កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះបានបរាជ័យក្នុងការឈានទៅដល់កិច្ចព្រមព្រៀងគ្នាមួយពាក់ព័ន្ធនឹងការបង់ថ្លៃចំណាយរបស់រដ្ឋាភិបាលក្រុងសេអ៊ូលសម្រាប់វត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកប្រមាណ ២ម៉ឺន ៨ពាន់ ៥រយនាក់ ដោយភាគទាំងពីរបានបញ្ចប់ការចរចាចុងក្រោយរយៈពេលពីរថ្ងៃមុននឹងកិច្ចព្រមព្រៀងចាស់អស់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។
ក្រុមសមាជិកសភាកូរ៉េខាងត្បូងបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនទាមទារឲ្យកូរ៉េខាងត្បូងបង់ថ្លៃចំណាយចំនួន៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលចំនួននេះច្រើនជាង៥ដងពីចំនួនថវិកាដែលរដ្ឋាភិបាលក្រុងសេអ៊ូលបានយល់ព្រមចំណាយសម្រាប់ឆ្នាំនេះ។នៅក្នុងផ្នែកមួយនៃគោលនយោបាយ «ផ្តោតលើសហរដ្ឋអាមេរិកជាមុន» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានទាមទារថាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកជាច្រើន រួមទាំងប្រទេសជាសមាជិកអង្គការអូតង់និងប្រទេសជប៉ុនផងដែរនោះ បានបង្កើនថវិកាទៅក្នុងវិស័យការពារ។
ជារឿយៗ លោកបានចោទប្រកាន់ថា ប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសអ្នកមាន កំពុងទទួលបានផលប្រយោជន៍ពីវត្តមានរបស់កងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសនេះ ដែលជាកេរដំណែលនៃសង្គ្រាមកូរ៉េពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ និងការបន្តគំរាមកំហែងពីកូរ៉េខាងជើង។
ការបរាជ័យនៅក្នុងការចរចាលើកិច្ចព្រមព្រៀងដែលភាគីកូរ៉េខាងត្បូងដឹកនាំដោយប្រធានក្រុមចរចាលោក Jeong Eun-bo ហើយភាគីសហរដ្ឋអាមេរិកដឹកនាំដោយ លោក James DeHart នេះ អាចនឹងបណ្តាលឲ្យមានលទ្ធផលដូចកាលឆ្នាំមុន គឺនៅពេលដែលប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីទេនោះ នោះពួកគេនឹងព្រមព្រៀងគ្នាប្រើប្រាស់កិច្ចព្រមព្រៀងចាស់សម្រាប់ឆ្នាំថ្មី។
ក្រុមអ្នកជំនាញមួយចំនួននិយាយថា ទាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានព្រមានថា ប្រសិនបើមិនអាចឈានដល់ការព្រមព្រៀងគ្នាទេនោះ វានឹងធ្វើឲ្យប៉ះពាល់ដល់អនាគតនៃវត្តមានរបស់កងទ័ពសហរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសកូរ៉េខាងត្បូង៕