ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស៊ើប​អង្កេត​ជា​ច្រើន​បន្ត​ធ្វើ​ឡើង​លើ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ត្រាំ


រូបឯកសារ៖ អ្នក​កាសែត​ម្នាក់​ចង្អុល​រូប​ភាព​លោក​ប្រធានាធិបតី​ ត្រាំ និង​រូប​លោក​ ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅទីក្រុង​មូស្គូ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦។
រូបឯកសារ៖ អ្នក​កាសែត​ម្នាក់​ចង្អុល​រូប​ភាព​លោក​ប្រធានាធិបតី​ ត្រាំ និង​រូប​លោក​ ពូទីន ប្រធានាធិបតី​រុស្ស៊ី នៅទីក្រុង​មូស្គូ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦។

ចាប់​តាំង​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋអាមេរិក​បាន​ធ្វើ​ការ​សន្និដ្ឋាន​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៦ ថា ប្រទេស​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក កំសួល​នៃ​សេចក្ដី​រាយការណ៍ និង​ការ​លេច​ធ្លាយ​នូវ​ព័ត៌មាន​មួយ​ចំនួន បាន​បង្កើត​ឲ្យ​មាន​សំណួរ​ច្រើន​ជាង​ចម្លើយ​អំពី​ភាព​ចម្រូង​ចម្រាស​ដែល​កំពុង​តែ​កើន​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក។

នា​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​ស៊ើបអង្កេត​ជា​ច្រើន​កំពុង​បន្ត​ធ្វើ​ដោយ​ភ្នាក់​ងារ​អនុវត្ត​ច្បាប់ និង​សមាជិក​សភា​ទៅ​លើ​បញ្ហា​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters ធ្លាប់​បាន​រាយការណ៍​កាល​ពី​លើក​មុន ដោយ​ដកស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​ដូចជា​អតីត​មន្ត្រី​រដ្ឋាភិបាល​នានា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ទីភ្នាក់ងារ FBI កំពុង​ដឹក​នាំ​ការ​ស៊ើប​អង្កេត​យ៉ាងហោច​ណាស់​ចំនួន ៣ ផ្សេង​គ្នា​ទៅ​លើ​ការ​ចោទ​នានា​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ទំនាក់​ទំនង​ដែល​អាច​មាន​រវាង​ប្រទេស​រុស្ស៊ី​និង​លោក Trump។

ការិយាល័យ FBI នៅ​ទីក្រុង Pittsburgh រដ្ឋ Pennsylvaniaដែល​ទទួល​បន្ទុក​លើ​ការ​ស៊ើប​អង្កេត​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ កំពុង​ស្វែង​រក​អត្តសញ្ញាណ​អ្នក​ដែល​បាន​បំបែក​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​មុន។

ការិយាល័យ FBI នៅ​ទីក្រុង San Francisco រដ្ឋ California កំពុង​ព្យាយាម​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​គេ​សង្ស័យ​ថា​នៅ​ពី​ក្រោយ​អ្នក ឬ​ក្រុម "Guccifer 2" ដែល​លប​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​លួច​អ៊ីមែល​របស់​លោក John Podesta អ្នក​គ្រប់គ្រង​យុទ្ធនាការ​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

លោក John Podesta ប្រធាន​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ស្រី​គ្លីនតុន​ថ្លែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦
លោក John Podesta ប្រធាន​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ស្រី​គ្លីនតុន​ថ្លែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៦

ភ្នាក់ងារ​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ FBI នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កំពុង​រក​មើល​តម្រុយ​ពី​អ្នក​ផ្ដល់​ដំណឹង និង​ពី​អ្នក​កាត់​ផ្ដាច់​ការ​ទំនាក់​ទំនង​បរទេស។

ទីភ្នាក់ងារ FBI ក៏​បាន​ស៊ើប​អង្កេត​កិច្ច​សន្ទនា​នានា ដែល​អតីត​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក Michael Flynn ធ្លាប់​មាន​ជាមួយ​លោក​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក Sergey Kislyak ដែល​ការ​ស៊ើប​អង្កេត​នេះ​អាច​ជា​ការ​ស៊ើបអង្កេត​ទីបួន​របស់​ទីភ្នាក់ងារ FBI នេះ ទាក់ទិន​ទៅ​នឹង​បញ្ហា​ពាក់ព័ន្ធ​របស់​ប្រទេស​រុស្ស៊ី​ជាមួយ​នឹង​លោក Trump។ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​នេះ ជា​អ្វី​ដែល​លោក Flynn មិន​បាន​បង្ហាញ​ទៅ​លោក​អនុប្រធានាធិបតី Mike Pence ដែល​ករណី​នេះ​បាន​បណ្ដាល​ឈាន​ដល់​ការ​លាលែង​ពី​តំណែង​របស់​លោក​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ។

ទន្ទឹម​នឹង​នេះ នៅ​ក្នុង​សភា យ៉ាង​ហោច​ណាស់​មាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ៥ និង​អនុ​គណៈកម្មាធិការ​មួយ កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ដំណាក់កាល​ផ្សេងៗ​ទៅ​លើ​ការ​ជ្រៀត​ជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក និង​អំពី​ទំនាក់​ទំនង​ដែល​បាន​រាយការណ៍​កន្លង​មក រវាង​ក្រុម​របស់​លោក​ ត្រាំ ជាមួយ​និង​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ លោក ​Michael Flynn​ ថ្លែង​ក្នុង​កិច្ច​សង្ខេប​ប្រចាំ​ថ្ងៃ​នៅ​សេត​វិមាន
ទីប្រឹក្សា​សន្តិសុខ​ជាតិ​ លោក ​Michael Flynn​ ថ្លែង​ក្នុង​កិច្ច​សង្ខេប​ប្រចាំ​ថ្ងៃ​នៅ​សេត​វិមាន

ក្នុង​ចំណោម​គណៈ​កម្មាធិការ​ទាំង​នោះ គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ដែល​មាន​សិទ្ធិ​អំណាច​គ្របដណ្ដប់​លើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាង ១៧ កំពុង​ស្ថិតក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​មករា​កន្លង​មក​នេះ។ ដំបូង គណៈកម្មាធិការ​នេះ ផ្ដោត​ការ​ស៊ើប​អង្កេត​លើ​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ក្នុង​ការ​លប​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ផ្ដល់​ព័ត៌មាន​ក្លែងក្លាយ​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។ ក្រោយ​មក គណៈ​កម្មធិការ​នេះ​បាន​ពង្រីក​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ទៅ​គ្រប​ដណ្តប់​លើ​អ្វី​ដែល​សមាជិក​គណៈកម្មាធិការ​បាន​រៀបរាប់​ថា ជា​ទំនាក់​ទំនង​រវាង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី និង​យុទ្ធនាការ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។

គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា ដែល​មាន​សិទ្ធិ​អំណាច​ត្រួត​ពិនិត្យ​លើ​ក្រសួង​យុត្តិធម៌ និង​ទីភ្នាក់ងារ FBI កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន និង​បាន​ស្នើ​ក្រសួង​យុត្តិធម៌​ឲ្យ​ផ្តល់​នូវ​ព័ត៌មាន និង​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹង​ស្ថានការណ៍​ដែល​ឈាន​ដល់​ការ​លាលែង​ពី​តំណែង​របស់​លោក Michael Flynn។

អនុ​គណៈកម្មាធិការ​យុត្តិធម៌​ព្រឹទ្ធសភា​ទទួល​បន្ទុក​ផ្នែក​ឧក្រិដ្ឋកម្ម និង​ភេរវកម្ម ដែល​ដឹកនាំ​ដោយ​លោក Lindsey Graham ដែល​ជា​មន្ត្រី​ប្រកាន់​គោល​នយោបាយ​ម៉ឺងម៉ាត់​ជាមួយ​ប្រទេស​រុស្ស៊ី កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​ប្រកាស​ពី​ផែនការ​មួយ​ចំនួន​ដើម្បី​ស៊ើប​អង្កេត​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី។ ក្រុម​នេះ​មាន​យុត្តាធិការ​លើ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួង​យុត្តិធម៌ ក៏​ដូចជា​ទីភ្នាក់ងារ FBI ផង​ដែរ។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា ដែល​ទទួល​បន្ទុក​លើ​ការ​ត្រួត​ពិនិត្យ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ចំនួន ១៧ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ «បញ្ហា​ស៊ើបការណ៍​សម្ងាត់ ឬ​បញ្ហា​ការ​ប្រឆាំង​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​នានា» ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​និង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

គណៈកម្មាធិការ​យុត្តិធម៌​របស់​រដ្ឋសភា ដែល​ត្រួតពិនិត្យ​លើ​ក្រសួងយុត្តិធម៌ កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ផ្ទាល់ ដោយ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​គ្រោង​នឹង​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Jeff Sessions ដើម្បី​ស្នើ​សុំ​កិច្ច​សហ​ប្រតិបត្តិការ​របស់​លោក​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នេះ។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Jeff Sessions។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Jeff Sessions។

គណកម្មាធិការ​ត្រួត​ពិនិត្យ​រដ្ឋសភា និង​កំណែ​ទម្រង​រដ្ឋាភិបាល ដែល​ជា​គណៈកម្មាធិការ​ស៊ើប​អង្កេត​ចម្បង​របស់​សភា​ទាំង​ពីរ​ថ្នាក់ ដែល​មាន​យុត្តាធិការ​ត្រួតពិនិត្យ​លើ​រដ្ឋាភិបាល​ទាំង​មូល កំពុង​ស៊ើប​អង្កេត​ការ​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​អំពី​លោក Michael Flynn និង​អំពី​ទំនាក់ទំនង​របស់​លោក​ជា​មួយ​ប្រទេស​រុស្ស៊ី ហើយ​បាន​ផ្ញើ​លិខិត​មួយ​ទៅ​អាជ្ញាធរ​ថ្នាក់​ដឹក​នាំ​ដើម្បី​សួរ​នាំ​ថា​តើ​លោក Flynn ទទួល​បាន​ថវិកា​ណា​មួយ​ពី​រដ្ឋាភិបាល​រុស្ស៊ី​សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់​លោក​នៅ​ក្នុង​កម្មវិធី​កម្សាន្ត​មួយ​ក្នុង​ទីក្រុង​មូស្គូ កាល​ពី​ឆ្នាំ ២០១៥។

គណៈ​កម្មាធិការ​សភា​ផ្សេងៗ​ទៀត ដូចជា​គណៈកម្មាធិការ​កិច្ចការ​ការពារ​ប្រទេស​របស់​ព្រឹទ្ធសភា និង​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​របស់​ព្រឹទ្ធ​សភា បាន​បើក​សវនាការ​អំពី​ការ​ចោទ​ប្រកាន់​លើ​ការ​លប​លួច​ព័ត៌មាន​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ប្រទេស​រុស្ស៊ី​នៅ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន។ សមាជិក​ព្រឹទ្ធ​សភា​លោក John McCain ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ការពារ​ប្រទេស បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​សេតវិមាន​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដើម្បី​ស្នើ​សុំ​ព័ត៌មាន​អំពី​ទំនាក់ទំនង​របស់​លោក Flynn ជាមួយ​នឹង​ប្រទេស​រុស្ស៊ី។

ប៉ុន្តែ​ក្នុង​ចំណោម​ការ​ស៊ើបអង្កេត​ទាំង​អស់​របស់​សភា ការ​ស៊ើប​អង្កេត​មួយ​ដែល​ប្រហែល​ជា​សំខាន់​ជាង​គេ គឺ​ការ​ស៊ើប​អង្កេត​ដែល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា ដែល​ជា​គណៈកម្មាធិការ​ទទួល​បន្ទុក​លើ​ការ​ស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​នានា ដូច​ជា​ការ​ស៊ើបអង្កេត​លើ​ការ​ធ្វើ​ទារុណកម្ម​ដ៏​ចម្រូង​ចម្រាស​របស់​ទីភ្នាក់ងារ CIA កាល​ពី​ឆ្នាំ ២០១៤ និង​ការ​វាយ​ប្រហារ​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​ទៅ​លើ​ទីតាំង​ចំនួន​ពីរ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង Benghazi ប្រទេស​លីប៊ី កាល​ពី​ឆ្នាំ ២០១២។

គណៈកម្មាធិការ​នេះ​មិន​ត្រឹមតែ​មាន​យុត្តាធិការ​ទូលំទូលាយ​លើ​កិច្ចការ​ស៊ើបការណ៍​សម្ងាត់ ដោយសារ​មាន​បុគ្គលិក និង​ធនធាន​ដើម្បី​ស៊ើប​អង្កេត​លើ​បញ្ហា​អស់​ទាំង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មាធិការ​នេះ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​លោក​ Mark Warner សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ បើ​ទោះបីជា​ការ​ស៊ើបអង្កេត​ផ្សេង​ទៀត​របស់​សភា​ដែល​ដឹកនាំ​ដោយ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​ត្រូវ​បាន​រិះគន់​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ថា​មាន​ការ​ប្រកាន់​បក្ស​ពួក​ក៏​ដោយ។

លោក Andrew Kent សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ច្បាប់ Fordham នៅ​ក្នុង​ទី​ក្រុង​ញូវយ៉ក ដែល​បាន​សរសេរ​អត្ថបទ​ជា​ច្រើន​អំពី​ការ​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​របស់​រុស្ស៊ី​ជាមួយ​លោក Trump បាន​និយាយ​ថា ទីភ្នាក់ងារ FBI និង​គណៈ​កម្មាធិការ​សភា​អាមេរិក កំពុង​ផ្ដោត​ទៅ​លើ​ទិដ្ឋភាព​ផ្សេងៗ​គ្នា​នៃ​ទំនាក់​ទំនង​ដែល​គេ​សង្ស័យ​ថា​អាច​កើត​មាន​ឡើង​រវាង​លោក Trumpនិង​ប្រទេស​រុស្ស៊ី។

លោក Andrew Kent បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​ផ្ដោត​របស់​ទីភ្នាក់ងារ FBI គឺ​ទៅ​លើ​ថា​តើ​ច្បាប់​សហព័ន្ធ​ណា​មួយត្រូវ​បាន​គេ​បំពាន ឬ​ក៏​យ៉ាង​ណា​នោះ។ ចំណែក​ឯ​គណៈកម្មាធិការ​សភា​វិញ អាច​ពិនិត្យ​មើល​ឲ្យ​កាន់​តែ​ទូលាយ​បន្ថែម​ទៀត និង​មិន​ចាំបាច់​ផ្ដោត​លើ​ថា​តើ​ច្បាប់​ជាក់​លាក់​ណាមួយ​ដែល​ត្រូវ​បាន​គេ​បំពាន​នោះ​ទេ»។

រូបឯកសារ៖ លោក​ត្រាំ​និយាយ​ជាមួយ​ប្រធានាធិបតីរុស្ស៊ី Vladimir Putin តាម​ទូរស័ព្ទពី​សេត​វិមាន កាល​ពី​ខែ​មករា។
រូបឯកសារ៖ លោក​ត្រាំ​និយាយ​ជាមួយ​ប្រធានាធិបតីរុស្ស៊ី Vladimir Putin តាម​ទូរស័ព្ទពី​សេត​វិមាន កាល​ពី​ខែ​មករា។

ខណៈ​ពេល​ដែល​គ្មាន​ការ​ស៊ើបអង្កេត​ណា​មួយ​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ​នោះ លោក Kent បាន​មាន​ប្រសាសន៍​ថា យ៉ាងហោចណាស់​មាន​ជម្រើស ៤ ដើម្បី​អនុវត្ត​ការ​ស៊ើប​អង្កេត​បែប​នេះ។ ជម្រើស​ទាំង​នោះ​មាន​ដូចជា គណៈកម្មាធិការ​សភា​ដែល​ត្រូវ​បាន​ជ្រើសរើស​មួយ ដែល​មាន​ការ​គ្រប់គ្រង​រួម​គ្នា​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ; គណៈកម្មការ​សភា​ដែល​បង្កើត​ឡើង​ដោយ​មិន​លំអៀង ស្រដៀង​ទៅ​នឹង​ក្រុម​ក្រុម​ការងារ​ស៊ើប​អង្កេត​ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ ២០០១; រដ្ឋអាជ្ញា​ពិសេស ឬ​ក្រុម​ប្រឹក្សា​ឯករាជ្យ​មួយ ដែល​មាន​អំណាច​ប្រតិភូកម្ម​ពេញ​លេញ​ដូច​ទៅ​នឹង​សិទ្ធិ​អំណាច​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដែរ។

ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ប្រឆាំង​ពី​សេតវិមាន និង​ការ​គ្រប់គ្រង​សភា​ដោយ​គណបក្ស​សាធារណរដ្ឋ លោក​បាន​បន្ថែម​ថា គ្មាន​ជម្រើស​ណា​មួយ​ទំនង​ជា​អាច​កើត​មាន​ឡើង​នោះ​ទេ នៅ​ពេល​នេះ។

លោក Richard Ben-Veniste អតីត​ប្រធាន​ក្រុម​ការងារ Watergate ដែល​ស៊ើប​អង្កេត​លើ​លោក​អតីត​ប្រធានាធិបតី Richard Nixon នៅ​ក្នុង​ទសវត្សរ៍ ១៩៧០ បាន​និយាយ​ថា លោក Jeff Sessionsគួរតែ​ប្រគល់​ការងារ​ត្រួត​ពិនិត្យ​ការ​ស៊ើប​អង្កេត​ទាំង​នេះ ទៅ​ឲ្យ​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​យុត្តិធម៌​លោក Dana​ Boente ដែល​មាន​មុខងារ​ជា​រដ្ឋអាជ្ញា។

លោក Ben-Veniste បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «លោក Dana Boente គឺ​ជា​រដ្ឋអាជ្ញា​ដែល​មាន​បទ​ពិសោធន៍ ហើយ​ទំនង​ជា​អាច​ទុក​ចិត្ត​បាន​ក្នុង​ការ​គ្រប់​គ្រង​លើ​ស៊ើប​អង្កេត​នេះ»។

លោក Andrew Kent បាន​និយាយ​ថា នៅ​ក្នុង​សភា ខណៈ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​រួម​គ្នា​បដិសេធ​ការ​អំពាវនាវ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ស៊ើប​អង្កេត​លើ​ទំនាក់​ទំនង​ណា​មួយ​រវាង​ប្រទេស​រុស្ស៊ី និង​លោក Trump ដែល​គំនិត​នោះ​ទំនង​ជា​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ ពេល​ដែល​មាន​ព័ត៌មាន​ថ្មីៗ​ត្រូវ​បាន​បង្ហាញ​ឡើង។

ដោយ​សារ​តែ​វិសាលភាព​នៃ​ទាក់​ទំនង​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump និង​ប្រទេស​រុស្ស៊ី​មិន​ទាន់​បាន​ដឹង​នោះ លោក Ben-Veniste បាន​និយាយ​ថា វា​ជា​ការ​ប្រញាប់​ប្រញាល់​ពេក​ក្នុង​ការ​និយាយ​ថា ចម្ងល់​អំពី​ករណី​ប្រទេស​រុស្ស៊ី​នឹង​ឈាន​ដល់​ការ​ស៊ើប​អង្កេត​បែប Watergate នោះ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក​បាន​និយាយ​ថា លោក​បាន​សម្លឹង​ឃើញ​ចំណុច​ដូចគ្នា​រវាង​រឿង​អាស្រូវ​ធំៗ​ទាំង​ពីរ​នេះ។

លោក​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ក្នុង​ប្រវត្តិសាស្ត្រ យើង​បាន​ឃើញ​ស្ថានភាព​ស្រដៀង​គ្នា​នេះ​ដែរ ដែល​ក្នុង​នោះ ដើម្បី​ការពារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន គណបក្ស​នយោបាយ​បាន​អះអាង​ថា ការ​បង្កើត​ក្បាល​ម៉ាស៊ីន​ស៊ើប​អង្កេត​ពិសេស​ណា​មួយ​ដើម្បី​ធានា​ចំពោះ​សាធារណជន​ទូទៅ​ថា ការ​ស៊ើប​អង្កេត​នេះ​ជា​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​នោះ គឺ​ជា​រឿង​ដែល​មិន​ចាំបាច់​ទាល់​តែ​សោះ។ រាល់​ពេល​ដែល​ការ​តវ៉ា​ដំបូងៗ​ទាំង​នោះ​ទទួល​បាន​ជោគជ័យ ហើយ​ការ​ស៊ើប​អង្កេត​ពិសេស​មួយ​បាន​កើត​ឡើង វា​បាន​បង្ហាញ​ថា មាន​ភ្លើង​នៅ​ពី​ក្រោយ​ផ្សែង»។

ប្រែ​សម្រួល​ដោយ ផន បុប្ផា

XS
SM
MD
LG