ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ៖ មាន​ឱកាស​តិច​ជាង ៥០ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ព្រមព្រៀង​រឿង​សាងសង់​ជញ្ជាំង​ព្រំដែន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ការ​បើក​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​ពី​ការ​បើក​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​មើល​ឃើញ​ថា​មាន​ឱកាស​តិច​ជាង ៥០ ភាគរយ​ប៉ុណ្ណោះ ដែល​ក្រុម​សមាជិក​សភា​អាច​ព្រមព្រៀង​ចំពោះ​ថវិកា​សាងសង់​ជញ្ជាំង​ព្រំដែន ដែល​លោក​នឹង​អាច​ទទួល​យក​បាន។

លោក​ត្រាំ​បាន​ប្រាប់​កាសែត The Wall Street Journal កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា មាន​សមាជិក​សភា​ល្អ​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ចរចា​នៃ​គណបក្ស​ទាំង​ពីរ។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា លោក​នៅ​មិន​ច្បាស់​ថា​តើ​លោក​នឹង​ទទួល​យក​ថវិកា​តិច​ជាង ៥ ពាន់ ៧ រយ​លាន​ដុល្លារ សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក​ត្រាំ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​នៅ​មិន​ច្បាស់​ថា​តើ​លោក​នឹង​អាច​ទទួល​យក​បាន​ទេ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង នៅ​ពេល​ដែល​មាន​ការ​ផ្ដល់​សញ្ជាតិ​ដល់​អ្នក​ដែល​ត្រូវ​បាន​ការពារ​ក្រោម​កម្មវិធី​សកម្មភាព​ផ្អាក​ការ​បញ្ជូន​ចេញ​នូវ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាំង​ពី​នៅ​កុមារ។ លោក​បាន​បញ្ជាក់​ថា អនាគត​របស់​អ្នក​ទាំង​នោះ​គឺ​ជា «ប្រធានបទ​ដាច់​ដោយ​ឡែក​មួយ ដែល​នឹង​ផ្ដោត​លើ​នៅ​ពេល​ផ្សេង‍»។

លោក ត្រាំ បាន​និយាយ​ថា ការ​បិទ​រដ្ឋាភិបាល​មួយ​លើក​ទៀត​គឺ​ជា «ជម្រើស​ដ៏​ពិត​ប្រាកដ‍​មួយ‍» ប្រសិនបើ​លោក​មិន​ទទួល​បាន​អ្វី​ដែល​លោក​ចង់​បាន​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន។ លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​អាច​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដែល​នឹង​អាច​ឲ្យ​លោក​ប្រើប្រាស់​ថវិកា​សាងសង់​ជញ្ជាំង​ព្រំដែន​បាន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុម័ត​ពី​សភា ដែល​នេះ​ជា​យុទ្ធសាស្ត្រ​មួយ ដែល​គណបក្ស​ប្រជាធិបតេយ្យ​អាច​តតាំង​បាន​តាម​ផ្លូវ​តុលាការ។

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក ត្រាំ បាន​យល់ព្រម​បើក​រដ្ឋាភិបាល​ឡើង​វិញ​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ។ ក្នុង​រយៈពេល ៣ សប្ដាហ៍​នេះ គណៈកម្មាធិការ​មួយ​ដែល​មាន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ ៩ នាក់ និង​ខាង​គណបក្ស​សាធារណរដ្ឋ ៨ នាក់ នឹង​ព្យាយាម​រក​ចំណុច​រួម​រឿង​សន្តិសុខ​ព្រំដែន ដែល​សភា និង​លោក ត្រាំ អាច​ទទួល​យក​បាន៕

XS
SM
MD
LG