ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​កំបាំង​មុខ​​អ្នក​គាំទ្រ​និង​សកម្មជន​​បក្ស​ប្រឆាំង​៧​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ​ពី​បទ​ញុះញង់


រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​ដើរ​កាត់​មុខ​​អគារ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​អ្នក​គាំទ្រ និង​សកម្ម​ជន​របស់​អតីត​គណបក្ស​ប្រឆាំង​ចំនួន​៧​នាក់ ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​១៨​ខែ និង​ពិន័យ​ជា​ប្រាក់ក្នុង​ម្នាក់ៗ​ចំនួន​២​លាន​រៀល​ចូល​ជា​ថវិកា​ជាតិ។

អ្នក​គាំទ្រ និង​សកម្មជន​ទាំង​៧​នាក់​នោះ​រួមមាន​ឈ្មោះ​ នូ សុធា រិន រដ្ឋ​ រុន​ ចន្ធី​ ម៉ៅ វិបុល​ស៊ឹម សុភា​ ពេជ្រ សំបូរ​ និង ​នាង សុឃុន​ ដែល​អ្នក​ខ្លះ​កំពុង​រត់​គេច​ខ្លួន​និង​ខ្លះ​ទៀត​កំពុង​រស់​នៅ​ប្រទេស​បារាំង​និង​កាណាដា។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។

បទល្មើស​នេះ​ត្រូវ​តុលាការ​បក​ស្រាយ​ថា​បាន​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​អំឡុង​ឆ្នាំ​២០២០។

ក្នុង​ពេល​ប្រកាស​សាលក្រម​ដោយ​កំបាំងមុខ​នៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ចៅក្រម​ជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េត​គន្ធា​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ដែល​ត្រូវ​ផ្តន្ទា​ទោស​ខាង​លើ​នោះ​មក​ដាក់​ក្នុង​ពន្ធនាគារ។

អ្នកស្រី​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា​៖ «ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​និង​ឃុំ​ខ្លួន​ឈ្មោះ​ខាង​លើ»។ អ្នកស្រី​បន្ថែម​ថា៖ «សាលក្រម​ជំនុំជម្រះ​ជា​សាធារណៈ​និង​ប្រកាស​ជា​សាធារណៈ​ប្រកាស​ដោយ​កំបាំង​មុខ​ជន​ជាប់​ចោទ​ខាង​លើ»។

ក្នុង​ពេល​សវនាការ​កាលពី​ថ្ងៃទី​២៦ ខែ​សីហា ជនជាប់​ចោទ​ទាំង៧នាក់​ខាង​លើ​ក៏មិនបាន​បង្ហាញមុខ​នៅ​ចំពោះ​មុខអង្គសវនាការ​នោះទេ​ក៏​ប៉ុន្តែ​តុលាការ​បាន​បន្តសវនាការ​ដោយ​មាន​វត្តមានមន្ត្រី​នគរបាល​ជាន់​ខ្ពស់​មួយ​រូប​គឺលោក ​ចាន់​ ដារិទ្ធ​ទទួល​បន្ទុក​ស៊ើប​អង្កេត​និង​កសាង​នីតិវិធី​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ។

លោក​វរសេនីយ៍ទោ ​ចាន់​ ដារិទ្ធ​ នាយ​ការិយា​ល័យ​ស៊ើប​អង្កេត​និង​កសាង​នីតិវិធី​បាន​ប្រាប់​អង្គសវនាការ​នា​ពេល​នោះថា​មាន​អង្គហេតុ​សំខាន់ៗ​មួយចំនួន​ដែល​ផ្តើម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌​មាន​របស់​ជន​ជាប់ចោទឈ្មោះ នូ សុធា ពាក់​ព័ន្ធនឹង​ស្ថានភាព​នៃ​ចំនួន​អ្នក​ស្លាប់​ច្រើន​ដោយសារ​ជំងឺកូវីដ​១៩​នៅ​កម្ពុជា​ក្នុង​អំឡុង​ខែ​មីនា​ឆ្នាំ​២០២០ និង​«សារ​ប្រមាថ»​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជុំវិញ​ការ​ដាក់​បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ៊ីសា្លម​ចំនួន​៧៩​នាក់​ឆ្លង​ជំងឺ​កូវីដ​១៩​ក្រោម​ហេតុផល​ថា លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​មាន​តួនាទី​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​នៅ​ស្រុក​ក្រូចឆ្មា​ខេត្ត​កំពង់​ចាម​ទី​ដែល​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ក្នុង​ឆ្នាំ​១៩៧៧។

មន្ត្រី​ប៉ូលិស​ដដែល​នេះ ពន្យល់តុលាការ​បន្ថែម​ថា​ការបង្ហោះ​សារផ្សេងៗ​របស់​ឈ្មោះ​នូ សុធា នេះ​គឺធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កាណាដា​ហើយ​ថា​ជន​ជាប់​ចោទ​ឯ​ទៀត​ក្នុង​សំណុំរឿង​នេះ​ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​មាន​ខ្លឹមសារ​ប្រហាក់​ប្រហែល​នឹង​ការ​បង្ហោះ​សារ​របស់​ជន​ជាប់​ចោទ​ឈ្មោះ​នូ​ សុធា ផងដែរ។ ​

ក្នុង​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​គេ​ពុំ​ឃើញ​លោក​វរសេនីយ៍ទោ ​ចាន់​ ដារិទ្ធ​ ឬ​មន្ត្រីនគរបាល​ដែល​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ​មក​បង្ហាញ​ខ្លួន​នោះ​ទេ។​

រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់លាបថ្នាំពី​លើ​ស្លាកសញ្ញាគណបក្សនេះនៅឯទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក រិន រដ្ឋ អតីត​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់​ចាម និង​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ប្រាប់​វីអូអេ​កាល​ពី​ចុង​ខែ​សីហា​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​មួយ​ថា​សវនាការ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​កាត់​ទោស​រូប​គាត់ និង​ជន​ជាប់​ចោទ​៦​នាក់​ទៀត​នោះ​មាន​គោល​ដៅ​គំរាម​កំហែង​សកម្មជន​នយោបាយ​ដែល​គាំទ្រ​ការ​អនុវត្ត​ប្រព័ន្ធ​របប​នយោបាយ​ប្រជាធិបតេយ្យ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បន្ថែម​ពី​លោក​ រិន រដ្ឋ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ទេ។ វីអូអេ​ព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​ជន​ជាប់​ចោទ​មួយ​ចំនួន​ទៀត តាម​រយៈ​ប្រព័ន្ធ​សង្គម ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។​

លោក សំ សុគង់ ដែល​ជា​ញឹក​ញាប់​ការពារ​ក្តី​ឲ្យ​សកម្មជន​និង​អ្នក​នយោបាយ​មក​ពី​គណបក្ស​ជំទាស់ មាន​ប្រសាសន៍ថា​ជនជាប់​ចោទ​ទាំង​៧​នាក់​មាន​បំណង​ពឹង​ពាក់​លោក​ឲ្យ​ការពារក្តី​របស់​ពួកគេ​មុន​ពេល​តុលាការ​បើក​សវនាការ​និង​ផ្តន្ទាទោស​ទាំង​កំបាំងមុខ។ ប៉ុន្តែ​កូន​ក្តី​លោក​ខក​ខាន​មិន​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​មក​ទាន់​ពេល​ក្រោម​ហេតុផល​ថា​ពួកគេ​មិន​ដែល​ទទួល​បាន​ដីកា​កោះ​ហៅ​ឬ​មិន​បាន​ដឹង​ថា​ពួកគេ​មាន​សំណុំ​រឿង​នេះ​នៅ​តុលា​ការ​ឡើយ។

លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖ «ទោះ​បី​ជា​ដឹង​ថាពួកគាត់​នៅ​ក្រៅ​ប្រទេស​ក៏ដោយ​គួរ​តែ​បញ្ជូន​ដីកា​ហ្នឹង​ទៅ​ដល់​លំនៅ​ឋាន​របស់​ពួកគាត់ ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​ដំណឹង​ឬ​គ្រួសារ​គាត់​ដឹង​ដំណឹង​គាត់​បញ្ជូន​ដំណឹង​បន្ត​ទៅ​សាច់​ញាតិ​របស់​គាត់​ឬកូន​របស់​គាត់​ប៉ុន្តែ​តុលាការ​ខក​ខាន​ក្នុង​ការ​ធ្វើ​នីតិវិធី​នេះ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ»។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក​ អំ សំអាត បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​បាត់​បង់​សិទ្ធិ​របស់​ជន​ជាប់​ចោទ​ដើម្បី​ទទួល​បាន​ការ​កាត់​ក្តី​ត្រឹម​ត្រូវ​មួយនៅ​ពេល​តុលា​ការ​បាន​សម្រេច​បើក​សវនាការ​និង​ផ្តន្ទាទោស​ដោយ​កំបាំង​មុខ​ក្នុង​សំណុំ​រឿង​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​រឿង​នយោបាយ។

លោក​ថ្លែង​ថា៖ «មើល​ទៅ​ករណី​នេះ​វា​ជា​ដដែលៗ​ទេ​ដែល​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ហើយ​និង​សហគមន៍​អន្តរ​ជាតិ​គេ​ចាត់​ទុក​ថា​វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ អីចឹង​ការ​កាត់​ទោស​សម្រាប់​អតីត​សកម្មជន​ហ្នឹង​វា​ជា​ស្តង់ដា​គំរូ​មួយ​ពី​តុលាការ​មួយ​ទៅ​តុលាការ​មួយ​វា​ប្រហាក់​ប្រហែល​គ្នា​ហ្នឹង​ហើយ​ទោះ​បី​ជា​មាន​វត្ត​មាន មិន​មាន​វត្តមាន​ក៏ដោយ​បទ​ញុះញង់​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឬ​ក៏​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សង្គម​ហ្នឹង​គឺ​ការ​កំណត់​នៃ​ទោស​វា​ប្រហាក់​ប្រហែល​គ្នា​ហ្នុង​បាទ»។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ មិន​ឆ្លើយ​តប​សំណួរ​ដែល​បាន​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​(Telegram)​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អតីត​អ្នកគាំទ្រ សកម្មជន និង​មន្ត្រី​គណបក្ស​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់​រង​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ពី​បទ​ព្រហ្មទណ្ឌ ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រង​ការរិះគន់​ពី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ថា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG