កុមារី អ៊ឹង ពេជ្រជតា តែងតែមានក្តីស្រមៃដ៏ធំមួយ។ ក្នុងវ័យ១២ឆ្នាំ នាងធ្លាប់ចង់ក្លាយជាស្ថាបត្យករឬជាអ្នកបង្កើតអ្វីមួយដែលថ្មី ប៉ុន្តែការប្រកួតបច្ចេកវិទ្យាមួយបានកែប្រែគោលដៅនាពេលអនាគតរបស់នាង ធ្វើឲ្យនាងចង់ក្លាយជាអ្នកដោះស្រាយបញ្ហានៅក្នុងសង្គមតាមរយៈបច្ចេកវិទ្យាវិញ។
អ្នកស្រី ប៉ុក ពូន ដែលជាម្តាយរបស់កុមារី ពេជ្រជតា គឺជាមន្ត្រីទំនាក់ទំនងម្នាក់នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេស កម្ពុជា។
នៅពេលដែលអ្នកស្រីចង់ឲ្យនាង ពេជ្រជតា ចូលរួមក្នុងកម្មវិធី Technovation អ្នកស្រីគិតថា គឺគ្រាន់តែដើម្បីឲ្យកូនស្រីរបស់អ្នកស្រីចំណាយពេលវេលានៅចុងសប្តាហ៍ធ្វើអ្វីមួយប៉ុណ្ណោះ។
ប៉ុន្តែការចូលរួមក្នុងកម្មវិធីនេះបានផ្តល់លទ្ធផលហួសពីការរំពឹងទុក។
ក្រោយពីចំណាយពេលវេលាចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះអស់រយៈពេល៤ខែ នាង ពេជ្រជតា និងសមាជិកក្រុមរបស់នាងបួននាក់ផ្សេងទៀត បានបង្កើតកម្មវិធីទូរស័ព្ទមួយដែលមានឈ្មោះថា Legendary Helpers។ កម្មវិធី Legendary Helpers នេះមានគោលបំណងលុបបំបាត់គម្លាតខាងទំនាក់ទំនងរវាងឪពុកម្តាយនិងកូនៗ។ តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទនេះ កុមារតូចៗអាចកត់ត្រានូវសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជាម្ហូបចំណីដែលពួកគេបរិភោគ និងសកម្មភាពដែលពួកគេធ្វើនៅសាលារៀនជាដើម ដើម្បីឲ្យឪពុកម្តាយរបស់ពួកគេអាចដឹងបាន។
កុមារី ពេជ្រជតា បានថ្លែងថា៖ «យើងបានបង្កើតកម្មវិធីទូរស័ព្ទនេះ ដោយសារតែយើងគិតថា ឪពុកម្តាយនិងកូនៗមានការលំបាកក្នុងការទំនាក់ទំនងគ្នាអំពីសកម្មភាពប្រចាំថ្ងៃ ដែលអាចបង្កឲ្យមានបញ្ហានានា»។
កាលពីដើមខែ សីហា កុមារី ពេជ្រជតា និងសមាជិកក្រុមរបស់នាងម្នាក់បានធ្វើដំណើរទៅកាន់តំបន់បច្ចេកវិទ្យា Silicon Valley បន្ទាប់ពីត្រូវបានជ្រើសរើសឲ្យចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីទូរស័ព្ទរបស់ក្រុមនាង នៅឯការប្រកួតលំដាប់ពិភពលោក Technovation World Pitch ក្នុងទីក្រុង San Jose រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
កម្មវិធី Technovation Cambodia ត្រូវបានឧបត្ថម្ភឡើងដោយទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងឆ្នាំ២០១៤។ ជារៀងរាល់ឆ្នាំ កម្មវិធី Technovation Cambodia ជ្រើសរើសកុមារីដែលមានអាយុចន្លោះពី១០ទៅ១៨ឆ្នាំ ឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលរបស់ខ្លួនដោយឥតគិតថ្លៃ។ អ្នកចូលរួមដែលត្រូវបានជ្រើសរើសឲ្យចូលរៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវជួបគ្នាជារៀងរាល់ថ្ងៃសៅរ៍ ដើម្បីសិក្សាពីជំនាញដែលចាំបាច់សម្រាប់បង្កើតបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេល១២សប្តាហ៍នេះ បញ្ចប់ទៅដោយមានការប្រកួតបង្កើតកម្មវិធីទូរស័ព្ទថ្នាក់ជាតិនៅក្នុងរាជធានី ភ្នំពេញ។
កុមារី មេធ សុភារីរតនៈ ដែលជាសមាជិកក្រុមម្នាក់របស់កុមារី ពេជ្រជតា ក៏បានធ្វើដំណើរទៅកាន់តំបន់បច្ចេកវិទ្យា Silicon Valley ផងដែរ ដើម្បីបង្ហាញកម្មវិធីទូរស័ព្ទ Legendary Helpers ដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិ និងកុមារីដទៃទៀតដែលធ្វើដំណើរមកពីជុំវិញពិភពលោក។
កុមារី ពេជ្រជតា បាននិយាយថា៖ «នៅពេលដែលខ្ញុំនៅទីនោះ[សហរដ្ឋអាមេរិក] ខ្ញុំចង់រៀនសូត្របន្ថែមទៀត ហើយខ្ញុំពិតជាមានអារម្មណ៍រំភើបនិងភ្ញាក់ផ្អើលខ្លាំងណាស់ ដែលខ្ញុំត្រូវធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»។
អ្នកស្រី ប៉ុក ពូន ត្រេកអរយ៉ាងខ្លាំង ដែលឃើញពីភាពជោគជ័យរបស់កូនស្រីខ្លួនក្នុងវ័យក្មេងដូច្នេះ។
អ្នកស្រីបានថ្លែងថា៖ «យើងជាម្តាយឃើញកូនបានចឹង យើងដូចត្រូវឆ្នោតចឹង។ យើងសប្បាយចិត្តណាស់។ អាហ្នឹងជាកាដូសំខាន់មួយសម្រាប់យើង»។
ក៏ប៉ុន្តែ ទម្រាំបានជោគជ័យដូចសព្វថ្ងៃនេះ វាមិនមែនជាដំណើរដ៏ងាយស្រួលមួយសម្រាប់ កុមារី ពេជ្រជតា ដែលបានចាប់ផ្តើមរៀនសរសេរកូដតាំងពីក្មេងវ័យនោះទេ។
កុមារី ពេជ្រជតា បានរៀបរាប់ថា៖ «វាពិបាកខ្លាំងណាស់។ នៅពេលដែលយើងរៀនចេះច្រើន យើងត្រូវរៀនកាន់តែច្រើនបន្ថែមទៀត។ វាមិនងាយស្រួលនោះទេ។ យើងត្រូវរៀនច្រើនអំពីការសរសេរកូដ។ ហើយបើយើងមិនយល់ចំណុចណាមួយ យើងក៏មិនអាចយល់ចំណុចផ្សេងទៀតបានដែរ»។
កញ្ញា ប៉ែន វនាត ដែលជាគ្រូបង្វឹកផ្នែកបច្ចេកទេស ដល់ក្រុមកុមារីនេះ បានថ្លែងថា កញ្ញាមានមោទនភាពណាស់ចំពោះកុមារីទាំងនេះ។
កញ្ញា វនាត បានថ្លែងថា៖ «នៅពេលដែលទៅប្រកួតនៅលើឆាកអន្តរជាតិហ្នឹង គាត់នាំកិត្តិយស។ ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលមែនទែន ពេលដែលឃើញគាត់កាន់ទង់ជាតិខ្មែរហើយដើរឡើងលើឆាក នៅសហរដ្ឋអាមេរិកដែលមានគ្រប់ប្រទេស»។
មិនដូចជាក្មេងស្រីដទៃទៀតជាច្រើនដែលមានអាយុស្របាលគ្នានោះ កុមារី ពេជ្រជតា បានដឹងរួចទៅហើយថា នាងចង់ក្លាយជាអ្វីនាពេលអនាគត គឺនាងចង់ក្លាយជាអ្នកសរសេរកូដម្នាក់។ ហើយនាងក៏ចង់លើកទឹកចិត្តដល់អ្នកផ្សេងទៀតឲ្យមានការតាំងចិត្តរឹងមាំដូចនាងផងដែរ។
កុមារី ពេជ្រជតា បាននិយាយថា៖ «ប្រសិនបើអ្នកពិតជាចូលចិត្តសរសេរកូដ ហើយចង់រៀនសរសេរកូដនោះ សូមកុំឲ្យអ្នកផ្សេងទៀតរារាំងអ្នកមិនឲ្យសរសេរកូដឲ្យសោះ។ ត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើវា ប្រសិនបើអ្នកស្រឡាញ់ចូលចិត្តអ្វីមួយ ហើយអ្នកពិតជាចង់ធ្វើវានោះ»៕