ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង៖ ជន​រងគ្រោះ​ទាសករ​ផ្លូវ​ភេទ​កូរ៉េ​ខាង​ត្បូង​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​នឹង​ទទួល​បាន​ថវិកា​ម្នាក់ៗ​ចំនួន​៩​ម៉ឺន​ដុល្លារ​អាមេរិក


អ្នកស្រី Park Ok-seon (រូប​ស្តាំ) ដែល​ជា​អតីត​ទាសករ​ផ្លូវ​ភេទ​សម្រាប់​កងទ័ព​ជប៉ុន​ក្នុង​សង្រ្គាម​លោក​លើក​ទី២ ជូន​ទឹក​ភ្នែក​របស់​គាត់ នៅ​ក្នុង​ក្រុង Gwangju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។
អ្នកស្រី Park Ok-seon (រូប​ស្តាំ) ដែល​ជា​អតីត​ទាសករ​ផ្លូវ​ភេទ​សម្រាប់​កងទ័ព​ជប៉ុន​ក្នុង​សង្រ្គាម​លោក​លើក​ទី២ ជូន​ទឹក​ភ្នែក​របស់​គាត់ នៅ​ក្នុង​ក្រុង Gwangju ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។

ស្ត្រី​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​ពួក​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​ធ្វើ​ទាសករ​ផ្លូវ​ភេទ​កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​២ និង​ដែល​នៅ​រស់រាន​មាន​ជីវិត​រហូត​ដល់​សព្វថ្ងៃ​នេះ នឹង​មាន​សិទ្ធិ​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ប្រហែល​៩​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​ស្ត្រី​ម្នាក់ៗ ពី​មូលនិធិ​មួយ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​ជប៉ុន។

ចំណែក​ឯ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ស្ត្រី​កូរ៉េ​ខាង​ត្បូង​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​វិញ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ថវិកា​ប្រហែល​១​ម៉ឺន​៨​ពាន់​ដុល្លារ​អាមេរិក។ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​សង្ឃឹម​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ជូន​ឲ្យ​បាន​ឆាប់​នូវ​ថវិកា​ចំនួន​៩​លាន​៩​សែន​ដុល្លារ​អាមេរិក ដែល​ខ្លួន​បាន​សន្យា​ផ្ដល់​ឲ្យ​មូលនិធិ​ជួយ​ជន​រងគ្រោះ​កូរ៉េ​ខាង​ត្បូង ដែល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មុន​នេះ។

រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​រដ្ឋាភិបាល​ប្រទេស​ជប៉ុន បាន​ឯកភាព​គ្នា​បង្កើត​នូវ​មូលនិធិ​នេះ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ស្រុះស្រួល​គ្នា​បញ្ចប់​ជម្លោះ​ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ​ទាសករ​ផ្លូវ​ភេទ​កូរ៉េ​ខាង​ត្បូង​រួច​មក។ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​ជន​រងគ្រោះ​ទាសករ​ផ្លូវ​ភេទ​នៅ​រស់រាន​មាន​ជីវិត​ចំនួន​៤៦​នាក់ និង​ជន​រងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​មាន​ចំនួន​១៩៩​នាក់។

គេ​ឃើញ​មាន​ការ​តវ៉ា​ជា​ច្រើន​បាន​ធ្វើ​ឡើង ពេល​ការិយាល័យ​របស់​មូលនិធិ​នេះ​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​កន្លង​ទៅ​នេះ។ ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ភាគ​ច្រើន គិត​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ចាញ់​ប្រៀប​រដ្ឋាភិបាល​ជប៉ុន​នៅ​ក្នុង​ការ​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​នេះ។

នៅ​ក្រោម​កិច្ច​ព្រមព្រៀង ដែល​រដ្ឋាភិបាល​ទាំង​ពីរ​ឯកភាព​ថា​មិន​អាច​កែប្រែ​បាន​នេះ រដ្ឋាភិបាល​ជប៉ុន​សន្យា​ឧបត្ថម្ភ​មូលនិធិ​នេះ​ដើម្បី​ជួយ​ជនរងគ្រោះ។

ប៉ុន្តែ ជា​ការ​ផ្ដោះផ្ដូរ​ត្រឡប់​មក​វិញ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​សន្យា​ថា​នឹង​ឈប់​រិះគន់​ប្រទេស​ជប៉ុន​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត​ទៅទៀត៕

XS
SM
MD
LG