ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សាកល្បង​បច្ចេកវិទ្យា 5G ដំបូង​ជាមួយ​ក្រុមហ៊ុន Huawei


ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ក្រុមហ៊ុន​ទូរគមនាគមន៍​នាំមុខ​មួយ​នៅ​កម្ពុជា បាន​ដាក់​តាំង​បង្ហាញ​សាកល្បង​ជា​សាធារណៈ​លើក​ដំបូង​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) ជាមួយនឹង​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Huawei។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក បាន​សម្តែង​ក្តីបារម្ភ​អំពី​បញ្ហា​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធើណិត​តាម​រយៈ​ប្រព័ន្ធ 5G នេះ។

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​នាំមុខ​មួយ​នៅ​កម្ពុជា​ គឺ​ក្រុមហ៊ុន​ស្មាត(Smart)​បាន​បង្ហាញ​ការ​សាក​ល្បង​ប្រព័ន្ធ​បណ្ដាញ​បច្ចេកវិទ្យា​ទូរគមនាគមន៍ជំនាន់​ទី៥ ​ឬ 5G​ ​របស់​ខ្លួន​ជា​សាធារណៈ​នៅ​ថ្ងៃច័ន្ទ​នេះ ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ ​និង​បណ្ដា​ប្រទេស​មួយចំនួន​ទៀត​បាន​សម្តែង​ការ​ព្រួយបារម្ភ​ផ្នែក​សុវត្ថិភាព​នៃ​បច្ចេកវិទ្យា​ជំនាន់​ថ្មី​នេះ។

ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ការដាក់​បង្ហាញ​ការសាកល្បង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥ (5G) នៅ​ឯទីតាំង​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ការ​សាក​ល្បងអ៊ីនធើណិតជំនាន់​ទី៥​នេះ​ធ្វើឡើង​នៅក្នុងទីស្នាក់ការ​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មក​ពី​ប្រទេស​ចិន។​

​លោក​ ​Thomas​ ​Hundt​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​បាន​លើកឡើង​ថា​ការសាកល្បង​នូវ​ប្រព័ន្ធ​អ៊ីនធើណិត 5G នៅ​ថ្ងៃនេះ​បង្ហាញ​ពី​ការ​វិវត្ត​ជឿនលឿន​ផ្នែក​ ​ឧស្សាហកម្ម​ ​និង​សេដ្ឋកិច្ច​ ​ហើយ​លោក​ថា ​ក្រុមហ៊ុន​លោក​គ្រោង​នឹង​បោះទុន​វិនិយោគ​ប្រាក់​រាប់​រយ​លាន​ដុល្លារ​លើ​បណ្ដាញ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥​នេះ។​

​«ថ្ងៃនេះ​វា​គ្រាន់តែ​ជា​ការ​ដាក់​បង្ហាញ​សាកល្បង​ប៉ុណ្ណោះ។​ យើង​មិនមែន​ដាក់​សម្ភោ​ធ​ការប្រើ​ប្រាស់​បែប​ពាណិជ្ជកម្ម​ជាទូទៅ​នៅ​ឡើយ​ទេ​ ​គឺ​មិនទាន់​ទេ​។​ ​តែ​វា​ពិតជា​អាច​ទៅរួច​សម្រាប់​កម្ពុជា។​ យើង​ជម្រុញយ៉ាង​ជាក់ច្បាស់​ដល់​រដ្ឋាភិបាល​ឱ្យធ្វើ​វា​ឱ្យ​ចេញ​ឡើង​ ​ជាមួយ​នឹង​កិច្ច​សហការ​ជាមួយ​ក្រុម​សហគ្រាស​ ​និង​ដាក់​កម្ពុជា​ឱ្យ​ដើរ​ក្នុង​ចំណោម​គេ​ ​និង​ក្លាយជា​ប្រទេស​អាស៊ាន​ដំបូង​គេ​ ​ដែល​មាន​អ៊ីនធើណិត 5G សម្រាប់​ប្រើប្រាស់»។​

​ក្នុង​ការសាកល្បង​នៅ​ប្រព័ន្ធ​អ៊ីនធើណិត​ជំនាន់​ទី៥នេះ​ ​មានការ​បង្ហាញ​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដែល​មាន​ទំហំ​មួយ​ជី​ហ្គា​បៃ​ ​ត្រឹមតែ២០វិនាទី​ប៉ុណ្ណោះ។​ ក្រៅពីនោះ​ក៏​មានការ​បង្ហាញ​ពី​ការប្រើ​ប្រាស់​អ៊ីនធើណិត​ជំនាន់​ទី៤និង​ទី៥ឬ​ ​អ៊ីនធើណិត​ 4G និង 5G ក្នុង​ពេល​តែមួយ។​ ការប្រើ​ប្រាស់​នោះ​បង្ហាញ​ថា អ៊ីនធើណិត​ជំនាន់​ទី៥មាន​ល្បឿន​លឿន​និង​រហ័ស​ជាង។​

​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​មាន​អ្នកប្រើ​ប្រាស់​ប្រមាណ​៨លាន​នាក់។​ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា​សរុប១៦លាន​នាក់។​ តួលេខ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ខ្មែរ​ចំនួន​ស៊ីមកាត​ដែល​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ ​២០.៤លាន​កាត​ ​និង​គណនី​ត​ភ្ជាប់​អ៊ីនធើណិត​មាន​ ​១៥.៤លាន​គណនី។​

​លោក​ ​Thomas​ ​Hundt​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​Smart​ ​Axiata​ ​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​លោក​នឹង​ធ្វើឲ្យ​ប្រាកដ​ដើម្បី​ឈាន​ទៅដល់​ការ​ដាក់ឲ្យ​ប្រើ​ប្រាស់​ប្រពន្ធ័​អ៊ីនធើណិត​ជំនាន់​ទី៥នៅ​ក្នុង​អនាគត​ដ៏​ខ្លី​នេះ។​

​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ទៅកាន់​ទីក្រុង​ប៉េកាំង​កាលពី​ចុងខែ​មេសា​ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​មួយ​ជាមួយ​ក្រុមហ៊ុន​ ​Huawei​ ​ដើម្បី​បើកផ្លូវ​ឱ្យ​សាជីវកម្ម​ខ្នាត​ធំ​របស់​ចិន​មួយ​នេះ​ជួយ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​នៃ​បច្ចេកវិទ្យា​ទូរគមនាគមន៍​5Gនេះ​នៅ​កម្ពុជា​ ​ខណៈ​ដែល​ការ​ប្រកួត​ប្រជែង​ជា​សាកល​លើ​បច្ចេកវិទ្យា​ទូរគមនាគមន៍​5G​នេះ​កំពុង​មាន​ការ​កើន​ឡើង។​

​សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​បាន​ដាស់តឿន​បណ្ដា​ប្រទេស​ក្នុង​សកលលោក​ឱ្យ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ចាប់ដៃ​គូក​សាង​បណ្ដាញ​អ៊ីនធើណិត​ជំនាន់​ថ្មី​លឿន​រហ័ស​នេះ​ ​ជាមួយ​នឹង​ក្រុមហ៊ុន​ ​Huawei​ ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ ​បាន​ព្យាយាម​ទាញ​ភ្ជាប់​ថា​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ ​នឹង​រដ្ឋាភិបាល​ចិន​កុម្មុយនីស្ដ​ ​និង​ស្ថាប័ន​យោធា​និង​ចារកម្ម​របស់​ខ្លួន។​

​កាសែត​ ​Daily​ ​Telegraph​ ​របស់​អង់គ្លេស​ ​កាលពី​សប្ដាហ៍​កន្លងទៅ​បាន​ចេញផ្សាយ​ទិន្នន័យ​ឯកសារ​ធនធានមនុស្ស​របស់ ​Huawei​ ហើយ​រក​ឃើញថា​ បណ្ដា​បុគ្គលិក​មួយ​ចំនួន​ដែល​បម្រើការ​ឱ្យ​ក្រុមហ៊ុន​នេះ​ ​មានការ​ងារ​នៅក្នុង​ជួរ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ​ក្រសួង​សន្តិសុខ​រដ្ឋ​ ដែល​ជា​មន្ទីរ​ចារកម្ម​ធំ​បំផុត​របស់​ចិន​ ​និង​ខ្លះទៀត​ធ្លាប់​ជាប់​ពាក់​ព័ន្ធ​នឹង​អង្គភាព​ដែល​មាន​ប្រវត្តិ​ធ្លាប់​វាយប្រហារ​តាម​អ៊ីនធើណិត​លើ​សហរដ្ឋ​អាមេរិក​ថែម​ទៀត​ផង​។​

​ជានិច្ច​កាល​ក្រុមហ៊ុន​ ​Huawei​ ​បាន​បដិសេធ​ជា​ហូរហែរ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន​ ​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។​

