ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​រូប​​ត្រូវ​បាន​ដក​តំណែង​និង​ប្រឈម​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

មន្ត្រី​ពីរ​រូប​ដែល​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដក​​តំណែង​ដោយសារ​ការ​បង្ក្រាប​ហិង្សា​លើ​ពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ។​ នេះ​បើ​យោង​តាម​អនុក្រឹត្យមួយ​ ចេញ​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​នេះ​ ដែល​ចុះ​​ហត្ថ​លេខា​ដោយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន។

ក្រោយ​ត្រូវ​បាន​ដក​មុខ​ដំណែង​ហើយ លោក ស្រ៊ុន ស្រ៊ន់​ និង​លោក​ ផៃ ប៊ុនវណ្ណៈ​ អតីត​អភិបាល​រង​ទាំង​ពីរ​រូប​នៃ​ខេត្ត​ព្រះ​សីហនុ ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ក្រសួង​មហា​ផ្ទៃ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា។

​លោក​ ស្រ៊ុន ស្រ៊ន់​ និង​លោក​ ​ផៃ ប៊ុនវណ្ណៈ​ ​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះ​សីហនុ​ ត្រូវ​បាន​ដក​មុខ​តំណែងកាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដោយ​អនុក្រឹត្យ​មួយ​ដែល​ចុះ​ហត្ថលេខា​ដោយ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

​ក្នុង​សារ​មួយ​ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​ភ្ជាប់​នឹង​អនុក្រឹត្យ​នេះ​ លោក​ ​ហ៊ុន សែន​ ​បាន​សរសេរ​ថា៖

«ថ្ងៃនេះ​ខ្ញុំ​បង្ខំចិត្ត​អនុវត្តន៍​អភិក្រម​ទី៥​គឺ​ការវះកាត់​ដោយ​ដក​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​រូប​ចេញ​ពី​តំណែង។ ខ្ញុំ​ត្រូវ​តែ​យក​គ្រាប់​គ្រួស​និង​ខ្សាច់​ចេញ​ពី​ស្បែក​ជើង​ទើប​អាច​ដើរ​ទៅ​មុខ​ទៀត​បាន។​ ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ជាមួយ​មន្ត្រី​ខិលខូច​ទៀត​ទេ​ព្រោះ​ខ្ញុំ​បាន​អប់រំ​ពួកគេ​ច្រើន​ហើយ»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន ​បាន​បញ្ជាក់​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​ដក​តំណែង​មន្ត្រី​ទាំង​ពីរ​រូប​នេះ​ពិត​ជា​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដែល​មាន​លាយ​នឹង​អំពើ​ហិង្សា​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុង​ខែ​មករា ​ឆ្នាំ​២០១៩​កន្លង​ទៅ។

លោក​បាន​និយាយ​ថា៖​

«បាទ!​ ពាក់ព័ន្ធ​នឹង​រឿង​ដី​ហ្នឹង ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កម្លាំង​ហិង្សា​ទៅលើ​ប្រជា​ពលរដ្ឋ ​អា​ហ្នឹង​ចំណុច​ទី១។ ​ចំណុច​ទីពីរ​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី។ ដី​ធ្លី​របស់​សាធារណៈ​ ដី​ធ្លី​របស់​រដ្ឋ ​ពាក់ព័ន្ធ​នឹង​សាច់​រឿង​ហ្នឹង​បាទ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ដដែល​ ​បាន​បន្ត​ថា​ទោះ​យ៉ាង​ណា​ មន្ត្រី​ទាំង​ពីរ​រូប​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ការស៊ើប​អង្កេត​អំពី​អំពើ​ពុក​រលួយ​ថែម​ទៀត​ផង។

លោក​ ​ផៃ ស៊ីផាន​ បាន​ថ្លែង​ថា៖​

​«មិន​មែន​គ្រាន់​តែ​បាត់​បង់​តែ​មុខ​តំណែង​និង​តួនាទី​របស់​ផង​ខ្លួន​ទេ ​គឺ​ត្រូវ​ប្រឈម​នៅ​មុខ​ច្បាប់​នូវ​រាល់​អ្វី​ដែល​មន្ត្រីទាំង​អស់​នោះអាច​បានប្រព្រឹត្តិ​ដូចជា​ការ​រំលោភ​នូវ​ដែន​អំណាច​ ដូចជា​ការរំលោភ​នៅ​ក្នុង​ការ​ទុកចិត្ត​របស់​សមត្ថកិច្ច​របស់​ផង​ខ្លួន​ហ្នឹង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ផង​ដែរ​បាទ»។

​ជម្លោះ​ដី​ធ្លី​ដែល​មាន​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​កាលពី​ចុង​ខែ​មករា ដោយសារការ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​លើ​ដី​ជាង​៧០​ហិកតា ដែល​មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​កំពុង​រស់​នៅ។ តុលាការ​បាន​សម្រេច​ចុង​ក្រោយ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ បាន​ឈ្នះ​ក្ដី តែ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ ក៏​បាន​កាន់​កាប់​ដី​នោះ​ផង​ដែរ។

អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក​ ផៃ ប៊ុនវណ្ណៈ ​ រួម​ជាមួយ​លោក ស៊្រុន ស្រ៊ន់ ដែល​ត្រូវ​បាន​ដក​តំណែង​ទាំង​ពីរ​រូបនេះ គឺជា​មន្ត្រី​ដែល​បានចុះទៅ​ផ្ទាល់នៅ​កន្លែង​កើតហេតុ​ដែល​មាន​បុរស​បាន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង។

លោក​ផៃ ប៊ុនវណ្ណៈ​ ​មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ពីរ​រូប​ដែល​ត្រូវ​បាន​បញ្ចប់​តំណែង​មិន​បាន​បញ្ចេញ​អាការៈ​មិន​ពេញ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ឡើយ។

លោក​បាន​និយាយ​ប្រាប់​ VOA​ តាម​ទូរស័ព្ទ​ថា៖

«ធម្មតា​មន្ត្រី​រាជការ​ក្រោម​ឱវាទ ជា​មន្ត្រី​មុខងារ​សាធារណៈ​មាន​ការ​ផ្លាស់ប្ដូរ​ជា​រឿង​ធម្មតា។​ បើ​យើង​អនុវត្ត​ទៅ​ខុស​ឆ្គង​ ថ្នាក់​ដឹកនាំ​ថា​យើង​ខុស​ឆ្គង​គាត់​ដោះដូរ ​អា​ហ្នឹង​ជា​រឿង​ធម្ម​តា​របស់​មន្ត្រី​រាជការ​ទេ​បាទ»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក ​ស្រ៊ុន ស្រ៊ន់​ និង​លោក​ យន្ត មីន​ អភិបាល​ខេត្ត​ព្រះសីហនុ ​បាន​ឡើយ។

​អនុក្រឹត្យ​ស្ដីពី​ការ​បញ្ចប់​តំណែង​មន្ត្រី​រាជការ​ទាំង​ពីរ​រូប​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជំនួប​ប្រជុំ​ប្រចាំ​ឆមាស​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ លោក​ ​ហ៊ុន សែន​ ​ជាមួយ​នឹង​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​នៅ​វិមាន​សន្តិភាព​ដែល​មាន​ការ​ពិភាក្សា​អំពី​បញ្ហា​ទំនាស់​ដី​ធ្លី ​បទ​ល្មើស​ជលផល ​និង​បទល្មើស​ព្រៃឈើ។

លោក​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ VOA ថា​លោក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​បញ្ឈប់​មុខ​តំណែង​របស់​មន្ត្រី​ទាំង​ពីរ​រូប​នេះ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​និយាយ​ប្រាប់ VOA ថា៖​

«មាន​តែ​គោរព​តាម​និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សេចក្ដី​សម្រេច​របស់​សម្ដេច​តេ​ជោ​ បាទ»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ ខៀវ សុភ័គ ​សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ ទៅ​លើ​អតីត​អភិបាល​រង​ខេត្ត​ទាំងពីរ​រូប​នេះ។

VOA​ ក៏​មិន​អាច​សុំ​ក្ដី​អធិប្បាយ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ទៅ​លើ​អតីត​អភិបាល​រង​ខេត្ត​ទាំងពីរ​រូប​នេះ​ដែរ​នៅ​ថ្ងៃ​សុក្រ។

​ដោយ​ឡែក​លោក​ មាស នី​ ​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ប្រាប់​ VOA​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​នេះ​ជា​សញ្ញាណវិជ្ជមាន​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា។

លោក​បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា​វា​ជា​ការ​វិវិត្ត​ដ៏​វិជ្ជមាន​មាន​ ក៏​ប៉ុន្តែ​ខ្ញុំ​ក៏​អត់​ចង់​ឃើញ​នូវ​វិធានការ​ក្ដៅ​បែប​ហ្នឹង​គឺ​ធ្វើ​តែ​មួយ​ឆាវ​ហើយ​រលត់​ទៅ​វិញ​ដូច​ភ្លើង​ចំបើង ហើយ​បើ​ចំ​អ្នក​ណា​ផ្សេង​ទៀត​ក៏​ស្ងាត់​ឈឹង​អី​ទៅ​ទៀត អា​ហ្នឹងវា​ធ្វើ​ឲ្យ​មតិ​សាធារណ​ជន​បន្ត​រិះគន់​រដ្ឋាភិបាល​ថា​ធ្វើ​អី ធ្វើ​តែ​ចំពោះ​តែ​ករណី​មួយ​ហើយ​ក៏​ស្ងាត់​ទៅវិញ ហើយ​អ៊ីចឹង​ការ​អនុវត្ត​ច្បាប់​នឹង​មិន​មានដំណើរ​ការ​ល្អ ណា៎​បាទ»។

​កាល​ដើម​ខែ​កុម្ភៈ​ នេះ​រដ្ឋាភិបាល​កម្ពុជា​ក៏​បានសម្រេច​លុប​ឈ្មោះ​មន្ត្រី​រាជការ​ម្នាក់​ដែរ គឺ លោក​ ​គឹម រស្មី​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ចេញ​ពី​ក្រប​ខណ្ឌ​កង​យោធពល​ខេមរភូមិន្ទ​ ក្រោយ​ពី​មាន​វីដេអូ​មួយ​បង្ហាញ​ថា ​លោក​ ​គឹម រស្មី​ បាន​ចែក​លុយ​រាប់​ម៉ឺន​ដុល្លារ​ដល់​កូនៗ​របស់​ខ្លួន។​ ទាក់​ទិន​នឹង​ការ​ដក​តំណែង​មន្ត្រី​រាជការ​មួយ​ចំនួន​ក្នុង​ពេល​ថ្មីៗ​នេះ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ បាន​បន្ថែម​ប្រាប់​ VOA ​កាលពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ នេះ​ជា​វិធានការ​កំណែទម្រង់​ស៊ីជម្រៅ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​សម្អាត​សង្គម​ និង​លុប​បំបាត់​អំពើ​ពុករលួយ។

លោក​បាន​បញ្ជាក់​ថា៖

«យើង​សម្អាត​សង្គម​យើង​ រក្សា​បាន​ដែន​សមត្ថកិច្ច​ទាំងអស់​ហ្នឹង បុគ្គល​ដែល​ទទួល​បាន​មុខងារ​ហ្នឹង​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​ក្នុង​កិច្ច​បម្រើ​មហាជន​របស់​យើង​ មិន​ផ្ដល់​ភាព​ក្ដៅ​ក្រហាយ​ដល់​មហាជន​របស់​យើង»។

​យ៉ាងណាក៏ដោយ​ ​លោក​ មាស នី ​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា​បាន​យល់​ឃើញ​ថា នេះ​ជា​ដំណើរ​ការ​មួយ​ឆ្ពោះ​ទៅ​ការ​សម្រប​សម្រួល​គ្នា​ជាមួយ​សហគមន៍​អឺរ៉ុប (European Unionឬ EU) ទាំង​ផ្នែក​នយោបាយ​និង​ផ្នែក​សេដ្ឋកិច្ច​ ជាពិសេស​ការ​ចរចា​លើ​កម្មវិធី​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ​(Everything But Arm) ​ឬ EBA។​ ​EU​ ​ទុក​ពេល​ឱ្យ​កម្ពុជា​រយៈ​ពេល​១៨ខែ​ ​ដើម្បី​កែប្រែ​ស្ថាន​ការណ៍​នយោបាយ​និង​ការ​គោរព​សិទ្ធិ​ ​មុន​ពេល​សម្រេច​ជា​ចុង​ក្រោយ​ថា​នឹង​បញ្ចប់​ឬ​មិន​បញ្ចប់​កិច្ច​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​កម្ពុជា៕

XS
SM
MD
LG