ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​មេ​ PM ​ខេត្ត​រតនគិរី​ត្រូវ​ស៊ើប​អង្កេត​ករណី​ពុករលួយ


លោក​ គឹម រស្មី ​អតីត​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី។ (រូបថតដកស្រង់ពីហ្វេសប៊ុក)
លោក​ គឹម រស្មី ​អតីត​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី។ (រូបថតដកស្រង់ពីហ្វេសប៊ុក)

ក្នុង​វីដេអូ​ដែល​មាន​រយៈពេល​ជាង​៦​នាទី​ និង​ត្រូវ​បាន​បង្ហោះ​នៅ​ដើម​ខែកុម្ភៈ​នោះ ​លោក ​គឹម រស្មី​ ក៏​បាន​ប្រកាស​អំពី​កាដូ​ផ្សេងៗ​ដែល​ភ្ញៀវ​មួយ​ចំនួន​បាន​ទិញ​ជូន​ ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ផង​ដែរ។

រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់​វិធានការ​នា​នា​បន្ថែម​ទៀត​លើ​មន្រ្តី​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជា​បន្ត​ទៀត​បន្ទាប់​ពី​បាន​សម្រេច​លុប​ឈ្មោះ​លោក​ ​គឹម រស្មី​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី​ចេញ​ពី​ក្រប​ខណ្ឌកង​យោធពល​ខេមរ​ភូមិន្ទ​ ក្រោយ​វីដេអូ​មួយ​បង្ហាញ​ថា ​លោក​គឹម រស្មី​ បាន​ចែក​លុយ​រាប់ម៉ឺន​ដុល្លារដល់​កូនៗ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល។​

កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ​ព្រះមហាក្សត្រ​ ព្រះបាទ​ នរោត្តម សីហមុនី ​បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លុប​ឈ្មោះ​ឧត្តម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​រតនគិរី​ ចេញ​ពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​ក្រោម​ការ​ស្នើ​របស់​លោក​ ​ហ៊ុន សែន។​ ​ការ​លុប​ឈ្មោះ​នេះ​ធ្វើ​ឡើង​ភ្លាមៗ​កាល​ពី​ថ្ងៃ​សៅរ៍​ ​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​វីដេអូ​មួយ​ ​បង្ហាញ​អំពី​លោក​ ​គឹម រស្មី ចែក​លុយ​សែក​ដល់​កូនៗ​ចំនួន​៥នាក់​ ក្នុង​ម្នាក់ៗ​ចំនួន​១០ម៉ឺន​ដុល្លារ។​ ​​ក្នុងវីដេអូ​ដែល​មាន​រយៈពេល​ជាង​៦​នាទី​ និង​ត្រូវ​បាន​បង្ហោះ​នៅ​ដើម​ខែកុម្ភៈ​នោះ ​លោក ​គឹម រស្មី​ ក៏​បាន​ប្រកាស​អំពី​កាដូ​ផ្សេងៗ​ដែល​ភ្ញៀវ​មួយ​ចំនួន​បាន​ទិញ​ជូន​ ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ផង​ដែរ។​

លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ករណី​របស់​លោក គឹម ​រស្មី កំពុង​ស្ថិត​ក្នុង​ដៃ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ លោក ​ផៃ ស៊ីផាន ​មិន​បាន​បញ្ជាក់​ថា​ តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹងមាន​ចំណាត់​ការ​បែប​ណា​នោះ​ទេ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ក្រោយ​ការ​ដក​តំណែង ​លោក​ គឹម រស្មី​ រដ្ឋាភិបាល​នឹងចាត់​វិធាន​ការ​លើ​មន្រ្តី​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជា​បន្ត។​

លោក​មាន​ប្រសាសន៍​ថា៖​

«សម្តេច​បាន​ក្រើន​រំឮក​ហើយ​រំឮក​ទៀត អំពី​អភិក្រម​ទាំង​៥​ចំណុច​ហ្នឹង ថា​ឲ្យ​មន្រ្តី​ទាំងអស់​ដែល​ពាក់ព័ន្ធ ពី​ព្រោះ​សម្តេច​លោកយក​ទិសដៅ​ជា​ការ​អប់រំ ឲ្យ​ធ្វើការ​ឲ្យ​ចូលរួម​របស់​ក្រុម​ដែល​មាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ឬ​អសកម្ម​ទាំងឡាយ​ទាំង​ពួង ដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​លោកមិន​សប្បាយ​ចិត្ត។​ លោក​ចង់​ឲ្យ​មាន​ការ​កែ​ខ្លួន​ដោយ​ខ្លួន​ឯង​ ពីព្រោះ​ជា​វិធានការ​នៃ​ការអប់រំ​តែ​ប៉ុណ្ណឹង ហើយ​បើសិនមិន​ទទួល​យក​ការ​អប់រំ​ទេ​បាន​ន័យ​ថា​វិធានការ​នឹង​បន្ត​បន្ទាប់»។

VOA ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​ ឱម យិនទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃច័ន្ទ​នេះ។​

យ៉ាង​ណាក្តី​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ស្រង់​សម្តី​របស់​លោក​ ឱម យិនទៀង​ ពាក់​ព័ន្ធ​នឹង​ករណី​លោក​ គឹម រស្មី​ ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាននិង​កំពុង​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ហើយ។​

លោក ​ឱម យិនទៀង ​ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ហ្វេសញូវ​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ផ្សាយ​ដក​ស្រង់​សម្តីថា៖​

«លោក​ទេស​រដ្ឋមន្រ្តី​ ​ឱម យ៉ិនទៀង​ ​បាន​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​អតីត​មេ​ ​PM រូប​នេះ​ ​តាំង​ពី​មុន​ពាក្យ​បណ្តឹង​ម្ល៉េះ ដែល​បង្ហាញ​ថា ការ​បើក​ការស៊ើប​អង្កេត​នេះ មិនមែន​ធ្វើ​តាម​ខ្សែ​ញាក់ ឬ​បណ្តឹង​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ឡើយ»។​

ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ​ដែល​លុប​ឈ្មោះ​ លោក​ គឹម រស្មី​ នេះ ​ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដោយ​ភ្ជាប់​នឹង​សារ​របស់​លោក ហ៊ុន សែន ​ថា៖ «នេះ​ជា​ការ​វះកាត់​ប្រកប​ដោយ​ការ​ឈឺ​ចាប់»។​

ក្រៅពី​ការ​បង្ហោះ​សារ​របស់​លោក​នាយក​រដ្ឋមន្រ្តី គេ​ឃើញ​ឃ្លីប​សំឡេង​បែកធ្លាយ​មួយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ត្រូវ​បាន​អ្នកប្រើ​បណ្តាញ​សង្គម​ចែក​រំលែក​បន្ត​បន្ទាប់​ថា៖​

«ថ្ងៃនេះ​ខ្ញុំ​សម្រេច​ចិត្ត​ដោយ​ការ​ឈឺ​ចាប់ ដោយ​ដក​តំណែង និង​បណ្តេញ​ចេញ​ពី​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស​នៅ​ខេត្ត​រតនៈគិរី ដែល​ក្នុង​រយៈកាល​កន្លង​ទៅ​នេះ បាន​ធ្វើ​បុណ្យ​ខួប​កំណើត ហើយ​សម្ញែង​នូវ​ទ្រព្យ​សម្បត្តិ។ នេះ​ជា​អភិក្រម​ទី៥ ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ដោយ​ជៀសវាងខាន​មិន​បាន។ បើ​ខ្ញុំ​មិន​ធ្វើ​រឿង​នេះ​មួយ​ទេ គឺ​ប្រហែល​ជា​ខ្ញុំ​ត្រូវ​លាលែង​ពី​តំណែង​ល្អ​ជាង»។​

អភិក្រម​ទាំង​៥ ដែល​ដាក់​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ដើម្បី​រំឮក​ដល់​មន្រ្តី​ទាំងអស់​ឲ្យ​ខិតខំ​បម្រើ​ជាតិ កុំ​កេង​ប្រវ័ញ ឬ​ពុករលួយ​ទាំង​នោះ​មាន​ដូចជា ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់។

លោក​ មាស នី អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លើកឡើង​ថាការ​ដក​តំណែង​ ឬ​ចាត់​វិធានការ​ណាមួយ​លើ​មន្រ្តី​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ត្រូវ​ធានា​ថា​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព និង​នីតិវិធី​ត្រឹមត្រូវ។ លោក​បន្ថែម​ថា កន្លងមក​មាន​ករណី​មន្រ្តី​ជាន់​ខ្ពស់ និង​អ្នកមាន​អំណាច​ធំៗ​មួយ​ចំនួន ក៏​តែង​បង្ហាញ​ពីការ​ឲ្យ​កាដូ​រាប់​ម៉ឺន​ដុល្លារ​ដល់​សាច់ញាតិ ឬ​បក្ស​ពួក តែ​មិន​មាន​ការ​ចាត់​វិធានការ​ស៊ើប​អង្កេត​ណាមួយ​នៅ​ឡើយ។​

លោក​បញ្ជាក់​ថា៖​

«បើសិន​ជា​យើង​ដក​គ្រាន់តែ​ដោយសារ​មាន​លុយ​ច្រើន​ ​អាហ្នឹង​វា​មិន​ទាន់​យុត្តិធម៌​ទេ​ ​ព្រោះ​ពេល​ខ្លះ​លុយ​ខ្លះ​គេ​រកស៊ី​ក្នុង​គ្រួសារ​របស់​គេ គេ​ក៏​មាន​លុយ​ច្រើន​ដូចគ្នាសម្រាប់​ចែក​កូន​គេ។​ ​អញ្ចឹង​អា​នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​សម្រាប់​ធ្វើការ​ដក​ដេញមនុស្ស បើសិនជា​ដក​ដេញ​នោះ​ប្រើ​ដោយ​នីតិវិធី​ត្រឹមត្រូវ​ហ្នឹង អាហ្នឹង​មាន​យុត្តិធម៌ និង​ត្រឹមត្រូវ អាហ្នឹងពលរដ្ឋ​ក៏គាំទ្រ​ដែរ។ ប៉ុន្តែ​ការ​ដក​ដោយ​មិនមាន​ប្រើ​នីតិវិធី ការ​ដក​ដោយ​ប្រើ​មនោ​សញ្ចេតនា ឃើញ​ជាក់​ស្តែង​អី​អញ្ចឹង​ទៅ​ ហើយ​ជា​លុយ​ដូចជា​ថវិកា​គ្រួសារ​គេ​នោះ​ អាហ្នឹង​វានឹង​មាន​បញ្ហា​ច្រើន​ទៀត​នា​ពេល​ខាងមុខ»។​

បើតាម​របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពីអំពើ​ពុក​រលួយ​ឆ្នាំ​២០១៨​ ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ចុង​ខែមករា បញ្ជាក់​ថា ​កម្ពុជា​ជា​ប្រទេស​ពុក​រលួយ​ខ្លាំង​បំផុត​ក្នុង​លោក ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​ ​ក្នុងពេល​ប្រទេស​កម្ពុជា​បាន​បាត់បង់​សំឡេង​ជំទាស់​ដ៏​សំខាន់​ក្នុង​រដ្ឋ​សភា។​

ក្នុង​របាយការណ៍​នោះ​ ​កម្ពុជា​ទទួល​បាន​២០​ពិន្ទុលើ​ពិន្ទុ​អតិបរមា​១០០​ ​ដែល​ធ្លាក់​ចុះ​ចំនួន​១​ពិន្ទុ​ ធៀប​នឹង​ឆ្នាំមុន​ ​ដោយ​ផ្អែក​តាម​មាត្រដ្ឋាន​ពិន្ទុ​ពី​០-១០០​ ​គឺ០​មាន​ន័យ​ថា​ពុក​រលួយ​ខ្លាំង​ហើយ​១០០​គឺស្អាត​ស្អំ​ខ្លាំង។

ការណ៍នេះ​បង្ហាញ​ថា​ ​កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ស្ទើរ​តែ​បាត​តារាង​របស់​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​លេខ​១៦១​ ក្នុង​ចំណោម​១៨០​ប្រទេស​ក្នុង​ឆ្នាំ​២០១៨​ ​ដែល​ដូច​គ្នា​នឹង​ចំណាត់​ថ្នាក់​កាលពីឆ្នាំ​២០១៧៕

XS
SM
MD
LG