​លោកស្រី​ ​Emily​ ​Zeeberg​ ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ័​នេះ​ដោយ​បាន​សម្តែង​ពី​កង្វល់​ផ្នែក​សន្តិសុខ​តាម​ប្រពន្ធ័​អ៊ីនធើណិត​តាម​រយៈ​ប្រពន្ធ័ 5G នេះ។​ អ្នកស្រី​បាន​ប្រាប់VOA​ ​តាម​សារ​អេឡិចត្រូនិក​ ​ជា​លាយលក្ខណ៍​អក្សរ​ដែល​មានន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

​«​វា​សំខាន់ណាស់​សម្រាប់​សម្ព័ន្ធ​មិត្ត​និង​ប្រទេស​ដៃគូ​របស់​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​រក្សា​ឱ្យ​បាន​នូវ​បណ្ដាញ​ព័ត៌មាន​ ​និង​គមនាគមន៍​មួយ​ដែល​ប្រកប​ដោយ​សន្តិសុខ​ ​និង​ជឿ​ទុកចិត្ត​បាន។​ យើង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ឥទ្ធិពល​របស់​ចិន​ទៅលើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំងអស់​នេះ​ ​ហើយ​យើង​បាន​ពិភាក្សា​ក្ដី​បារម្ភ​ទាំង​ឡាយយ៉ាង​ទៀងទាត់​ ​ជាមួយ​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត​ ​និង​ដៃគូ​របស់​យើង​ ​ដែល​រួមមាន​សម្ព័ន្ធ​អូតង់​របស់​យើង​ផង​ដែរ។​ ​ជាមួយនឹង​ក្ដី​បារម្ភ​នេះ​ ​យើង​មិន​នៅ​ដាច់​ដោយ​ឯកឯង​ទេ»។

​មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​រូប​នេះ​បាន​បន្ថែម​ថា៖​

​«សហរដ្ឋអាមេរិក​ធ្វើការ​តស៊ូ​មតិ​ធានា​ឱ្យ​បាន​នូវ​បណ្ដាញ​ទូរគមនាគមន៍​ ​និង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​ប្រកប​ដោយ​សន្តិសុខ​ ​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​នៃ​ការ​ឈ្លប​ចូល​ដោយ​មិន​មានការ​អនុញ្ញាត​ ​និង​សកម្មភាព​លើ​បណ្ដាញ​ដែល​មាន​ចរឹត​បង្ក​មហន្តរាយ។ ​រដ្ឋាភិបាល​ណា​ក៏​ដោយ​ត្រូវ​តែ​ចាត់​ដើរ​នូវ​ជំហាន​សមស្រប​ក្នុង​ពេល​ឥឡូវ​នេះ​ដើម្បី​ធានា​ឱ្យ​មាន​បណ្ដាញ 5G ដែល​ប្រកប​ដោយ​សន្តិសុខ​នៅ​ថ្ងៃស្អែក»។​

​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធើណិត​ជំនាន់​ទី៣ ឬ 3G​ ​មក​ប្រើ​ប្រាស់​អ៊ីនធើណិត​ជំនាន់​ទី៤ដែល​មាន​ល្បឿន​លឿន​ជាង​មុន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​ក៏ប៉ុន្តែ​បើ​យោង​តាម​លោក​ ​ម៉ូវ​ ​ចរិយា​ ​ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា​ ការប្រើ​ប្រាស់​អ៊ីនធើណិត​ជំនាន់​ទី៤នៅ​កម្ពុជា​ទើបតែ​អនុវត្ត​បាន​៥០ភាគរយ​តែ​ប៉ុណ្ណោះ។​

​លោក​ ​ម៉ូវ​ ​ចរិយា​ ​បញ្ជាក់​បន្ថែម​ថា​ ​ការ​ឈាន​ទៅ​ចាប់​យក​ ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥​ ​កំពុង​ស្ថិត​ក្នុង​ការសិក្សា​ ​និង​ស្ទាបស្ទង់​នៅឡើយ​សម្រាប់​កម្ពុជា​ ​ហើយ​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​ZTE​ ​របស់​ចិន​ ​និង​ក្រុមហ៊ុន​ ​Nokia​ ​របស់​ហ្វាំងឡង់​ក៏​កំពុង​សិក្សា​លទ្ធភាព​ជួយ​ពង្រីក​បណ្ដាញ 5G នៅ​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG