សកម្មជនសិទ្ធិមនុស្សចិនល្បីឈ្មោះមួយរូបត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ ឆ្នាំ ពាក់ព័ន្ធនឹងបទចោទប្រកាន់ថាចង់ផ្ដួលរំលំរដ្ឋាភិបាល។
លោក Wu Gan អ្នកសរសេរប្លុក (blog) ដោយប្រើឈ្មោះ «Super Vulgar Butcher» ត្រូវបានកាត់ទោសនៅថ្ងៃអង្គារនេះ នៅក្នុងតុលាការ Tianjin No. 2 Intermediate People's Court ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
លោក Wu Gan ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០១៥ កន្លងទៅនេះ នៅភាគអាគ្នេយ៍ប្រទេសចិន។ លោកត្រូវបានគេស្គាល់ថាជាអ្នករិះគន់អ្នកនយោបាយចិន នៅក្នុងយុទ្ធនាការដ៏យូរមកហើយរបស់លោកក្នុងការប្រឆាំងនឹងអំពើពុករលួយ និងការរំលោភអំណាច។
តុលាការបានសម្រេចថា លោក Wu Gan បានព្យាយាម «ផ្ដួលរំលំរដ្ឋអំណាច និងប្រព័ន្ធសង្គមនិយម» តាមរយៈសកម្មភាពឧក្រិដ្ឋជាច្រើន ដែលក្នុងនោះមានទាំងការផ្សព្វផ្សាយព័ត៌មានមិនពិត និងការរិះគន់មនុស្សនៅលើបណ្ដាញអ៊ីនធឺណិតជាដើម។
លោក Wu Gan គឺជាមនុស្សម្នាក់ក្នុងចំណោមសកម្មជនសិទ្ធិមនុស្ស និងមេធាវីរាប់រយនាក់ ដែលត្រូវបានរដ្ឋាភិបាលចិនបោសសម្អាតនៅក្នុងការបង្ក្រាបទៅលើអ្នកប្រឆាំង។ យុទ្ធនាការបង្ក្រាបរបស់រដ្ឋាភិបាលដែលគេហៅថា «ការបង្ក្រាប ៧០៩» នេះ បានចាប់ផ្ដើមក្នុងទ្រង់ទ្រាយធំកាលពីខែកក្កដា ឆ្នាំ ២០១៥ មក។
មេធាវីរបស់លោក Wu Gan បាននិយាយថា កូនក្ដីរបស់លោកនឹងប្ដឹងទៅឧទ្ធរណ៍។
នៅក្នុងសំណុំរឿងមួយផ្សេងទៀតនៅថ្ងៃអង្គារនេះដែរ តុលាការមួយនៅក្នុងតំបន់ភាគកណ្ដាលប្រទេសចិនបានសម្រេចមិនឲ្យមេធាវីការពារសិទ្ធិមនុស្សលោក Xie Yang ជាប់ពន្ធនាគារ បន្ទាប់ពីបានកាត់ទោសរូបលោកពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានញុះញង់ឲ្យមានការផ្ដួលរំលំរដ្ឋអំណាចមក។ លោក Xie Yang ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៥ និងបានជាប់ឃុំអស់រយៈពេល ២ ឆ្នាំ មុនពេលលោកត្រូវគេដោះលែងឲ្យនៅក្រៅឃុំកាលពីខែឧសភាកន្លងទៅនេះ៕