ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ថា ការ​ចោទ​ប្រកាន់​រូប​លោក​ថា​ឃុបឃិត​ជាមួយ​នឹង​រុស្ស៊ី គឺ​ជា «ការ​កុហក​ដ៏​ខ្ពើម​រអើម»

  • Michael Bowman

អគ្គព្រះរាជអាជ្ញារ Jeff Sessions​ ស្បថនីក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃអង្គារ ១៣ មិថុនា ២០១៧។

លោក Jeff Sessions រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក បាន​ស្វះស្វែង​ដើម្បី​បំបាត់​ចម្ងល់​នានា​ពាក់ព័ន្ធ​នឹង​ជំនួប​របស់​លោក​ជាមួយ​នឹង​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក ពេល​ដែល​លោក​ធ្វើ​ជា​អ្នក​គាំទ្រ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កំពូល​មួយ​រូប​របស់​លោក Donald Trump កាល​ពី​ឆ្នាំ​មុន ដែល​ជំនួប​ទាំង​នេះ​ជា​អ្វី ដែល​លោក​មិន​បាន​ទទួល​ស្គាល់ នៅ​ក្នុង​អំឡុង​ពេល​សវនាការ​ផ្ដល់​សក្ខីកម្ម​របស់​លោក កាល​ពី​ថ្ងៃ​អង្គារ​ទី ១៣ មិថុនា កន្លង​ទៅ​នេះ​ទេ។

លោក Sessions បាន​និយាយ​យ៉ាង​ថា៖ «ខ្ញុំ​មិន​ដែល​ជួប ឬ​ក៏​មាន​កិច្ច​សន្ទនា​ណា​មួយ​ជាមួយ​នឹង​ជនជាតិ​រុស្ស៊ី​ណា​ម្នាក់ ឬ​ក៏​មន្ត្រី​រដ្ឋាភិបាល​បរទេស​ណា​ម្នាក់ ទាក់ទិន​នឹង​ការ​ជ្រៀតជ្រែក​ណា​មួយ​ទៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ឬ​ការ​បោះ​ឆ្នោត​ណា​មួយ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​ដឹង​ថា​មាន​កិច្ច​សន្ទនា​ណា​មួយ​ពាក់ព័ន្ធ​នឹង​រឿង​នេះ ដែល​ធ្វើ​ឡើង​ដោយ​នរណា​ម្នាក់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump នោះ​ទេ‍»។

អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ បាន​តបត​វិញ​ខ្លាំងៗ​ចំពោះ​ការ​លើក​ឡើង​ណា​មួយ ដែល​ថា​លោក​បាន​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​នោះ ដោយ​លោក​បាន​និយាយ​ថា៖ «ការ​លើក​ឡើង​ដូច​នេះ គឺ​ជា​ការ​កុហក​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម»។

លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូប​នេះ បាន​បញ្ជាក់​ថា លោក​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី គឺ​ដើម្បី​គោរព​ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណោះ មិន​មែន​ដោយសារតែ​លោក​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ។

ការ​ផ្ដល់​សក្ខីកម្ម​របស់​លោក Sessions បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក James Comey អតីត​នាយក​ទីភ្នាក់ងារ FBI បាន​ធ្វើ​ការ​យោង​ដោយ​បង្កប់​ន័យ​ទៅ​លើ​កត្តា​បន្ថែម​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​ការ​ពាក់ព័ន្ធ​របស់​លោក Sessions នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី «មាន​បញ្ហា‍»។

លោក Ron Wyden សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Oregon មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សួរ​លោក Sessions នៅ​ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ថា៖ «តើ​កត្តា​បន្ថែម​ដែល​លោក Jame Comey បាន​និយាយ​យោង​កន្លង​មក មាន​អ្វី​ខ្លះ?‍»។

លោក Sessions បាន​ឆ្លើយ​តប​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​អាច​ប្រាប់​លោក​ឲ្យ​បាន​ច្បាស់​ថា គ្មាន​អ្វី​ទាំង​អស់‍»។

លោក Sessions បាន​បញ្ជាក់​ថា លោក​យល់​ស្រប​ជាមួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី Donald Trump អំពី​ការ​ដក​លោក James Comey ចេញ​ពី​តំណែង​នោះ ថា​ជា «ការ​ចាប់ផ្ដើម​ដ៏​ថ្មី​ស្រឡាង» មួយ ដែល​ត្រូវការ​ចាំបាច់​នៅ​ក្នុង​ទីភ្នាក់ងារ FBI។ នៅ​ពេល​សង្កត់​សួរ​ខ្លាំងៗ​អំពី​ថា​តើ​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី​បាន​បណ្ដាល​ឲ្យ​មាន​ការ​ដក​លោក Comey ចេញ​ពី​តំណែង ឬ​ក៏​យ៉ាង​ណា​នោះ លោក Sessions បាន​និយាយ​ថា លោក​ប្រធានាធិបតី Trump គួរតែ​បកស្រាយ​អំពី​រឿង​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់។

លោកស្រី Dianne Feinstein សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​សួរ​លោក Sessionsនៅ​ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ថា៖ «តើ​លោក​ពិតជា​មិន​ធ្លាប់​បាន​និយាយ​ជាមួយ​លោក Trump អំពី​ការ​ដក​លោក Comey ចេញ​ពី​តំណែង​មែន​ទេ»?

លោក Sessions បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​អាច​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​អ្នក ឬ​ក៏​បញ្ជាក់​ថា​ពិត​មែន ឬ​ក៏​បដិសេធ អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន​របស់​ខ្ញុំ​ជាមួយ​លោក​ប្រធានាធិបតី Trump នោះ​ទេ»។

ការ​លើក​ឡើង​ដូច​នេះ​របស់​លោក Sessions បាន​រឹតតែ​ធ្វើ​ឲ្យ​កំហឹង​របស់​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​កាន់តែ​កើន​ឡើង។

លោក Martin Heinrich សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Mexico មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ទៅ​កាន់​លោក Sessions ថា៖ «លោក​កំពុងតែ​រារាំង​ដល់​ការ​ស៊ើប​អង្កេត​នេះ‍»។

លោក Sessions បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump មាន​សិទ្ធិ​ក្នុង​ការ​រក្សា​ការ​សម្ងាត់​នៃ​រាល់​កិច្ច​សន្ទនា​នានា​របស់​ខ្លួន​លោក​ផ្ទាល់ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា លោក Trump មិន​ទាន់​បាន​ប្រើ​សិទ្ធិ​នោះ​នៅ​ឡើយ​ទេ។

សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​ខ្លះ បាន​គាំទ្រ​លោក Sessions។ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​មួយ​រូប បាន​ប្រៀបធៀប​ការ​ចោទ​ប្រកាន់​អំពី​ការ​ឃុបឃិត​ជាមួយ​នឹង​រដ្ឋាភិបាល​រុស្ស៊ី ទៅ​នឹង​រឿង​ប្រលោមលោក​ចារកម្ម​ដ៏​ចម្លែក​ខុស​គេ​មួយ។

លោក Tom Cotton សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Arkansas មកពី​គណបក្ស​សាធារណរដ្ឋ បាន​ចោទ​ជា​សំណួរ នៅ​ក្នុង​សវនាការ​ផ្ដល់​សក្ខីកម្ម​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា​ថា៖ «នៅ​ក្នុង​ស្ថានការណ៍​ដ៏​អស្ចារ្យ​នេះ តើ​អ្នក​មាន​ធ្លាប់​ឭ​អំពី​ឈុត​ឆាក​មួយ​គួរ​ឲ្យ​ចង់​សើច ដែល​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កំពុង​កាន់​តំណែង​មួយ​រូប និង​អគ្គរដ្ឋទូត​នៃ​រដ្ឋាភិបាល​បរទេស​មួយ​រូប ឃុបឃិត​គ្នា​ជា​ចំហ​ជាមួយ​នឹង​មនុស្ស​រាប់​រយ​នាក់​ផ្សេង​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សកម្មភាព​ផ្ដេសផ្ដាស​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចារកម្ម​ឬ​ទេ?‍»។

ចំណែក​ឯ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ គិត​ថា នេះ​មិន​មែន​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​នោះ​ទេ។

លោក Chris Murphy សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Connecticut មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ច្បាស់​ថា​ពិត​ជា​មាន​ការ​ឃុបឃិត​រវាង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Trump និង​រដ្ឋាភិបាល​រុស្ស៊ី ដែល​វា​ជា​ការ​ឃុបឃិត​រវាង​លោក Jeff Sessions ដែល​កាល​នោះ​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Alabama និង​អគ្គរដ្ឋទូត​រុស្ស៊ី ដែល​បុគ្គល​ទាំង​ពីរ​នេះ ជា​បុគ្គល​ចម្បង​នៅ​ក្នុង​រឿង​នេះ មែន​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ សវនាការ​ផ្ដល់​សក្ខីកម្ម​នៅ​ពេល​នេះ ទំនង​ជា​បង្ក​ឲ្យ​មាន​ចម្ងល់​ច្រើន​ជាង​ចម្លើយ»។

សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក Trump មាន​ការ​ខឹង​សម្បារ​ជាមួយ​នឹង​ការណ៍​ដែល​លោក Sessions ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ករណី​ប្រទេស​រុស្ស៊ី។ ករណី​នេះ លោក Sessions មិន​បាន​បញ្ជាក់​ថា​ជា​រឿង​ពិត ឬ​ក៏​បដិសេធ នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG