ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ខេត្ត​សៀម​រាប​ទៅ​បោះឆ្នោត​ដើម្បី​កែ​លម្អ​បញ្ហា​សង្គមកិច្ច


ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/វីអូអេ)
ទិដ្ឋភាពនៅការិយាល័យបោះឆ្នោតមួយនៅក្រុងកំពង់ចាម កាលពីថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣។ (ហេង រស្មី/វីអូអេ)
ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​បាន​ចេញ​ទៅ​បោះឆ្នោត​ដោយ​ចង់​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នេះ​ដោះស្រាយ​នូវ​បញ្ហា​ដែល​ពួកគេ​ជួប​ប្រទះ​ក្នុង​សង្គម​ដូច​ជា​សុខាភិបាល​ អប់រំ​ សន្តិសុខ​សង្គម​និង​អំពើ​ពុករលួយ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បាន​នាំគ្នា​ទៅ​ចូលរួម​ធ្វើ​ការ​បោះឆ្នោត​យ៉ាង​គគ្រឹក​គគ្រេង​ដើម្បី​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​សម​ជា​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​ និង​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ដែល​ពួកគេ​ចង់​បាន។

ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥​នេះ​បាន​សម្តែង​នូវ​ក្តី​ត្រេកអរ​ព្រោះ​ពួកគេ​បាន​បំពេញ​នូវ​ភារកិច្ច​របស់​ខ្លួន ​ដែល​ជា​ម្ចាស់​នៃ​ជោគ​វាសនា​ប្រទេស​ជាតិ។

លោក កុច គឹមហ៊ន ​អាយុ​៣៣ឆ្នាំ​នៅ​សង្កាត់​គោកចក​បាន​បោះឆ្នោត​រួច​ហើយ។
លោក​បាន​ថ្លែង​ដោយ​ញញឹម​ញញែម​បន្ទាប់​ពី​ចេញ​ពី​ការិយាល័យ​បោះឆ្នោត​នៅ​ក្នុង​សង្កាត់​នោះ​ថា​ ការ​ដែល​គាត់​មក​បោះឆ្នោត​នេះ​គឺ​ដើម្បី​បំពេញ​តួនាទី​របស់​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ​និង​ចូលរួម​កែប្រែ​អនាគត​របស់​ប្រទេស​ជាតិ​ផង​ដែរ។

លោក កុច គីមហ៊ន​ និយាយ​ថា៖ «ខ្ញុំចង់​បាន​ប្រទេស​មួយ​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ ឱ្យ​ប្រជាជន​មាន​សេរីភាព​ពេញលេញ។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​តំណាង​គណបក្ស​ទាំង​អស់​ហ្នឹង​ ពេល​ដែល​ដឹង​លទ្ធផល​សូម​ឱ្យ​គោរព​ទៅ​តាមលទ្ធផល​ដែល​បាន​ទទួល​កុំ​ឱ្យ​មាន​បញ្ហាអី​នៅ​ក្នុង​សង្គម​ធ្វើ​ឱ្យ​មាន​ការ​វឹកវរ​ដល់​សង្គម​ កុំ​ឱ្យ​ប្រជាជន​ទាំង​អស់​មាន​ការ​ភ័យខ្លាច។

ស្រ្តី​ឈ្មោះ សេង ដានី ​អាយុ៣៤​ឆ្នាំ​នៅ​សង្កាត់​ស្លរក្រាម​ក៏​បាន​បោះឆ្នោត​រួច​ហើយ​ដែរ។

ស្រ្តី​រូប​នេះ​ដែល​ទើបតែ​នឹង​ចេញពី​ការិល័យ​បោះឆ្នោត​ដែរ​នោះ​បាន​និយាយ​ថា​ គាត់​មាន​ការរំភើបចិត្ត​ជាខ្លាំង​បន្ទាប់ពី​បាន​បំពេញ​តួនាទី​របស់​គាត់​រួចរាល់​ ហើយ​ក៏​បាន​សម្តែង​ការ​អបអរ​ចំពោះ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​ដែរ​ដែល​បាន​ស្ទុះស្ទារ​គិតគូរ​ពី​រឿង​បោះឆ្នោត​នេះ។

លោកស្រី​ សេង ដានី ​និយាយ​ថា៖​ «ខ្ញុំ​ក៏​សូម​បន់ស្រន់​ឱ្យ​លទ្ធផល​បោះឆ្នោត​គឺ​មាន​ភាព​យុត្តិធម៌​ដើម្បី​ប្រជារាស្រ្ត​ខ្មែរ​គេជ្រើសរើស​រក​តំណាង​ដែល​ខ្លួនគេ​ពេញចិត្ត។ ខ្ញុំ​សូម​ពាវនាវ​ដល់​ទោះបី​ជា​គណបក្ស​មួយ​ណា​ដែល​ឈ្នះឆ្នោត​ គឺ​សុំ​ឱ្យ​គិតគូ​ពី​រឿង​ផលប្រយោជន៍​ជាតិ​ជា​សំខាន់​ កុំ​ឱ្យ​គិតថា​ពេល​ដែល​បាន​ឡើង​កាន់​អំណាច​គិតតែ​ប្រមូល​ផល​ប្រយោជន៍​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ អាត្មា​និយម​ ពីព្រោះ​បច្ចុប្បន្ន​នេះ​ខ្ញុំ​មើល​ឃើញ​ថា​ភាគច្រើន​គឺ​អត់សូវ​គិតគូ​ពី​ផល​ប្រយោជន៍​ប្រជាជន​ប៉ុន្មាន​ទេ​ពេល​គេ​បាន​ជាប់ឆ្នោត​ហើយ​គេ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ អញ្ចឹង​សុំ​ឱ្យ​រដ្ឋាភិបាល​ថ្មី​គិតគូរ​ពី​រឿង​ប្រជាជន​ប្រទេស​ជាតិ​ជា​សំខាន់​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឱ្យ​រីកចម្រើន​ដូច​ប្រទេស​គេ​ដទៃ​ស្រ្តី​រូបនេះ​ក៏​មិន​ភ្លេច​ធ្វើ​ការ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី​ឱ្យ​មាន​ការ​គិតគូរ​ថែម​ទៀត​ លើ​សេវា​សុខាភិបាល​ វិស័យ​អប់រំ​ សន្តិសុខ​សង្គម​ជា​ពិសេស​គឺ​ទៅ​លើ​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ»។

ចំណែក​ស្រ្តី​ម្នាក់​ទៀត​ឈ្មោះ​ វួន សំណាង ​អាយុ​ជាង​៤០ឆ្នាំ​ នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ​ដែល​បាន​បោះឆ្នោត​ហើយ​ដែរ​នោះ​និយាយ​ថា​ គាត់​នឹង​មិន​សប្បាយ​ចិត្ត​ទេ​បើ​សិន​ជា​គាត់​មិន​បាន​បោះឆ្នោត​នោះ។

យោង​តាម​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប​ឱ្យ​ដឹង​ថា​ ខេត្ត​នេះ​មាន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បោះឆ្នោត​ចំនួន​៥៧៦.១១៤​ និង​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​១.១៨១​ការិយាល័យ៕
XS
SM
MD
LG