ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធ​នាការ​ #ShowMeYourTree ផ្សាយ​​ពី​សារៈ​សំខាន់​នៃ​ធម្មជាតិ និង​តួនាទី​អ្នក​ការពារ​បរិស្ថាន


រូបឯកសារ៖ ទិដ្ឋភាពព្រៃដ៏ក្រាស់នៅក្នុងតំបន់អភិរក្សព្រៃឡង់ ក្នុងប្រទេសកម្ពុជា។ (រូបថតដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា)
រូបឯកសារ៖ ទិដ្ឋភាពព្រៃដ៏ក្រាស់នៅក្នុងតំបន់អភិរក្សព្រៃឡង់ ក្នុងប្រទេសកម្ពុជា។ (រូបថតដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា)

យុទ្ធនាការ​ឌីជីថល​ #ShowMeYourTree ​ដែល​ចូលរួម​ដោយអ្នក​ផលិត​មាតិកា​ទាក់ទង​នឹង​កិច្ច​ការពារ​បរិស្ថាន​ កំពុង​ធ្វើ​ឡើងដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ធម្មជាតិ និង​តួនាទី​របស់​អ្នក​ការពារ​បរិស្ថាន។

យុទ្ធនាការ #ShowMeYourTree ឬ​មានន័យ​ថា​ បង្ហាញ​ដើមឈើ​របស់​អ្នក​ ធ្វើ​ឡើងតាម​រយៈ​ការ​បង្កើតមាតិកាក្នុង​បណ្តាញ​សង្គម​របស់​អ្នក​ធ្វើ​វីដេអូ​ដំណើរ​កម្សាន្ត ​និង​អ្នក​បង្កើត​មាតិកា​បរិស្ថាន​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ​ពិសេស​ពីស្រទាប់​យុវ​ជន។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​យុទ្ធនាការ​បរិស្ថាន​ #ShowMeYourTree ចេញនៅ​ថ្ងៃ​ទី២៦ ខែតុលា​ ឆ្នាំ​២០២៣។

អ្នក​ស្រី​ ឱក ​សុចិន្តា ​អ្នក​សម្រប​សម្រួល​យុទ្ធនាការ​ #ShowMeYourTree​ នៅ​កម្ពុជា​លើក​ឡើង​ថា​ យុទ្ធនាការ​នេះគាំទ្រ​ដោយ​ Pulitzer Center ដែល​ជា​អង្គការ​គាំទ្រ​វិស័យ​សារ​ព័ត៌​មាន ក្នុង​ការ​អប់​រំ ​និង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​សម្បត្តិ​ធម្មជាតិ​ រួម​មាន​ជីវ​ចម្រុះ​ព្រៃ​ឈើ ​និង​ទេសភាព​ជា​ដើម។

អ្នក​ស្រី​បន្ថែម​ថា​ Pulitzer Center ​ជា​អ្នក​ផ្តួច​ផ្តើម​ និង​គាំទ្រ​ហើយ​បាន​រៀប​ចំ​យុទ្ធនាការ​នេះ​ឡើង​តាំង​ពី​ឆ្នាំ​២០២២​មក​ ក្នុង​នោះ​មាន​ការ​តាំង​ពិព័រណ៍​ពីបណ្ដា​ប្រទេស​កម្ពុជា ​ថៃ ​និង​មីយ៉ាន់ម៉ា​។​ សម្រាប់ឆ្នាំ​នេះ​ យុទ្ធនាការ ​#ShowMeYourTree​ ធ្វើ​ឡើង​តាម​រយៈអនឡាញនៅ​កម្ពុជា​ និង​មី​យ៉ាន់ម៉ា​ ចាប់​ពី​ដើម​ខែតុលា និង​បញ្ចប់​នៅ​ចុង​ខែវិច្ឆិកា ឆ្នាំ​២០២៣​ ដោយ​មានការ​ប្រកួត​ថត​រូប​ ឬ​វីដេអូ​ពី​សំណាក់​អ្នក​ដែល​ចង់​ចូល​រួម​ផ្សព្វផ្សាយ​ពី​ធម្មជាតិ​។

អ្នក​ស្រី​ថ្លែង​ថា​៖ «គោល​បំណង​របស់​យើង​ហ្នឹង ​គឺ​យើង​ចង់​ឱ្យ​មនុស្ស​ចាប់​ផ្ដើម​នឹក​ឃើញ​វិញ​ថា ​យើង​ជា​មនុស្សមាន​ភាព​ស្និទ្ធ​ស្នាល​ ​ហើយ​ទាក់​ទង​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ធម្មជាតិ​។​ យើង​ត្រូវ​ការ​ធម្មជាតិ​ ហើយ​ធម្មជាតិ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​សម្រាប់​យើង»។

យុទ្ធនាការ​នេះ​មាន​ការចូលរួម​ពីអ្នក​មាន​ឥទ្ធិពល​ក្នុង​បណ្ដាញ​សង្គម (Influencers) ​ចំនួន​៦​រូប ​ដែល​មាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះថា Zerow Jomnot Explore ដៃគូ-Explore នារីចល័តចរ ដានជើង និងពនេចរ។ ពួកគេបាន​ប្រើ​ពាក្យ​ «សាកថ្ម​ជីវិត»​ ដោយ​ពួក​គេ​ជឿ​ថា ​អាច​មាន​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​តាម​តំបន់​អេកូ​ទេសចរណ៍​នានា។

អ្នក​ស្រី​ អ៊ុំ ​សុភ័ក្រ ​អ្នក​ផលិត​មាតិកា​លើ​បណ្តាញ​សង្គម​ទាក់​ទង​នឹង​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ ដែល​មានទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ថា​ «ដៃគូ-Explore» ​និយាយថា ​ព្រៃ​ឈើ​ពិត​ជា​សំខាន់​សម្រាប់​ការ​រស់​នៅ​របស់​មនុស្ស​ ហើយ​យុទ្ធនាការ​នេះ​បាន​ជំរុញ​ឱ្យ​អ្នក​ស្រី​ផ្សារ​ភ្ជាប់​ជីវិត​ទៅ​នឹង​ធម្មជាតិ។

អ្នក​ស្រី​ថ្លែង​ថា៖​ «​ព្រៃ​ឈើ​ ធម្មជាតិ​ ហើយ​ជីវៈ​ចម្រុះគឺ​ពិត​ជាសំខាន់​សម្រាប់​ការ​រស់​នៅ នៅ​លើ​ផែន​ដី​យើង ព្រោះ​វា​គឺ​ជា​ផ្នែក​មួយ​ដែល​ជួយ​ឱ្យ​យើង​អាច​រស់​នៅ​លើ​ផែន​ដី​ហ្នឹង​បាន»​។

អ្នក​ផលិត​មាតិកា​រូប​នេះ​បន្ថែម​ថា​ ដោយ​សារ​អ្នកស្រី​ចូល​ចិត្ត​បង្កើត​មាតិកា​ផ្សព្វ​ផ្សាយ​ ទើប​ជំរុញ​ចិត្ត​ឱ្យ​ចូល​រួម​ជា​មួយ​នឹង​យុទ្ធនាការ​បរិស្ថាន​មួយ​នេះដើម្បី​ផ្សព្វ​ផ្សាយ​អំពី​ធម្មជាតិ​ ព្រៃ​ឈើ​ និង​ជីវៈ​ចម្រុះ ឱ្យ​មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន​ទៅ​កាន់​មហាជន​។

តាម​របាយ​ការណ៍​របស់​ Pulitzer Center ដែល​ចុះ​ផ្សាយ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០២២​ជា​ភាសា​អង់​គ្លេស​បង្ហាញ​ថា​៖​ «ព្រៃ​ទឹក​ភ្លៀង​កម្ពុជា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ព្រៃ​អាម៉ាហ្សូន​នៃ​អាស៊ី​អាគ្នេយ៍​ ព្រោះ​វា​មាន​សមត្ថភាព​ក្នុង​ការ​ស្រូប​យក​ឧស្ម័ន​កាបូនិក​ និង​គ្រប់​គ្រង​លំ​ហូរ​នៃ​ទន្លេ​មេគង្គ។ ប៉ុន្តែ​សួត​បៃ​តង​នេះ​កំពុង​រលាយ​បាត់​ក្នុង​អត្រា​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ចាប់​តាំង​ពី​ឆ្នាំ២០១១​មក​ ដែល​កម្ពុជា​បាន​បាត់​បង់​ព្រៃ​ឈើ​ជាង​ពាក់​កណ្តាល​ ហើយ​ជា​កំណត់​ត្រា​ដ៏​អាក្រក់​បំផុត​ក្នុង​ពិភព​លោក»។

លោក​ ហេង​ គឹម​ហុង​ ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវ​ជន​កម្ពុជា ​ហៅ​កាត់​ថា ​CYN ​ប្រាប់​វីអូអេថា ​ការ​ផ្សព្វ​ផ្សាយ​ពី​បរិស្ថាន​តាម​រយៈ​យុទ្ធនា​ការ​នេះ​គឺ​ជា​រឿង​ល្អ​ប្រសើរ​។ ​ប៉ុន្តែ​លោកថា​ ប្រសិន​បើមាន​តែ​យន្ត​ការ​អប់​រំ​ផ្សព្វផ្សាយ ប៉ុន្តែ​គោល​នយោបាយ​ច្បាប់​មិន​បាន​អនុវត្ត​ដោយ​ហ្មត់​ចត់​ នោះ​ស្ថាន​ភាព​ព្រៃ​ឈើ​នៅ​តាម​តំបន់​អភិរក្ស​ និង​តំបន់​មួយ​ចំនួន​ទៀត​ នៅ​តែ​បន្ត​រង​ការ​កាប់​បំផ្លាញ​ និង​ជួញ​ដូរ​ទៅ​ក្រៅ​ប្រទេស​។

លោក​ថ្លែង​ថា​៖ «​មិន​ត្រឹម​តែ​ជា​ការ​ចូល​រួម​បែប​នេះ​ទេ ​អ្វី​ដែល​ខ្ញុំ​ជំរុញ​ដែរ ​គឺ​រដ្ឋា​ភិ​បាល​ និង​ក្រសួង​បរិស្ថាន​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ​រួម​មាន​អង្គការ​សង្គម​ស៊ីវិល​ សហគមន៍​មូល​ដ្ឋាន​ដែល​ធ្លាប់​តែ​ត្រូវ​បាន​រា​រាំង​ គំរាម​គំហែង​ ឬ​ក៏​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​ ដើម្បី​ចូល​រួម​ល្បាត​ការ​ពារ​ និង​ទប់​ស្កាត់​បទ​ល្មើស​ហ្នឹង​ ក៏​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​គាត់​ដែរ​ បាទ!»។

លោក​បន្ថែម​ថា ​ក្រសួង​បរិស្ថាន ​ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់ ​និង​នេ​សាទ​ រដ្ឋ​បាល​ព្រៃ​ឈើ ​និង​អាជ្ញាធរ​ជំនាញ​ គួរ​តែ​ដាក់​ចេញ​នូវ​វិធាន​ការបង្រ្កាប​បទ​ល្មើស​កាប់​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា​ ដើម្បី​ពល​រដ្ឋ​មាន​ជំនឿ​ទុក​ចិត្ត​ និង​កំណើន​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មាន​ការ​ថយ​ចុះ​។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីរដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត និង​អ្នកនាំពាក្យ​ លោក ផៃ ប៊ុនឈឿន បាន​ទេ​ ទាំង​តាម​ទូរស័ព្ទ និង​បណ្តាញ​សង្គម​តេឡេ​ក្រាម​។

យោង​តាម​របាយ​ការណ៍​របស់​អ្នក​ឃ្លាំ​មើល​ព្រៃ​ឈើ​សកល​ ឬ ​Global Forest Watch ​រកឃើញ​ថា ព្រៃ​មូសុង​ និង​ព្រៃ​កោង​កាង​នៅ​ភាគ​ខាង​ត្បូង​កម្ពុជា​ទំហំ៨​សែន​ហិកតា​ ជា​ព្រៃ​ដែល​ធំ​ជាង​គេ​ទី​ពីរ​នៅ​អាស៊ី​អាគ្នេយ៍ ​និង​ជា​ជម្រកសត្វ​ផុត​ពូជ​យ៉ាង​ហោច​ណាស់៦០​ប្រភេទ​ ដូច​ជា​ដំរី​អាស៊ី​ និង​ខ្លាឃ្មុំ​ជាដើម​។ របាយការណ៍​នោះ​បន្ថែម​ថា ​ព្រៃ​ឈើ​នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​ការ​កាប់​បំផ្លាញ​ ខណៈ​ផ្ទៃ​ដី​ជាង​ ១​សែន​៤ម៉ឺន​៨ពាន់​ហិកតា​ ឬ​៨,៦​ភាគ​រយ​នៃ​ព្រៃឈើ​ដែល​គ្រប​ដណ្តប់​ត្រូវ​បាន​បាត់​បង់​នៅ​ចន្លោះ​ឆ្នាំ​២០០១ ​និង​២០១៩៕

XS
SM
MD
LG