ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលខាតបង់ថវិកាយ៉ាងច្រើននោះ នឹងកាត់ការងារបុគ្គលិកច្រើនពាន់កន្លែងហើយនឹងប្ដូរនាយកប្រតិបត្តិ ក្នុងផែនការធ្វើឲ្យក្រុមហ៊ុននេះអាចទទួលបានប្រាក់ចំណេញក្នុងពេល៣ឆ្នាំ។
មូលនិធិរដ្ឋឈ្មោះ Khazanah Nasional ដែលបានមកគ្រប់គ្រងក្រុមហ៊ុននេះ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនមានផែនការដាក់ថវិកា១,៩ពាន់លានដុល្លារក្នុងក្រុមហ៊ុននេះ ហើយដកចេញពីផ្សារភាគហ៊ុន Kuala Lumpur នៅចុងឆ្នាំនេះ។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុននេះមានផែនការកាត់បន្ថយការងារ៦ពាន់ ឬ៣០%នៃបុគ្គលិករបស់ខ្លួន ដើម្បីជួយកាត់បន្ថយការខាតបង់ថវិកា។ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បានខាតបង់ចាប់ពីជើងយន្តហោះរបស់ខ្លួន Flight MH370 បាត់ដានដោយអាថ៌កំបាំងនៅមហាសមុទ្រឥណ្ឌា ហើយជើងយន្តហោះ Flight MH17 ត្រូវបាញ់ធ្នាក់នៅខាងកើតប្រទេសអ៊ុយក្រែន៕