លោកអនុប្រធានាធិបតីស.រ.អា. Mike Pence បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថាសហគមន៍អន្តរជាតិគួរដាក់គំនាបសង្កត់ខាងការទូតនិងខាងសេដ្ឋកិច្ចលើប្រទេស កូរ៉េខាងជើងដើម្បីឱ្យប្រទេសនេះបោះបង់ចោលកម្មវិធីអាវុធបរមាណូនិងកម្មវិធីកាំជ្រួចមីស៊ីលផ្លោងរបស់ផងខ្លួន។
ថ្លែងនៅក្នុងទស្សនកិច្ចមួយក្នុងប្រទេសជប៉ុន លោក Pence បានមានប្រសាសន៍ថាស.រ.អា. «នឹងមិនបន្ទន់ចិត្តទេ» រហូតដល់ពេលណាដែលខ្លួនបានសម្រេចគោលដៅក្នុងការធ្វើមិនឱ្យមានអាវុធបរមាណូនៅក្នុងឧបទ្វីបកូរ៉េ ហើយថា «មានជម្រើសទាំងអស់នៅលើតុ»។
លោកអនុប្រធានាធិបតីស.រ.អា.បាននិយាយយោងដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាលពីអតីតកាលក្នុងការចរចាជាមួយប្រទេសកូរ៉េខាងជើងអំពីកម្មវិធីបរមាណូរបស់ប្រទេសនេះ ដោយមានរួមបញ្ចូលកិច្ចចរចារវាងភាគី៦កាលពីពេលថ្មីបំផុតៗដែលបានរលំកាលពីឆ្នាំ២០០៩ ដោយលោកបាននិយាយថាភាគីកូរ៉េខាងជើងបានឆ្លើយតបជាញឹកញយជាមួយ «ការសន្យាដែលខ្លួនមិនបានធ្វើតាមនិងការបង្ករឿងថែមទៀត»។
លោក Pence បាននិយាយទៀតថា «រយៈពេលនៃយុទ្ធសាស្ត្រអត់ធ្មត់បានចប់ហើយ» ដោយបានត្រូវគាំទ្រថាជាវិធីល្អបំផុតនាំឱ្យមានការសន្ទនាគ្នារវាងស.រ.អា. ប្រទេសជប៉ុន កូរ៉េខាងត្បូងនិងប្រទេសចិនដើម្បីធ្វើឱ្យកូរ៉េខាងជើងនៅដាច់ពីគេនិងដាក់ឱ្យមានគំនាបសង្កត់លើប្រទេសនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដែលធ្វើជាម្ចាស់ផ្ទះទទួលលោក Pence ដើម្បីធ្វើកិច្ចចរចាគ្នាក្នុងក្រុងតូក្យូ បានមានប្រសាសន៍ថាលោកអរគុណដល់របៀបដោះស្រាយ »តាមជម្រើសទាំងអស់» របស់រដ្ឋបាល Trump។ លោក Abe បានថ្លែងបន្ថែមថាលោកសង្ឃឹមដល់កិច្ចចរចាដោយសន្តិវិធីជាមួយប្រទេសកូរ៉េខាងជើង ក៏ប៉ុន្តែថា «ការសន្ទនាគ្នាដើម្បីមានការសន្ទនា» គ្មានតម្លៃអ្វីឡើយ។
នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ លោក Sean Spicer អ្នកនាំពាក្យសេតវិមានបានបញ្ជាក់អំពីការអន់ឱនសម្រាប់ការអត់ធន់បន្តិចថែមទៀតខាងភាគីស.រ.អា.នៅក្នុងការនិយាយត្រួសៗមួយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃចន្ទ។
លោក Spicer បាននិយាយថា «ខ្ញុំយល់ថាយើងនឹងបន្តធ្វើការជាមួយប្រទេសចិនជាពិសេសដើម្បីជួយរកវិធីទៅមុខមួយ»៕