ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​ផ្សព្វផ្សាយ​សៀវភៅ​«ស» មុន​ប្រកាស​លទ្ធផល​ឆ្នោត


លោក​ទេព នីថា​ (កណ្តាល)​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។​
លោក​ទេព នីថា​ (កណ្តាល)​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។​
វ៉ាស៊ីនតោន៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ចេញ​ផ្សាយ​សៀវភៅ​«ស»​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ទាក់​ទឹន​នឹង​ការ​បោះឆ្នោត​ជាតិ​ ថ្ងៃ​ទី​២៨​ ខែ​កក្កដា ​ដោយ​ការពារ​ខ្លួន​ទល់​នឹង​ការរិះគន់​នានា​និង​បិទ​ចោល​លទ្ធភាព​នៃ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ណាមួយ​លើ​ភាព​មិន​ប្រក្រតី​តាម​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង។

លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថា៖​

«ការបោះឆ្នោត​នេះវា​មាន​លក្ខណៈ​ពិសេស​ច្រើន​ព្រោះ​ថា​ក្រោយ​ការ​បោះឆ្នោត​មាន​ប្រជាពលរដ្ឋ​ច្រើន​ដែល​គាត់​ចាប់​អារម្មណ៍​នឹង​ការបោះឆ្នោត​ទាំង​សាធារណ​មតិ​ជាតិ​និង​អន្តរជាតិ​ហើយ​គាត់​លើក​ជា​សំណួរ​និង​មាន​ជា​ចម្លើយ​ហើយ​ការ​ឆ្លើយ​នេះ​សំណួរ​និង​ចម្លើយ​មាន​ស្ថាប័ន​ផ្សេងៗ គណបក្ស​ផ្សេងៗ​បកស្រាយ​ផ្សេងៗ​ទៅ​ហើយ​គ.ជ.​ប​បាន​បកស្រាយ​សំណួរ​និង​ចម្លើយ​តាំង​ពី​មុន​ពេល​បោះឆ្នោតរហូត​ពេល​បោះឆ្នោត​និង​ក្រោយ​ពេល​បោះឆ្នោត​ អញ្ចឹង​ទេ​ដើម្បី ឱ្យ​សាធារណៈមតិ​បាន​យល់​ពី ការ​បោះឆ្នោត​ជា​ពិសេស​ការបោះឆ្នោត​នៅ ឆ្នាំ​២០១៣​នេះទើប​គ.ជ.ប​បាន​ចងក្រង​ឯកសារ​នេះ»។

សៀវភៅ​នេះ​បាន​បង្ហាញ​ជំហរ​ជំទាស់​នឹង​ការអំពាវចង់​បាន​របស់​គណបក្ស​សង្គ្រោះជាតិ​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​ដែល​ចង់​ឱ្យ​មានការស៊ើបអង្កេត​ការលួច​បន្លំ​សន្លឹក​ឆ្នោតដោយ​គណៈកម្មការ​ឯករាជ្យ​មួយដែល​មានការ​ចូលរួមនាំ​មុខដោយ​អង្គការ​សហ​ប្រជា​ជាតិនិង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ​គ.ជ.ប បានហៅថានោះ​គឺ​ជា​«យន្តការ​ថ្មី​មួយ​ដែល​ជំរុញ​ឱ្យព្រះរាជាណាចក្រ​កម្ពុជា​ដើរ​ចេញ​ពី​គន្លង​នៃ​នីតិរដ្ឋ។ ជាពិសេស​យន្តការនេះ​នឹង​ធ្វើ​ឱ្យ​គ.ជ.ប​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អនុវត្ត​ប្រាសចាក​ពី​ក្របខណ្ឌ​ច្បាប់​នៃ​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​និង​រដ្ឋ​ធម្មនុញ្ញ»។​

សៀវភៅ​ដែល​មាន​កម្រាស់​៥១​ទំព័រ​ហើយត្រូវ​បាន​ផ្សាយ​ជា​ភាសា​ខ្មែរ​និ​ង​អង់គ្លេស​បាន​រៀបរាប់​លម្អិត​ចាប់​តាំង​ពី​ដំណាក់​កាលចុះ​ឈ្មោះអ្នក​បោះឆ្នោត ការចុះ​បញ្ជី​គណបក្ស​នយោបាយ និង​ការឃោសនា​រហូតដល់​ស្ថានការណ៍​នៅ​ថ្ងៃ​បោះឆ្នោត​និង​ការដោះស្រាយ​បណ្តឹងនានា​ ដែលប្តឹង​ដោយ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត។

សម្រាប់​ការចុះ​ឈ្មោះ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង​បាន​ចោទ​ថា​ បាន​ធ្វើ​ឱ្យ​បាត់​ឈ្មោះអ្នក​បោះឆ្នោត​ជាង​មួយ​លាន​នាក់​នោះ​ត្រូវ​បាន​គ.ជ.​ប​បញ្ជាក់​ក្នុង​សៀវភៅ​«ស»​នេះ​ថា​«គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចូលរួម​សង្កេត​ការណ៍​ ប៉ុន្តែ​គឺ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹមសុខា និង​គណបក្ស​សម រង្ស៊ី​បាន​សម្រេច​មិន​ចូលរួម​ក្នុង​ដំណើរការ​សង្កេត​ការណ៍​នេះ។ ហើយ​ក៏ បាន​បញ្ជាក់​បន្ថែម​ថា​ ​ការ​ដោះស្រាយ​បណ្តឹង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​ គ.ជ.ប​បាន​ដាក់​ទោស​មនុស្ស​ចំនួន​២៥​នាក់​ដែល​ជា​លទ្ធផល​នៃ​ការ​ដោះស្រាយ​បណ្តឹង​។

យ៉ាង​ណា​ក៏ដោយ​ ឯកសារ​នេះ​បាន​បង្ហាញ​ថា​ភាគរយ​នៃ​អ្នក​ទៅបោះឆ្នោត​មាន​ចំនួន​ថយ​ចុះ ជា​លំដាប់​ពី​ការ​បោះឆ្នោត​ជាតិមួយ​ទៅ​ការបោះឆ្នោត​ជាតិ​មួយ។

កាលពីឆ្នាំ១៩៩៣ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៨៩,៥៦ភាគរយ​ក្នុង​ខណៈ​ដែល​២០​ឆ្នាំក្រោយ​គឺ​នៅ ឆ្នាំ​២០១៣​ ភាគ​រយ​នេះបាន​ធ្លាក់​មក​នៅ តែ​៦៩,៦១ភាគរយ​តែ​ប៉ុណ្ណោះ។ លោក​ទេព​ នីថា​បាន​បញ្ជាក់​ពី​មូល​ហេតុ​នេះ​ថា​មាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​គាត់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ក៏ប៉ុន្តែទៅ​ធ្វើ​ការ​នៅ ក្រៅ ប្រទេស​។ អ្នក​ខ្លះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅ ឯ​ឃុំ​សង្កាត់​ស្រុក​កំណើតប៉ុន្តែ​គាត់​មក​ធ្វើ​ការ​នៅ ទីក្រុង​ភ្នំពេញ​ ឬ​ទីប្រជុំ​ជន​ឆ្ងាយ​ពីផ្ទះ​ហើយ​មិន​ទៅ​បោះឆ្នោត​វិញ​។ អ្នកបោះឆ្នោត​ខ្លះ​ចាស់​មិន​អាច​ទៅ​បានជាដើម។ យ៉ាង​ណា​ក៏​ដោយលោក​ទទួលស្គាល់​ថា​បញ្ជី​បោះឆ្នោត​មាន​លក្ខណៈ​ប៉ោង​មួយ​ចំនួន៖

«ហើយ​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​គឺ​បញ្ជី​បោះឆ្នោត​យើង​ទោះ​យ៉ាង​ណា​ក៏​នៅ​តែ​មាន​ប៉ោង​ឈ្មោះ​ដែល​ចំណុច​នេះ​ហើយ​ដែល​នាំ​ឱ្យ​អត្រា​នៃ​ការ​បោះឆ្នោត​មានការ​ថយ​ចុះ»។​
អ្នក​សង្កេតការណ៍​ការបោះឆ្នោត​មួយ​ចំនួន​យល់​ថា​នេះ​គឺ​ជា​ការ​ពង្រឹង​នូវ​ការ​អះអាង​កន្លងមក​របស់​គ.ជ.ប​ថា​ខ្លួន​បាន​ធ្វើ​ការ​ដោយ​ត្រឹមត្រូវ​តាម​ច្បាប់​អនុញ្ញត​ដោយ​មិន​ផ្តល់​សារៈ​សំខាន់​ចំពោះ​ការ​ស្នើ​សុំ​របស់​គណបក្ស​ប្រឆាំង​និង​មហាបាតុកម្ម​ដែល​នឹង​រួតរឹត​ប្រទេស​នេះ​នៅ​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ។

គណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​គ្រោង​នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី​៨​ខែ​កញ្ញា​នេះ៕
XS
SM
MD
LG