ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ជន​ខិល​ខូច​បង្កើត​ព័ត៌មាន​លក់​វ៉ាក់សាំង​កូវីដ​នៅ​កម្ពុជា


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​​បូម​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ ដើម្បី​ចាក់​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​វ៉ាក់សាំង​នេះ នៅ​រាជធានីភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

ការ​បន្លំ​និង​បង្កើត​ព័ត៌មាន​ផ្សេងៗ ​ត្រូវ​បានចែក​រំលែក​តាម​ប្រព័ន្ធសង្គម ក្នុង​នោះ​មាន​ប្រព័ន្ធ​WeChat ដែល​ប្រជាជន​ចិន​ចូល​ចិត្ត​ប្រើ​ប្រាស់។ ការ​ចែក​រំលែក​ព័ត៌មាន​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​កម្ពុជា​ទទួល​បានវ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ចំនួន​៦០​ម៉ឺន​ដូស ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន ដែល​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ។

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ក្នុង​ចំណោម​ក្រុម​ជួរ​មុខ ព័ត៌មាន​ផ្សេងៗ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រើប្រាស់​វ៉ាក់សាំង​នេះ ជា​ការ​រក​ប្រាក់ក្នុង​ចំណោម​ជនជាតិ​ចិន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ការ​លើក​ឡើង​ថា​«លក់​វ៉ាក់សាំង»។

កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នេះ​ក្នុង​សហគមន៍ ដែល​ភាគ​ច្រើន​ឆ្លង​ក្នុង​ចំណោម​ប្រជាជន​ចិន​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។

កាលពី​សប្តាហ៍​មុន​ កម្ពុជា​បាន​សម្រេច​បណ្តេញ​ជនជាតិ​ចិន​ម្នាក់ ដែលត្រូវ​បាន​រាយការណ៍​ថា​ជា​នាយក​សារព័ត៌មាន Angkor Today ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ថានាយក​អង្គភាព​សារព័ត៌មាន​មួយ​នេះ គឺ​លោក Shen Kaidong អាយុ​៥២​ឆ្នាំ បាន​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិត ទាក់​ទង​នឹង​ការ​ចុះ​ផ្សាយ​ថា​«កម្ពុជា​លក់​វ៉ាក់​សាំង​ការពារ​កូវីដ​១៩ របស់​ចិន​ក្នុង​តម្លៃ​១២០​ដុល្លារ» ។

លោក កែវ វណ្ណថន ​អគ្គ​នាយក​រង​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​ ប្រាប់​VOAនៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ជនជាតិ​ចិន​នោះ​ត្រូវ​បាន​បញ្ជូន​តាម​យន្ត​ហោះ​ទៅ​ប្រទេស​ចិន​កាល​ពី​សប្តាហ៍​មុន។ លោក​បាន​ចោទ​ជនជាតិ​ចិន​នោះ​ថា​បាន​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់ទង​នឹង​«ការ​លក់​វ៉ាក់សាំង» ដែលលោក​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​ជាតិ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ការ​ស៊ើប​អង្កេត មុន​នឹង​មាន​ចំណាត់ការ​នេះ​នោះ​ទេ។

ការ​ចុះ​ផ្សាយ​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​WeChat ដោយ​លើក​ឡើងព័ត៌មាន​មួយ​ចំនួន ក្នុង​នោះមាន​ការ​យក​ថវិកា ប៉ុន្តែ​ថវិកា​នោះ​គឺ​សម្រាប់​ការ​ដឹក​អ្នក​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​ពី​ព្រលាន​យន្ត​ហោះ​តែ​ប៉ុណ្ណោះ។ អត្ថបទ​នេះ​ក៏​មាន​ការលើក​ឡើង​ថា​មាន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដោយ​ដាក់​លេខ​ទំនាក់​ទំនង​សម្រាប់​ការ​ណាត់​ជួប ដើម្បី​ចាក់​វ៉ាក់​សាំង​ផង​ដែរ។​

រូបឯកសារ៖ គិលានុបដ្ឋាយិកាម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដល់អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ គិលានុបដ្ឋាយិកាម្នាក់កំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដល់អ្នកស្ម័គ្រចិត្តទទួលវ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

​គេមិន​ទាន់​មាន​ដឹង​ថា​មាន​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កម្ពុជាកម្រិត​ណា​ទៅ​លើ​អត្ថបទ​ជា​ភាសា​ចិន​នេះ​រហូត​ដល់​មាន​ការ​បណ្តេញ​ជនជាតិ​ចិន​ចេញពី​កម្ពុជា។ ក្រសួង​ព័ត៌មាន​ក៏​បាន​សម្រេច​លុប​ចោល​អាជ្ញាបណ្ណ​សារព័ត៌មាន​របស់​ជនជាតិ​ចិន​នេះ។ ចំណែក​ក្រសួង​សុខា​ភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​នេះ។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន​ បាន​ច្រានចោល​ទាំង​ស្រុង និង​ថ្កោល​ទោស​ចំពោះ​ការ​បង្កើត​ព័ត៌មាន​មិន​ពិត ហើយ​ស្នើ​ឲ្យ​មាន​ការ​កែ​តម្រូវ។ ប៉ុន្តែ​អាជ្ញាធរ​បាន​សម្រេច​បណ្តេញ​ជនជាតិ​ចិននោះ​ចេញ​ពី​កម្ពុជា។

លោកស្រី​ថ្លែង​កាល​ពី​សប្តាហ៍​មុនថា៖ «ក្រសួង​សុខាភិបាល សូម​ប្រកាស​ច្រាន​ចោល​ទាំង​ស្រុង​តែ​ម្តង ហើយ​សូម​ប្រកាស​មិន​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​បែប​នេះ​ទេ។ នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​គឺ​មិន​មាន​ការ​ចាក់​លក់ដូរ​វ៉ាក់សាំង​នេះ​ទេ»។

ចំណែក​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ក៏​បាន​ចេញ​មក​បំភ្លឺ​ថា​ស្ថានទូត​ក៏​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ចិន ដែល​កំពុង​រស់​នៅ​កម្ពុជា​ អំ​ពី​ការ​ផ្សព្វផ្សាយ​ជា​ភាសា​ចិន​លក់​វ៉ាក់​សាំង តាម​រយៈ​សារ​បោក​ប្រាស់​នានា​លើ​បណ្តាញ​សង្គម និង​ទូរស័ព្ទ​ដៃ ដែល​ថា​មាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩ គ្រាន់​តែ​ចំណាយ​ត្រឹម​១២០​ដុល្លារ​ឬ​៤៥០​ដុល្លារ​ប៉ុណ្ណោះ។

ស្ថានទូត​ចិន​បញ្ជាក់​ថា៖ «មិន​មាន​វ៉ាក់សាំង​ជំនួយ​ចិន​ហូរ​ចូល​ទី​ផ្សារ​ឡើយ ហើយ​វ៉ាក់​សាំង​ត្រូវ​បាន​គ្រប់គ្រង​បាន​យ៉ាង​ល្អ ការ​គ្រប់គ្រង និង​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង «ត្រូវ​បាន​ធ្វើ​ឡើង​តាម​នីតិវិធី​តឹងតែង និង​ហ្មត់ចត់​បំផុត​»។

ស្ថាន​ទូត​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ការ​ផ្សាយ​បោក​ប្រាស់​អំពី​ការ​លក់​វ៉ាក់សាំង​កូវីដ​នា​ពេលថ្មីៗ​នេះ។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ដោយ​បារម្ភ​ខ្លាច​ក្រុម​ឱកាស​និយម​ប្រើប្រាស់​វ៉ាក់សាំង​នេះ ដើម្បី​ប្រយោជន៍​របស់​ពួកគេ។

លោក​មាន​ប្រសាសន៍​ថា៖ «ឃើញ​ថា​ព័ត៌មាន​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់ជា​មួយ​ការ​លក់​ដូរ អញ្ចឹង​ទី​មួយ វា​អាច​ជា​ការ​យល់​ច្រឡំ។ ទីពីរ អាច​ជា​ឱកាស​របស់​មន្រ្តី​ខិល​ខូចមួយ​ចំនួន​ក្នុង​ការ​រក​ថវិកា​សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ​ជំរុញ​ឲ្យ​មាន​ប្រព័ន្ធ​គ្រប់គ្រ​ង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ ឲ្យ​មាន​ភាព​ហ្មត់ចត់ ហើយអាជ្ញាធរ​ត្រូវ​កំណត់​មុខ​សញ្ញា ដើម្បី​ទប់​ស្កាត់ និង​ឆ្លើយ​បំភ្លឺ​នៅ​ពេល​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​លក់​វ៉ាក់សាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ព័ត៌មាន​ចាំ​បាច់​របស់​ពួកគេ គឺ​ព័ត៌មាន​នៃគុណភាព​របស់​វ៉ាក់សាំង។ ហើយ​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​អាទិភាព​ណាមួយ​នោះ នឹង​ទទួល​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​នេះ»។

