​រុករក​ថ្មី​ទៅ​កាន់​តំបន់​ខាង​លិច​នៃ​ប្រទេស​អូស្រ្តាលី​នៅ​ចុង​ខែ​នេះ។ ​ពួក​អាជ្ញាធរ​ក្នុង​ទីក្រុង​កង់បេរ៉ា ​បាន​និយាយ​ថា ​ពួក​គេ​ប្រឈម​បញ្ហា​ដែល​មិន​ធ្លាប់​ឃើញ​កាល​ពី​មុន​ ដូចជា​ការ​ប៉ុនប៉ង​ដើម្បី​ស្វែងរក​យន្តហោះនៅ​ក្នុង​ទឹក​ជ្រៅ​ដែល​ពិបាក​ទៅ​ដល់ដែល​មាន​ជម្រៅ​ដល់​៥​គីឡូម៉ែត្រ។

ថ្វី​បើ​មាន​ឧបសគ្គ​យ៉ាង​ធំ​នៅ​ខាង​មុខក៏ដោយ​ លោក Warren Truss ​ឧបនាយករដ្ឋមន្រ្តី​អូស្រ្តាលី​សង្ឃឹម​ថា ​យន្តហោះ​ជើង​ហោះហើរ​លេខ MH370 ​នឹង​ត្រូវ​រក​ឃើញក្នុង​អំឡុង​ពេល​នៃ​ការ​រុករកថ្មី​ដែល​ត្រូវ​ធ្វើ​ឡើង​ក្រុមហ៊ុន Fugro ជា​ក្រុមហ៊ុន​ឯក​ជន​ពហុជាតិ​ ​បាន​ធ្វើ​កិច្ច​សន្យា​បំពេញបេសកម្ម​នេះ។

«ខ្ញុំ​នៅ​មាន​សុទិដ្ឋិនិយម​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្នថា ​យើង​នឹង​រក​ឃើញ​យន្តហោះ​ដែល​បាត់នោះ​នៅ​ក្នុង​តំបន់​ស្រាវជ្រាវ​អាទិភាព។ ​ការ​រុករក​នេះ​នឹង​ក្លាយ​ជា​ការ​ប្រឈមមុខ​ដ៏​ពិត​ប្រាកដ​មួយ។ ​ក្រុម​ហ៊ុន Fugro នឹង​ប្រើ​ប្រាស់នាវា​២​គ្រឿង​បំពាក់​ទៅ​ដោយ​ឧបករណ៍​យានយន្ត​ដែល​បើក​ក្នុង​ទឹក​ជ្រៅបាន ​ហើយ​នឹង​ដឹក​បុគ្គលិក​ជំនាញដើម្បី​ធ្វើកិច្ច​ប្រតិបត្តិការ​រុករក។ ​យានយន្ត​នោះ​នឹង​រុករក​បាត​សមុទ្រ​ដោយ​ប្រើប្រាស់​ប្រដាប់​ស្តាប់​សំឡេង​ ប្រដាប់​ស្រូប​សំឡេង​និង​ម៉ាស៊ីន​ថត​វីដេអូដើម្បី​ស្វែងរក​និង​កំណត់​កម្ទេច​បាក់បែក»។

​បេសកម្ម​រុករក​ថ្មី ​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​រយៈ​ពេល​មួយ​ឆ្នាំ ​ដោយអាស្រ័យ​លើ​អ្វី​ដែល​គេ​រក​ឃើញ។

កាល​ពី​ខែ​មុន ​អូស្រ្តាលី ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ចិន​និង​ម៉ាឡេស៊ីដើម្បី​ពង្រឹងកិច្ច​សហការ​និង​លៃ​ទុក​ការ​ទទួល​ខុសត្រូវ​ខាង​ហិរញ្ញវត្ថុហើយ​នឹង​ការ​បែង​ចែក​ធនធានសម្រាប់​ការ​រុករក​នេះ។

​ការ​បាត់ជើង​ហោះ​ហើរ MH370 ​ជា​អាថ៌កំបាំង​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​អាកាសចរណ៍​សម័យ​ទំនើប​នេះ។

​ការ​បាត់​ជើង​ហោះ​ហើរនេះ រួម​ផ្សំ​ជាមួយ​ការ​បាត់​បង់​ជើងហោះ​ហើរក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ MH17 ដែល​ត្រូវ​បាន​បាញ់​ទម្លាក់នៅប្រទេស​អ៊ុយក្រែន​ហែក​ហួរ​ដោយ​សង្គ្រាមកាល​ពី​ខែ​កក្កដា​ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិស័ព្ទ​នៅ​ឆាក​អន្តរជាតិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ ហើយ​នឹង​ប្រាក់​ចំណេញរបស់​ក្រុមហ៊ុន​នេះ។

​កាល​ពី​ខែ​មុន ​ពួក​អាជ្ញាធរ​បាន​ប្រកាស​ថា បុគ្គលិក​យ៉ាង​ច្រើន​រហូត​ដល់​៦.០០០​នាក់ ​បាន​ត្រូវកាត់​បន្ថយ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ដែល​ជាផ្នែកមួយ​នៃ​ផែនការ​រៀបចំ​ឡើង​វិញ​ដែល​មាន​តម្លៃ​ជា​ប្រាក់​១.៩០០​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ចំណេញ​ឡើង​វិញ៕​

ទំព័រ​ពិសេស​អំពី​រឿង​យន្តបាត់ដាន​សូម​ចូលទៅ www.khmer.voanews.com/malaysia

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG