ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា ការ​បញ្ចប់​សង្គ្រាម​អ៊ុយក្រែន​គឺ​ជា «រឿង​ល្អ​បំផុត» ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក


រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ចូលរួម​ក្នុង​កិច្ចប្រជុំ G20 នៅ​រមណីយដ្ឋាន Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ចូលរួម​ក្នុង​កិច្ចប្រជុំ G20 នៅ​រមណីយដ្ឋាន Nusa Dua កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen បាន​ដាក់​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ​នៅ​មុន​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ស្អែក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​អ្នកស្រី​បាន​និយាយ​ថា វិធី​ល្អ​បំផុត​នៅ​ក្នុង​ការ​បញ្ចប់​បញ្ហា​សេដ្ឋកិច្ច​ពិភពលោក​គឺ​ការ​បញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី Yellen បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ពេល​អ្នកស្រី​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire នៅ​រមណីយដ្ឋាន Nusa Dua នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ថា៖ «ការបញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​គឺ​ជា​ភាព​ចាំបាច់​ផ្នែក​សីលធម៌​និង​ជា​រឿង​ដ៏​ល្អ​បំផុត​តែ​មួយ​គត់​ដែល​យើង​អាច​ធ្វើ​បាន​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក»។

តម្លៃ​ប្រេង​ឥន្ធនៈ​និង​ស្បៀង​អាហារ​ឡើង​ថ្លៃ​គឺ​ជា​បញ្ហា​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ចម្បងៗ​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20។

តាម​រយៈ​ការ​រិះគន់​លើ​រុស្ស៊ី អ្នកស្រី Yellen សង្ឃឹម​ថា​នឹង​មាន​ការ​បង្កើន​ការ​ដាក់​សម្ពាធ​ការទូត​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ​បាន។

ប្រទេស​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នៅ​ក្នុង​ឆ្នាំ​នេះ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​និង​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​ប្រទេស​ចិន អាហ្វ្រិក​ខាង​ត្បូង​និង​ឥណ្ឌា​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រទេស G-20 នេះ ភាគ​ច្រើន​បាន​ចៀសវាង​មិន​ធ្វើ​ការ​រិះគន់​ឱ្យ​ចំៗ​លើ​រុស្ស៊ី។

កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស G-20 នេះ​ក៏​ត្រូវ​គេ​រំពឹង​ផង​ដែរ​ថា​នឹង​ពិភាក្សា​អំពី​ភាព​ចាំ បាច់​នៅ​ក្នុង​ការ​បន្ត​កិច្ច​ព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​ប្រទេស​តួកគី​និង​អង្គការ​សហប្រជាជាតិ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​ធញ្ញជាតិ​និង​ជី​របស់​អ៊ុយក្រែន​ទៅ​បរទេស​ដោយ​សុវត្ថិភាព​កាត់​តាម​សមុទ្រ​ខ្មៅ៕

XS
SM
MD
LG