ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប លោក សុខ គឹមសេង បានចាត់ទុកថា លិខិតរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបជាការដាក់សម្ពាធខាងនយោបាយបន្ថែមទៀតមកលើគណបក្សដែលសម្រេចចិត្តចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២នេះ ក្រោយដំណើរការឡើងវិញបានតែជិត៥ខែ។
បើតាមលិខិតមួយច្បាប់ផ្ញើជូនទៅប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប គណៈកម្មការរៀបចំការបោះឆ្នោតក្នុងខេត្តដែលសម្បូរប្រាសាទបុរាណមួយនេះ បានឱ្យដឹងថា ក្នុងសកម្មភាពហែក្បួនឃោសនារបស់គណបក្សភ្លើងទៀន នៅសង្កាត់ស្លក្រាម កាលពីរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២ គឺមានហេតុការណ៍ ដែលសកម្មជន ឬ អ្នកគាំទ្រគណបក្សភ្លើងទៀន បានស្រែកជ័យឃោសថា «ជយោ! គណបក្សសង្រ្គោះជាតិ»។
លិខិតដដែលនេះ ក៏បានបញ្ជាក់បន្ថែមថា ខ្លឹមសារនេះ កំពុងផ្សារភ្ជាប់សកម្មភាពគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូល និងប្រកាសលេខ៥៤០៥ ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការលុបគណបក្សសង្គ្រោះជាតិ ចេញពីគណបក្សនយោបាយ។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប អះអាងថា ទង្វើរបស់គណបក្សភ្លើងទៀន ក៏មិនឆ្លើយតបនឹងមាត្រា៦៧និងផ្ទុយពីខ្លឹមសារមាត្រា៧១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោក សុខ គឹមសេង ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាបប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការស្រែកជ័យឃោស ដោយផ្សាភ្ជាប់ជាមួយគណបក្សផ្សេងនោះ បានកើតឡើងដោយ«អចេតនា» ពីសំណាក់អ្នកគាំទ្របក្ស។
លោកនិយាយថា៖ «អ្នកគាំទ្រហ្នឹងគាត់បានចូលរួម ហើយគាត់បានស្រែក គំនិតរបស់គាត់ហ្នឹងគាត់អត់មានគំនិតចេតនា ថាស្រែកដើម្បីផ្សាភ្ជាប់អីទេ ប៉ុន្តែដោយសារតែគាត់គឺជាអ្នកដែលធ្លាប់គាំទ្រគណបក្សចាស់ ដល់ពេលហ្នឹងគាត់ស្រែកទៅ គឺអចេតនា។ ពេលដែលគាត់ស្រែកហ្នឹងគ្នាយើងបានអន្តរាគមន៍ភ្លាមៗ សូមឱ្យគាត់ឈប់ស្រែក។ បន្ទាប់ពីហ្នឹងមកយើងក៏បានប្រជុំប្រាប់ទៅថ្នាក់ដឹកនាំតាំងពីភូមិឃុំសង្កាត់ និងស្រុកមានការប្រយ័ត្នប្រយែងនៅក្នុងការប្រើប្រាស់វោហាស័ព្ទជាពិសេសគឺការផ្សារភ្ជាប់ទៅនឹងគណបក្សផ្សេង មិនឱ្យមានរឿងបែបនេះកើតឡើងតទៅទៀតទេ»។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាលោកយល់ថា លិខិតរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបជាការព្រមាន និងដាក់សម្ពាធដល់គណបក្សភ្លើងទៀន។
លោកបញ្ជាក់ថា៖ «តែបន្ទាប់ពិការចេញលិខិតព្រមាននេះមកគណបក្សភ្លើងទៀនខេត្តសៀមរាបបង្កើនការប្រយ័ត្នប្រយែង ពីព្រោះអានេះជាសម្ពាធ សម្ពាធមួយយើងមើលទៅដូចសម្ពាធសម្រាប់គណបក្សភ្លើងទៀន។ សកម្មភាពរបស់គណបក្សភ្លើងទៀននៅក្នុងយុទ្ធនាការនេះគ្រប់រូបភាពត្រូវបានគេតាមដានត្រូវបានគេអង្កេតត្រូវបានគេត្រៀមចាប់កំហុសអាហ្នឹងហើយដែលចង់បញ្ជាក់ថាវាជាសម្ពាធសម្រាប់គណបក្សនៅក្នុងការប្រកួតប្រជែងនៅក្នុងថ្ងៃខាងមុខនេះ»។
គណបក្សភ្លើងទៀន ត្រូវគេមើលឃើញថា បានកម្រើកខ្លាំងវិញអំឡុងពេលនៃការរៀបចំការបោះឆ្នោតឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ បានប្រឈមនឹងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងមន្រ្តីនិងអាជ្ញាធរមូលដ្ឋាន ច្រើនជាងគណបក្សផ្សេងៗដទៃទៀត។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបលោក នឹម វ៉ាន់សំ ថ្លែងថា លិខិតខាងលើនោះ គ្រាន់តែជាការរំឭក ឬដាស់តឿនដល់គ្រប់គណបក្សនយោបាយទាំងអស់ កុំឱ្យធ្វើអ្វីដែលផ្ទុយនឹងច្បាប់ ពាក់ព័ន្ធនឹងការបោះឆ្នោតតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ស្រែកនេះគឺជារឿងចេតនាទេ គាត់បានធ្វើសកម្មភាពហ្នឹង មានអីទៅស្រែកច្រឡំនោះទេ ស្រែកពេញៗមាត់ចឹង។ តាមមាត្រា និងច្បាប់សរសេរនៅក្នុងលិខិតហ្នឹងខុស ហើយវាធ្វើមិនត្រូវតែសំណាងចេះអត់មានការប្តឹងផ្តល់អត់មានការដាក់ទោសទណ្ឌអីទេ គ្រាន់តែរំឭកគាត់ថាកុំឱ្យគាត់ធ្វើចឹងទៀត។ សម្រាប់គាត់ គាត់គិតថាយ៉ាងម៉េចខ្ញុំមិនដឹងដែរ ប៉ុន្តែគ្រាន់តែថាយើងគ្រាន់តែដាស់តឿនគាត់ក្នុងនាមយើងជាគណៈកម្មការខេត្តហ្នឹងដាស់តឿនគាត់ចឹង គ្មាននរណាទៅគំរាមកំហែងគាបសង្កត់អីទេ»។
នៅក្នុងខេត្តសៀមរាបមានគណបក្សនយោបាយចំនួន១៣បានចូលរួមការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងរៀបចំឡើងនៅថ្ងៃទី៥ខែមិថុនា ក៏ប៉ុន្តែមានគណបក្សចំនួនតែ២ប៉ុណ្ណោះគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលមានបេក្ខជនឈរឈ្មោះនៅគ្រប់ចំនួន១០០ឃុំសង្កាត់ទាំងអស់ក្នុងខេត្តសៀមរាប។
ជុំវិញបញ្ហាទាំងអស់នេះមន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលលោក កន សាវាង្ស បានប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការហាមឃាតមិនឱ្យយកឈ្មោះគណបក្សដែលត្រូវបានរំលាយលើកយកមកនិយាយក្នុងពេលឃោសនានោះ នៅមិនទាន់ឃើញមានចែង ឬហាមឃាត់នៅចំណុច ឬច្បាប់ណាឱ្យបានច្បាស់លាស់នៅឡើយទេ។
លោកបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិជាឈ្មោះដែលប្រជាពលរដ្ឋទាំងអស់គ្រប់និន្នាការនយោបាយគេបានមើលឃើញហើយគេអាចនិយាយបានពីព្រោះមិនមានចំណុចណាដែលមានការហាមឃាត់លើកយកឈ្មោះគណបក្សហ្នឹងមកនិយាយនៅក្នុងការឃោសនាទេ។ អាហ្នឹងការមើលឃើញរបស់ខ្ញុំ។ ខ្ញុំអត់ទាន់ចង់និយាយអំពីការខុសច្បាប់ ឬក៏ត្រូវច្បាប់ទេ។ ខ្ញុំចង់និយាយថា វាអត់មានភាពច្បាស់លាស់នៅក្នុងការហាមឃាតក្នុងការប្រើប្រាស់នោះទេ»។
គួរបញ្ជាក់ផងដែរថា កាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៣ ក្នុងឆ្នាំ២០១២ គណបក្សប្រជាជនទទួលបាន ជោគជ័យគួរឱ្យកត់សម្គាល់ រហូតគ្រប់គ្រងបានឃុំសង្កាត់ចំនួន៩៨នៅខេត្តសៀមរាប។ រីឯគណបក្សសម រង្ស៊ី ទទួលបានតែ២សង្កាត់តែប៉ុណ្ណោះ។ ក៏ប៉ុន្តែកាលពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ក្នុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលកើតពីការរួមបញ្ចូលគ្នាពីគណបក្សសម រង្ស៊ី និងសិទ្ធិមនុស្ស បានឈ្នះការប្រកួតប្រជែងនេះរហូតទទួលបាន៥៦សង្កាត់ ក្នុងចំណោម ឃុំសង្កាត់ចំនួន១០០នៃខេត្តសៀមរាប។ ដោយឡែក គណបក្សប្រជាជនកម្ពុជាទទួលបានត្រឹមតែ៤៤ឃុំសង្កាត់តែប៉ុណ្ណោះ៕
គណបក្សភ្លើងទៀនខេត្តសៀមរាបបានប្រកាសថាខ្លួនកំពុងទទួលរងការដាក់គំនាបផ្នែកនយោបាយ
ភ្នំពេញ —