លោក​បន្ថែម​ថា៖ «ពេល​វេលានេះ ខ្ញុំ​ចង់​ឃើញ​ការ​អន្តរាគមន៍ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធ្វើ​ម៉េច​កុំ​ឲ្យ​ពលរដ្ឋ​ចាញ់​បោក​ជន​ខិល​ខូចនៅ​ពេល​ដែល​ពួក​គាត់​កំពុង​បារម្ភ​ពី​សុវត្ថិភាព»។

កាលពី​ថ្ងៃទី​២៤​ ខែ​កុម្ភៈ ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ជូន​ដំណឹង​ទៅ​គ្រប់​អង្គទូត​ក្នុង​ប្រទេស​កម្ពុជា​ថាការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ១៩​ គឺមិន​គិត​ថ្លៃ​នោះ​ទេ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ ក្រសួង​សុខាភិបាល​មិន​ទាន់​កំណត់​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ជន​បរទេស​នោះ​ទេ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចវិធាន​ការ​មួយ​ចំនួន​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ​មាន​ការ​អនុញ្ញាត​ឲ្យ​បណ្តេញ​ជន​បរទេស​ណា​ដែល​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​«មិន​សហការ» ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​វិញ​ឡើយ។

រដ្ឋាភិបាល​ក៏​សម្រេច​ដាក់​ពិន័យ​ជា​ប្រាក់​លើ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១លាន​រៀល​ទៅ​៥​លាន​រៀល។

កាល​ពី​ថ្ងៃ​អាទិត្យ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ របស់​ក្រុមហ៊ុនAstraZeneca ចំនួន ៣២៤.០០០ ដូសនៅ​ថ្ងៃ​អង្គារ ទី​២ ខែ​មីនាតាម​រយៈ​កម្មវិធី​ផ្ដល់​វ៉ាក់​សាំង​កូវីដ​១៩ ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​ហៅ​ថា​កូវ៉ាក់ (COVAX)។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​តាម​យន្តការ​កូវ៉ាក់ កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​២០%​នៃ​ចំនួន​ប្រជាជន​១៦​លាន​នាក់ ដែល​ស្មើ​នឹង​៣,២​លាន​នាក់ ឬ​ស្មើ​នឹង​វ៉ាក់​សាំង​ចំនួន​៦,៤​លាន​ដូស។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​ចិន​បាន​ប្រកាស​ថា​វ៉ាក់សាំង​៤០ម៉ឺន​ដូស​ទៀត ដែល​អាច​ចាក់​មនុស្ស​ប្រមាណ​២០​ម៉ឺន​នាក់ នឹង​មក​ដល់​កម្ពុជា​ក្នុង​ពេល​ខាង​មុខ ដែល​ជា​ជំនួយ​ឥត​សំណង។

នាយិកា​ប្រចាំ​ប្រទេស​នៃអង្គការ​Oxfam​ក្នុង​ប្រទេស​កម្ពុជា លោកស្រី លឹម សូលីន ជំរុញ​ឲ្យ​មាន​ការ​បែង​ចែក​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នេះ ដោយ​ស្មើ​ភាព​គ្នា ដោយ​មិន​គិត​ថ្លៃ​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដោយ​មិន​ប្រកាន់មាន​ក្រ​ក៏​ដោយ។ លោក​ស្រី​បន្ថែម​ថា​វ៉ាក់សាំង​នេះ​អាច​ជួយពន្លឿន​ដល់​ការ​ងើប​ឡើង​វិញរបស់​សេដ្ឋកិច្ច​កម្ពុជា។

លោកស្រី​បន្ថែម​ថា៖ «យើង​មិន​អាច​ដំណើរ​ការ​សេដ្ឋកិច្ច​ឡើង​វិញ​នោះ​ទេ បើ​មិន​ទាន់​មាន​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធ​ភាព ហើយ​មនុស្ស​គ្រប់​គ្រាន់​ទទួល​ចាក់​វា​បាន»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG