គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committee to Protect Journalists) ដែលហៅកាត់ថា CPJ នៅក្នុងសហរដ្ឋអាមេរិក បានជំរុញឲ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យម្ចាស់សារព័ត៌មានចិន ដែលត្រូវបានបណ្តេញចេញ អាចត្រឡប់មកកម្ពុជាវិញ ដោយចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាជា «ប្រតិកម្មជ្រុលធ្ងន់ធ្ងរ»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ CPJ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
កាលពីសប្តាហ៍មុន កម្ពុជាបានសម្រេចបណ្តេញជនជាតិចិនម្នាក់ ឈ្មោះ Shen Kaidong អាយុ ៥២ ឆ្នាំ ដែលត្រូវបានរាយការណ៍ថាជានាយកសារព័ត៌មាន Angkor Today ក្រោយមានការចោទប្រកាន់ថា លោកបានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងការចុះផ្សាយថា «កម្ពុជាលក់វ៉ាក់សាំងការពារកូវីដ១៩ របស់ចិនក្នុងតម្លៃខ្ពស់» ។
ការបន្លំនិងបង្កើតព័ត៌មានផ្សេងៗ ទាក់ទងនឹងលក់វ៉ាក់សាំង ត្រូវបានចែករំលែកតាមប្រព័ន្ធសង្គម ក្នុងនោះមានប្រព័ន្ធ WeChat ដែលប្រជាជនចិនចូលចិត្តប្រើប្រាស់។ ការចែករំលែកព័ត៌មានទាំងនេះ ត្រូវបានធ្វើឡើង ស្របពេលកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៦០ ម៉ឺនដូស ជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ដែលត្រូវបានបញ្ជូនមកកម្ពុជាកាលពីដើមខែកុម្ភៈ។
សេចក្តីថ្លែងការណ៍របស់ CPJ បញ្ជាក់ថា៖ «អាជ្ញាធរកម្ពុជាគួរតែអនុញ្ញាតឲ្យអ្នកកាសែត Shen Kaidong អាចចូលប្រទេសកម្ពុជាវិញ និងធ្វើការដោយសេរី និងគួរតែកុំបណ្តេញអ្នកធ្វើការលើវិស័យសារព័ត៌មានចេញពីប្រទេស ដោយសារតែការងាររបស់ពួកគេ»។
លោក Shawn Crispin តំណាងជាន់ខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍នៃស្ថាប័ន CPJ បានចាត់ទុកការបណ្តេញចេញនិងការគាបសង្កត់លើស្ថាប័នព័ត៌មានមួយនេះ ជា «ប្រតិកម្មជ្រុលធ្ងន់ធ្ងរ» មួយ លើអ្នកសារព័ត៌មាន។
លោកបន្ថែមថា៖ «អាជ្ញាធរកម្ពុជាត្រូវតែបញ្ឈប់ប្រើប្រាស់ការចោទប្រកាន់ «ព័ត៌មានក្លែងក្លាយ» ដែលមិនគួរឲ្យជឿ មកគាបសង្កត់ការរាយការណ៍ដ៏សំខាន់លើជំងឺកូវីដ១៩ និងគួរតែអនុញ្ញាតឲ្យលោក Shen ត្រឡប់មកកម្ពុជាវិញ និងធ្វើការដោយសេរី»។
ការចុះផ្សាយអត្ថបទរបស់លោក Shen ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធ WeChat ដោយលើកឡើងព័ត៌មានមួយចំនួន ក្នុងនោះមានការយកថវិកា ប៉ុន្តែថវិកានោះគឺសម្រាប់ការដឹកអ្នកដំណើរទៅចាក់វ៉ាក់សាំងពីព្រលានយន្តហោះតែប៉ុណ្ណោះ។ អត្ថបទនេះក៏លើកឡើងថា មានការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយដាក់លេខទំនាក់ទំនងសម្រាប់ការណាត់ជួប ដើម្បីចាក់វ៉ាក់សាំងផងដែរ។
ចំណែកស្ថានទូតចិនប្រចាំនៅកម្ពុជាក៏បានចេញមកបំភ្លឺថា ស្ថានទូតក៏បានទទួលសេចក្តីរាយការណ៍ពីពលរដ្ឋចិន ដែលកំពុងរស់នៅកម្ពុជាអំពីការផ្សព្វផ្សាយជាភាសាចិនលក់វ៉ាក់សាំង តាមរយៈសារបោកប្រាស់នានាលើបណ្តាញសង្គម និងទូរស័ព្ទដៃ ដែលថា មានការចាក់វ៉ាក់សាំងការពារកូវីដ១៩ គ្រាន់តែចំណាយត្រឹម ១២០ ដុល្លារឬ ៤៥០ ដុល្លារប៉ុណ្ណោះ។
ស្ថានទូតចិនបញ្ជាក់ថា៖ «មិនមានវ៉ាក់សាំងជំនួយចិនហូរចូលទីផ្សារឡើយ ហើយវ៉ាក់សាំងត្រូវបានគ្រប់គ្រងបានយ៉ាងល្អ ការគ្រប់គ្រង និងការដឹកជញ្ជូនវ៉ាក់សាំង «ត្រូវបានធ្វើឡើងតាមនីតិវិធីតឹងតែង និងហ្មត់ចត់បំផុត»។
ស្ថានទូតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការផ្សាយបោកប្រាស់អំពីការលក់វ៉ាក់សាំងកូវីដ នាពេលថ្មីៗនេះ។
សារព័ត៌មាន Angkor Today បានបង្ហាញសារនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២ ខែមីនា ដោយលើកឡើងថា អត្ថបទរបស់ខ្លួនមិនបានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា លក់វ៉ាក់សាំងដែលជាជំនួយរបស់ចិននោះទេ។
ពួកគេបានលើកឡើងចំណងជើងអត្ថបទរបស់ខ្លួន ដែលបកប្រែជាភាសាខ្មែរថា៖ «វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ត្រូវបានគេលក់ក្នុងតម្លៃខ្ពស់» ដែលចេញផ្សាយនៅម៉ោង ១១យប់ ថ្ងៃទី ២៣ ខែកុម្ភៈ នៅលើបណ្តាញសង្គម WeChat ។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបដិសេធមិនឆ្លើយតបដោយថា ការស៊ើបអង្កេតជាការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកមានប្រសាស៍ថា៖ «ខ្ញុំប្រាប់ថាសួរទៅអគ្គស្នងការនគរបាលជាតិ ព្រោះប្រតិបត្តិការហ្នឹង ខាងអគ្គស្នងការនគរបាលជាតិ អ្នកស្រាវជ្រាវស៊ើបអង្កេត»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា ជនជាតិចិននោះអាចដាក់ពាក្យបណ្តឹងតាមមេធាវី ឬតាមស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញ ប្រសិនបើចង់តវ៉ាអ្វីមួយ។ ប៉ុន្តែលោកថា ក្រុមការងារបានស៊ើបអង្កេតច្បាស់លាស់ហើយ មុននឹងបណ្តេញជនជាតិចិននោះចេញពីកម្ពុជា។
នៅពេលសួរថា តើការស៊ើបអង្កេតក្នុងកម្រិតណាមុនបណ្តេញចេញ លោកមានប្រសាសន៍ថា៖ «អ្ហេ លោកមានប្រសាសន៍អញ្ចឹង លោកមិនមែនព្រះរាជអាជ្ញាទេណា។ ព្រះរាជអាជ្ញាប្រើភាសាបែបហ្នឹងជាមួយខ្ញុំបាន ព្រោះមន្រ្តីស៊ើបអង្កេត គេធ្វើបែបបទរួចហើយ បានមានឯកសារគ្រប់គ្រាន់សម្រាប់បណ្តេញចេញ»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ការអាចចូលមកកម្ពុជាវិញបាន ឬមិនបានរបស់ជនជាតិចិននោះ អាស្រ័យលើអន្តោប្រវេសន៍កម្ពុជា។
លោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជំរុញឲ្យមានការស្រាវជ្រាវរកការពិតដោយសារជនជាតិចិន លោក Shen បានបង្ហាញការមិនពេញចិត្តចំពោះការបណ្តេញនេះ ហើយបានពន្យល់ថា អត្ថបទរបស់ខ្លួនមិនមានចេតនាអាក្រក់នោះទេ។
លោកប្រាប់ VOA ថា៖ «អញ្ចឹងខ្ញុំសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចដែលគាត់មានធនធានគ្រប់គ្រាន់ នឹងចាត់ជាការស៊ើបអង្កេតមួយឲ្យច្បាស់លាស់ថា តើសារដែលគាត់បានបង្ហោះហ្នឹង មានការចោទប្រកាន់ទៅលើរដ្ឋាភិបាល»។
លោកបន្តថា ការសម្រេចក្នុងការបណ្តេញចេញនិងការដកអាជ្ញាបណ្ណរបស់សារព័ត៌មាន Angkor Todayនេះ «លឿនពេក» ដែលធ្វើឲ្យជនជាតិចិនមិនអាចមានឱកាសក្នុងការបកស្រាយ។
លោកបន្ថែមថា៖ «យើងមិនដឹងថាគាត់បានស៊ើបអង្កេតកម្រិតណា ក៏ប៉ុន្តែបើយើងមើលតាមរយៈពេលហ្នឹង គឺហាក់ដូចជាលឿនពេក ដែលយើងគិតថា អាជ្ញាធរមិនទាន់មានពេលគ្រប់គ្រាន់ដើម្បីស្រាវជ្រាវឲ្យបានច្បាស់លាស់»។
VOA មិនអាចសុំការឆ្លើយតបពីលោក មាស សុភ័ណ្ឌ និងលោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានបាននៅឡើយទេនៅថ្ងៃសុក្រនេះ។
សារនៅលើហ្វេសប៊ុករបស់សារព័ត៌មាន Angkor Today ឲ្យដឹងថា៖ «សារព័ត៌មានយើងខ្ញុំនឹងអញ្ជើញមេធាវីជាតំណាង ដើម្បីដាក់ពាក្យបណ្តឹងព្រមទាំងធ្វើការទាក់ទងបំភ្លឺជាមួយសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ដើម្បីបកស្រាយលើបញ្ហាកំហុសឆ្គងនេះ។ ប្រសិនបើសារព័ត៌មាន យើងខ្ញុំពិតជាបានល្មើសនឹងច្បាប់ជាធរមានរបស់ប្រទេសកម្ពុជា យើងខ្ញុំសុខចិត្តទទួលទោសតាមច្បាប់»៕