ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៤​ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់​មេធាវី​លោក ​កឹម សុខា បន្ត​ជំរុញ​ឲ្យ​ពន្លឿន​សវនាការ​ដើម្បី​បង្ហាញ​«ការ​ផ្សះផ្សា​ជាតិ»


រូប​ឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)
រូប​ឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)

មេធាវី​របស់​លោក កឹម សុខា នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​បន្ត​ជំរុញ​ឲ្យ​តុលាការ​ពន្លឿន​រឿង​ក្តី​លោក កឹម សុខា ដែល​មាន​រយៈ​ពេល​៤​ឆ្នាំ​នៃ​ការ​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​រហូតមក​ដល់​ពេល​នេះ ខណៈ​លោក កឹម សុខា ចង់​ឃើញ​«ការ​ផ្សះ​ផ្សា​ជាតិ»មួយ។

អ្នកស្រី ម៉េង សុភារី មេធាវី​ម្នាក់​របស់​លោក កឹម សុខា ប្រាប់​វីអូអេ​ថា​ជំហរ​របស់​លោក កឹម សុខា គឺ​នៅ​ដដែល​ដែល​ថា​លោក​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ហើយ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ថា​ក្បត់​ជាតិ​គឺ​អយុត្តិធម៌។

អ្នកស្រី​បញ្ជាក់​ថា៖ «មែនទែន​ទៅ វា​រយៈ​ពេល​មួយ​ដែល​យូរ​មែន។ ហើយ​អ្វីៗ​ទាំង​អស់ គឺ​គាត់​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​រឿង​ក្តី​ហ្នឹង ហើយ​ជា​ពិសេស​គឺ​ចង់​ឲ្យ​មាន​ដំណោះស្រាយ ផ្សះ​ផ្សា​ជាតិ បង្រួម​បង្រួម​ជាតិ»។

ពាក់ព័ន្ធ​ការ​ផ្សះផ្សា​ជាតិ​នេះ អ្នកស្រី​លើក​ឡើង​ថា​ លោក​កឹម សុខា «អាច​សហការ​គ្នា» ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា ដើម្បី​ការពារ​ផល​ប្រយោ​ជន៍​របស់​ប្រជា​ពលរដ្ឋ។

អ្នកស្រី ម៉េង សុភារី បាន​ឲ្យ​ដឹង​ថា​សហមេធាវី​មាន​បំណង​ពិភាក្សា ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ ឲ្យ​ពន្លឿន​សំណុំ​រឿង​របស់​លោក កឹម សុខា។

រូប​ឯកសារ៖ អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/វីអូអេ)
រូប​ឯកសារ៖ អ្នកស្រី​ ម៉េង​ សុភារី​ មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម​ សុខា​ ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅមុខសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នៅ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ​/វីអូអេ)

អ្នកស្រី​ចាត់​ទុក​ថា​ករណី​លោក កឹម សុខា មាន​«រូបភាព​លក្ខណៈ​នយោបាយ»។

លោក គង់ សភា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​វា​មាន​រយៈ​ពេល​៤​ឆ្នាំ​ហើយ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្តាល​អធ្រាត្រ​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​សភា។

លោក​បញ្ជាក់​ថា៖ «ការ​ពន្យារ​ពេល​សវនាការ​ក្តីរបស់​លោក កឹម សុខា គឺ​ជា​ចេតនា​បំបិទ​សិទ្ធិ​សេរី​ភាព​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​ការ​រារាំង​ការ​ធ្វើ​នយោបាយ​របស់​លោក»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ចុង​ខែ​មិថុនា មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ បាន​អះ​អាង​ជា​ថ្មី​ថា​លោក​«មិន​ក្បត់​ជាតិ»​និង​មិន​ក្បត់​«ឆន្ទៈ​របស់​ប្រជាពលរដ្ឋ»​នោះទេ ហើយ​លោក​សង្ឃឹម​ថា​យុត្តិ​ធម៌​នឹង​មាន​សម្រាប់​រូប​លោក។

លោក​ កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ បច្ចុប្បន្ន​នេះ កំពុង​រង់​ចាំ​សវនា​ការ​សំណុំ​រឿង​ក្បត់​ជាតិ ដែល​ត្រូវ​បាន​ពន្យារ​ដោយ​មិន​កំណត់​ពេល​វេលា អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​ហើយ។ លោក​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលា​ការ គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ប្រទេស មិន​ឲ្យ​ធ្វើ​នយោ​បាយ ហើយ​ការ​ធ្វើ​ដំណើរក្នុង​ប្រទេស ក៏​ត្រូវ​បាន​ដាក់​កំហិត​ផង​ដែរ។

រូប​ឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)
រូប​ឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃចុងក្រោយ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/វីអូអេ)

អ្នក​វិភាគ​នយោបាយ លោក សេង សារី ប្រាប់​វីអូអេ​ថាការ​ដោះ​ស្រាយ​សំណុំ​រឿង​លោក កឹម សុខា ធ្វើ​ឡើង​ក្រោម​រូបភាព​នយោ​បាយ ហើយ​ករណី​របស់​លោក កឹម សុខា បង្ហាញ​ថា​តុលាការ​កម្ពុជា​មិន​មាន​ទំនុក​ចិត្ត​ទាល់​តែ​សោះ​ពី​ប្រជាពលរដ្ឋ​និង​អន្តរជាតិ។

លោក​ថ្លែង​ថា៖ «ការ​ដោះ​ស្រាយ​សំណុំ​រឿង​របស់​លោក កឹម សុខា ខ្ញុំ​ឃើញ​ថា​វា​អាច​ជា​ដំណោះ​ស្រាយ​តាម​បែប​នយោបាយ អាហ្នឹង​គឺ​គាត់​ទទួល​បាន​សេរីភាព ខ្ញុំ​មិន​បញ្ហា​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា​អ្វី​ដែល​សំខាន់​ហ្នឹង គឺ​គួរ​តែ​កែ​ប្រព័ន្ធ​យុត្តិធម៌ កែ​ឲ្យ​វា​មាន​យុត្តិធម៌​ឡើង​វិញ ហើយ​ឲ្យ​ប្រព័ន្ធ​នេះ​ក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​គ្រប់គ្នាអាច​ទទួល​បាន​យុត្តិធម៌​បាន។ អាហ្នឹង​បាន​សង្គម​យើង​អាច​ដើរ​ផ្លូវ​ឆ្ងាយ​បាន អាច​មាន​ការ​វិវឌ្ឍ​ដោយ​និរន្តរភាព​បាន»។

លោក សេង សារី បន្ថែម​ថា​សំណុំ​រឿង​របស់​លោក កឹម សុខា អាច​ធូរ​ស្រាល​បាន លុះ​ត្រា​តែ​លោក​បែក​ចេញ​ពី​លោក សម រង្ស៊ី ដែល​អ្នក​នយោបាយ​ទាំង​ពីរ​បាន​ចង​សម្ព័ន្ធ​ភាព​នឹង​គ្នា​តាំង​ពី​ឆ្នាំ​២០១២ ដោយ​ការ​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​សិទ្ធិ​មនុស្ស រហូត​កើន​សំឡេង​ឆ្នោតប្រកៀក​ប្រកិត​នឹង​គណបក្ស​កាន់​អំណាច៕

XS
SM
MD
LG