ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឪពុក​អ្នក​សរសេរ​ប្លុក​សង្ឃឹម​ថា​ប៉ូលិស​អាច​ចាប់​ឃាតក​របាន


កង​កម្លាំង​ Bangladesh’s Rapid Action Battalion ធ្វើ​ដំណើរ​ជាមួយ​ Farabi Shafiur Rahman (រូប​កណ្តាល) ដែល​ជា​ជន​សង្ស័យ​ក្នុង​ឃាតកម្ម​ទៅ​លើ​អ្នក​សរសេរ​ប្លុក​ជនជាតិ​អាមេរិក​ កាលពី​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥។

នៅ​ក្នុង​សប្តាហ៍​ទីពីរ​នៃ​ខែ​មីនា​ក្រុម​ប៉ូលិស​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​ប្រកាស​ផែនការ​ស្វែង​ចាប់​ខ្លួន​ក្រុម​ជ្រុល​និយម​ខាង​សាសនា​ថែម​ទៀត​ដែល​ប្រហែល​បាន​ដឹង​អំពី​ការ​ធ្វើ​ឃាត​កាល​ពី​ខែ​កុម្ភៈ​នៃ​អ្នក​សរសេរ​អត្ថបទ​ក្នុង​បណ្តាញអ៊ិនធឺណិត​សញ្ជាតិ​អាមេរិកាំង​ដើម​កំណើត​បង់ក្លាដែស​ដ៏​ល្បី​ឈ្មោះ​ម្នាក់។

លោក Avijit Roy បាន​ត្រូវ​សម្លាប់​នៅ​ក្នុងការ​វាយ​ប្រហារ​មួយ​ដោយ​កាំបិត​ដង​ខ្លី​ផ្លែ​វែង​នៅ​ក្នុង​ក្រុង​ដាក្កា (Dhaka) កាលពី​ថ្ងៃ​ទី២៦ខែ​កុ​ម្ភៈ​នៅ​ពេល​លោក​ទៅ​លេង​ប្រទេស​នេះ។ ក្រុម​ប៉ូលិសបានចាប់​ខ្លួន​សកម្មជន​អ៊ីស្លាម​ជ្រុល​និយម​ម្នាក់​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ​បាន​គំរាម​កំហែង​លោក​ Roy ​ថា​លោក​នឹង​ត្រូវ​ធ្វើ​ឃាត​នៅ​ពេល​លោក​វិល​ត្រទ្បប់​មក​ប្រទេស​បង់ក្លាដែស។​

ក្រុម​ប៉ូលិស​ក្រុង​ដាក្កា​បាន​និយាយ​កាល​ពី​ស​ប្តាហ៍​ទីពីរ​នៃ​ខែ​មីនា​ថា​ពួក​គេ​បាន​រៀបចំ​ផែនការ​ដើម្បី​ចាប់​ខ្លួន​សកម្មជន​១០​នាក់​ទៀត​ដែល​ប្រហែល​បាន​ញុះញង់​ឱ្យ​មាន​ការ​សម្លាប់​អ្នកសរសេរ​អត្ថបទ​ក្នុង​អ៊ិនធឺណិត​រូបនេះ។​

ក្រុម​អ្នក​ស៊ើបអង្កេត​មួយ​ក្រុម​មក​ពី​ការិយាល័យ​ស៊ើបអង្កេត​ FBI ​របស់​ស.រ.អា.​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បង់ក្លាដែស​កាល​ពី​សប្តាហ៍​ទីមួយ​នៃ​ខែ​មីនា​ដើម្បី​ស៊ើបអង្កេត​អំពី​ការ​សម្លាប់​អ្នក​សរសេរប្លុក​នេះ​ដោយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ក្រុម​ប៉ូលិសក្នុង​មូលដ្ឋាន។

អ្នកស្រី​ Rafida Ahmed ​ដែល​ជា​ភរិយា​លោក​ Roy ​និង​ជា​អ្នកសរសេរ​អត្ថបទ​តាម​អ៊ិនធឺណិត​ដែរ​នោះ​ហើយ​ដែល​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ បាន​និយាយ​ថា​ក្រុម​ប៉ូលិសមិនធ្វើ​សកម្មភាព​ទេ​ទោះ​ណា​ជា​ពួក​គេ​មាន​វត្តមាន​នៅ​នឹង​កន្លែង​កើត​ហេតុ​ក៏ដោយ។​ អ្នកស្រី​ក៏​បាន​និយាយដែរ​ថា​អ្នកស្រី​អាច​បង្ហាញ​មុខ​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​បាន​ប្រសិន​បើ​អ្នកស្រី​ឃើញ​ពួកគេ​ទៀត។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយតាម​ទូរស័ព្ទ​ជាមួយ​វីអូអេ​ លោក Ajoy Roy ​ដែល​ជា​ឪពុកលោក​ Avijit Roy ​ដែល​ជា​សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ចូល​និវត្តន៍​បាន​និយាយ​ថា​កូន​ប្រុស​លោក​ជា​អ្នក​គោរព​ទឹ្រស្តី​មនុស្ស​និយម (Humanism) ​ម្នាក់​មិន​យក​សាសនា​ជា​ធំ​ហើយ​បាន​ត្រូវ​ធ្វើ​ឃាត​ដោយ​ក្រុម​អ្នក​កាន់​សាសនា​អ៊ីស្លាម​និយម​ដោយ​សារ​អត្ថបទ​ដែល​លោក​សរសេរ។​

លោក​ Ajoy Roy ​បាន​និយាយ​ថា «ការ​គំរាម​កំហែង​ដល់​ជីវិត​ពី​ក្រុម​ជ្រុលនិយម​ខាង​សាសនា​ទាំង​នោះ​នៅ​ក្នុង​ហ្វេសបុក ​និង​តាម​អ៊ីម៉ែល​បញ្ជាក់​ថា​ពួក​គេ​ខឹង​សំបារ​នឹង​អត្ថបទ​ដែល​ Avijit ​សរសេរ។​ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា​ពួកគេ​បាន​តាម​ឃ្លាំ​មើល​ Avijit។ ពួក​គេ​មាន​ឱកាស​នៅ​ពេល​នេះ​ហើយ​ក៏​បាន​សម្លាប់​ Avijit ទៅ‍»។

ពីរ​ថ្ងៃ​ក្រោយការ​ធ្វើឃាត​កូន​ប្រុស​គាត់ លោក Ajoy Roy ​បាន​និយាយ​ថា​លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​មួយ​ពី​លោកស្រី​នាយក​រដ្ឋមន្ត្រី​ Sheikh Hasina ​ដែល​បាន​ធានា​រ៉ាប់រង​ប្រាប់​លោក​ថា​ទីភ្នាក់ងារ​លោក​ស្រី​នឹង​ខិតខំប្រឹង​ប្រែង​ខ្លាំង​បំផុត​ដើម្បី​ចាប់​ខ្លួន​ក្រុម​ឃាតក​ទាំង​នេះ។

លោក​ Ajoy Roy ​ដែល​ជា​អតីត​សាស្ត្រាចារ្យ​អាយុ​៨០ឆ្នាំ​បាន​និយាយ​ថា «ដោយ​មាន​ការ​ចូល​រួម​នៃ ក្រុម​ FBI ​ខ្ញុំ​សង្ឃឹម​ថា​ការ​ស៊ើបអង្កេត​នឹង​មាន​ដំណើរការ​ល្អ​ហើយអ្នក​ប្រព្រឹត្តល្មើស​ក្នុង​ឧក្រិដ្ឋកម្ម​នេះ​នឹង​ត្រូវ​នាំ​ខ្លួន​ទ្បើង​តុលាការ‍»។

លោក​ Ajoy Roy ​បាន​និយាយ​ទៀត​ថា​ «Avijit ​ជា​អ្នក​គ្មាន​សាសនា​ទេ។​ នៅ​ក្នុង​សៀវភៅ​និង​អត្ថបទ​ឯ​ទៀតៗ​ដែល​កូន​ខ្ញុំ​សរសេរ​ គេ​បាន​ថ្កោលទោស​វិធី​បដិបត្ត​សាសនា​នៅ​ក្នុង​ពិភពលោក។​ កូន​ខ្ញុំ​ក៏​សរសេរ​ប្រឆាំង​នឹង​ព្រហ្មញ្ញ​សាសនា​ដែរ‍»។

អ្នកប្រើ​ប្រាស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គម​ខ្លះ​ដែល​បាន​តាម​មើល​សកម្មភាព​របស់​លោក​ Avijit Roy ​ដែល​មាន​អាយុ​៤០ឆ្នាំ​តាមបណ្តាញ​អ៊ិនធឺណិត​កត់​សម្គាល់​ថា​អ្នក​សរសេរ​ប្លុក​នេះក៏​មាន​សត្រូវ​ដែរ​ក្នុង​ចំណោម​ក្រុម​សកម្មជន​ក្នុង​ក្រុម​ប្រឆាំង​និង​ពី​គណបក្ស​គ្រប់គ្រង​ប្រទេស​នៅ​ក្នុង​ប្រទេស បង់ក្លាដែស។​ លោក​ Avijit Roy ​ដែល​ចាត់ចែង​ប្លុក​មួយ​មាន​ឈ្មោះ​ថា «Mukto-Mona‍» ​ដែល​មាន​ន័យ​ថា​ផ្នត់​គំនិត​សេរី​ជា​ភាសា​ Bengali ​បាន​ត្រូវ​ស្គាល់​ដោយសារ​ការ​សរសេរ​របស់​លោក​អំពី​ទស្សនវិជ្ជា ​សិទ្ធិមនុស្ស​ និង​ការ​រិះគន់​ដល់​ភាព​ជ្រុល​និយម​ខាង​សាសនា​និង​ដល់​រដ្ឋាភិបាល។ ​អ្នក​សរសេរ​ប្លុក​មិន​ជឿ​សាសនា​នេះ​ក៏​បាន​សរសេរ​អត្ថបទ​ក្នុង​គេហទំព័រ​នៃ «មជ្ឈមណ្ឌល​នៃ​ការ​រុក​រក‍»​ដែល​ភាសា​អង់គ្លេស​ហៅ​ថា «Center for Inquiry» ​ដែល​ជា​អង្គការ​មួយ​ដែល​គេ​ស្គាល់​ថា​បាន​រិះគន់​សាសនា​និង​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ទ្រឹស្តី​មនុស្ស​និយម។

ក្រុម​អ៊ីស្លាម​និយម​ដូចជា​ក្រុម​ Hefazat-e-Islam ​និងក្រុម​ Jammat-e-Islami ​ជា​ដើម​បាន​ចោទ​ប្រកាន់​លោក Avijit Roy ​ថា​ប្រមាថ​មើលងាយ​សាសនា​ដោយ​ថា​លោក​បាន​ប្រមាថ​ព្យាការី​ Muhammad ​និងបង្ខូច​កេរ្តិ៍​ឈ្មោះ​សាសនា​អ៊ីស្លាមនិង​គម្ពីរ​ Quran។​

នៅ​ក្រោយ​ពី​លោក​បាន​ចេញ​ផ្សាយ​សៀវភៅ​មួយ​របស់​លោក​ដែល​លក់​ដាច់​ច្រើន​កាល​ពី​ឆ្នាំ២០១៤​ស្តី​ពី​ភាព​ប្រកាន់​ជ្រុល​តាម​គម្ពីរ​សាសនា​មាន​ចំណង​ជើងថា​ «វីរុស​នៃ​ជំនឿ​សាសនា‍»​ លោក​បាន​ចាប់​ផ្តើម​ទទួល​ការ​គំរាម​កំហែង​តាម​អ៊ិនធឺណិត​ពី​ក្រុមអ៊ីស្លាម​និយម។

កាល​ពី​ឆ្នាំទៅ​មិញ​ បណ្ណាគារ​មួយ​លក់​សៀវភៅ​តាមអ៊ិនធឺណិត​បាន​ឈប់​លក់​សៀវភៅ​របស់​លោក​ Avijit Roy ​នៅ​ក្រោយពី​បាន​ទទួល​ការគំរាម​កំហែង​ដល់​ជីវិត​តាមហ្វេសបុក​របស់​ខ្លួន។​ នៅ​ក្នុង​ឆ្នាំ២០១៤​ដែរ​ Shafiur Rahman Farabi អ្នក​អ៊ីស្លាម​និយម​ម្នាក់​នៅ​ក្នុង​ប្រទេស បង់ក្លាដែស ​បានសរសេរ​នៅ​ក្នុង​ហ្វេសបុក​ថា ​«Avijit Roy ​រស់​នៅ​ក្នុងប្រទេស​អាមេរិក ​ដូច្នេះ​មិន​អាច​សម្លាប់​គាត់​បាន​ទេ​នៅ​ពេល​នេះ។​ គាត់​នឹង​ត្រូវ​សម្លាប់​នៅ​ពេល​គាត់​វិលត្រទ្បប់​មកវិញ‍»។

Farabi ​បាន​ត្រូវ​ចាប់​ខ្លួន​ថាជា​ជន​ជាប់​សង្ស័យ​នៅ​ក្នុង​ការធ្វើឃាត​លោក Rajib Haider​ ដែល​ជា​អ្នក​សរសេរ​ប្លុក​កាល​ពី​ឆ្នាំ២០១៣។ គាត់​ក៏​បាន​គំរាម​កំហែង​ដល់​ Imam ​ណា​ដែល​ដឹកនាំ​ការ​សូត្រ​ធម៌​ក្នុង​ពិធី​បុណ្យ​សព​អ្នក​សរសេរប្លុកដែល​បាន​ត្រូវ​សម្លាប់​នេះ។ ​នៅ​ពេល​បន្ទាប់​មក​គាត់​បាន​ត្រូវ​ដោះលែង​ដោយ​បាន​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ។

ក្រុម​ប៉ូលិស​សង្ស័យ​ថា​ Farabi ​និង​ក្រុម​សកម្មជន​លម្អៀង​ទៅ​ខាង​អ៊ីស្លាម​និយម​ដប់​នាក់​ទៀតប្រហែល​បាន​ញុះញង់​ឱ្យមាន​ការ​ធ្វើ​ឃាត​កាល​ពី​ពេល​ថ្មី​បំផុត​នេះ។​ Farabi ​បាន​ត្រូវចាប់ខ្លួន​ដោយ​មាន​ទាក់ទិន​នឹង​ឃាតកម្ម​នេះ ​ក៏​ប៉ុន្តែ​គាត់​បាន​និយាយ​ប្រាប់ប៉ូលិសថា​គាត់​មិន​បានវាយ​ប្រហារ​លោក​ Roy​ កាលពី​ថ្ងៃទី២៦​ខែកុម្ភៈ​ទេ។ ​ក្រុម​ប៉ូលិស​សង្ឃឹម​ថា​នឹង​ចាប់​ខ្លួន​សកម្មជន​ឯទៀតៗ​ក្នុង​ពេល​ឆាប់ៗ​នេះ។​

កាល​ពី​ខែ​វិច្ឆិកា​ នៅ​ក្នុង​អត្ថ​បទបញ្ចេញ​មតិ​មួយ​ក្នុង​គេហទំព័រ ​bbnews24.com ដែល​ជា​គេហទំព័រ​ខាង​ព័ត៌មាន​មួយ​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស ​លោក​ Avijit Roy ​បាន​រិះគន់​ក្រុម​ Hindu ​ជ្រុល​និយម​អំពី​ជំនឿ​ពួក​គេ​ថា​ទ្រឹស្តី​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​ជា​ច្រើន​មាន​ដើម​កំណើត​នៅ​ក្នុង​គម្ពីរ​វេទ​បូរាណ​របស់​សាសនា​ Hindu។

លោក​ក៏​បាន​រិះគន់​ដែរ​ដល់​គណបក្ស​ Awami League​ គ្រប់គ្រង​ប្រទេស​បង់ក្លាដែស​ និង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកស្រី​ Hasina ​អំពី​បញ្ហា​មួយ​ចំនួន។​

គេ​បាន​ឃើញ​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​មួយ​ចំនួន​ប្រឆាំង​នឹង​ក្រុម​អ្នក​សរសេរ​ប្លុក​មិន​ជឿ​សាសនា​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

កាល​ពី​ឆ្នាំ២០០៤​ លោក​ Humayun Azad ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ដាក្កា​ដែល​គេ​ស្គាល់​លោក​ដោយ​សារ​អត្ថបទ​ដែល​លោក​សរសេរ​មានភាព​សេរីនិយម​និង​មិន​យក​សាសនា​ជា​ធំ​បាន​ត្រូវ​វាយ​ប្រហារ​ដោយ​ត្រូវ​កាប់​រហូត​ដល់​ស្លាប់​ដោយ​ជន​សកម្មប្រយុទ្ធ។ ​លោក​បាន​ស្លាប់​នៅ​ពេល​បន្ទាប់​នៅ​ពេល​លោក​ទទួល​ការ​ព្យាបាល​ក្នុង​ប្រទេស​អាល្លឺម៉ង់។​

ក្នុង​ឆ្នាំ២០១៣ លោក​ Asif Mohiuddin​ អ្នក​សរសេរ​ប្លុក​បាន​ត្រូវ​ចាក់​ក្នុង​ក្រុង​ដាក្កា ​ក៏​ប៉ុន្តែ​លោក​បាន​នៅ​រស់​ពី​ការ​វាយ​ប្រហារ​នេះ។ ​នៅ​ក្នុង​ឆ្នាំ​នោះ​ដែរ​ បុរស​ខ្លះ​ដែល​ខឹង​សំបារ​នឹង​ប្លុក​របស់​លោក​ Rajib Haider ​បានសម្លាប់​លោក​នៅ​ក្នុង​ក្រុង​ដាក្កា។​

នៅ​ក្នុង​ករណី​ឃាតកម្ម​ទាំង​បី​នេះ​ គ្មានអ្នក​វាយ​ប្រហារ​ណា​ម្នាក់​ដែលគេ​ស្គាល់​អត្តសញ្ញាណ​បានត្រូវ​ជាប់​ឃុំឃាំង​ទេ៕

ប្រែសម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG