ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីអូឌី​ប្រឈមនឹង​ការវាយ​ប្រហារ​ថា មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ និង​ផ្សាយ​ប្រឆាំង​រដ្ឋាភិបាល


ស្លាកសញ្ញារបស់​សារព័ត៌មាន​វីអូឌី (VOD)។
ស្លាកសញ្ញារបស់​សារព័ត៌មាន​វីអូឌី (VOD)។

ក្រោយ​ការ​បិទ​សារព័ត៌មាន​វីអូឌី (VOD) ដែល​បាន​ដំណើរ​ការ​២០​ឆ្នាំ​មក​ហើយ សារព័ត៌​មាន Freshnews ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ ជា​បន្ត​បន្ទាប់​បាន​ផ្សព្វ​ផ្សាយ​ថា​ វីអូឌី​ពាក់​ព័ន្ធ​នឹង​ផែន​ការ​«បដិវត្តន៍​ពណ៍» ដែល​ជា​ការ​ចោទ​ប្រកាន់​ត្រូវ​បាន​ប្រើ​ប្រាស់ ដើម្បី​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ កាល​ពី​ឆ្នាំ​២០១៧។

បន្ថែម​ពី​នេះ ក៏​មាន​អតីត​អ្នក​យក​ព័ត៌មាន​វីអូឌី​ត្រូវ​បាន​មន្រ្តី​ខុទ្ទ​កាល័យ​នាយករដ្ឋមន្រ្តីសម្ភាស ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា ​វីអូឌី​ផ្សាយ​តែ​ព័ត៌មានប្រឆាំង​នឹង​រដ្ឋាភិបាល។

សារព័ត៌មាន ​Freshnews បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ ក្រោម​ចំណង​ជើង​ថា៖ «អតីត​បុគ្គលិក ​VOD ជាង​២០​នាក់ បាន​បន្ត​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​រដ្ឋ ក្រោយ​មាន​ការ​ទម្លាយ​រឿង​រ៉ាវ​ផ្ទៃ​ក្នុង​អង្គ​ភាព​របស់​ខ្លួន ជា​ពិសេស​ទទួល​បាន​ជំនួយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពីបរទេស​សម្រាប់​ឃោសនា​វាយ​ប្រហារ​រាជ​រដ្ឋា​ភិបាល» កាល​ពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣។ សារព័ត៌មាន​ Freshnews បាន​យោង​ទៅ​ទំព័រ​ហ្វេស​ប៊ុក​មួយ ដោយ​មាន​លើក​ឡើង​អំពី​ លោក ប៉ា ងួនទៀង ជា​នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ(CCIM) ដែល​គ្រប់គ្រង​វីអូឌី។ លោក ប៉ា ងួន​ទៀង កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។

សារព័ត៌មាន ​Freshnews ក៏​បាន​រាយការណ៍​ថា៖ «គេ​នៅ​ចាំ​បាន​ថា នៅ​អំឡុង​ឆ្នាំ២០១៦ និង​ឆ្នាំ​២០១៧ ប៉ា ងួនទៀង ប្រធាន CCIM និង​ប្រធាន​សមាគម​ធាងត្នោត បាន​សហការគ្នា បាន​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​នេះ ដែល​ជា​ផែនការ​ប្រមូល​កម្លាំង​ប្រជាពល​រដ្ឋ​ធ្វើ​បដិវត្តន៍​ពណ៌​សា​ជាថ្មី បន្ទាប់​ពី​ពួកគេ និង​អតីត​គណបក្ស​សង្គ្រោះជាតិ​អនុវត្ត​ពុំ​បានជោគជ័យ​ផែនការ​បដិវត្តន៍​ពណ៌​នៅ​ឆ្នាំ២០១៣ ក្រោយ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិទី៥»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ លោក ប៉ា ងួន​ទៀង បាន​នៅ​ឡើយ​ទេ។

