ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​មិន​ចង់​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​ម្ដង​ទៀត ប៉ុន្តែ​នៅ​តែ​ទាមទារ​ថវិកា​ជញ្ជាំង​ព្រំដែន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជាក់​ថា លោក​ប្រធានាធិបតី Donald Trump ចង់​បញ្ចៀស​មិន​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ម្ដង​ទៀត ប៉ុន្តែ​នៅតែ​ប្ដូរផ្ដាច់​ចំពោះ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក ដែល​នេះ​ជា​វិធានការ​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ភាគ​ច្រើន​នឹង​ជំទាស់។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោកស្រី Sarah Sanders បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ឯ​សន្និសីទ​កាសែត​ថា៖ «លោក​ប្រធានាធិបតី​មិន​ចង់​បិទ​រដ្ឋាភិបាល​ម្ដង​ទៀត​ទេ។ នេះ​មិន​មែន​ជា​គោល​បំណង​នោះ​ទេ‍»។

លោកស្រី​បាន​ជំរុញ​ឲ្យ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ «មាន​ការ​ម៉ឺងម៉ាត់​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នៅ​ឯ​ព្រំដែន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ផ្ដល់​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ផង​ដែរ‍»។

គណៈកម្មាធិការ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សមាជិក​សភា​ទទួល​បន្ទុក​ខាង​ថវិកា​នៃ​គណបក្ស​ទាំង​ពីរ នឹង​ចាប់ផ្ដើម​ការ​ពិភាក្សា​យោបល់​នៅ​ថ្ងៃ​ពុធ​ស្អែក។ ប៉ុន្តែ គំនិត​មានៈ​តែ​ម្ខាង​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​នេះ នៅតែ​មាន។

លោក Chuck Schumer មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា បាន​និយាយ​មិន​យូរ​ប៉ុន្មាន​មុន​ពេល​លោកស្រី Sanders ថ្លែង​ខាង​លើ យ៉ាង​ដូច្នេះ​ថា៖ «គណបក្ស​ប្រជាធិបតេយ្យ​ជំទាស់​ដាច់​ខាត​ជាមួយ​នឹង​លោក​ប្រធានាធិបតី Trump រឿង​ជញ្ជាំង​ព្រំដែន​ដែល​ចំណាយ​ថវិកា​ច្រើន និង​គ្មាន​ប្រសិទ្ធភាព​នេះ‍»។

ការិយាល័យ​ផ្នែក​ថវិកា​នៃ​សភា​បាន​ប៉ាន់​ប្រមាណ​ថា ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ៥ សប្ដាហ៍ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​បាត់បង់​ថវិកា​ចំនួន ៣ ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG