ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វល់​រួមគ្នា​ទាក់ទិន​នឹង​ចិន​ធ្វើ​ឱ្យ​អាមេរិក​និង​ឥណ្ឌា​សហការ​គ្នា ទោះបីជា​មាន​ការខ្វែង​គំនិត​គ្នា​អំពី​រុស្ស៊ី


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

ខណៈ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បង្ក​សង្គ្រាម​ជា​មួយ​អ៊ុយក្រែន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ​បាន​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​ដើម្បី​ផ្តាច់​រុស្ស៊ី​ឱ្យ​នៅ​ឯកោ​ ខាង​ផ្នែក​ការទូត​និង​ហិរញ្ញវត្ថុ។

លោក​ប្រធានាធិបតី Joe Biden ​ថ្លែង​ថា៖ «លោក​ Putin ជា​អ្នក​ឈ្លានពាន។ លោក​ជាអ្នក​ឈ្លានពាន ដូច្នេះ​ Putin ​ត្រូវ​តែសង​ការ​ខូចខាត»។

ទោះ​យ៉ាង​ណា គោល​ជំហររបស់​ឥណ្ឌា​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ពិបាក​សម្រេច​ចិត្ត។ រដ្ឋាភិបាល​ទីក្រុង​ញូវដែលី​បាន​ស្នើ​ឱ្យ​មាន​សន្តិភាព​ ប៉ុន្តែ​បោះឆ្នោត​អនុប្បវាទ​លើ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ថ្កោល​ទោស​រុស្ស៊ី​ ដែល​ជា​អ្នក​ផ្គត់ផ្គង់​អាវុធធំ​បំផុត​របស់​ឥណ្ឌា។ រដ្ឋាភិបាល​ក្រុង​ញូវដែលី​ក៏​បាន​ទិញ​ប្រេង​ច្រើន​ជាង​មុន​ពី​រុស្ស៊ី​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​បាន​ស្នើ​ឥណ្ឌា​ឱ្យ​ជួយ​សហការ​ប្រឆាំង​នឹង​រុស្ស៊ី។

លោក Blinken ​បាន​មាន​ប្រសាសន៍​ថា៖ «តាម​ការ​វិនិច្ឆ័យ​របស់​ពួក​យើង​ វា​សំខាន់​ណាស់​ដែល​ប្រទេស​ទាំង​អស់ ​ជា​ពិសេស​ប្រទេស​ដែល​មាន​ឥទ្ធិពល ​ត្រូវ​ដាក់​សម្ពាធ​លើលោក​ Putin ឱ្យ​បញ្ចប់​សង្រ្គាម»។

ប៉ុន្តែ​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​ធំ​បំផុត​ទីបី​ក្នុង​ពិភពលោក​នេះ ​បាន​ប្រកែក​ថា ​ខ្លួន​ត្រូវការ​ថាមពល​ដែល​មាន​តម្លៃ​ថោក​សម្រាប់​តម្រូវ​ការ​ដែល​កំពុង​កើនឡើង។ រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ឥណ្ឌាលោក Subrahmanyam Jaishankar ​បាន​និយាយ​ថា​ វា​ជា​កាតព្វកិច្ច​របស់​លោក​ដើម្បី​រក​ឱ្យបាន​កិច្ច​ព្រមព្រៀង​ល្អ​បំផុត​មួយ​សម្រាប់​ប្រទេស​របស់​លោក។

លោក​បញ្ជាក់​ថា៖ «យើង​បាន​ឃើញ​ថា​ទំនាក់ទំនង​ឥណ្ឌា​និង​រុស្ស៊ីផ្តល់​ប្រយោជន៍ឱ្យ​យើង។ បើ​សិន​ជា​វា​ផ្តល់​ប្រយោជន៍​ឱ្យ​ខ្ញុំ ខ្ញុំ​នឹង​ចង់​រក្សា​វា»។​

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ធំបំផុត​របស់​រដ្ឋាភិបាលទីក្រុង​ញូវដែលី​ក្នុង​ឆ្នាំ​នេះ​នៅ​ពេល​ដែល​ការ​នាំ​ចូល​បាន​កើន​ឡើង។ អតីត​មន្ត្រី​ការទូត​ឥណ្ឌា​អ្នកស្រី Manju Seth ​និយាយ​ថា ឥណ្ឌា​កំពុង​អនុវត្ត​ស្វ័យភាព​ខាងយុទ្ធសាស្ត្រ ដោយ​អ្នកស្រី​ពន្យល់​ថា៖ «នេះ​មាន​ន័យ​ថា​យើង​ធ្វើ​ការ​សម្រេច​គ្រប់​យ៉ាង​ផ្អែក​លើផល​ប្រយោជន៍​របស់​ឥណ្ឌា។ សហរដ្ឋ​អាមេរិក​ជា​ដៃគូ​ដ៏​សំខាន់​របស់​យើង។ ប៉ុន្តែ​យើងក៏​ចង់​សាក​មើល​ថា​អ្វីដែល​ល្អ​បំផុត​សម្រាប់​យើង​ តើ​យើង​គួរ​ធ្វើ​អ្វី​ដើម្បី​ផល​ប្រយោជន៍​ជាតិ​យើង»។

ទោះ​បី​ជា​លោក Biden ហៅ​ការ​ឆ្លើយ​តប​របស់​ឥណ្ឌា​លើបញ្ហា​អ៊ុយក្រែន​ថា​មិនច្បាស់​លាស់​ក្តី​ ក៏អ្នកស្រី Tamanna Salikuddin នាយិកា​នៃ​កម្មវិធី​អាស៊ី​ខាងត្បូងនៃ​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព (USIP)​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និយាយ​ថា ​ប្រតិកម្ម​ស្ងប់ស្ងាត់​ដែល​គួរ​ឱ្យ​កត់​សម្គាល់​របស់​លោក Biden គឺ​ដោយសារ​ក្រុង​វ៉ាស៊ីនតោន​ត្រូវ​ការ​ការ​គាំទ្រ​ពី​ឥណ្ឌា​ប្រឆាំង​នឹង​គូ​សត្រូវ​ធំជាង​នេះ។

អ្នកស្រី Salikuddin ថ្លែង​តាម​ប្រព័ន្ធ​ Skype ថា៖ «ទោះ​បី​ជា​ក្នុង​ពេល​ឆាប់ៗ​នេះ​ យើង​ចង់​ឱ្យ​ប្រទេស​ឯទៀត​ស្ថិត​ក្នុង​ជំហរ​ដូច​យើង​ប្រឆាំង​នឹង​រុស្ស៊ី​ជាពិសេស​ការ​ឈ្លានពាន​អ៊ុយក្រែន​នេះ​ក្តី ក៏​ការ​គំរាមកំហែង​ធំជាង​និង​មាន​យុទ្ធសាស្ត្រ​ខ្លាំង​ជាង​ពិត​ប្រាកដ​នោះ​គឺ​ប្រទេស​ចិន​ ហើយ​យើង​ឃើញ​ថា​ ឥណ្ឌា​ជា​ដៃ​គូ​ដ៏​សំខាន់​ក្នុង​កិច្ចការ​នេះ គឺតទល់​ប្រឆាំង​នឹងប្រទេស​ចិន»។

យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​លោក Biden ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​តុលា ពឹង​លើ​ឥណ្ឌា​ដើម្បី​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ប្រឆាំង​នឹង​ចិន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ជាពិសេស​តាម​រយៈ​ក្រុម​ប្រទេស​ Quad ដែល​ជា​សម្ព័ន្ធ​មិត្ត​មិន​ផ្លូវការ​មួយ​រវាង​សហរដ្ឋ​អាមេរិក ឥណ្ឌា ជប៉ុន​ និង​អូស្ត្រាលី។

អតីត​មន្ត្រី​ការទូត​ឥណ្ឌា​អ្នកស្រី Manju Seth បាន​ថ្លែង​បន្តថា៖ «សកម្ម​ភាព​របស់​ចិន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ កំពុង​ប៉ះ​ពាល់​ឥណ្ឌា​ដូចគ្នា ដែល​មាន​ដូចជា​ សន្តិសុខ​ឥណ្ឌានិង​តំបន់ជិត​ខាង។ ដូច្នេះ​យើង​ពិត​ជា​ចង់ចូល​រួម​ក្នុង​អង្គការ​នេះ​ ដែល​វានឹង​ប្រហែល​អាច​ជួយ​បញ្ឈប់​ឥរិយាបថ​គឃ្លើន​របស់​ចិន​ ដែល​សកម្មភាព​ខ្លះ​បាន​តម្រង់​រក​ឥណ្ឌាថែម​ទៀត​ដែរ»។​

ប៉ុន្តែ​ប្រទេស​ចិន​ក៏ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​ទីពីរ​របស់​ឥណ្ឌា​ដែរ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ ហើយ​ឥណ្ឌា​ជា​សមាជិក​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ​ដែល​ដឹក​នាំ​ដោយ​ទីក្រុង​ប៉េកាំង។ ទោះ​យ៉ាង​ណា ទំនាក់ទំនង​ស៊ី​ជម្រៅ​របស់​ចិន​ជាមួយសត្រូវ​របស់​របស់​ឥណ្ឌា​គឺ​ប្រទេស​ប៉ាគីស្ថាននោះ និង​ជម្លោះ​ព្រំដែន​របស់​ចិន​ជាមួយ​ឥណ្ឌា ជា​មូលហេតុ​ដែល​ទីក្រុង​ញូវដែលី​សហការ​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ទប់​ស្កាត់មហិច្ឆតា​ដែល​កំពុង​កើន​ឡើង​របស់​ទីក្រុង​ប៉េកាំង។

អ្នកស្រី Tamanna Salikuddin នៃ​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព (USIP) ថ្លែង​តាម​ប្រព័ន្ធ​ Skype ថា៖ «វិធីសាស្ត្រ​របស់​ពួកគេ​ប្រហែលខុស​គ្នា។ ខ្ញុំ​គិត​ថា​ទំហំ ​ឬ​យុទ្ធសាស្ត្រ​ដែល​ពួកគេ​កំពុង​គិតអំពីបណ្តា​ប្រទេស​ Quad ឬ​ឥណ្ឌូប៉ាស៊ីហ្វិក​ ឬ​ការ​ប្រឆាំង​នឹង​ចិន​អាច​មាន​គុណភាព​ខុស​គ្នា ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​ពួកគេ​មាន​គោល​ដៅ​ផ្សេង​ឡើយ»។​

ក្នុង​ឆ្នាំ​២០២៣ អ្នកវិភាគ​រំពឹង​ថា​ មន្ត្រីអាមេរិក​និង​មន្ត្រី​ឥណ្ឌា​នឹង​ផ្តោត​ជា​សាធារណៈ​លើ​គោលដៅ​ដូច​គ្នា​ទាំង​នេះជុំវិញ​បញ្ហាប្រទេស​ចិន ច្រើន​ជាង​ភាព​ខ្វែង​គំនិត​គ្នា​របស់​ពួកគេ​លើបញ្ហា​រុស្ស៊ី៕

ប្រែសម្រួល​ដោយ កញ្ញា ទុំ​ ម្លិះ

XS
SM
MD
LG