បន្ថែម​ពី​នេះ ថ្មីៗ​នេះ គេ​ក៏​ឃើញ​មាន​អតីត​អ្នក​សារ​ព័ត៌មាន​វីអូឌី​ម្នាក់គឺ​ លោក ឡាយ សាមាន បាន​ចេញ​មុខ​ផ្តល់​បទ​សម្ភាសន៍​ដល់​លោក ប៉ាន់ខែម ប៊ុនថន នាយក​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី ដោយ​លើក​ឡើង​ថា វីអូឌី​ផ្សព្វ​ផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឱ្យ​សាធារណ​ជន​មើល​ឃើញ​តែ​ពី​«ភាព​ខ្មៅ​ងងឹត»​របស់​រដ្ឋា​ភិបាល។

លោក ឡាយ សាមាន ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «គាត់​ថា​ឯក​រាជ្យ ប៉ុន្តែ​អ្នក​នៅ​ក្នុង​ហ្នឹង​បាន​ដឹង គឺ​មើល​ឃើញ​រដ្ឋាភិបាល​ខ្មៅ​ងងឹត​តែ​ម្តង»។

លោក ណុប វី នាយក​ប្រតិបត្តិ​សមា​គម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេម​បូចា (CamboJA) លើក​ឡើង​ថា ​កា​រ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​គួរ​តែ​បញ្ឈប់ ខណៈ​ថា​ ការ​ផ្សព្វផ្សាយ​ពី​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ ក៏​ដូច​ជា​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ គឺជា​វិថី​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក​បញ្ជាក់​ថា៖ «ទោះបី​ជាយើ​ង​មិន​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ប៉ុន្តែ​យើង​យក​មក​ជជែក​បង្ហាញ​អំពី​ទិស​ដៅ​ ឬមួយក៏​បង្ហាញ​អំពីវិធី​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ហើយ​ឱ្យ​ទៅ​មន្ត្រី​ដែល​គេ​មាន​កាតព្វ​កិច្ច​ក្នុង​ការ​ដោះស្រាយ។ ខ្ញុំ​គិត​ថា​ជា​វិធី​មួយ​ដែល​យើង​អាច​ជំរុញ​ដល់​ប្រទេ​ស​ជាតិ​របស់​យើង​អាច​ឈាន​ទៅ​រក​ភាព​រីច​ម្រើន និង​មាន​សន្តិ​ភាព​យូរ​អង្វែង»។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែង​ថា​ លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​ថា​ ស្ថាប័ន​សារព័ត៌មាន​វីអូឌី​ពាក់​ព័ន្ធ​ជាមួយ​គម្រោង​បដិវត្តន៍​ពណ៌។

លោក​ប្រាប់​វីអូអេ​ថា៖ «នៅ​តែ​អំពាវ​នាវ​និង​ទទូច​ហើយ​ទទូច​ទៀត​ថា ​សុំកុំ​ឱ្យ​ប្រើ​ប្រាស់​នូវ​វប្បធម៌​លាប​ពណ៌​គ្នា​ ដើម្បី​ទម្លាក់​កំហុស​មួល​បង្កាច់​ដោយ​ខ្វះ​ការ​ពិ​ត ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​បែប​ហ្នឹង​។ ខ្ញុំ​គិត​ថា​ នេះ​វា​មិន​មែន​ជា​វប្បធម៌​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ខ្មែរ​យើ​ងរីក​ចម្រើន​បាន​ទេ ពី​ព្រោះ​ថា​ជា​វប្បធម៌​មួយ​ដែល​ធ្វើ​ឱ្យ​ខ្មែរ​យើង​ទទួល​រង​នូវ​ភាព​អន្តរាយ»។

បើ​តាម​លោក​ នី សុខា រដ្ឋាភិបាល​កម្ពុជា​ក៏​ទទួល​ជំនួយ​ពី​បរទេស​ដែរ ប៉ុន្តែ​ការ​ទទួល​ជំនួយ​ពី​បរទេស​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​ចោទ​ថា ​មាន​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ ខណៈ​អង្គការ​ទាំង​នោះ​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG