ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​សៀងហៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​តាំង​បង្ហាញ​សម្ភាៈ​ប្រើប្រាស់​អេឡិចត្រូនិច​ដ៏​ធំ​មួយ


ឧបករណ៍​​ «Cool Glass One» របស់​ក្រុម​ហ៊ុន​​ AltoTech ដែល​មាន​រូប​រាង​ដូច​ជា​វែន​តា​ Google​ (Google Glass) ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​សម្ភារៈ​ប្រើប្រាស់​អេឡិចត្រូនិច​អាស៊ី​លើក​ដំបូង ក្នុង​ទីក្រុង​សៀង​ហៃ​ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​២០១៥។​ (រូប​ថត​ screen grab)

ដូច​ទៅ​នឹង​កម្មវិធី​តាំង​បង្ហាញ​ដ៏​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​នៅ​ Las Vegas ដែរ កម្មវិធី​តាំង​បង្ហាញ​សម្ភារៈ​ប្រើប្រាស់​អេឡិចត្រូនិច​ដែល​ហៅ​កាត់​ថា CES គឺ​ជា​កម្មវិធី​តាំង​បង្ហាញ​លើក​ទី​មួយ​របស់​ចិន ​ដែល​បង្ហាញ​ពី​ឧបករណ៍​ចាំបាច់​នានា​ ហើយ​កម្មវិធី​នេះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ ជា​អ្នក​កំណត់​និន្នាការ​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូនិច​ថ្មីៗ​សម្រាប់​ឆ្នាំ​ក្រោយ។

នាយក​កម្មវិធី​តាំង​បង្ហាញ​ CES ក្នុង​តំបន់​អាស៊ី​ លោក​ John Kelly ​បាន​និយាយ​ថា​ រោងចក្រ​ផលិត​ឧបករណ៍​ប្រើប្រាស់​ទាំង​នោះ​ បាន​បង្ហាញ​នូវ​ការសាទរ​យ៉ាង​ខ្លាំងសម្រាប់​ទីផ្សារ​ចិន។

«មាន​ការកើន​ឡើង​នៃ​ក្រុម​មនុស្ស​ថ្នាក់​កណ្តាលនៅ​ក្នុង​ប្រទេស​ចិន ដែលពួក​គេ​មាន​ប្រាក់​នៅ​សល់​បន្ទាប់​ពី​ការ​ចំណាយ​ចាំបាច់​ផ្សេងៗ។ មាន​អ្នក​និយម​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ច្រើន​ណាស់​នៅ​ទីនេះ​ គឺ​មនុស្សនៅ​ក្នុង​ទីផ្សារ​ទាំង​មូល។​ ទាំង​អស់​នេះ​ហើយ​គឺ​ជា​កត្តា​សំខាន់​ដែលធ្វើ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​សង្កត់​ធ្ងន់​លើ​ទីផ្សារ​នេះ»។

វត្ថុ​ដែល​គេតាំង​បង្ហាញ​ភាគ​ច្រើន​គឺ​ជា​ឧបករណ៍​មាន​តម្លៃ​ថោកៗ ​ដែលធ្លាប់ល្បី​ល្បាញ​រួច​មក​ហើយ។

ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ AltoTech បាន​បង្អួត​ឧបករណ៍​របស់​ខ្លួន​ឈ្មោះ​ «Cool Glass One» ដែល​មាន​រូប​រាង​ដូច​ជា​វែន​តា​ Google​ (Google Glass)។

ក្រុម​ហ៊ុន​មួយ​ទៀត​ឈ្មោះ JD Smartបាន​ទាក់​ទាញ​ការចាប់​អារម្មណ៍របស់​អ្នក​ទស្សនា​ដោយ​ឧបករណ៍បំពង​សំឡេងរបស់​ខ្លួន​បញ្ជា​ដោយ​សំឡេង​មនុស្ស​ ដែល​គេ​ហៅ​ថា​ Ding Dong។

ក៏​មាន​ការ​តាំង​បង្ហាញ​បច្ចេកវិទ្យា​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​ឧបករណ៍​ឆ្លាត​វៃ​សម្រាប់​ការពារ​សន្តិសុខតាម​ផ្ទះ​ផង​ដែរ។

រោងចក្រ​ផលិត​ឡាន​បាន​តាំង​បង្ហាញ​ម៉ូដែល​ឡាន​ដែល​មានបច្ចេកវិទ្យា​អេឡិចត្រូនិច​ខ្ពស់​ ដូចជា​ ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ដោយ​កាយ​វិការ​និង​ប្រព័ន្ធ​កំសាន្ត​របស់​ក្រុមហ៊ុន​ឡាន​ Volkswagen ​ជាដើម។

ក៏ប៉ុន្តែ​ អ្នក​វិភាគខាងវិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ លោក​ T.Z. Wong ​បាន​និយាយ​ថា​ លោក​មាន​ការ​រំពឹង​ទុក​ច្រើន​ជាង​នេះ​ពី​កម្មវិធី​តាំង​បង្ហាញ​ CES អាស៊ី​លើក​ទី​មួយ​នេះ។

«ខ្ញុំ​ចង់​ឃើញ​កម្មវិធី​តាំង​បង្ហាញ​ឆ្នាំ​ក្រោយ​ មាន​ការ​សម្រិត​សម្រាំង​ជ្រើសរើស​យក​ក្រុមហ៊ុន​មក​តាំង​បង្ហាញ​ឲ្យ​បាន​ល្អ​ជាង​នេះ​ ជា​ពិសេស​ការ​បង្ហាញ​នូវ​អ្វី​ដែល​មាន​លក្ខណៈ​ពិសេស​ប្លែក​ខុស​ពី​គេ។ នៅ​ក្នុង​ឆ្នាំ​នេះ​ មាន​ឧបករណ៍​ស្រដៀង​គ្នា​ច្រើន​ណាស់»។

មាន​ឧបករណ៍​មួយ​ដែល​មាន​ការ​ទាក់ទាញ​ជាង​គេ គឺ​ចុងភៅ​មនុស្ស​យន្ត​ ​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ឈ្មោះ​ Moley Robotics ដែល​មនុស្ស​យន្ត​នេះ​មាន​ជំនាញ​ចម្អិន​ស៊ុប​ខ្ទិះ​ក្តាម។

ទោះ​បី​ជា​វា​មិន​ទាន់​រួច​រាល់​សម្រាប់​ទីផ្សារ​ក៏​ដោយ​ ក្រុមហ៊ុន​នេះបាន​និយាយ​ថា​ នៅ​ថ្ងៃ​ណា​មួយ​ចុង​ភៅ​មនុស្ស​យន្ត​នេះ​នឹង​អាច​ចម្អិន​ម្ហូប​បាន​ច្រើន​មុខ​ ដោយ​ទាញ​យក​រូបមន្ត​ធ្វើ​ម្ហូប​ពី​អ៊ីនធឺណិត។

សមាគម​សម្ភារៈ​ប្រើប្រាស់​អេឡិច​ត្រូនិច​ ដែល​រួម​បញ្ចូល​គ្នា​នូវ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាង​២.០០០​ បាន​និយាយ​ថា​ ក្នុង​ឆ្នាំ​២០១៤ ការចំណាយ​ទៅ​លើ​ឧបករណ៍​អេឡិចត្រូនិច​មាន​លើស​ពី​មួយ​លាន​លាន​ដុល្លារ​នៅ​ទូទាំង​ពិភពលោក។ មួយ​ភាគ​បី​នៃ​ការចំណាយ​នេះ​គឺ​នៅ​ក្នុង​ទ្វីប​អាស៊ី​ ដែល​ទីផ្សារកំពុង​មាន​ការ​រីកចម្រើន៕

ប្រែសម្រួល​ដោយ នូវ ពៅលក្ខិណា

XS
SM
MD
LG