ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រដ្ឋ​មន្ត្រី Sessions នឹង​ធ្វើ​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​សាធារណៈ​របស់​ព្រឹទ្ធសភា


លោក Jeff Sessions រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​និយាយ​ទៅ​កាន់​មន្ត្រី​អនុវត្ត​ច្បាប់ កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ស.រ.អា. Jeff Sessions មាន​កំណត់​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​សាធារណៈ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ជាមួយ​ពួក​សមាជិក​នៃ​គណៈកម្មាធិការ​មួយ​របស់​ព្រឹទ្ធសភា​ស​.រ.អា.​ដែល​ទំនង​ជា​នឹង​សួរ​លោក​អំពី​ការ​ទាក់ទង​របស់​លោក​ជា​មួយ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី និង​ការ​ទាក់ទិន​របស់​លោក​ជាមួយ​ការ​ដក​នាយក​ការិយាល័យ​ FBI ចេញ​ពី​តំណែង។​

សវនាការ​របស់​គណៈកម្មាធិការ​ខាង​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា​ស.រ.អា.​ជា​ជំហាន​ថ្មីៗ​បំផុត​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ជាច្រើន​ដែល​កំពុង​មាន​ធ្វើ​អំពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ​ទៅ​មិញ។

លោក Sessions បាន​សុំ​ដក​ខ្លួន​លោក​ពី​ការ​ស៊ើបអង្កេត​របស់ FBI កាលពី​ខែ​មីនា​នៅ​ក្រោយ​ទទួល​ស្គាល់​ថា​លោក​បាន​និយាយពីរ​ដង​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ Sergey Kislyak កាល​ពី​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា។

នៅ​ក្នុង​សវនាការ​សម្រាប់​តែង​តាំង​លោក​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កាល​ពី​ខែ​មករា​ លោក Sessions បាន​និយាយ​ថា​លោក​មិន​បាន​ជួប​ជាមួយ​ជនជាតិ​រុស្ស៊ី​ណា​ម្នាក់​ទេ​នៅ​ពេល​ធ្វើ​ការ​ឃោសនា​បោះឆ្នោត។ ​ក្រសួង​យុត្តិធម៌​អាមេរិកាំង​បាន​និយាយ​ថា​ ការ​សន្ទនា​គ្នា​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​លោក Sessions​ ក្នុង​ឋានៈ​លោក​ជា​សមាជិក​ព្រឹទ្ធសភា​ស.រ.អា.។

សក្ខីកម្ម​របស់​លោក​ Session ធ្វើ​ឡើង​តិច​ជាងមួយ​សប្តាហ៍​ក្រោយ​ពី​លោក James Comey នាយក FBI ត្រូវ​ដក​ចេញ​ពី​តំណែង​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ការ​ចេញ​បង្ហាញ​ខ្លួន​របស់​លោក​ផ្ទាល់​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ខាង​ការ​ស៊ើបការណ៍​សម្ងាត់​នៃ​ព្រឹទ្ធសភា​ស.រ.អា.​ថា​លោក​មាន​អារម្មណ៍​ថា​ប្រធានាធិបតី Trump បាន​ជំទាស់​នឹង​ការ​បែងចែក​ដាច់​ដោយ​ឡែក​រវាង​ការ​ស៊ើបអង្កេត​ខាង​ព្រហ្មទណ្ឌ​ពី​ការ​ធ្វេសប្រហែស​របស់​សេតវិមាន​ដោយ​បាន​ណែនាំ​លោក​ឱ្យ​បញ្ឈប់​ការ​ស៊ើបអង្កេត​អំពី​សកម្មភាព​របស់​រុស្ស៊ី៕

XS
SM
MD
LG