រៀងរាល់ឆ្នាំ ជាពិសេសក្រោយពីការបូមខ្សាច់លប់បឹងកក់នោះ រាជធានីភ្នំពេញប្រឈមមុខនឹងការលិចលង់ដោយទឹកភ្លៀង និងទឹកទន្លេ ដែលមានការប្រែប្រួលខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។ សាលារាជធានីភ្នំពេញបាននិយាយថា ខ្លួនកំពុងកែសម្រួលប្រព័ន្ធលូទឹក ដើម្បីបញ្ចៀសទឹកជំនន់ចេញពីក្នុងទីក្រុងភ្នំពេញ។
នៅរដូវវស្សា រាជធានីភ្នំពេញត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ។ សូម្បីនៅរដូវប្រាំងក៏រាជធានីភ្នំពេញលិចទឹកដែរ ដោយសារតែភ្លៀងមិនប្រក្រតីបណ្តាលមកពីការប្រែប្រួលអាកាសធាតុ គួបផ្សំនឹងការលុបបឹងកក់។
ទោះជាយ៉ាងណា អ្នកនាំពាក្យរបស់សាលាក្រុងភ្នំពេញគឺលោក ឡុង ឌីម៉ង់ បាននិយាយថា លោកដឹងថា ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ បានរងផលប៉ះពាល់ដោយការផ្លាស់ប្តូរអាកាសធាតុ ដែលក្នុងនោះមានការធ្លាក់ភ្លៀងខ្លាំងហើយកម្ពស់ទឹកភ្លៀងកើនឡើងខ្ពស់ខុសពីធម្មតា។
លោកបាននិយាយថា ក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា បាននិងកំពុងរៀបចំខ្លួនសម្រាប់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ខណៈពេលដែលកម្ពុជាត្រូវបានចាត់ថ្នាក់ចូលទៅក្នុងក្រុមប្រទេស ដែលងាយរងគ្រោះបំផុតនៅក្នុងពិភពលោកដោយការផ្លាស់ប្តូរអាកាសធាតុ។
លោក ឡុង ឌីម៉ង់ និយាយថា រាជធានីភ្នំពេញមានរាងជាបាតខ្ទះ ដែលជាមូលហេតុនាំឲ្យក្រុងនេះងាយលិចលង់ ដោយសារជំនន់ទឹកភ្លៀង ឬទឹកទន្លេ ដូចជាទន្លេសាប និងទន្លេមេគង្គ។ លោកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះក៏មានការកើនឡើងនៃកម្ពស់ទឹកភ្លៀងដែរ។ កម្ពស់ទឹកភ្លៀងបានកើនឡើងជាបន្តបន្ទាប់ពី៣០មីល្លីម៉ែត្ររហូតដល់ច្រើនជាង១០០មីល្លីម៉ែត្រនៅរដូវវស្សាឆ្នាំនេះ។
លោកបាននិយាយថា៖«សម្រាប់រាជធានីភ្នំពេញយើង យើងពិតជាបានទទួលឥទ្ធិពលពីការបម្រែបម្រួលអាកាសធាតុនេះ។ ភ្លៀងនៅរាជធានីភ្នំពេញកន្លងមកគឺយើងធ្លាប់មាន៣០មីល្លីម៉ែត្រ ៦០មីល្លីម៉ែត្រ ៨០មីល្លីម៉ែត្រ។ រហូតដល់ឆ្នាំទៅគឺថា កម្ពស់ទឹកភ្លៀងដែលខ្លាំងជាងគេបំផុតគឺជាង៨០មីល្លីម៉ែត្រ»។
លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា៖«ប៉ុន្តែដោយឡែកនៅក្នុងឆ្នាំនេះ ពេលរដូវវស្សាកន្លងទៅមានភ្លៀងខ្លាំងគឺមានរហូតដល់ទៅ១០៣មីល្លីម៉ែត្រ»។
លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា រាជធានីភ្នំពេញអាចប្រឈមនឹងជំនន់ទឹកភ្លៀង និងទឹកទន្លេ ដោយសារតែប្រព័ន្ធលូតូច បញ្ហាទុកដាក់សម្រាម ការកើនឡើងនៃចំនួនអ្នករស់នៅក្នុងទីក្រុងនេះ ដែលនាំឱ្យមានការសាងសង់ប្រព័ន្ធលូមិនសមរម្យ និងការធ្លាក់ភ្លៀងដែលមានកម្ពស់ខ្ពស់មិនទៀងទាត់។
លោក ឌីម៉ង់ បាននិយាយថា មានប្រព័ន្ធលូប្រវែងជាង៦០០គីឡូម៉ែត្រកាត់ទីក្រុងភ្នំពេញ ដើម្បីបញ្ចេញទឹកជំនន់។ លោកមានប្រសាសន៍ថា កិច្ចការនេះត្រូវការថវិកាច្រើន ហើយការសាងសង់ និងការស្តារប្រព័ន្ធលូនៅក្នុងក្រុងភ្នំពេញត្រូវចំណាយពេលយូរ។
លោកនិយាយថា៖«វិធានការចំពោះមុខរបស់យើងគឺយើងធ្វើការដាក់បណ្តាញលូថ្មី។ ជាពិសេសតំបន់មួយចំនួននៅកណ្តាលក្រុង និងនៅជាយក្រុង ក៏យើងធ្វើការដាក់បណ្តាញលូថ្មី គឺយើងប្តូរពីប្រភេទលូ ដែលមានទំហំ៣តឹក ៥តឹកទៅជាលូដែលចាប់ពីមួយម៉ែត្រឡើងទៅ»។
យោងតាមព្រឹត្តិប័ត្រព័ត៌មានរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា មានប្រជាជនជាងមួយលានកន្លះ ដែលមានអាសយដ្ឋាននៅក្នុងកណ្តាលរាជធានីភ្នំពេញ ដែលមានផ្ទៃដី៦៧៨០០ហិចតា។
ក៏ប៉ុន្តែលោក ឌីម៉ង់ និយាយថា ចំនួនមនុស្សអាចមានប្រមាណ៣លាននាក់កំពុងធ្វើការ និងរស់នៅក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះមនុស្សមួយចំនួនចូលមកធ្វើការនៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលថ្ងៃ និងត្រឡប់ទៅផ្ទះវិញនៅតាមខេត្តជាប់រាជធានីភ្នំពេញ នៅចុងបញ្ចប់ការងារ។
ការស្រាវជ្រាវដោយមហាវិទ្យាល័យ Notre Dame ឬ ND-ឆ្នាំ ២០១៤ បានបង្ហាញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុជាទីបំផុត ហើយប្រទេសកម្ពុជាមានលទ្ធភាពទាបក្នុងការត្រៀមខ្លួន ដើម្បីទប់ទល់ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ ហើយកម្ពុជាត្រូវបានចាត់បញ្ចូលជាមួយប្រទេសបង់ក្លាដេស និងប្រទេសហ្វីលីពីន ដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់។
បើយោងតាមសន្ទស្សន៍ហានិភ័យសកលអំពីការប្រែប្រួលអាកាសធាតុ ដែលបានចងក្រងដោយ Germanwatch បានឲ្យដឹងថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសរងផលប៉ះពាល់ខ្លាំងបំផុតដោយការផ្លាស់ប្តូរអាកាសធាតុ។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា និងប្រទេសវៀតណាមឋិតនៅក្នុងចំណាត់ថ្នាក់ទាបជាងគេនៅក្នុងបញ្ជីប្រទេសចំនួន១០ ហើយនៅឆ្នាំនេះក៏មិនមានអ្វីផ្លាស់ប្តូរដែរ។ នេះបើយោងតាមសន្ទស្សន៍របស់ Germanwatch រៀបរៀងនៅក្នុងឆ្នាំ២០១៥។
ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាត្រូវបានភ្ជាប់ជាពិសេសជាមួយរដូវខ្យល់មូសុងឆ្នាំ២០១៣ ដែលរួមមានការធ្លាក់ភ្លៀងខ្លាំង និងការរីករាលដាលនៃទឹកជំនន់នៅទូទាំងប្រទេសជាថ្មីទៀត នៅពេលដែលប្រទេសនេះមិនទាន់ទាំងបានស្តារឡើងវិញនូវការខូចខាតបណ្តាលមកពីគ្រោះទឹកជំនន់កាលពីឆ្នាំមុនៗនៅឡើយនោះ។
ការផ្លាស់ប្តូរអាកាសធាតុបាននាំឲ្យមានគ្រោះរាំងស្ងួត ឬទឹកជំនន់ធ្ងន់ធ្ងរមិនទៀងទាត់។
លោក កែវ វី អ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា មន្រ្តីសាលាក្រុងមានសម្ភារៈ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយគ្រោះទឹកជំនន់។
«ធម្មតានៅក្នុងរាជធានីគឺលោកអាចដោះស្រាយម្ចាស់ការខ្លួនឯងបាន»។
លោក ឡុង ឌីម៉ង់ បាននិយាយថា ដោយសាររាជធានីភ្នំពេញមានរូបរាងដូចបាតខ្ទះ ដូច្នេះទីក្រុងនេះនៅតែប្រឈមនឹងការលិចលង់។
លោកបានថ្លែងថា៖«ស្ថានភាពរបស់ភ្នំពេញវាអញ្ចឹង។ ដូច្នេះវាងាយប្រឈមនឹងការលិចលង់ ទាំងជំនន់ទឹកភ្លៀង ទាំងជំនន់ទឹកទន្លេ»៕