ស.រ.អា.កំពុងមានបញ្ហានៅក្រោយការស្ទាក់វាយប្រហារដោយអ្នកលួចបាញ់ដែលបានបណ្តាលឱ្យប៉ូលិស៥នាក់ស្លាប់និងធ្វើឱ្យប៉ូលិស៧នាក់ទៀតត្រូវរបួសកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងក្រុង Dallas។
ពួកប៉ូលិសទាំងនេះបានផ្តល់កិច្ចការពារសន្តិសុខដល់ការធ្វើបាតុកម្មមួយដោយសន្តិវិធីដែលអំពាវនាវឱ្យមានឡើងនៅក្រោយបុរសអាមេរិកាំងដើមកំណើតអាហ្វ្រិក២នាក់ ត្រូវបានសម្លាប់ដោយប៉ូលិសនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នាក្នុងសប្តាហ៍នេះ។
មានប្រតិកម្មប្រកបដោយការរំភើបចិត្តពីសំណាក់ពួកមេដឹកនាំនយោបាយដោយពួកប្រជាធិបតេយ្យនិងពួកសាធារណរដ្ឋអំពាវនាវឱ្យមានការផ្សះផ្សានិងឯកភាព។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលទើបអញ្ជើញទៅដល់ក្រុងវ៉ាសូវ៊ី ប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងសន្និសីទកំពូលនៃអង្គការអូតង់ មានប្រតិកម្មជាបន្ទាន់ដល់ហេតុការណ៍ច្របូកច្របល់នៅក្នុងប្រទេស ដោយលោកបានមានប្រសាសន៍ថា ក្រុមរបស់លោកបាននិយាយត្រួសៗជម្រាបលោកអំពីភាពវឹកវរទាំងនេះ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «អ្វីដែលយើងដឹងគឺមានការវាយប្រហារមួយដ៍សាហាវដែលមានការគិតទុកជាមុន និងជាការគួរឱ្យស្អប់ខ្ពើម។ ពួកប៉ូលិសនៅក្នុងក្រុង Dallas កំពុងបំពេញកាតព្វកិច្ច គឺធ្វើឱ្យប្រជារាស្ត្រមានសុវត្ថិភាពនៅក្នុងការធ្វើបាតុកម្មដោយសន្តិវិធី»។
លោកប្រធានាធិបតីបានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំនិយាយសម្រាប់ជនជាតិអាមេរិកាំងម្នាក់ៗ ខ្ញុំមានជំនឿថា នៅពេលខ្ញុំនិយាយថាយើងមានការរន្ធត់អំពីហេតុការណ៍ទាំងនេះ យើងត្រូវរួបរួមគ្នាជាមួយប្រជារាស្ត្រនិងពួកប៉ូលិសនៅក្នុងក្រុង Dallas»។
នៅឯវិមានសភា Capitol ស.រ.អា.វិញ លោក Paul Ryan ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងខាងគណបក្សសាធារណរដ្ឋញ័រខ្លួនដោយលោកបានដាក់ដៃនៅនឹងមាត់លោក នៅមុនលោកមានប្រសាសន៍នៅលើវេទិកាសភាតំណាងរាស្ត្រថា៖ «យើងទាំងអស់គ្នាស្រឡាំងកាំងដោយសារហេតុការណ៍កាលពីយប់មិញនៅក្នុងក្រុង Dallas។ យើងទាំងអស់គ្នាខឹងសំបារយ៉ាងខ្លាំង។ ការវាយប្រហារមួយទៅលើពួកជនដែលការពារយើង ជាការវាយប្រហារទៅលើយើងទាំងអស់គ្នា។ សមានចិត្តរបស់យើងមានដល់មន្ទីរប៉ូលិសក្រុង Dallas។ សមានចិត្តរបស់យើងមានដល់ពួកជនរងគ្រោះ ហើយជាពិសេសមានដល់ពួកជនជាទីស្រឡាញ់របស់ពួកគេ។ ពួកគេពាក់បណ្ណបង្ហាញអត្តសញ្ញាណដែរ។ ខ្ញុំដឹងថា ការដែលជាប្រពន្ធប៉ូលិសឬជាប្តីប៉ូលិសគឺត្រូវតែប្រុងប្រៀបសម្រាប់ស្ថានភាពអាក្រក់បំផុត ក៏ប៉ុន្តែតើនរណាអាចប្រមើលមើលសេចក្តីរន្ធត់មួយបែបនេះបាន»។
លោក Ryan បានមានប្រសាសន៍បន្តដោយលោកអំពាវនាវឱ្យមានឯកភាពនៅក្នុងការប្រឈមនឹងការបាញ់ប្រហារញឹកញាប់បែបនេះ៕