ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​ស៊ីវិល​ទទូច​ឱ្យ​បង្កើត​យន្ត​ការ​ស្រាវជ្រាវ​ការបោះឆ្នោត​ធំ​ទូលាយ

  • ម៉ែន​ គឹមសេង

ពលរដ្ឋ​កម្ពុជា​ ឈរ​ចាំ​ដល់​វេន​​របស់​ខ្លួន ដើម្បី​បោះឆ្នោត។
ក្រុម​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៣​ និង​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​បាន​ទទូច​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បង្កើត​នូវ​យន្តការ​កែទម្រង់​ការបោះឆ្នោត​មួយ​ដែល​មានការ​ចូលរួម​ពី​ច្រើន​ភាគី មាន​តម្លាភាព​និង​មាន​ការ​ទទួល​ខុសត្រូវដើម្បី​ដោះស្រាយ​ប្រព័ន្ធ​បោះឆ្នោត​ដែល​កំពុង​មាន​បញ្ហា​នាពេល​បច្ចុប្បន្ន​នេះ។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការ​ណ៍​រួម​ដែល​គាំទ្រ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៤​ ហើយ​ត្រូវ​បាន​ចែក​ចាយ​ទៅបណ្តាញ​ផ្សព្វផ្សាយនានា​កាលពីថ្ងៃ​សុក្រ។​

ពួកគេ​បាន​បញ្ជាក់​ថា​យន្តការ​នោះ ​គួរតែ​មាន​ការ​ចូលរួម​ពី​តំណាងគណបក្ស​នយោបាយទាំងពីរ ​អង្គការ​សង្គម​ស៊ីវិលនិង​អ្នក​ជំនាញ​ឯករាជ្យ។ ការអំពាវនាវ​នេះ​កើត​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​សិក្សា​ស្រាវជ្រាវលើ​វិធី កែលម្អ​ប្រព័ន្ធ​បោះឆ្នោត​ដែល​មាន​សមាសភាព​មក​តែពី​គណបក្ស​ប្រជាជន​កម្ពុជា។​

គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត បាន​ទទួល​រង​ការរិះគន់​ជាខ្លាំង​នៅ​មុន​និង​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ដោយ​ត្រូវ​ចោទ​ថាលម្អៀង​ទៅ​គណបក្ស​កាន់​អំណាចនិង​ធ្វើ​ឱ្យ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ជាច្រើន។

គណបក្ស​សង្គ្រោះជាតិ​បាន​បដិសេធ​លទ្ធផល​ឆ្នោត​ហើយ​ទាម​ទារ​ឱ្យ​មានការ​បោះឆ្នោត​ឡើងវិញ​និង​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត។ ការចរចា​កន្លង​មក​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ប្រឆាំង​បាន​ឈាន​ទៅ​ព្រម​ព្រៀង​ទៅរក​វិធី​កែ​ទម្រង់ប៉ុន្តែ​នៅ​ខក​ខាន​មិន​ចេញ​ជារូបរាង​អ្វី ឡើយ​ដោយ​សារ​តែ​ការជាប់​គាំង​នយោបាយ​នៅ​បន្ត​។ ​

ក្រុម​អង្គការ​សង្គម​ស៊ីវិលនេះ​ក៏ បាន​ស្នើ​ផងដែរ​ថា​«អនុសាសន៍​និង​របាយការណ៍​ចុងក្រោយ​ដែល​យន្តការ​នេះ​រក​ឃើញ​ត្រូវ​តែ​មាន​ទម្ងន់​ផ្នែក​ច្បាប់​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋ​អនុម័ត​យក​និង​អនុវត្ត​តាម»។

សេចក្តីថ្លែង​ការណ៍​នោះ​បន្ថែមថា៖

«យើង​សង្ឃឹមយ៉ាង​មុតមាំ​ថា​គណបក្ស​នយោបាយ​ទាំងពីរ​ទទួល​យក​និយាម​ដែល​មាន​កម្រិត​ទាប​បំផុត​ដែល​បាន​ស្នើ​ឡើ​ងនេះ»។

​គណបក្ស​ធំៗ​ទាំង​ពីរ​ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​វិញ​យ៉ាង​ណា​នៅ​ឡើយ​ទេ​រហូត​ដល់​ពេល​នេះ៕
XS
SM
MD
LG